www.acledasecurities.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​មូលបត្រ​ថ្មីៗnavigate_nextអេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ទទួល​ពាន​រង្វាន់​ជា​ឈ្មួញ​ជើងសា​មូលបត្រ​ល្អ​បំផុត នៅ​កម្ពុជា​ប្រចាំ​ឆ្នាំ២០២០

អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ទទួល​ពាន​រង្វាន់​ជា​ឈ្មួញ​ជើងសា​មូលបត្រ​ល្អ​បំផុត នៅ​កម្ពុជា​ប្រចាំ​ឆ្នាំ២០២០

ថ្ងៃទី៤ ខែមករា ឆ្នាំ២០២១

ភ្នំពេញ, ថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ - អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ក្រុមហ៊ុន​មូលបត្រ​ដែល​លោក​អ្នក​ជឿ​ទុក​ចិត្ត និង​ជា​ក្រុមហ៊ុន​មូលបត្រ​ឈាន​មុខ​គេ​ក្នុង​ប្រទេស​កម្ពុជា បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ឈ្នះ​ពាន​រង្វាន់ "ឈ្មួញ​ជើងសា​មូលបត្រ​ល្អ​បំផុត​នៅ​កម្ពុជា​ប្រចាំ​ឆ្នាំ២០២០" ក្នុង​កម្មវិធី​ពាន​រង្វាន់​ធនាគារ និង​ហិរញ្ញវត្ថុ​អន្តរជាតិ ដែល​រៀបចំ​ដោយ​ទស្សនាវដ្តី​ធនាគារ និង​ហិរញ្ញវត្ថុ​អន្តរជាតិ ដែល​មាន​ការិយាល័យ​នៅ​ទីក្រុងឡុង ចក្រភព​អង់គ្លេស។

ពាន​រង្វាន់​នេះ ផ្តល់​ជូន​បណ្តា​ក្រុមហ៊ុន​ឆ្នើមៗ ជា​ពិសេស​ក្រុមហ៊ុន​ដែល​មាន​ជំនាញ​ក្នុង​ឧស្សាហកម្ម​ធនាគារ និង​ហិរញ្ញវត្ថុ។ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ត្រូវ​បាន​ផ្តល់​ពាន​រង្វាន់​ជា "ឈ្មួញ​ជើងសា​មូលបត្រ​ល្អ​បំផុត​នៅ​កម្ពុជា​ប្រចាំ​ឆ្នាំ២០២០" ដោយ​សារ​តែ ក្រុមហ៊ុន​នេះ សម្រេច​និង​អនុវត្ត​បាន​លទ្ធផល​ល្អ ព្រមទាំង​ទទួល​បាន​ពិន្ទុ​ល្អ​ក្នុង​ផ្នែក​ដូចខាង​ក្រោម៖

  • លទ្ធផល​ល្អ​ក្នុង​វិស័យ​មូលបត្រ​ដោយ​មាន​កំណើន​ខ្លាំង​លើ​ចំនួន​គណនី​ជួញដូរ បរិមាណ​ជួញដូរ និង​តម្លៃ​ជួញដូរ ក្នុង​រយៈពេល ៣ឆ្នាំ​កន្លង​មក​នេះ
  • វិនិយោគ​ផ្នែក​បច្ចេកវិទ្យា​ដើម្បី​អភិវឌ្ឍ​សេវា​ឌីជីថល​កាន់​តែ​ប្រសើរ​ឡើង
  • ផ្តល់​ព័ត៌មាន​ទូលំទូលាយ​សម្រាប់​វិនិយោគិន និង​ការស្រាវជ្រាវ
  • មាន​អភិបាលកិច្ច និង​ការគ្រប់គ្រង​ហានិភ័យ​រឹងមាំ

លោក ព្រំ វិសុទ្ធ អគ្គនាយក​នៃ​អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី បាន​មាន​ប្រសាសន៍​ថា ពាន​រង្វាន់​នេះ ជា​កិត្តិយស និង​ជា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ​ទៀត​របស់​អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី សម្រាប់​ឆ្នាំ​ថ្មី ២០២១ នេះ​បន្ទាប់​ពី​ខ្លួន​បាន​ទទួល​ពាន​រង្វាន់​ជា "ក្រុមហ៊ុន​មូលបត្រ​ឆ្នើម" ក្នុង​កម្មវិធី​ដែល​ផ្តួច​ផ្តើម​ដោយ​ទីផ្សារ​មូលបត្រ​កម្ពុជា ចំនួន ៣ ត្រីមាស​ជាប់​គ្នា​ក្នុង​ឆ្នាំ២០២០។ យើង​ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ដោយ​ស្មោះស្ម័គ្រ​ចំពោះ​វិនិយោគិន និង​សាធារណៈជន​ទាំង​អស់​ដែល​បាន​និង​កំពុង​ប្រើប្រាស់​សេវាកម្ម​របស់​យើង​ខ្ញុំ​កន្លង​មក។ ពាន​រង្វាន់​នេះ គឺ​ជា​របស់​លោក​អ្នក​ទាំង​អស់​គ្នា និង​បាន​បញ្ជាក់​ថា លោក​អ្នក​បាន​យល់​ដឹង​លើ​វិស័យ​មូលបត្រ និង​ទីផ្សារ​មូលបត្រ ព្រម​ទាំង​យល់​ដឹង​ច្បាស់​ពី​អត្ថប្រយាជន៏​ដ៏​សំខាន់​របស់​វិស័យ និង​ទីផ្សារ​នេះ សម្រាប់​ជា​ជម្រើស​នៃ​ការវិនិយោគ​របស់​លោក​អ្នក ដែល​ធ្វើ​អោយ​វិស័យ និង​ទីផ្សារ​នេះ មាន​សកម្មភាព​កាន់​តែ​រស់​រវើក និង​រីកចម្រើន​ថែម​ទៀត ដើម្បី​ចូលរួម និង​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​យើង។ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ចាត់​ទុក​គុណភាព និង​ភាពងាយ​ស្រួល​នៃ​ការប្រើ​ប្រាស់​សេវាកម្ម ជា​អាទិភាព​ដំបូង​បំផុត​សម្រាប់​វិនិយោគិន និង​សាធារណៈជន​ទាំង​អស់។

លោក Wanda Rich និពន្ធ​នាយក​នៃ​ទស្សនាវដ្តី​ធនាគារ និង​ហិរញ្ញវត្ថុ​អន្តរជាតិ បាន​មាន​ប្រសាសន៍​ថា "អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី បាន​បង្ហាញ​ការប្តេជ្ញា​យ៉ាង​ខ្លាំង​ចំពោះ​គុណភាព និង​ភាពងាយស្រួល​នៃ​ការអភិវឌ្ឍ​សេវា​ឈ្មួញ​ជើងសា​របស់​ខ្លួន តាម​រយៈការ​ធ្វើ​អោយ​ប្រសើរ​ឡើង​នូវ​សេវា​ជួញដូរ​មូលបត្រ​បែប​ឌីជីថល មាន​ការគ្រប់គ្រង​ហានិភ័យ​រឹងមាំ មាន​ជំនាញ និង​គុណភាព​សេវាកម្ម​ល្អ និង​ការអនុវត្ត​បាន​លទ្ធផល​ដែល​គួរ​អោយ​ស្ញប់ស្ញែង​នូវ​កំណើន​លើ​ចំនួន​គណនី​ជួញដូរ បរិមាណ​ជួញដូរ និង​តម្លៃ​ជួញដូរ ព្រមទាំង​កាន់​កាប់​ចំណែក​ទីផ្សារ​ដ៏​ធំ​ក្នុង​ទីផ្សារ​នេះ បាន​ធ្វើ​អោយ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី លេច​ធ្លោក្លាយ​ជា​អ្នក​ឈ្នះ​ពាន​រង្វាន់​ដ៏​ពិត​ប្រាកដ​ក្នុង​ប្រភេទ​ពាន​រង្វាន់​មួយ​នេះ"។ "យើង​នឹង​តាម​ពិនិត្យ​មើល​បន្ថែម​ពី​លទ្ធផល​អនុវត្ត​របស់​អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី នៅ​ក្នុង​បណ្តា​ឆ្នាំ​ខាង​មុខៗ​ទៀត"។

អំពី អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី

អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី គឺ​ជា​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​មូលបត្រ ដែល​ទទួល​បាន​អាជ្ញាបណ្ណ ពី​គណៈកម្មការ​មូលបត្រ​កម្ពុជា ជា​ក្រុមហ៊ុន​មូលបត្រ​ផ្តល់​សេវា​ឈ្មួញ​ជើងសា​មូលបត្រ សេវា​ភ្នាក់ងារ​តំណាង​ម្ចាស់​មូលបត្រ​បំណុល និង​សេវា​ភ្នាក់ងារ​ចែកចាយ​លក់​មូលបត្រ ជូន​ដល់​វិនិយោគិន​ជា​រូបវន្ត​បុគ្គល ជា​ក្រុមហ៊ុន និង​សាធារណៈជន​ទូទៅ។ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ និង​កាន់​កាប់​ភាគហ៊ុន ១០០ភាគរយ ដោយ ធនាគារ អេស៊ីលីដា ភីអិលស៊ី។ នៅ​ដំណាច់​ឆ្នាំ២០២០ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី កាន់​កាប់​ចំណែក​ទីផ្សារ​ធំ​បំផុត​ក្នុង​ទីផ្សារ​មូលបត្រ ដែល​ក្នុង​នោះ​មាន​គណនី​ជួញដូរ​ចំនួន ៦៦,០៨ ភាគរយ បរិមាណ​ជួញដូរ​ចំនួន ៥៤,៧៥ ភាគរយ និង​តម្លៃ​ជួញដូរ​ចំនួន ៥២,២១ ភាគរយ ប្រៀប​ធៀប​ជា​មួយ​ទីផ្សារ​មូលបត្រ​កម្ពុជា​ទាំង​មូល។

អំពី ទស្សនាវដ្តី​ធនាគារ និង​ហិរញ្ញវត្ថុ​អន្តរជាតិ

ទស្សនាវដ្តី​ធនាគារ និង​ហិរញ្ញវត្ថុ​អន្តរជាតិ ជា​ទស្សនាវដ្តី​ស្វ័យភាព​ឈាន​មុខ​គេ​សម្រាប់​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ។ ជា​គេហរទំព័រ ដែល​ទទួល​បាន​អ្នក​ចូល​ទស្សនា​ជាង ៧លាន ក្នុង​មួយ​ឆ្នាំៗ បាន​អរគុណ​ដល់​ទស្សនាវដ្តី​នេះ ដែល​បាន​ផ្តល់​ព័ត៌មាន​ប្រកប​ដោយ​សមភាព និង​ព័ត៌មាន​ឯករាជ្យ​ចំពោះ​វិស័យ​ហិរញ្ញវត្ថុ។ កម្មវិធី​ពាន​រង្វាន់​ធនាគារ និង​ហិរញ្ញវត្ថុ​អន្តរជាតិ​នេះ បាន​បង្កើត​ឡើង ដើម្បី​ទទួល​ស្គាល់​ក្រុមហ៊ុន​នានា​លើ​ពិភពលោក ដែល​មាន​ស្នាដៃ​ឆ្នើមៗ និង​មាន​ជំនាញ នៅ​ក្នុង​សហគមន៏​ហិរញ្ញវត្ថុ​អន្តរជាតិ។ ពាន​រង្វាន់​នេះ ត្រូវ​បាន​ទទួល​ស្គាល់​ពេញ​សហគមន៏​ធនាគារ និង​ហិរញ្ញវត្ថុ​អន្តរជាតិ ដែល​បង្ហាញ​ពី​ការឆ្នៃប្រឌិត សមិទ្ធិផល យុទ្ធសាស្រ្ត ការរីក​ចម្រើន និង​ការផ្លាស់ប្តូរ​ដែល​កើត​មាន​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ។

សម្រាប់ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​មកៈ

លោកស្រី ម៉ៅ ភិរក្ស, នាយិកាប្រតិបត្តិការ
អ៊ីម៉ែលៈ phirak@acledasecurities.com.kh
វេបសាយៈ www.acledasecurities.com.kh

លោក Wanda Rich, និពន្ធនាយក
អ៊ីម៉ែលៈ wrich@gbafmag.com
វេបសាយៈ www.globalbankingandfinance.com

ផែនទីទំព័រ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ១៧ ចំនួនអ្នកទស្សនាថ្ងៃនេះ : ៥៣៩ ចំនួនអ្នកទស្សនាពីម្សិល : ១.១៤២