navigate_nextMedianavigate_nextOur Newsnavigate_nextពិធីចុះហត្ថលេខាលើអនុស្សរណៈរវាងធនាគារ អេស៊ីលីដា ភីអិលស៊ី និង ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម
ពិធីចុះហត្ថលេខាលើអនុស្សរណៈរវាងធនាគារ អេស៊ីលីដា ភីអិលស៊ី និង ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម
ស្តីពីកិច្ចសហប្រតិបត្តិការ លើការអនុវត្តគម្រោងផ្តល់ឥណទានគាំទ្រដល់ការពង្រីកការដាំដុះបន្លែ-ផ្លែឈើ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការកែច្នៃផលិតផលកសិកម្ម ព្រមទាំងឥណទានគាំទ្រដល់តួអង្គក្នុងខ្សែច្រវាក់ផលិតកម្មក្នុងវិស័យមៀនប៉ៃលិន ស្វាយ និងស្វាយចន្ទី។
រាជធានីភ្នំពេញ ថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ធនាគារ អេស៊ីលីដា ភីអិលស៊ី ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត និងជាធនាគារពាណិជ្ជឈានមុខក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកាសព័ត៌មាននៅថ្ងៃនេះថា ធនាគារ អេស៊ីលីដា ភីអិលស៊ី (អេស៊ីលីដា) ចុះហត្ថលេខាលើអនុស្សរណៈ ជាមួយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) ស្តីពីកិច្ចសហប្រតិបត្តិការលើការអនុវត្តគម្រោងផ្តល់ឥណទានគាំទ្រដល់ការពង្រីកការដាំដុះបន្លែ-ផ្លែឈើ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការកែច្នៃផលិតផលកសិកម្ម ព្រមទាំងឥណទានគាំទ្រដល់តួអង្គក្នុងខ្សែច្រវាក់ផលិតកម្មក្នុងវិស័យមៀនប៉ៃលិន ស្វាយ និងស្វាយចន្ទី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត កៅ ថាច មានតួនាទីជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និង បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី។
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា នេះជាមោទនភាពបំផុតដែលធនាគារ អេស៊ីលីដា ភីអិលស៊ី បានចូលរួមចំណែកក្នុងការគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងវិស័យកសិកម្ម តាមរយៈការជំរុញឱ្យមានស្ថិរភាពខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងទីផ្សារសម្រាប់គាំទ្រការស្តារកំណើនសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ១៩។ អនុស្សរណៈនៃការយោគយល់គ្នានេះ មានចក្ខុវិស័យរួមក្នុងការលើកកម្ពស់វិស័យកសិកម្ម តាមរយៈការផ្តល់ឥណទានរួមគ្នាលើវិស័យសំខាន់ៗចំនួន ០៦ រួមមាន ការចិញ្ចឹមសត្វ វារីវប្បកម្ម ការដាំដុះបន្លែ-ផ្លែឈើ និងការកែច្នៃផលិតផលកសិកម្ម ព្រមទាំងឥណទានគាំទ្រដល់តួអង្គក្នុងខ្សែច្រវាក់ផលិតកម្មក្នុងវិស័យមៀនប៉ៃលិន ស្វាយ និងស្វាយចន្ទី ក្រោមប្រភពទុនរួមគ្នា (៥០%-៥០%) រវាង ធ.អ.ជ.ក.និង អេស៊ីលីដា ដោយស្ថិតលើមូលដ្ឋាន "មកមុនផ្តល់ជូនមុន" ឬ First Come, First Served ។ ការពង្រីកឥណទានលើវិស័យទាំង ០៦ ខាងលើនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនផលិតកម្មក្នុងស្រុក ការបង្កើតការងារ និងផលចំណូលជូនប្រជាពលរដ្ឋ ជាពិសេសនៅទីជនបទ។
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានមានប្រសាសន៍ថា ថ្ងៃនេះជាសក្ខីភាពនៃការអនុវត្តកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដំណាក់កាលទី២ ដែល ធ.អ.ជ.ក. និងធនាគារ អេស៊ីលីដា ភីអិលស៊ី បានសហការគ្នាអនុវត្តយន្តការសហហិរិញ្ញប្បទាន ចែករំលែកហានិភ័យ សំដៅផ្តល់ឥណទានគាំទ្រដល់វិស័យកសិកម្ម។ យន្តការនេះជាការដាក់មូលនិធិជាកញ្ចប់រួមក្នុងគោលបំណងពង្រីកវិសាលភាព និងទំហំឥណទានដែលបង្ហាញពីការរួមចំណែកពីធនាគារ អេស៊ីលីដា ភីអិលស៊ី បន្ថែមលើហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលដែលមានក្នុងកម្មវិធីនេះ ហើយក៏ជាយន្តការថ្មីដែលវិស័យឯកជនបានរួមចំណែកចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអនុវត្តកម្មវិធីពិសេសនេះ។
ឯកឧត្តមបណ្ឌិត កៅ ថាច បានគូសបញ្ជាក់ថា ក្នុងអំឡុងពេលដែលស្ថានភាពសេដ្ឋកិច្ចជាតិប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩ និងស្ថិតក្នុងដំណាក់កាលស្តារសេដ្ឋកិច្ច ធ.អ.ជ.ក. នៅតែបន្តការគាំទ្រការផ្តល់ឥណទានកសិកម្មយ៉ាងសកម្មក្នុងគោលដៅរក្សាលំនឹងអាជីវកម្មរបស់ SMEs ក្នុងវិស័យកសិកម្ម តាមរយៈប្រភពទុននៃកម្មវិធីហិរញ្ញប្បទាន ពិសេសរបស់រាជរដ្ឋាភិបាល ដំណាក់កាលទី១ គាំទ្រដល់ការដាំបន្លែ-ផ្លែឈើ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការកែច្នៃផលិតផលកសិកម្ម។ ដើម្បីបន្តជួយគាំទ្រផ្តល់ឥណទានកសិកម្មក្នុងអត្រាការប្រាក់សម្បទាន ដល់សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកសិកម្ម។ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រកាសដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនូវកញ្ចប់ថវិកាកម្មវិធីហិរញ្ញប្បទានពិសេស ដែលមានទឹកប្រាក់ចំនួន ៥០ លានដុល្លារអាមេរិក ដំណាក់កាលទី២ ដល់ ធ.អ.ជ.ក សម្រាប់ប្រើប្រាស់លើការផ្តល់ហិរញ្ញប្បទានផ្ទាល់ (Direct Lending) និងសម្រាប់កម្មវិធីសហហិរញ្ញប្បទានចែករំលែកហានិភ័យជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សំដៅគាំទ្រដល់ការដាំដុះបន្លែ-ផ្លែឈើ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការកែច្នៃផលិតផលកសិកម្ម ព្រមទាំងឥណទានគាំទ្រដល់តួអង្គក្នុងខ្សែច្រវាក់ផលិតកម្មក្នុងវិស័យ មៀនប៉ៃលិន ស្វាយ និងស្វាយចន្ទី។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង ធនាគារ អេស៊ីលីដា តាមរយៈ៖
លោក ញ៉ែម ចំរើន, អ្នកឯកទេសជាន់ខ្ពស់អភិវឌ្ឍគោលការណ៍ឥណទាន
ទូរស័ព្ទ៖ ០១០ ៨០០ ៣១១
អ៊ីម៉ែល៖ nhem.chamroeun@acledabank.com.kh