www.acledasecurities.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​មូលបត្រ​ថ្មីៗnavigate_nextធនាគារ អេស៊ីលីដា ភីអិលស៊ី នឹង​ចុះ​បញ្ជី​មូលបត្រ​កម្មសិទ្ធិ​ជា​ផ្លូវការ​នៅ​ក្នុង​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា នៅ​ថ្ងៃ​ទី២៥ ខែឧសភា ឆ្នាំ២០២០

ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹង​ចុះ​បញ្ជី​មូលបត្រ​កម្មសិទ្ធិ​ជា​ផ្លូវការ​នៅ​ក្នុង​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា នៅ​ថ្ងៃ​ទី២៥ ខែឧសភា ឆ្នាំ២០២០

ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០

បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ អេស៊ីលីដា ភីអិលស៊ី

ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែល​ជា​ធនាគារ​ពាណិជ្ជ​ឈាន​មុខ​គេ​ក្នុង​ប្រទេស​កម្ពុជា នឹង​ចុះ​បញ្ជី​មូលបត្រ​កម្មសិទ្ធិ​ជា​ផ្លូវការ​នៅ​ក្នុង​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា នៅ​ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ។ ការ​បោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺ​ជា​ការ​បើក​ទំព័រ​ស័ករាជ​ថ្មី​នៃ​ប្រវត្តិ​ជោគជ័យ​របស់​ធនាគារ ក្នុង​នាម​ជា​ធនាគារ​ពាណិជ្ជ​ទី១​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ត្រូវ​បាន​ចុះ​បញ្ជី​នៅ​ក្នុង​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា ។ ទោះ​បី​ជា​ស្ថិត​ក្នុង​ដំណាក់កាល​នៃ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​រាតត្បាត​ជា​សកល​ក៏​ដោយ ក៏​វិនិយោគិន​ចំនួន ២.៤៩៧ នាក់ បាន​ធ្វើ​បរិវិសកម្ម (ទិញ) មូលបត្រ​កម្មសិទ្ធិ​របស់​ធនាគារ ហើយ​ចំនួន​នេះ គឺ​ជា​ចំនួន​វិនិយោគិន​ដែល​ចូល​រួម​ច្រើន​បំផុត សម្រាប់​ការ​បោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​កន្លង​មក ហើយ​ក៏​បង្ហាញ​ពី​ភាពជឿ​ទុក​ចិត្ត និង​គាំទ្រ​របស់​អតិថិជន និង​សាធារណជន ចំពោះ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ផង​ដែរ ។ វិនិយោគិន​អាច​ដាក់​បញ្ជា​ទិញ-លក់​ភាគហ៊ុន​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ចាប់​ពី​ម៉ោង ០៨:០០ ព្រឹក នៅ​ថ្ងៃ​ចុះ​បញ្ជី

បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​មាន​ប្រសាសន៍​ថា "យើងខ្ញុំ​មាន​សេចក្តី​សោមនស្ស​រីករាយ និង​សូម​ជូន​ដំណឹង​ដល់​សាធារណជន​ទាំង​អស់​ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹង​ចុះ​បញ្ជី​ជា​ផ្លូវការ​នៅ​ក្នុង​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា នៅ​ថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០ នេះ ។ តាម​រយៈ​ការ​ចូលរួម​ក្នុង​ដំណាក់កាល​បោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី វិនិយោគិន​រូបវន្ត​បុគ្គល និង​នីតិបុគ្គល មាន​ឱកាស​វិនិយោគ​ជា​លើក​ដំបូង​នៅ​ក្នុង​ធនាគារ​ពាណិជ្ជ​ដែល​បាន​ចុះ​បញ្ជី​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។ ភាគហ៊ុនិក​សាធារណៈ​ថ្មី​របស់​ធនាគារ នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការរីក​ចម្រើន​របស់​ធនាគារ តាម​រយៈ​ភាគលាភ​និង​ចំណេញ​មូលធន ។ ការបោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ទាក់ទាញ​វិនិយោគិន​រូបវន្តបុគ្គល​សញ្ជាតិ​ខ្មែរ​ជា​ច្រើន​ចូលរួម​វិនិយោគ​នៅ​ក្នុង​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា នឹង​បន្ត​រួមចំណែក​អភិវឌ្ឍ​ផ្សារ​មូលធន​កម្ពុជា ។"

លោក Han Kyung Tae អគ្គនាយក​ក្រុមហ៊ុន យាន់តា ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី

លោក Han Kyung Tae អគ្គនាយក​ក្រុមហ៊ុន យាន់តា ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី បាន​មាន​ប្រសាសន៍​ថា "ជា​មួយ​នឹង​ការ​ចុះ​បញ្ជី​ភាគហ៊ុន​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅ​ក្នុង​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា មូលធនូប​នីយកម្ម​ទីផ្សារ​សរុប​របស់​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា នឹង​កើន​ឡើង ៣ដង ។ យើងខ្ញុំ​មាន​កិត្តិយស និង​សេចក្តី​សោមនស្ស​រីករាយ ដែល​បាន​ចូល​រួម​នៅ​ក្នុង​គម្រោង​ដ៏​សំខាន់​មួយ​នេះ ក្នុង​នាម​ជា​ទីប្រឹក្សា​ហិរញ្ញវត្ថុ​តែ​មួយ​គត់​របស់​ធនាគារ និង​ដែល​បាន​ចូល​រួម​ចំណែក​ក្នុង​ការអភិវឌ្ឍ​ទីផ្សារ​មូលបត្រ​កម្ពុជា ។ យើង​ខ្ញុំ​ជឿ​ជាក់​ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​បោះ​ជំហាន​ដំបូង​ដ៏​សំខាន់ ដើម្បី​ក្លាយ​ជា​ប្រជា​ធនាគារ​ដ៏​ពិត​ប្រាកដ តាម​រយៈ​ការ​បោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​លើក​ដំបូង​ជា​សាធារណៈ​នេះ ។ ក្នុង​នាម​ជា​ក្រុមហ៊ុន​ដឹកនាំ​គម្រោង​ដ៏​សំខាន់​នេះ ក្រុមហ៊ុន យាន់តា នឹង​បន្ត​ជួយ​ដល់​ក្រុមហ៊ុន​បោះ​ផ្សាយ និង​វិនិយោគិន​សាធារណៈ​ទាំង​អស់ តាម​រយៈ​ការ​បង្កើន​សន្ទនីយភាព​ភាគហ៊ុន​ធនាគារ​នៅ​ក្នុង​ទីផ្សារ​បន្ទាប់ ។ យើង​ខ្ញុំ​ជឿ​ជាក់​ថា ការ​ជួយ​ដល់​ក្រុមហ៊ុន​បោះផ្សាយ​ក្នុង​ការ​បោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​ជា​បន្ត​បន្ទាប់ និង​ការ​ប្រើប្រាស់​វិធីសាស្រ្ត​ជួញ​ដូរ​តាម​ការ​ចរចា​នា​ពេល​អនាគត នឹង​ជួយ​បង្កើន​សន្ទនីយភាព និង​ទាក់ទាញ​វិនិយោគិន​បរទេស​បាន​កាន់​តែ​ច្រើន មិន​ត្រឹម​តែ​សម្រាប់​ភាគហ៊ុន​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ប៉ុណ្ណោះ​ទេ ថែម​ទាំង​សម្រាប់​ទីផ្សារ​មូលធន​នៅ​កម្ពុជា​ផង​ដែរ ។"

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង ធនាគារ អេស៊ីលីដា ភីអិលស៊ី តាមរយៈ ៖

លោកស្រី ប៊ុត ប៊ុនសីហា
មុខងារ : អនុប្រធាន​នាយក​ប្រតិបត្ដិ និង​ជា​គណៈប្រធាន​នាយិកា​ប្រតិបត្ដិ​នីតិកម្ម និង​លេខា​ធិការក្រុមហ៊ុន (មន្រ្តី​ទទួល​បន្ទុក​ផ្តល់​ព័ត៌មាន)
ទូរសព្ទ : ០១៥ ៦០០ ៥៣២
អ៊ីម៉ែល : buth.bunsayha@acledabank.com.kh

លោកស្រី ម៉ារ អមរា
មុខងារ : អនុប្រធាន​នាយក​ប្រតិបត្ដិ និង​ជា​គណៈប្រធាន​នាយិកា​ប្រតិបត្តិ​ហិរញ្ញវត្ថុ (មន្រ្តី​ទំនាក់ទំនង​សាធារណៈ)
ទូរសព្ទ : ០១៥ ៩០០ ១២៦
អ៊ីម៉ែល : amara@acledabank.com.kh

ផែនទីទំព័រ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ៥ ចំនួនអ្នកទស្សនាថ្ងៃនេះ : ២១៨ ចំនួនអ្នកទស្សនាពីម្សិល : ១.៨៣៧