Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
ជិត៥០ឆ្នាំកន្លងចងចាំនៅ
- បទពាក្យ៧ -
១- | នៅក្មេងដឹងក្តីក្រីក្រណាស់ | ជីវភាពមិនផ្លាស់ក្រដដែល |
កាយខ្ញុំកខ្វក់សុទ្ធតែក្អែល | រស់តដំណែលគ្រួសារក្រ ។ | |
២- | ប្រាំពីរឆ្នាំគត់ចូលសាលា | នៅវត្តសិក្សាសែនអំណរ |
រៀនសូត្រចេះចាំជាបន្ត | ចេះអានអក្សរត្រេកអរណាស់ ។ | |
៣- | ផ្ទះស្លឹកស្ថិតក្នុងចំការចេក | គ្មានគ្រែដំណេកជញ្ជាំងប៉ះ |
ស្លឹកពុកធ្លុះធ្លាយដំបូលចាស់ | ប្រហោងឃើញច្បាស់ផ្ទៃមេឃា ។ | |
៤- | វស្សាភ្លៀងធ្លាក់ត្រជាក់ដី | ក្នុងផ្ទះគ្មានអ្វីតម្លៃជា |
មានតែចានឆ្នាំងវែកស្លាបព្រា | មុងភួយដូចគ្នាចាស់មិនថ្មី ។ | |
៥- | អំបិលប្រហុកពាងក្រឡ | ជិតខាប់អង្ករដាក់លើដី |
រោងព្យួររបែងកញ្ច្រែងល្អី | ចង្ក្រានឫស្សីដំបូលស្លឹក ។ | |
៦- | ពាងទឹកទូលទនៅមុខផ្ទះ | ងូតលាងជម្រះចម្រុះផឹក |
កន្លង់ចោះធ្នឹមឫស្សីសឹក | ចោះឈើសំណឹករន្ធរទុះ ។ | |
៧- | ទ្រុងមាន់ឫស្សីដីក្រោយផ្ទះ | អាគកទទះស្លាបកៀងស្ទុះ |
ដេញជាន់មេផ្អើលឆ្កែដេញព្រុស | គីង្គក់ខាំមូសទៀបរាត្រី ។ | |
៨- | ព្រឹកព្រាងជ្រូកស្រែកលាន់អ៊ូកៗ | គោភ្ញាក់ផ្អើលជ្រូកជាន់ស្មៅខ្ចី |
ថ្ងៃមួយរំភើបបានខោថ្មី | មិនហ៊ានលេងដីក្រែងប្រឡាក់ ។ | |
៩- | ហូបបាយផឹកទឹកនឹកដល់ម៉ែ | រាល់ថ្ងៃឆ្នាំខែម៉ែទុកដាក់ |
ដាំស្លបោកគក់នឿយបណ្តាក់ | កូនរៀនឡើងថ្នាក់ម៉ែត្រេកអរ ។ | |
១០- | ម៉ែមើលថែកូនសព្វចំណី | យល់កូនឃ្លានឆីមិនអំណរ |
រកដំឡូងត្រាវយាត្រាចរ | ជីកគាស់ស្ងោរស្លកំដរមាត់ ។ | |
១១- | ស្រណោះនឹកម៉ែកាន់ឈ្នាងល្អី | ប៉ោតឆ្នាំងជាលត្រីត្រាច់រង្គាត់ |
ហត់នឿយស៊ូទ្រាំម៉ែមិនមាត់ | ប្រឹងទៅជញ្ជាត់កំពឹសត្រី ។ | |
១២- | ខ្ចៅបឹងប្រឹងតោងមែករុក្ខា | ទឹកលេចមែកឆ្ការធ្លាក់នៅដី |
ទ្រនំជម្រកខ្ចៅខ្យងត្រី | ខ្ចៅតោងឥតបីដូចផ្លែផ្កា ។ | |
១៣- | ចំណីស្រែស្រុកសម្បូរបែប | បានឆាកង្កែបខែវស្សា |
ដើមឆ្នាំខ្ចៅខ្យងស្ងោរភោក្តា | កំពឹសស្រស់ថ្លាលីងសម្ងួត ។ | |
១៤- | កូនត្រីជញ្ជាត់គល់ស្លឹកគ្រៃ | ល្មៀតគ្រឿងម៉ែលៃឈ្ងុយរមួត |
ត្រួយរាំងសាវម៉ាវស្លឹកកន្តួត | បន្លែជួយសួតថ្លើមក្រពះ ។ | |
១៥- | ដើមចេកស្លម្ជូរកូនត្រីស្រែ | បាយក្តៅនឹកម៉ែអ្នកមេផ្ទះ |
ចិញ្ចឹមកូនចៅនឿយននះ | ម៉ែពិតជាព្រះរបស់កូន ។ | |