www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextពិធីចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​រវាង​ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ធនាគារ​អភិវឌ្ឍន៍​ជនបទ និង​កសិកម្ម

ពិធីចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​រវាង​ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ធនាគារ​អភិវឌ្ឍន៍​ជនបទ និង​កសិកម្ម

ACLEDA Photo

ស្តីពី​កិច្ចសហ​ប្រតិបត្តិការ លើ​ការអនុវត្ត​គម្រោង​ផ្តល់​ឥណទាន​គាំទ្រ​ដល់​ការពង្រីក​ការ​ដាំដុះ​បន្លែ-ផ្លែ​ឈើ ការចិញ្ចឹម​សត្វ វារីវប្បកម្ម និង​ការកែច្នៃ​ផលិតផល​កសិកម្ម ព្រម​ទាំង​ឥណទាន​គាំទ្រ​ដល់​តួអង្គ​ក្នុង​ខ្សែច្រវាក់​ផលិតកម្ម​ក្នុង​វិស័យ​មៀន​ប៉ៃលិន ស្វាយ និង​ស្វាយចន្ទី។

រាជធានី​ភ្នំពេញ ថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ធនាគារ អេស៊ីលីដា ភីអិលស៊ី ប្រជា​ធនាគារ​ដែល​លោកអ្នក​ជឿ​ទុក​ចិត្ត និង​ជា​ធនាគារ​ពាណិជ្ជ​ឈាន​មុខ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ​ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី (អេស៊ីលីដា) ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ ជា​មួយ​ធនាគារ​អភិវឌ្ឍន៍​ជនបទ និង​កសិកម្ម (ធ.អ.ជ.ក.) ស្តីពី​កិច្ចសហ​ប្រតិបត្តិការ​លើ​ការអនុវត្ត​គម្រោង​ផ្តល់​ឥណទាន​គាំទ្រ​ដល់​ការពង្រីក​ការ​ដាំដុះ​បន្លែ-ផ្លែឈើ ការចិញ្ចឹម​សត្វ វារីវប្បកម្ម និង​ការកែច្នៃ​ផលិតផល​កសិកម្ម ព្រម​ទាំង​ឥណទាន​គាំទ្រ​ដល់​តួអង្គ​ក្នុង​ខ្សែ​ច្រវាក់​ផលិតកម្ម​ក្នុង​វិស័យ​មៀន​ប៉ៃលិន ស្វាយ និង​ស្វាយចន្ទី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម​បណ្ឌិត កៅ ថាច មាន​តួនាទី​ជា​ប្រតិភូរាជ​រដ្ឋាភិបាល ទទួល​បន្ទុក​ជា​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ និង​កសិកម្ម និង បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី។

ACLEDA Photo

បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​មាន​ប្រសាសន៍​ថា នេះ​ជា​មោទនភាព​បំផុត​ដែល​ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ចូលរួម​ចំណែក​ក្នុង​ការគាំទ្រ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ពង្រឹង​វិស័យ​កសិកម្ម តាម​រយៈ​ការជំរុញ​ឱ្យ​មាន​ស្ថិរភាព​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ក្នុង​ទីផ្សារ​សម្រាប់​គាំទ្រ​ការស្តារកំណើន​សេដ្ឋកិច្ច​ឡើង​វិញ ក្រោយ​វិបត្តិ​ជំងឺ​កូវីដ១៩។ អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ មាន​ចក្ខុវិស័យ​រួម​ក្នុង​ការលើក​កម្ពស់​វិស័យ​កសិកម្ម តាម​រយៈ​ការផ្តល់​ឥណទាន​រួមគ្នា​លើ​វិស័យ​សំខាន់ៗ​ចំនួន ០៦ រួម​មាន ការចិញ្ចឹម​សត្វ វារីវប្បកម្ម ការដាំដុះ​បន្លែ-ផ្លែឈើ និង​ការកែច្នៃ​ផលិតផល​កសិកម្ម ព្រម​ទាំង​ឥណទាន​គាំទ្រ​ដល់​តួអង្គ​ក្នុង​ខ្សែច្រវាក់​ផលិតកម្ម​ក្នុង​វិស័យ​មៀន​ប៉ៃលិន ស្វាយ និង​ស្វាយចន្ទី ក្រោម​ប្រភពទុន​រួមគ្នា (៥០%-៥០%) រវាង ធ.អ.ជ.ក.និង អេស៊ីលីដា ដោយ​ស្ថិត​លើ​មូលដ្ឋាន "មក​មុន​ផ្តល់​ជូន​មុន" ឬ First Come, First Served ។ ការពង្រីក​ឥណទាន​លើ​វិស័យ​ទាំង ០៦ ខាង​លើ​នឹង​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការបង្កើន​ផលិតកម្ម​ក្នុង​ស្រុក ការបង្កើត​ការងារ និង​ផល​ចំណូល​ជូន​ប្រជាពលរដ្ឋ ជា​ពិសេស​នៅ​ទីជនបទ។

ACLEDA Photo

ឯកឧត្តម​បណ្ឌិត កៅ ថាច ប្រតិភូ​រាជរដ្ឋាភិបាល ទទួល​បន្ទុក​ជា​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ និង​កសិកម្ម បាន​មាន​ប្រសាសន៍​ថា ថ្ងៃនេះ​ជា​សក្ខីភាព​នៃ​ការអនុវត្ត​កម្មវិធី​ហិរញ្ញប្បទាន​ពិសេស​របស់​រាជរដ្ឋាភិបាល ដំណាក់កាល​ទី២ ដែល ធ.អ.ជ.ក. និង​ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​សហការ​គ្នា​អនុវត្ត​យន្តការ​សហហិរិញ្ញប្បទាន ចែករំលែក​ហានិភ័យ សំដៅ​ផ្តល់​ឥណទាន​គាំទ្រ​ដល់​វិស័យ​កសិកម្ម។ យន្តការ​នេះ​ជា​ការដាក់​មូលនិធិ​ជា​កញ្ចប់​រួម​ក្នុង​គោលបំណង​ពង្រីក​វិសាលភាព និង​ទំហំ​ឥណទាន​ដែល​បង្ហាញ​ពីការ​រួមចំណែក​ពី​ធនាគារ អេស៊ីលីដា ភីអិលស៊ី បន្ថែម​លើ​ហិរញ្ញប្បទាន​របស់​រាជរដ្ឋាភិបាល​ដែល​មាន​ក្នុង​កម្មវិធី​នេះ ហើយ​ក៏​ជា​យន្តការ​ថ្មី​ដែល​វិស័យ​ឯកជន​បាន​រួមចំណែក​ចូលរួម​ជា​មួយ​រាជរដ្ឋាភិបាល​ក្នុង​ការអនុវត្ត​កម្មវិធី​ពិសេស​នេះ។

ឯកឧត្តម​បណ្ឌិត កៅ ថាច បាន​គូស​បញ្ជាក់​ថា ក្នុង​អំឡុង​ពេល​ដែល​ស្ថានភាព​សេដ្ឋកិច្ច​ជាតិ​ប្រឈម​នឹង​វិបត្តិ​ជំងឺ​កូវីដ-១៩ និង​ស្ថិត​ក្នុង​ដំណាក់កាល​ស្តារ​សេដ្ឋកិច្ច ធ.អ.ជ.ក. នៅ​តែ​បន្តការ​គាំទ្រ​ការផ្តល់​ឥណទាន​កសិកម្ម​យ៉ាង​សកម្ម​ក្នុង​គោលដៅ​រក្សា​លំនឹង​អាជីវកម្ម​របស់ SMEs ក្នុង​វិស័យ​កសិកម្ម តាម​រយៈ​ប្រភព​ទុន​នៃ​កម្មវិធី​ហិរញ្ញប្បទាន ពិសេស​របស់​រាជរដ្ឋាភិបាល ដំណាក់កាល​ទី១ គាំទ្រ​ដល់​ការដាំ​បន្លែ-ផ្លែ​ឈើ ការចិញ្ចឹម​សត្វ វារីវប្បកម្ម និង​ការកែច្នៃ​ផលិតផល​កសិកម្ម។ ដើម្បី​បន្ត​ជួយ​គាំទ្រ​ផ្តល់​ឥណទាន​កសិកម្ម​ក្នុង​អត្រា​ការប្រាក់​សម្បទាន ដល់​សហគ្រាស​ធុន​តូច និង​មធ្យម ក្នុង​វិស័យ​កសិកម្ម។ កាល​ពី​ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ កន្លង​ទៅ រាជរដ្ឋា​ភិបាល តាម​រយៈ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់ ជា​ផ្លូវការ​នូវ​កញ្ចប់​ថវិកា​កម្មវិធី​ហិរញ្ញប្បទាន​ពិសេស ដែល​មាន​ទឹក​ប្រាក់​ចំនួន ៥០ លាន​ដុល្លារ​អាមេរិក ដំណាក់កាល​ទី២ ដល់ ធ.អ.ជ.ក សម្រាប់​ប្រើប្រាស់​លើ​ការផ្តល់​ហិរញ្ញប្បទាន​ផ្ទាល់ (Direct Lending) និង​សម្រាប់​កម្មវិធី​សហហិរញ្ញប្បទាន​ចែក​រំលែក​ហានិភ័យ​ជា​មួយ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ សំដៅ​គាំទ្រ​ដល់​ការដាំ​ដុះ​បន្លែ-ផ្លែឈើ ការចិញ្ចឹម​សត្វ វារីវប្បកម្ម និង​ការកែច្នៃ​ផលិតផល​កសិកម្ម ព្រមទាំង​ឥណទាន​គាំទ្រ​ដល់​តួអង្គ​ក្នុង​ខ្សែ​ច្រវាក់​ផលិតកម្ម​ក្នុង​វិស័យ មៀនប៉ៃលិន ស្វាយ និងស្វាយចន្ទី។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង ធនាគារ អេស៊ីលីដា តាម​រយៈ៖

លោក ញ៉ែម ចំរើន, អ្នកឯកទេសជាន់ខ្ពស់អភិវឌ្ឍគោលការណ៍ឥណទាន
ទូរស័ព្ទ៖ ០១0 ៨០០ ៣១១
អ៊ីម៉ែល៖ nhem.chamroeun@acledabank.com.kh

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១០៣ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖