navigate_nextព័ត៌មានnavigate_nextព័ត៌មានមូលបត្រថ្មីៗnavigate_nextលទ្ធផលនៃការធ្វើបរិវិសកម្ម របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី
លទ្ធផលនៃការធ្វើបរិវិសកម្ម របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី
ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០
ធនាគារ អេស៊ីលីដា ភីអិលស៊ី ("ធនាគារ") បានបញ្ចប់ដំណើរការបរិវិសកម្ម កាលពីថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២០ ។ ធនាគារបានទទួលការអនុម័តពី គណៈកម្មការមូលបត្រកម្ពុជា លើលទ្ធផលនៃការធ្វើបរិវិសកម្ម នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ។ សូមសាធារណជនពិនិត្យ លទ្ធផលនៃការធ្វើបរិវិសកម្ម តាមរយៈតំណភ្ជាប់ខាងក្រោម ៖
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានប្រសាសន៍ថា "ទោះបីជាមានផលប៉ះពាល់យ៉ាងខ្លាំងជាសកល ពីការរីករាលដាលនៃវីរុសកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏វិនិយោគិនប្រមាណ ២.៤៩៧ នាក់ បានចូលរួមក្នុងដំណើរការបរិវិសកម្ម ដោយចំណាយពេលវេលាដ៏មានតម្លៃ និងថវិកា ដើម្បីវិនិយោគនៅក្នុង ធនាគារ អេស៊ីលីដា ភីអិលស៊ី ។ ការចូលរួមយ៉ាងសកម្មនេះ ស្តែងចេញពីការជឿទុកចិត្តរបស់សាធារណជន ចំពោះលទ្ធផលប្រតិបត្តិការ និងស្ថានភាពហិរញ្ញវត្ថុដ៏រឹងមាំ ក៏ដូចជាការឈានមុខគេរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅក្នុងវិស័យធនាគារនៅកម្ពុជា ។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រនេះ និងសូមថ្លែងអំណរគុណដល់អតិថិជន និងវិនិយោគិនទាំងអស់ ដែលបានវិនិយោគក្នុងការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិរបស់ធនាគារ ។ លោកបានបន្ថែមថា "ធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រោងនឹងចុះបញ្ជីភាគហ៊ុនជាផ្លូវការនៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា នៅក្នុងខែឧសភា ឆ្នាំ២០២០ ។ បន្ទាប់ពីការចុះបញ្ជីនេះត្រូវបានបញ្ចប់ ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងក្លាយជាធនាគារពាណិជ្ជដំបូងគេ ដែលមានការជួញដូរភាគហ៊ុនជាសាធារណៈនៅកម្ពុជា" ។
លោក Han Kyung Tae អគ្គនាយកក្រុមហ៊ុន យាន់តា ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី បានមានប្រសាសន៍ថា "ទោះបីជាស្ថិតនៅក្នុងកំឡុងពេលនៃការរីករាលដាលនៃវីរុសកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏ការធ្វើបរិវិសកម្មមូលបត្រកម្មសិទ្ធិរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួលបានលទ្ធផលល្អ ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី និងគណៈគ្រប់គ្រងធនាគារ បានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ ក្នុងការជម្រុញការចុះបញ្ជី ទៅតាមផែនការដែលបានគ្រោងទុក ហើយការប្តេជ្ញាចិត្តនេះហាក់ដូចជាការសម្រេចចិត្តដ៏ប្រយ័ត្នប្រយែងមួយ ។ ក្នុងនាមជាក្រុមហ៊ុនធានាទិញមូលបត្រដែលដឹកនាំគម្រោងដ៏សំខាន់នេះ ក្រុមហ៊ុន យាន់តា ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី នឹងបន្តធ្វើឲ្យអស់ពីសមត្ថភាព ដើម្បីជួយទាំងក្រុមហ៊ុនបោះផ្សាយ និងទាំងវិនិយោគិនយ៉ាងច្រើន ដែលបានចូលរួមក្នុងដំណើរការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈនេះ ដោយផ្តោតលើការបង្កើនសន្ទនីយភាពដល់ភាគហ៊ុនរបស់ធនាគារនៅក្នុងទីផ្សារបន្ទាប់ ។ យើងខ្ញុំជឿជាក់ថា ការជួយក្រុមហ៊ុនបោះផ្សាយក្នុងការធ្វើការបោះផ្សាយភាគហ៊ុនបន្តបន្ទាប់មកទៀត និងការរៀបចំវិធីសាស្រ្តជួញដូរតាមការចរចានាពេលអនាគត នឹងជួយបង្កើនសន្ទនីយភាព និងទាក់ទាញវិនិយោគិនបរទេសកាន់តែច្រើន មិនត្រឹមតែសម្រាប់ភាគហ៊ុនរបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី ប៉ុណ្ណោះទេ ថែមទាំងសម្រាប់ទីផ្សារមូលធននៅកម្ពុជាផងដែរ ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង ធនាគារ អេស៊ីលីដា ភីអិលស៊ី តាមរយៈ ៖
លោកស្រី ប៊ុត ប៊ុនសីហា
មុខងារ : អនុប្រធាននាយកប្រតិបត្ដិ និងជាគណៈប្រធាននាយិកាប្រតិបត្ដិនីតិកម្ម និងលេខាធិការក្រុមហ៊ុន (មន្រ្តីទទួលបន្ទុកផ្តល់ព័ត៌មាន)
ទូរសព្ទ : ០១៥ ៦០០ ៥៣២
អ៊ីម៉ែល : buth.bunsayha@acledabank.com.kh
លោកស្រី ម៉ារ អមរា
មុខងារ : អនុប្រធាននាយកប្រតិបត្ដិ និងជាគណៈប្រធាននាយិកាប្រតិបត្តិហិរញ្ញវត្ថុ (មន្រ្តីទំនាក់ទំនងសាធារណៈ)
ទូរសព្ទ : ០១៥ ៩០០ ១២៦
អ៊ីម៉ែល : amara@acledabank.com.kh