www.acledasecurities.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​មូលបត្រ​ថ្មីៗnavigate_nextធនាគារ អេស៊ីលីដា ភីអិលស៊ី ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ជាមួយ UnionPay International

ធនាគារ អេស៊ីលីដា ភីអិលស៊ី ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ជាមួយ UnionPay International

ថ្ងៃទី២២ ខែ​មេសា ឆ្នាំ២០១៣

ភ្នំពេញ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៣ ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា​ធនាគារ​ពាណិជ្ជ​ឈាន​មុខ​គេ​លើ​គ្រប់​វិស័យ និង​ជា​ប្រជា​ធនាគារ​ដែល​លោក​អ្នក​ជឿ​ទុក​ចិត្ត​បាន​ប្រកាស​ថ្ងៃ​នេះ​ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ជាមួយ​ក្រុមហ៊ុន UnionPay International Co., Ltd. សម្រាប់​បម្រើ​សេវាកម្ម​ទូទាត់ ដ៏​ល្អ​ប្រសើរ​លំដាប់​ថ្នាក់​ពិភពលោក​ដែល​ផ្តល់​អត្ថប្រយោជន៍​គ្នា​ទៅ​វិញ​ទៅ​មក ។

លោក Xu Laode ប្រធាននាយកប្រតិបត្តិ China UnionPay និងជា​អនុ​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន UnionPay International បាន​មាន​ប្រសាសន៍​ថា ៖ បច្ចុប្បន្ន UnionPay International មាន​កាត​ចំនួន​ជាង ៣,៥ពាន់លាន​កាត និង​បាន​ពង្រីក​វិសាលភាព​បណ្តាញ​ប្រតិបត្តិការ​នៅ​ ១៤១ប្រទេស ទូទាំង​ពិភពលោក ដោយ​រួម​បញ្ចូល​ទាំង​ប្រទេស​វៀតណាម ។ ជាមួយ​គ្នា​នេះ​ដែរ មក​ដល់​ចុង​ឆ្នាំ២០១២ UnionPay បាន​បញ្ចេញ​កាត​របស់​ខ្លួន​នៅ​ជាង ៣០ប្រទេស និង​ក្នុង​តំបន់ ។ ទំហំ​ប្រតិបត្តិការ​កាត​ធនាគារ​ដែល​ដំណើរ​ការ​តាមរយៈ​បណ្តាញ UnionPay International មាន​ចំនួន​ជាង ៣៧០០ ពាន់លានដុល្លារ​អាមេរិក នាំ​ឱ្យ​ជាប់​លំដាប់​ថ្នាក់​លេខ២ ធំ​ជាង​គេ​នៅ​លើ​ពិភពលោក ហើយ​នឹង​បន្ត​រក្សា​កំណើន​យ៉ាង​ឆាប់​រហ័ស ។ លោក​ក៏​បាន​បន្ត​ទៀត​ថា លោក​នឹង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ធនាគារ អេស៊ីលីដា ភីអិលស៊ី តាមរយៈ​កិច្ច​ព្រមព្រៀង ស្តី​ពី​ការ​ផ្តល់​អាជ្ញាប័ណ្ណ​លើ​យីហោ ឬ​ស្លាក​សញ្ញា​ផ្សាយ​ពាណិជ្ជកម្ម និង​បង្ហាញ​ពី​សារៈ​សំខាន់​ដែល​គួរ​ឱ្យ​កត់​សម្គាល់​របស់​ភាគី​ទាំង​ពីរ​ដែល​បាន​បើក​ទំព័រ​ថ្មី​នៃ​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​ជាមួយ​គ្នា ។ លោក​មាន​ក្តី​សង្ឃឹម​យ៉ាង​មុតមាំ​ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹង​ទទួល​យក​ទាំងស្រុង​នូវ​កាត​របស់ UnionPay ដែល​មាន​ពាក្យ​ស្លោក "UnionPay" នៅ​ជាមួយ​អ្នក ។

លោក​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​មាន​ប្រសាសន៍​ថា ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​មោទនភាព​ដែល​ក្រុមហ៊ុន UnionPay International ដែល​ជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​លំដាប់​ពិភពលោក​ខាង​ផ្នែក​សេវាកម្ម​ទូទាត់ និង​ជា​ក្រុមហ៊ុន​ទូទាត់​លំដាប់​ថ្នាក់​លេខ១ នៅ​ប្រទេស​ចិន បាន​សម្រេច​ជ្រើសរើស​ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា​ដៃ​គូ​យុទ្ធសាស្ត្រ​ក្នុង​ការ​ធ្វើ​សហប្រតិបត្តិការ​បម្រើ​សេវាកម្ម​ទូទាត់ សម្រាប់​ផ្តល់​ជូន​អតិថិជន​របស់​យើង ក៏​ដូច​ជា​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​តាមរយៈ​សាខា​ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាពិសេស​តាមរយៈ​ម៉ាស៊ីន​ឆូត​កាត​ចំនួន ៩៦២ គ្រឿង ដែល​ស្ថិត​នៅ​តាម​បណ្តា​សាខា ធនាគារ អេស៊ីលីដា ភីអិលស៊ី និង​ហាង​លក់​ទំនិញ-​សេវាកម្ម នៅ​ទូទាំង​ប្រទេស​កម្ពុជា ។

ភាព​ជា​ដៃ​គូ ជាមួយ​ក្រុមហ៊ុន UnionPay International ផ្តល់​នូវ​ផលប្រយោជន៍​ដ៏​ធំ​សម្បើម រួម​មាន​ដូចជា ៖

  • សម្រាប់​អតិថិជន ៖ ផ្តល់​ជូន​ពួក​គាត់​ជាមួយ​ការ​ទូទាត់​លំដាប់​ថ្នាក់​ពិភពលោក​ដែល​មាន​ភាព​ងាយ​ស្រួល និង​ឆាប់​រហ័ស​នៅ​ទូទាំង ១៤១ប្រទេស​ជុំវិញ​ពិភពលោក និង​មាន​ជាង ៣០ប្រទេស​ដែល​ចេញ​កាត UnionPay គិត​មក​ដល់​ចុង​ឆ្នាំ​២០១២ ។
  • សម្រាប់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ៖ បង្កើត​ប្រភព​ចំណូល​ថ្មី ។
  • សម្រាប់ UnionPay International ៖ ទទួល​បាន​អត្ថប្រយោជន៍​ទៅវិញ​ទៅមក​ពី​ភាព​ជឿជាក់​របស់​អតិថិជន នៃ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែល​ជា​ប្រជា​ធនាគារ​ដែល​លោក​អ្នក​ជឿ​ទុក​ចិត្ត ហើយ​ធនាគារ អេស៊ីលីដា ភីអិលស៊ី និង UnionPay International អាច​មាន​ការ​រីក​ចម្រើន និង​ទទួល​បាន​ជោគជ័យ​ជាមួយ​គ្នា តាមរយៈ​បណ្តាញ​ប្រតិបត្តិការ​ការិយាល័យ និង​សាខា​ដ៏​ធំ​របស់​ធនាគារ​អេស៊ីលីដា ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា​ធនាគារពាណិជ្ជឈាន​មុខ​គេ​លើ​គ្រប់​វិស័យ ក្នុង​ការ​បម្រើ​សេវា ហិរញ្ញវត្ថុ​ដ៏​ល្អ​បំផុត​ជូន​អតិថិជន និង​សាធារណជន​គ្រប់​មជ្ឈដ្ឋាន​នៅ​ក្នុង​សហគមន៍ ជាមួយ​នឹង​បទពិសោធន៍​រយៈពេល​ជាង២១ឆ្នាំ និង​មាន​បណ្ដាញ​ប្រតិបត្តិការ​រហូត​ដល់ ២៣៨ ការិយាល័យ​គ្រប​ដណ្តប់​គ្រប់​ខេត្ត-រាជធានី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ៣១ ការិយាល័យ នៅ​ប្រទេសឡាវ និង១ ការិយាល័យ​នៅ​ប្រទេស​មីយ៉ាន់ម៉ា ជាមួយនឹង​ទ្រព្យ​សកម្ម​សរុប​ជាង ២ពាន់​លាន​ដុល្លារ​អាមេរិក នៅ​ត្រីមាស​ទី១ ឆ្នាំ២០១៣ ។ បច្ចុប្បន្ន ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន​បួន គឺ​ធនាគារ អេស៊ីលីដា ឡាវ, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, អេស៊ីលីដា ត្រេននីង សេនធ័រ និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ។ មិនតែប៉ុណ្ណោះ ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹង​បន្ត​ពង្រីក​វិសាលភាព​ប្រតិបត្តិការ​ទៅ​ក្នុង​តំបន់​អាស៊ាន និង​បណ្តា​ប្រទេស​មាន​សក្តានុពល​នៅ​តាម​ដង​ទន្លេ​មេគង្គ ផ្អែក​តាម​យុទ្ធសាស្ត្រ​របស់​ខ្លួន ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​តាម​រយៈ

លោកស្រីបណ្ឌិត សូ ផនណារី   អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​គណៈ​ប្រធាន​នាយិកា​ប្រតិបត្តិ​ប្រតិបត្តិការ
អ៊ីម៉ែល ៖

លោក ព្រំ វិសុទ្ធ   អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​គណៈ​ប្រធាន​នាយក​ប្រតិបត្តិ​នីតិកម្ម
អ៊ីម៉ែល ៖

ផែនទីទំព័រ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ១៤ ចំនួនអ្នកទស្សនាថ្ងៃនេះ : ៧៥៥ ចំនួនអ្នកទស្សនាពីម្សិល : ៨៩៥