Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
ស្រលាញ់ឡានពេក
- បទពាក្យ៧ -
១- | ស្រឡាញ់ឡានពេកដេកសម្លឹង | ពេញចិត្តស្និទ្ធស្លឹងតែឡានថ្មី |
ភ្លេចប្រពន្ធកូនមិនចេញស្តី | ស្នេហ៍ស្និទ្ធឡានថ្មីមិត្តកល្យាណ ។ | |
២- | ឈប់ចតសព្វទីឈររំពៃ | ពេញចិត្តមមៃប្រៀបមិនបាន |
ខ្លាចក្រែងកោសកិតដាច់ថ្នាំឡាន | ចង់ឱ្យសុខសាន្តសមប្រាថ្នា ។ | |
៣- | ថ្ងៃឈប់សម្រាកពីការងារ | នាំកូនភរិយារួមគ្រួសារ |
ទៅភូមិកំណើតជួបយាយតា | ពុកម៉ែកុងម៉ាលម្ហែកាយ ។ | |
៤- | ដល់ភូមិកំណើតឈប់ឡានចត | ក្មេងពេញចំណតមកសប្បាយ |
ស្ទុះស្ទាបតែឡានមកពីឆ្ងាយ | ម្ចាស់សែនខ្វល់ខ្វាយស្តាយឡានថ្មី ។ | |
៥- | ក្មេងខ្លះស្ទុះទៅកាន់កញ្ចក់ | ខ្លះហត់ដង្ហក់ផ្អែកធ្វើហី |
ខ្លះគោះតូកៗថាឡានថ្មី | ខ្លះមើលកៅអីថាអស្ចារ្យ ។ | |
៦- | ម្ចាស់ទ្រឹងធ្មឹងគិតព្រួយបារម្ភ | ស្រងាកសម្ងំភ្លេចយាយតា |
ភ្លេចបងភ្លេចប្អូនភ្លេចញាតិសា | ពុកម៉ែកុងម៉ាភ្លេចទាំងអស់ ។ | |
៧- | ភ្លេចសួរសុខទុក្ខភ្លេចចេញស្តី | ភ្លេចអស់អ្វីៗមិនសល់សោះ |
អារម្មណ៍ផ្តោតលើឡានទាំងអស់ | ភ្លេចភ្លាំងក្ស័យខ្សោះស្រឡាញ់ពេក ។ | |