www.acledabank.com.kh

navigate_nextMedianavigate_nextEducational Poems

លោកឪពុក-អ្នកម្តាយ

- បទពាក្យ៧ -
* ពេលកូននឹកដល់ការតស៊ូ ពុកជាគំរូផ្តល់ឱ្យកូន
  គុណសាងជីវិតមិនឱ្យសូន្យ ឆ្ពោះទៅដូចក្បូនឱ្យសម្រេច ។
* បណ្តុះឆន្ទៈឱ្យស្រលាញ់ ធ្វើឱ្យអស់អញរួចជាស្រេច
  ព្យាយាមពុះពារការចាំបាច់ ការងារសម្រេចជាប្រយោជន៍ ។
* ពុកប្រៀនប្រដៅអប់រំចិត្ត ឱ្យកូនខំខិតចាកអសោច
  ត្រួតមើលស្នាដៃដែលដាច់ដោច បោះបង់ផុយខ្លោចតម្រង់ចិត្ត ។
* គ្មានអ្វីតបស្នងស្មើគុណពុក មានតែចាំទុកធម៌ពិសិដ្ឋ
  ប្រណិប័តន៍បណ្តាំចាំប្រណីត ពាក្យល្អសចិត្តស្និទ្ធស្នេហ៍កាយ  ។
* ពេលកូននឹកដល់ក្តីស្រលាញ់ រឹតរែងភ្នកក្នាញ់នឹកដល់ម្តាយ
  គុណធំអនេកវែងអន្លាយ ក្រៃធ្ងន់សែនឆ្ងាយលើសប្រឹថពី ។
* អ្នកចិញ្ចឹមកូនថ្នមរក្សា ចំណីភោក្តាសាងជីវី
  អប់រំណែនាំតាមនាទី រួមរស់មូលមីរដោយសីលធម៌ ។
* អ្នកសាងស្មារតីនិងសុចរិត កាយវាចាចិត្តថ្លៃបវរ
  ឱ្យកូនរស់រានដោយស្មោះសរ មូលមិត្តបន្តលើផែនដី ។
* គ្មានអ្វីតបស្នងស្មើគុណអ្នក មានតែជឿជាក់និងភក្តី
  ម៉ែមានគុណធំជាងមេឃដី គុណអ្នកគ្មានអ្វីប្រដូចឡើយ ។
  ពុកម៉ែជាព្រះនៃកូនចៅ លោកប្រៀនប្រដៅឱ្យកូនល្អ
  នាំគ្នាប្រណិប័តន៍បានបវរ សាងផលស្មោះសរតរុងរឿង ។

CHAT
SITE MAP FORM CENTER USER MANUAL SECURITY TIPS NEWSLETTER LEGAL AND PRIVACY NOTICE
ONLINE VISITOR: 244 ©2024 ACLEDA Bank Plc.
DARK MODE

ACLEDA Bank Plc. - Credentials

CONNECT WITH US ON