navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextធនាគារអេស៊ីលីដា បង្កើនការការពារទ្រព្យសម្បត្តិរបស់អតិថិជន
ធនាគារ អេស៊ីលីដា ភីអិលស៊ី បង្កើនការការពារទ្រព្យសម្បត្តិរបស់អតិថិជន
ថ្ងៃទី១៦ ខែមករា ឆ្នាំ២០០៧
ភ្នំពេញ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០០៧, ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារឈានមុខគេនៅក្នុងប្រទេសកម្ពុជា បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនធានារ៉ាប់រង Jardine Lloyd Thompson (JLT) និងក្រុមហ៊ុនធានារ៉ាប់រងអាស៊ី (Asia Insurance (Cambodia) Plc.) ដើម្បីរៀបចំឱ្យមានការធានារ៉ាប់រងទៅលើប្រតិបត្តិការអាជីវកម្មទាំងមូលរបស់ធនាគារនៅក្នុងប្រទេសកម្ពុជា ។ ក្រុមហ៊ុនធានារ៉ាប់រង Jardine Lloyd Thompson (JLT) គឺជាក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់សេវាកម្មធានារ៉ាប់រង និងសេវាគ្រប់គ្រងហានិភ័យ និងជាក្រុមហ៊ុនធានារ៉ាប់រងធំបំផុតរបស់ចក្រភពអង់គ្លេស ដែលបានចុះបញ្ជីក្នុងទីផ្សារភាគហ៊ុន នៅទីក្រុងឡុងដ៍ ។ កិច្ចព្រមព្រៀងនេះ ផ្តោតទៅលើសេវាធានារ៉ាប់រងប្រភេទ Bankers Blanket Bond, សេវាធានារ៉ាប់រងលើឧក្រិដ្ឋកម្មតាមប្រព័ន្ធអេឡិចត្រូនិច និងកុំព្យូទ័រ, សេវាធានារ៉ាប់រងលើសំណងចំពោះការប្រព្រឹត្តរបស់អ្នកគ្រប់គ្រងនិងបុគ្គលិក និងសំណងរបស់ក្រុមហ៊ុន ។ ធនាគារអេស៊ីលីដា គឺជាធនាគារដំបូងបំផុតនៅក្នុងប្រទេសកម្ពុជា ដែលបានទិញធានារ៉ាប់រងបែបនេះ ដើម្បីការពារលើហានិភ័យនានា ដូចជា ៖ ការលួចប្រាក់ឬមូលបត្រ ការលួចគៃបន្លំ ការក្លែងបន្លំឯកសារមានតម្លៃ ការបន្លំនិងកែច្នៃព័ត៌មានកុំព្យូទ័រដែលធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធព័ត៌មានវិទ្យារបស់ធនាគារ និងការទទួលខុសត្រូវលើតតិយជនដែលបណ្តាលមកពីទង្វើរបស់អ្នកដឹកនាំ ឬថ្នាក់គ្រប់គ្រងជាន់ខ្ពស់ ។
លោកស្រីនាយិការបស់ក្រុមហ៊ុនធានារ៉ាប់រង JLT Asia, Shan Sagoo បានមានប្រសាសន៍ថា ៖ "អាជីវកម្មដែលមានការប្រកួតប្រជែង ដែលបណ្តាធនាគារប្រតិបត្តិ បានបង្កើតឱ្យមានភាពស្មុគស្មាញកាន់តែច្រើនថែមទៀត តាមរយៈភាពគំរាមកំហែងនៃអំពើកេងបន្លំ ។ គណៈកម្មាធិការ Basel ស្តីពីការគ្រប់គ្រងវិស័យធនាគារ បានទទួលស្គាល់ថា អំពើកេងបន្លំគឺជាប្រភពនៃការធ្វើឱ្យមានការបាត់បង់ប្រតិបត្តិការដ៏ធំបំផុត ។ ដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហានេះ យើងត្រូវតែមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ តាមរយៈការបង្កើតឱ្យមានប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងឱ្យបានរឹងមាំ រួមជាមួយនឹងការធានារ៉ាប់រង ដែលជាអ្នកកាត់បន្ថយហានិភ័យ ហើយការទទួលយកនូវហានិភ័យរបស់ក្រុមហ៊ុនធានារ៉ាប់រងអាស៊ី ជាសញ្ញាដ៏ល្អមួយសម្រាប់បង្កើនឱ្យមានភាពជឿជាក់លើវិស័យធនាគារក្នុងប្រទេសកម្ពុជា" ។
លោក Pascal Brandt-Gagnon, អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងអាស៊ី នៅក្នុងប្រទេសកម្ពុជា បានអះអាងថា ៖ "ក្រុមហ៊ុនធានារ៉ាប់រងអាស៊ី មានមោទនភាពដែលបានឈានមុខគេក្នុងការបង្កើតឱ្យមានឧស្សាហកម្មធានារ៉ាប់រងស្របជាមួយការអភិវឌ្ឍវិស័យធនាគារ ។ ឧស្សាហកម្មទាំងពីរអាចទាញយកសារប្រយោជន៍ពីទំនាក់ទំនងបែបនេះ ដែលនឹងបំពេញនូវកម្រិតចាប់ផ្តើមដ៏ធំមួយនៃកម្មវិធីធានារ៉ាប់រងធនាគារ ដែលបង្កើតឱ្យមានការការពារនូវទ្រព្យសម្បត្តិរបស់អតិថិជនបញ្ញើ-សន្សំ ។ ទំនាក់ទំនងអភិវឌ្ឍន៍នេះ ជាសញ្ញាមួយដ៏ល្អសម្រាប់អនាគតនៃឧស្សាហកម្មសេវាធានារ៉ាប់រងហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា និងការជឿជាក់ជាសាធារណៈនៅក្នុងវិស័យនេះ" ។
លោក ជា សុខ ប្រធានក្រុមប្រឹក្សាភិបាលរបស់ធនាគារអេស៊ីលីដា ភីអិលស៊ី ជាអតីតធនាគារិកនៅធនាគារកណ្តាល និងជាអ្នកសេដ្ឋកិច្ច បានពន្យល់អំពីមូលហេតុដែលធនាគារត្រូវការសេវាធានារ៉ាប់រងបន្ថែមនេះ ក្នុងពេលដែលធនាគារបានពង្រឹងឱ្យមានការបង្កើនដើមទុនចំនួន ១៧លានដុល្លារអាមេរិកបន្ថែមទៀតនាពេលថ្មីៗនេះ ។ លោកបានលើកឡើងថា "ជាការពិត កត្តាទាំងពីរនេះគឺជាចំណែកបំពេញបន្ថែមលើយុទ្ធសាស្ត្ររួមរបស់ធនាគារ ហើយវាត្រូវតែធ្វើទន្ទឹមគ្នា ដើម្បីបង្កើននូវសុវត្ថិភាពក្នុងការថែរក្សាទ្រព្យសម្បត្តិរបស់អតិថិជន និងសាធារណៈជនទូទៅដែលបានប្រើប្រាស់សេវារបស់ធនាគារអេស៊ីលីដា ។ ក្នុងខណៈនេះដែរ ការបង្កើនដើមទុនបានពង្រឹងសមត្ថភាពរបស់ធនាគារឱ្យមានការលូតលាស់ និងបំពេញបាននូវហានិភ័យប្រចាំថ្ងៃ សេវាធានារ៉ាប់រងបែបនេះបានផ្តល់នូវកំណារពារបន្ថែមទៅលើហេតុការណ៍ដែលមិននឹកស្មានដល់ ដែលអាចធ្វើឱ្យមានការប៉ះពាល់ធ្ងន់ធ្ងរដល់ស្ថិរភាពហិរញ្ញវត្ថុរបស់ធនាគារ ។ ការវិវត្តយ៉ាងលឿននៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក៏ដូចជាការរីកលូតលាស់ខ្លាំងរបស់ធនាគារអេស៊ីលីដា បានបង្កើតឱ្យមានសំពាធផ្ទាល់លើធនាគារ ក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍ការពារហានិភ័យនោះ ក្រុមប្រឹក្សាភិបាលរបស់ធនាគារ បានសម្រេចឱ្យមានសេវាធានារ៉ាប់រងបែបនេះ ដូចបណ្តាធនាគារល្អៗនៅតាមប្រទេសជឿនលឿនលើពិភពលោក" ។
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារអេស៊ីលីដា ភីអិលស៊ី បានបញ្ជាក់ថា ៖ បច្ចុប្បន្ន ធនាគារអេស៊ីលីដា មានសាខា និងការិយាល័យសម្រាប់ធ្វើប្រតិបត្តិការចំនួន ១៥៦សាខានិងការិយាល័យ និងមានគម្រោងបើកចំនួន ៥១សាខានិងការិយាល័យថ្មីបន្ថែមទៀត ក្នុងឆ្នាំ២០០៧ ។ លោកក៏មានប្រសាសន៍បន្ថែមទៀតផងថា "ការពង្រីកប្រតិបត្តិការ និងការបន្ថែមនូវផលិតផលនិងសេវាកម្មថ្មីៗ បានធ្វើឱ្យអាជីវកម្មរបស់យើងកាន់តែមានភាពស្មុគស្មាញឡើង ហើយវាមានសារសំខាន់ណាស់ចំពោះធនាគារនិងអតិថិជន ដែលមានការធានារ៉ាប់រងដ៏ល្អបំផុតបែបនេះ ក្នុងការការពារនូវទ្រព្យសម្បត្តិរបស់ខ្លួន ។ ការកើនឡើងទ្វេដងនៃសេវាផ្ទេរប្រាក់ជារៀងរាល់ឆ្នាំ និងការដាក់ឱ្យដំណើរការនូវបណ្តាញ ATM ដើម្បីផ្តល់សេវាកម្មធនាគារ ២៤ម៉ោង និង៧ថ្ងៃក្នុងមួយសប្តាហ៍ នៅក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន នាពេលឆាប់ៗខាងមុខនេះ មានន័យថា យើងត្រូវតែបង្កើននូវកិច្ចខិតខំប្រឹងប្រែងដើម្បីធានាថា ហានិភ័យទាំងឡាយត្រូវបានការពារ ។ អតិថិជនចំនួនជាង ១៤០.០០០នាក់ ដែលជឿជាក់លើធនាគារយើង តាមរយៈការដាក់ប្រាក់បញ្ញើ តែងតែសង្ឃឹមទុកថា ធនាគារអាចមើលការខុសត្រូវយ៉ាងល្អបំផុតចំពោះប្រាក់របស់ពួកគាត់ ដែលប្រាក់ទាំងនេះហើយត្រូវបានយកមកធ្វើការវិនិយោគសារជាថ្មីនៅក្នុងប្រទេសកម្ពុជា" ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈ ៖
លោកស្រី សូ ផនណារី នាយិកាប្រតិបត្តិទីផ្សារ
អ៊ីម៉ែល ៖
លោក ព្រំ វិសុទ្ធ នាយកប្រតិបត្តិនីតិកម្ម និងជាលេខាធិការក្រុមហ៊ុន
អ៊ីម៉ែល ៖
អត្ថន័យពន្យល់លើការទិញធានារ៉ាប់រងពីក្រុមហ៊ុនធានារ៉ាប់រង Jardine Lloyd Thompson Asia និងក្រុមហ៊ុនធានារ៉ាប់រងអាស៊ី
តើធនាគារអេស៊ីលីដា មានលក្ខណៈសម្បត្តិសំខាន់ៗអ្វីខ្លះ ដែលអាចទទួលបានការធានារ៉ាប់រងបែបនេះ ?
ធនាគារអេស៊ីលីដា មានលក្ខណៈសម្បត្តិឈានមុខ និងពេញលេញក្នុងការឈានទៅដល់ការទទួលបានធានារ៉ាប់រងដ៏ធំនេះ ។ លក្ខណៈសម្បត្តិទាំងនោះរួមមាន ៖
- Corporate Governance មានន័យថា ធនាគារអេស៊ីលីដា បានប្រតិបត្តិការត្រឹមត្រូវ និងមានការទទួលខុសត្រូវ (Responsibility) គណនីភាព (Accountability) និងតម្លាភាព (Transparency) ។
- Community Involvement មានន័យថា ធនាគារអេស៊ីលីដា បានចូលរួមចំណែកក្នុងការអភិវឌ្ឍ និងបង្កើនកម្រិតជីវភាពប្រជាពលរដ្ឋដោយផ្ទាល់ ដល់តំបន់ជនបទគ្របដណ្ដប់ ២៤ខេត្ត-រាជធានី ទូទាំងប្រទេស ដែលមិនមានស្ថាប័នផ្សេងអាចប្រតិបត្តិបាន ។
- Environment and Social Sustainability មានន័យថា ធនាគារអេស៊ីលីដា បានចូលរួមពង្រឹងនិរន្តរភាពសង្គម និងបរិស្ថាន ដោយបានអនុវត្តនូវគោលនយោបាយពិសេស ជៀសវាងនូវការផ្តល់ឥណទានដល់ជំនួញ ឬមុខរបរដែលមានផលប៉ះពាល់ដល់បរិស្ថានសង្គម ស្របតាមបទប្បញ្ញត្តិដែលបានហាមឃាត់ជាអន្តរជាតិ ។
- Commercial Success មានន័យថា ធនាគារអេស៊ីលីដា ជាស្ថាប័នដែលបានទទួលជោគជ័យ និងបង្កើនប្រាក់ចំណេញជាបន្តបន្ទាប់ ចាប់តាំងពីប្រតិបត្តិការដំបូងរបស់ខ្លួន ជាពិសេសមានភាគលាភសម្រាប់បែងចែកដល់ភាគហ៊ុនិកជារៀងរាល់ឆ្នាំ ។
- Business Rating: ធនាគារអេស៊ីលីដា បានទទួលលទ្ធផលល្អប្រសើរលើការវាយតម្លៃពី Moody's Investors Service ដែលជាស្ថាប័នវាយតម្លៃធនាគារ និងហិរញ្ញវត្ថុខ្នាតអន្តរជាតិ ។
- IT System: ធនាគារអេស៊ីលីដា មានប្រព័ន្ធបច្ចេកវិជ្ជាធនាគារទំនើប គ្របដណ្តប់លើប្រតិបត្តិការ ទូទាំង២៤ខេត្ត-រាជធានី នៃព្រះរាជាណាចក្រកម្ពុជា ។
- Compliance: ប្រតិបត្តិការរបស់ធនាគារអេស៊ីលីដា មានអនុលោមភាពពេញលេញតាមច្បាប់ បទប្បញ្ញត្តិនានា ទាំងថ្នាក់ជាតិ និងអន្តរជាតិ ។
តើក្រុមហ៊ុនធានារ៉ាប់រង Jardine Lloyd Thompson (JLT) Asia ជាក្រុមហ៊ុនធានារ៉ាប់រងបែបណា ?
ក្រុមហ៊ុនធានារ៉ាប់រង Jardine Lloyd Thompson Asia គឺជាក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់សេវាកម្មធានារ៉ាប់រង, ធានារ៉ាប់រងបន្ត និងសេវាគ្រប់គ្រងហានិភ័យ និងជាក្រុមហ៊ុនធានារ៉ាប់រងធំបំផុតរបស់ចក្រភពអង់គ្លេស ដែលបានចុះបញ្ជីក្នុងទីផ្សារភាគហ៊ុននៅក្រុងឡុងដ៍ ។
ក្រុមហ៊ុនធានារ៉ាប់រង Jardine Lloyd Thompson Asia ជាអន្តរការីដែលមានបទពិសោធន៍ខ្ពស់ មានបុគ្គលិកសរុបជាង ៥០០នាក់ ក្នុងតំបន់អាស៊ី និងកំពុងគ្របដណ្តប់ការធានារ៉ាប់រងនៅប្រទេសចិន, ទីក្រុងហុងកុង, ប្រទេសឥណ្ឌូណេស៊ី, ជប៉ុន, កូរ៉េ, ម៉ាឡេស៊ី, ហ្វីលីពីន, សិង្ហបូរី, តៃវ៉ាន់, ថៃ, និងវៀតណាម ។
ក្រុមហ៊ុនធានារ៉ាប់រង Jardine Lloyd Thompson Asia ជាសមាជិករបស់ Jardine Lloyd Thompson Group ដែលធ្វើប្រតិបត្តិការធានារ៉ាប់រងក្នុង ៣០ប្រទេស និងមានបុគ្គលិកជាង ៥.០០០នាក់ ។
តើធនាគារអេស៊ីលីដា ទទួលការធានារ៉ាប់រងពីក្រុមហ៊ុន Jardine Lloyd Thompson Asia លើការធានារ៉ាប់រងប្រភេទណាខ្លះ ?
ធានារ៉ាប់រងមាន ៣ប្រភេទ ៖
- ការធានារ៉ាប់រងលើផ្នែកធនាគារ
- សេវាធានារ៉ាប់រងលើឧក្រិដ្ឋកម្មតាមប្រព័ន្ធអេឡិចត្រូនិច និងកុំព្យូទ័រ
- សេវាធានារ៉ាប់រងលើសំណងចំពោះការប្រព្រឹត្តរបស់អ្នកគ្រប់គ្រងនិងបុគ្គលិក និងសំណងរបស់ក្រុមហ៊ុន
ការធានារ៉ាប់រងលើផ្នែកធនាគារ
- អំពើលួចបន្លំរបស់កម្មករនិយោជិត
ជាការធានាលើការបាត់បង់ប្រាក់កាស ទ្រព្យសម្បត្តិ ដែលបណ្តាលមកពីភាពមិនស្មោះត្រង់ ឬការលួចបន្លំដោយចេតនាជាក់ស្តែងរបស់កម្មករនិយោជិតណាម្នាក់ ឬដោយមានការចូលដៃជាមួយជនដទៃ ។ - ទីកន្លែងប្រតិបត្តិការ
ធានាលើការបាត់បង់ទ្រព្យដែលបណ្តាលមកពីអំពើចោរកម្ម លួច ក្លែងបន្លំយក លបចូលលួច ប្លន់ កាន់យក ការបាត់បង់ដោយគ្មានហេតុផល ឬការខូចខាត ការបំផ្លាញ ការគៃបំបាត់ដោយនរណាម្នាក់នៅក្នុងទីតាំងប្រតិបត្តិការរបស់ធនាគារអេស៊ីលីដា ឬក្នុងទូដែកនៃទីកន្លែងដែលមានការទទួលស្គាល់ក្នុងប្រទេសអង់គ្លេស ឬក្នុងទីតាំងនៃធនាគារដៃគូ ឬក្នុងទីតាំងនៃប្រតិបត្តិការផ្ទេរ ឬភ្នាក់ងារចុះបញ្ជីសម្រាប់ការងារផ្ទេរប្រាក់ជាធម្មតា ។ - ប្រតិបត្តិការឆ្លងកាត់
ធានាលើការបាត់បង់ទ្រព្យសម្បត្តិដែលស្ថិតក្នុងដំណើរការដឹកឆ្លងកាត់នៅទីកន្លែងណាមួយក្រោមការត្រួតពិនិត្យរបស់កម្មករនិយោជិត ឬអ្នកមានសិទ្ធិ ឬក្រោមការត្រួតពិនិត្យរបស់ក្រុមហ៊ុនសន្តិសុខដឹកជញ្ជូន ។ - អំពើក្លែងបន្លំ
ធានាលើការបាត់បង់ដែលបណ្តាលមកពី ៖ - ការក្លែង ការបន្លំនូវ check, bills of exchange, acceptance, drafts, certificates of deposit, L/C, withdrawal receipts for the withdrawal funds, money orders, orders upon public treasuries.
- ឬការផ្ទេរ បង់ប្រាក់ ប្រគល់ប្រាក់ ឬទ្រព្យសម្បត្តិ ឬការធ្វើឥណទាន ឬកម្រៃតាមទូរលេខ ផ្ញើសារតាមសារផ្សេងៗ ដែលមានការទទួលស្គាល់រវាងភាគីពាក់ព័ន្ធជាមួយធនាគារអេស៊ីលីដា
- ការបង់ប្រាក់ទូទាត់នៃ Promissory note ដែលមានការក្លែងបន្លំ
- មូលបត្រ
ធានាលើការបាត់បង់ដែលមានក្នុងប្រតិបត្តិការជំនួញជាធម្មតា បណ្តាលមកពីការកាន់កាប់ ៖ - ប័ណ្ណភាគហ៊ុន ស្តុក សញ្ញាប័ណ្ណស្តុក សិទ្ធិទិញហ៊ុន លិខិតបែងចែក ប័ណ្ណឥណទេយ្យ ប័ណ្ណបំណុល ឬគូប៉ុង ចេញដោយក្រុមហ៊ុនណាមួយ
- ប័ណ្ណឥណទេយ្យដែលមានទម្រង់ជាមូលបត្រមហាជន ចេញដោយក្រុមហ៊ុនសហកម្មសិទ្ធិ សម្រាប់ដាក់បញ្ចាំ ដាក់ធានាតាមកិច្ចសន្យា
- ការធានារបស់រដ្ឋាភិបាលកម្ពុជា ស្តុករបស់អាជ្ញាធរដែនដីកម្ពុជា ប័ណ្ណបំណុល មូលបត្រ គូប៉ុង ដែលចេញដោយរដ្ឋាភិបាលនៃប្រទេសមួយ ទីភ្នាក់ងារ រដ្ឋ ខេត្ត ក្រុងនៃប្រទេសនោះ
- Promissory note, លើកលែងតែវាចេញសម្រាប់ប្រើដូចរូបិយប័ណ្ណ ឬលក្ខខណ្ឌលើកលែងមួយចំនួន
- ប័ណ្ណធានា ការបញ្ចាំតាមរយៈអចលនទ្រព្យ
- ប័ណ្ណប្រាក់បញ្ញើ លិខិតឥណទាន
- រូបិយប័ណ្ណក្លែងក្លាយ
ធានាលើការបាត់បង់ដោយមូលហេតុនៃការទទួលក្រដាសប្រាក់ ឬកាសប្រាក់ក្លែងក្លាយដែលចេញចរាចរដោយ ៖ - ធនាគារអង់គ្លេស កាណាដា អាមេរិក និងប្រទេសនៅអឺរ៉ុបខាងលិច
- ប្រទេសណាមួយដែលការបាត់បង់កើតមាន ហើយមានពាក់ព័ន្ធនឹងប្រតិបត្តិការ ។
- ការិយាល័យ និងបញ្ជី
ធានាលើការបាត់បង់ ឬការខូចខាតលើ ៖ - គ្រឿងតុទូ គ្រឿងតាំងភ្ជាប់ បរិក្ខារ (លើកលែងកុំព្យូទ័រ និងឧបករណ៍សំភារៈទាក់ទង) សំភារៈការិយាល័យ សំភារៈនានា និងទូដែកនៅក្នុងការិយាល័យណាមួយរបស់ធនាគារអេស៊ីលីដា ដោយសារការលួចប្លន់ ចូលយក ចោរកម្ម អំពើប៉ុនប៉ង ឬការបំផ្លិចបំផ្លាញ
- ការិយាល័យណាមួយ ដោយសារការលួច ប្លន់ ចូលយក ចោរកម្ម អំពើប៉ុនប៉ង ឬការបំផ្លិចបំផ្លាញ ។ (លើកលែងការខូចខាតនោះបណ្តាលមកពីអគ្គីភ័យ) ។
(ឧបករណ៍ខាងលើ ត្រូវមានការពាក់ព័ន្ធការផ្ទេរ ផ្លាស់ប្តូរជាមួយកម្មករនិយោជិត) ។
ដែលមានភស្តុតាងថា (i)មានការបន្លំ (ii)ក្លែងហត្ថលេខា (iii)ក្លែងក្លាយ ឬ (iv)បាត់ឬត្រូវបានលួច ។
សេវាធានារ៉ាប់រងលើឧក្រិដ្ឋកម្មតាមប្រព័ន្ធអេឡិចត្រូនិច និងកុំព្យូទ័រ
- ប្រព័ន្ធកុំព្យូទ័រ
ធានាចំពោះធនាគារលើប្រតិបត្តិការផ្ទេរ បង់ ឬប្រគល់សាច់ប្រាក់ ឬទ្រព្យសម្បត្តិ ឥណទាន គណនេយ្យ ឥណពន្ធ ឬផ្តល់នូវវត្ថុមានតម្លៃ ដែលជាលទ្ធផលផ្ទាល់នៃ ៖ - ការបញ្ចូលដោយបន្លំនូវទិន្នន័យដោយផ្ទាល់ទៅក្នុងប្រព័ន្ធកុំព្យូទ័ររបស់ធនាគារ ឬប្រព័ន្ធកុំព្យូទ័រការិយាល័យសេវាកម្ម ឬប្រព័ន្ធផ្ទេរប្រាក់អេឡិចត្រូនិច ឬប្រព័ន្ធទំនាក់ទំនងអតិថិជន
- ការកែប្រែ និងការបំផ្លាញដោយបន្លំនូវទិន្នន័យអេឡិចត្រូនិចដែលបានរក្សាទុក ឬកំពុងប្រើប្រាស់នៅក្នុងប្រព័ន្ធខាងលើ ឬក្នុងអំឡុងពេលបញ្ជូនតាមប្រព័ន្ធអេឡិចត្រូនិច តាមរយៈប្រព័ន្ធទំនាក់ទំនងទិន្នន័យ រួមទាំងប្រព័ន្ធផ្កាយរណប ដែលភ្ជាប់ប្រព័ន្ធកុំព្យូទ័ររបស់ធនាគារ ឬប្រព័ន្ធកុំព្យូទ័ររបស់ការិយាល័យបម្រើសេវាកម្ម ដែលអំពើលួចបន្លំនោះត្រូវបានប្រព្រឹត្តដោយជនណាម្នាក់ ដែលមានចេតនាធ្វើឱ្យធនាគារទទួលនូវការបាត់បង់ ឬទទួលបាននូវការលូតលាស់ផ្នែកហិរញ្ញវត្ថុសម្រាប់ខ្លួនគេផ្ទាល់ ឬជនណាមួយផ្សេងទៀត ។
- ការិយាល័យប្រតិបត្តិការរបស់ធនាគារ
ដោយសារអតិថិជនរបស់ធនាគារបានផ្ទេរ បានបង់ ឬបានប្រគល់ប្រាក់ ឬទ្រព្យសម្បត្តិ បានបង្កើតនូវឥណទាន ឬគណនេយ្យឥណពន្ធ ឬផ្តល់នូវវត្ថុមានតម្លៃ ដែលកើតចេញពីលទ្ធផលផ្ទាល់នៃការបញ្ចូលទិន្នន័យក្លែងបន្លំ ការកែប្រែក្លែងបន្លំ ការបំផ្លាញក្លែងបន្លំនូវទិន្នន័យអេឡិចត្រូនិចដែលបានរក្សាទុក ឬកំពុងប្រើប្រាស់នៅក្នុងប្រព័ន្ធកុំព្យូទ័រធនាគារ ឬក្នុងអំឡុងពេលបញ្ជូនតាមប្រព័ន្ធអេឡិចត្រូនិច តាមរយៈបណ្តាញទំនាក់ទំនងទិន្នន័យ រួមទាំងប្រព័ន្ធផ្កាយរណប ដែលភ្ជាប់ពីប្រព័ន្ធកុំព្យូទ័រធនាគារទៅប្រព័ន្ធកុំព្យូទ័ររបស់អតិថិជនអំឡុងពេលដែលធនាគារកំពុងដើរតួជាការិយាល័យសេវាកម្មសម្រាប់អតិថិជនដែលបានពោលខាងលើ ដែលអំពើក្លែងបន្លំនោះត្រូវបានប្រព្រឹត្តដោយជនណាម្នាក់ ដែលមានបំណងធ្វើឱ្យធនាគារ ឬអតិថិជនរបស់ធនាគារទទួលនូវការបាត់បង់ ឬទទួលនូវកំណើនហិរញ្ញវត្ថុសម្រាប់ខ្លួនឯងផ្ទាល់ ឬសម្រាប់ជនណាមួយផ្សេងទៀត ហើយតាមរយៈការបាត់បង់នោះ ធនាគារត្រូវជួយទទួលខុសត្រូវពេញច្បាប់ ។ - Electronic Computer Instructions
ដោយធនាគារបានផ្ទេរ បានបង់ ឬបានប្រគល់សាច់ប្រាក់ ឬទ្រព្យសម្បត្តិ បានបង្កើតនូវឥណទាន គណនេយ្យឥណពន្ធ ឬផ្តល់នូវវត្ថុមានតម្លៃ ដែលជាលទ្ធផលផ្ទាល់នៃការរៀបចំដោយក្លែងបន្លំ ឬការកែប្រែ ដោយក្លែងបន្លំនៃរបៀបប្រើប្រាស់កុំព្យូទ័រអេឡិចត្រូនិច ដែលអំពើក្លែងបន្លំនោះត្រូវបានប្រព្រឹត្តដោយជនណាមួយដែលមានចេតនាបង្កឱ្យធនាគារទទួលនូវការបាត់បង់ ឬទទួលនូវកំណើនហិរញ្ញវត្ថុសម្រាប់ខ្លួនគេផ្ទាល់ ឬសម្រាប់អ្នកដទៃផ្សេងទៀត ។ - ទិន្នន័យអេឡិចត្រូនិច
- ដោយការបាត់បង់ទិន្នន័យអេឡិចត្រូនិចរបស់ធនាគារ ដែលជាលទ្ធផលនៃការបំផ្លាញ ឬប៉ុនប៉ងបំផ្លាញទិន្នន័យអេឡិចត្រូនិចដោយជនណាមួយ នៅពេលដែលទិន្នន័យអេឡិចត្រូនិចនោះត្រូវបានរក្សាទុកនៅក្នុងប្រព័ន្ធកុំព្យូទ័រធនាគារ
- ដោយប្រព័ន្ធទិន្នន័យបានបាត់បង់ ឬខូចខាត ឬត្រូវបំផ្លាញដែលកើតចេញពីការប្លន់ ការចូលលួច ឬការទុកដាក់មិនត្រឹមត្រូវ ឬបាត់បង់ដោយប្រការណាមួយ ។
- មេរោគក្នុងកុំព្យូទ័រ
ដោយធនាគារបានផ្ទេរ ឬបង់ ឬប្រគល់ទឹកប្រាក់ ឬទ្រព្យសម្បត្តិ បានបង្កើតនូវឥណទាន ឬគណនេយ្យឥណពន្ធ ឬផ្តល់នូវវត្ថុមានតម្លៃ ដែលជាលទ្ធផលនៃការបំផ្លិចបំផ្លាញ ឬការប៉ុនប៉ងបំផ្លាញទិន្នន័យអេឡិចត្រូនិចរបស់ធនាគារ ឬដោយសារមេរោគកុំព្យូទ័រ ដែលបង្កឡើងដោយជនណាមួយ ។ - ទំនាក់ទំនងតាមប្រព័ន្ធអេឡិចត្រូនិច
ដោយធនាគារបានផ្ទេរ បានបង់ បានប្រគល់ទឹកប្រាក់ ឬទ្រព្យសម្បត្តិ បានបង្កើតនូវឥណទាន ឬគណនេយ្យឥណពន្ធ ឬបានផ្តល់នូវវត្ថុមានតម្លៃ ឬការទាក់ទងតាមប្រព័ន្ធអេឡិចត្រូនិច និងតាមប្រព័ន្ធតេឡិចទៅប្រព័ន្ធកុំព្យូទ័ររបស់ធនាគារ និងការអះអាងដោយបន្លំថាមានអតិថិជនផ្ញើមក ប៉ុន្តែធាតុពិតមិនត្រូវបានអតិថិជនផ្ញើមកទេ ។ - ការផ្ទេរតាមប្រព័ន្ធអេឡិចត្រូនិច
ដោយអតិថិជនរបស់ធនាគារ ឬស្ថាប័នហិរញ្ញវត្ថុដែលបានផ្ទេរ បានបង់ ឬប្រគល់សាច់ប្រាក់ ឬទ្រព្យសម្បត្តិបានបង្កើតនូវឥណទាន គណនេយ្យឥណពន្ធ ឬបានផ្តល់នូវវត្ថុមានតម្លៃ តាមរយៈប្រព័ន្ធទំនាក់ទំនងអេឡិចត្រូនិច ឬប្រព័ន្ធតេឡិច ទៅប្រព័ន្ធកុំព្យូទ័ររបស់អតិថិជន ឬស្ថាប័នហិរញ្ញវត្ថុ ។ - មូលបត្រអេឡិចត្រូនិច
ដោយកន្លែងដាក់ប្រាក់បញ្ញើរបស់ធនាគារកណ្តាលបានផ្ទេរ បានបង់ ឬបានប្រគល់សាច់ប្រាក់ ឬទ្រព្យសម្បត្តិ ឬគណនេយ្យឥណពន្ធរបស់ធនាគារអេស៊ីលីដាដោយត្រង់ តាមរយៈប្រព័ន្ធទំនាក់ទំនងអេឡិចត្រូនិច ដោយអះអាងថាមានគេផ្ទេរតាមរយៈធនាគារ ឆ្ពោះទៅធនាគារកណ្តាល ដែលត្រូវបានគេអនុញ្ញាតឱ្យផ្ទេរ បង់ ឬប្រគល់សាច់ប្រាក់ ឬទ្រព្យទាំងនោះ ឬបញ្ចូលទៅក្នុងគណនេយ្យធនាគារអេស៊ីលីដា តាមរយៈការទិញ ការលក់ ការផ្ទេរ ឬការសន្យា មូលបត្រអេឡិចត្រូនិចដែលត្រូវបានគេចម្លងតាមរយៈប្រព័ន្ធទាក់ទងអេឡិចត្រូនិច, Tested telex, Tested TWX or similar means of Tested communication ទៅប្រព័ន្ធកុំព្យូទ័រធនាគារ ។ - ការក្លែងបន្លំទូរសារ
ធានាចំពោះធនាគារលើប្រតិបត្តិការផ្ទេរ បង់ប្រាក់ ផ្តល់ប្រាក់ឬទ្រព្យសម្បត្តិ ឥណទាន គណនេយ្យឥណពន្ធ ឬផ្តល់វត្ថុមានតម្លៃ ដោយមានទំនាក់ទំនងតាមរយៈ Tele facsimile ។ - ការផ្ទេរតាម Voice Initiated Transfers
ធានាចំពោះធនាគារលើប្រតិបត្តិការផ្ទេរប្រាក់តាមរយៈ Voice Initiated Fund Transfer ជាមួយធនាគារដទៃទៀតក្នុងការផ្តល់ឥណទានទៅឱ្យអតិថិជន តាមការបង្គាប់បញ្ជាតាមទូរស័ព្ទ ។
សេវាធានារ៉ាប់រងលើសំណងចំពោះការប្រព្រឹត្តរបស់អ្នកគ្រប់គ្រងនិងបុគ្គលិក និងសំណងរបស់ក្រុមហ៊ុន
- វិសាលភាពនៃធានារ៉ាប់រង
- ការទទួលខុសត្រូវរបស់អភិបាលនិងភ្នាក់ងារ ឬកម្មករនិយោជិត ៖ ធានាសំណងលើការបាត់បង់បណ្តាលមកពីអភិបាល ឬភ្នាក់ងារដែលធ្វើឱ្យមានការប្តឹងទាមទារចំពោះកំហុសរបស់ពួកគេម្នាក់ៗ នៅពេលបំពេញការងារ លើកលែងតែធនាគារចេញសំណងជួស
- Corporate Reimbursement: ធានាសំណងលើការបាត់បង់ចំពោះធនាគារ ដែលបណ្តាលឱ្យមានការប្តឹងទាមទារ ដោយសារកំហុសរបស់អភិបាលឬភ្នាក់ងារ ឬកម្មករនិយោជិត ប៉ុន្តែធានាសំណងចំពោះតែពេល ឬករណីធនាគារបានចេញសំណងនៃការបាត់បង់នោះជំនួសពួកគេ ។
- វិសាលភាពបន្ថែមនៃការធានា
- សាខាថ្មី ៖ Total gross assets តិចជាង ៥.០០០.០០០ដុល្លារអាមេរិក និងដែលមានចែងនៅក្នុងច្បាប់របស់សហរដ្ឋអាមេរិក ឬកាណាដា និងមិនបានចុះបញ្ជីមូលបត្ររបស់ខ្លួននៅក្នុងទីផ្សារភាគហ៊ុននៅសហរដ្ឋអាមេរិក ឬប្រទេសកាណាដា
- អភិបាលនៅអង្គភាពខាងក្រៅ ៖ ធានាសំណងដែលបណ្តាលមកពីការទាមទារចំពោះធនាគារ ដែលបណ្តាលមកពីអំពើរបស់ថ្នាក់ដឹកនាំអង្គភាពខាងក្រៅ
- រយៈពេលនៃរបកគំហើញ ៖ ជារយៈពេលក្រោយបញ្ចប់កិច្ចសន្យាដែលក្រុមហ៊ុនធានារ៉ាប់រងទុកឱ្យធនាគារប្តឹងទាមទារសំណងចំពោះការខូចខាតដែលកើតមានក្នុងរយៈពេលធានា ។ រយៈពេលនៃរបកគំហើញមាន១២ខែ ប្រសិនបើធនាគារ ឬក្រុមហ៊ុនធានារ៉ាប់រងមិនបន្តកិច្ចសន្យាធានារ៉ាប់រងនោះតទៅទៀត តែធនាគារត្រូវបង់កម្រៃឱ្យក្រុមហ៊ុនធានារ៉ាប់រង ទៅតាមសមាមាត្រជាភាគរយនៃតម្លៃធានា ។ បើមិនមានការបង់កម្រៃបន្ថែមទេ រយៈពេលនៃរបកគំហើញមានតែ៣០ថ្ងៃប៉ុណ្ណោះ ។ ធនាគារអាចស្នើសុំឱ្យមានរយៈពេលនៃរបកគំហើញបានយ៉ាងយូរ៧២ខែ ដោយក្រុមហ៊ុនធានារ៉ាប់រងជាអ្នកកំណត់តម្លៃធានាដែលត្រូវបង់បន្ថែម និងលក្ខខណ្ឌពាក់ព័ន្ធផ្សេងៗទៀត
- អ្នកទទួលមរតក និងអ្នកតំណាង ៖ ករណីមានអភិបាល ឬភ្នាក់ងារស្លាប់, អសមត្ថភាព, ក្ស័យធន ការធានានេះមានវិសាលភាពចំពោះការខូចខាតដែលធ្វើឱ្យមានការប្តឹងទាមទារចំពោះកំហុសរបស់តំណាងពួកគេម្នាក់ៗ
- ការទទួលខុសត្រូវទ្រព្យរួម ៖ គោលការណ៍ធានាមានវិសាលភាពទៅលើរាល់ការបាត់បង់ ដែលធ្វើឱ្យមានការប្តឹងទាមទារចំពោះសហព័ទ្ធរបស់អភិបាល ឬភ្នាក់ងារធនាគារ (ទ្រព្យសម្បត្តិរួមរបស់អភិបាល ឬភ្នាក់ងារ និងសហព័ទ្ធ) ។