www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextធនាគារ​អេស៊ីលីដា បង្កើន​ដើម​ទុន​ដល់ ៣០លាន​ដុល្លារ​អាមេរិក

ធនាគារ​អេស៊ីលីដា ភីអិលស៊ី បង្កើន​ដើម​ទុន​ដល់ ៣០.០០០.០០០​ដុល្លារ​អាមេរិក

ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០០៦

ភ្នំពេញ, ថ្ងៃ​ទី៣០ ខែ​វិច្ឆិកា ឆ្នាំ​២០០៦, ធនាគារ​អេស៊ីលីដា ភីអិលស៊ី ដែល​ជា​ធនាគារ​ឈាន​មុខ​គេ​ក្នុង​ប្រទេស​កម្ពុជា​លើ​វិស័យ​បម្រើ​សេវា​ធនាគារ​ដល់​អតិថិជន​នៅ​ក្នុង​ទីក្រុង និង​ជនបទ បាន​ប្រារព្ធ​ពិធី​គម្រប់​ខួប​ទី១៣​ឆ្នាំ​នៃ​ការ​ធ្វើ​ប្រតិបត្តិការ​របស់​ខ្លួន​ដើម្បី​ប្រកាស​ពី​ការបង្កើន​ដើម​ទុន​ដែល​មាន​ពី ១៣.០០០.០០០​ដុល្លារ​អាមេរិក ទៅ​ដល់ ៣០.០០០.០០០​ដុល្លារ​អាមេរិក ។ បច្ចុប្បន្ន ធនាគារ​អេស៊ីលីដា ភីអិលស៊ី មាន​បណ្តាញ​ប្រតិបត្តិការ​ចំនួន ១៥៣​ការិយាល័យ នៅ​ទូទាំង​២៤​ខេត្ត-​រាជធានី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ តាម​របាយការណ៍​ប្រាក់​ចំណេញ​ឆ្នាំ​២០០៥ និង​លទ្ធផល​ប្រតិបត្តិការ​សម្រាប់​ឆមាស​ទី​មួយ​ឆ្នាំ​២០០៦ បាន​បង្ហាញ​ថា ប្រតិបត្តិការ​របស់​ធនាគារ​ក្នុង​ឆ្នាំ​២០០៦​នេះ​នឹង​មាន​ការ​កើន​ឡើង បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​មុនៗ ។

ធនាគារ​អេស៊ីលីដា ភីអិលស៊ី មាន​ដើមទុន ៥១% កាន់​កាប់​ដោយ​ភាគហ៊ុនិក​កម្ពុជា ក្នុង​នោះ​រួម​បញ្ចូល​ទាំង​ភាគហ៊ុន​កាន់​កាប់​ដោយ​បុគ្គលិក​ធនាគារ​អេស៊ីលីដា និង ៤៩% ដែល​នៅ​សល់ កាន់​កាប់​តាម​ចំណែក​ស្មើៗ​គ្នា​ដោយ​ភាគហ៊ុនិក​បរទេស​សំខាន់​ៗ​ដូច​ជា សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC), ធនាគារ​អភិវឌ្ឍន៍​អាល្លឺម៉ង់ (DEG), ធនាគារ​អភិវឌ្ឍន៍​ហុល្លង់ដ៍ (FMO), និង​ធនាគារ​ឯកជន​ហុល្លង់ដ៍ (Stichting Triodos Doen and Triodos Cusdody B.V) ។ ការ​បង្កើន​ដើមទុន​នេះ ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​ការ​ចេញ​សិទ្ធិ​ទិញ​ហ៊ុន​បន្ថែមចំនួន ១៧លាន​ភាគហ៊ុន​ថ្មី ដោយ​ធ្វើ​ការ​ទូទាត់​តាម​តម្លៃ ១ដុល្លារ​ក្នុង​មួយ​ហ៊ុន សមាមាត្រ​ទៅ​នឹង​ភាគហ៊ុន​របស់​ភាគហ៊ុនិក​នីមួយៗ ។

នេះ​ជា​លើក​ទី​បី​ហើយ​ដែល​ធនាគារ​អេស៊ីលីដា ភីអិលស៊ី បាន​បង្កើន​ដើមទុន​របស់​ខ្លួន​ចាប់​តាំង​ពី​បាន​ចុះ​បញ្ជី​ជា​ធនាគារ ។ នៅ​ឆ្នាំ​២០០០ ធនាគារ​អេស៊ីលីដា បាន​បង្កើន​ដើមទុន​រហូត​ដល់ ៤លាន​ដុល្លារ​អាមេរិក ដើម្បី​ទទួល​បាន​អាជ្ញាប័ណ្ណ​ធ្វើ​ប្រតិបត្តិការ​ជា​ធនាគារ​ឯកទេស ដែល​មាន​ឈ្មោះ​ថា "ធនាគារ អេស៊ីលីដា លីមីធីត" ។ បី​ឆ្នាំ​ក្រោយ​មក ធនាគារ​អេស៊ីលីដា​បាន​បង្កើន​ដើមទុន​របស់​ខ្លួន​រហូត​ដល់​ទៅ ១៣លាន​ដុល្លារ​អាមេរិក តាម​រយៈ​ការ​ចេញ​សិទ្ធិ និង​បាន​ចុះ​បញ្ជី​សារ​ជា​ថ្មី ដើម្បី​ក្លាយ​ខ្លួន​ជា​ធនាគារ​ពាណិជ្ជ ដែល​មាន​ឈ្មោះ​ថា "ធនាគារ អេស៊ីលីដា ភីអិលស៊ី" ។ ឥឡូវ​នេះ​អ្វីៗ​ហាក់​បាន​ក្លាយ​ជា​ភាព​ទៀងទាត់​ក្នុង​ការបង្កើន​ដើមទុន​ក្នុង​ខួប​បី​ឆ្នាំ​ម្តង ដែល​នឹង​ផ្តល់ឱ្យ​ធនាគារ​អេស៊ីលីដា នូវ​តារាងតុល្យភាព​មួយ​រឹងមាំ​បំផុត​ក្នុង​ចំណោម​ធនាគារ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ លើស​ពី​នេះ ធនាគារ​អេស៊ីលីដា​បាន​ទទួល​កំណើន​ប្រាក់​ចំណេញ​ក្រោយ​ពី​បង់​ពន្ធ​រួច ពី ៤៧៥.០០០ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០០១ រហូត​ដល់ ៤,២លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០០៥ ដែល​បាន​អនុវត្ត​តាម​គោលការណ៍​អភិរក្ស​ប្រាក់​ចំណេញ​រក្សាទុក​ភាគ​ច្រើន ដើម្បី​បង្កើន​នូវ​ទុន​បម្រុង​ទុក​របស់​ខ្លួន (General Reserve) ។ ជា​លទ្ធផល ធនាគារ​អេស៊ីលីដា ភីអិលស៊ី រំពឹង​ថា ដើមទុន​របស់​ខ្លួន​នឹង​មាន​កំណើន​ច្រើន​ជាង ៤០លាន​ដុល្លារ​អាមេរិក នៅ​ចុង​ឆ្នាំ​នេះ ។

លោក ជា សុខ ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ​ជា​អតីត​ធនាគារិក​នៅ​ធនាគារ​កណ្តាល និង​ជា​អ្នក​សេដ្ឋកិច្ច បាន​មាន​ប្រសាសន៍​ថា ទោះ​បី​ជា​ធនាគារ​បាន​រៀបចំ​ដើមទុន​របស់​ខ្លួន​បាន​ល្អ​ប្រសើរ​ហើយ​ក៏​ដោយ ក៏​ធនាគារ​គួរ​តែ​ធ្វើ​ការ​ស្វែងរក​ដើម​ទុន​ជា​បន្ថែម​ទៀត ។ លោក​បាន​បន្ត​ទៀត​ថា ធនាគារ​អេស៊ីលីដា នៅ​តែ​បន្ត​ភាពរឹង​មាំ​នៃ​ការរីកចម្រើន​របស់​ខ្លួន​ជា​បន្ត​បន្ទាប់​ជា​មួយ​ដៃគូ​ជំនួញ​នៅ​ក្នុង​ស្រុក​តាម​រយៈ​ការ​ផ្តល់​ប្រាក់​កម្ចី ហើយ​ទ្រព្យ​សកម្ម​របស់​ធនាគារ​មាន​ការ​កើន​ឡើង​ជា​ប្រចាំ​ឆ្នាំ​ប្រមាណ ៥០% ។ ទំនោរ​បែប​នេះ គឺ​ត្រូវ​បាន​សង្ឃឹម​ទុក​ថា​នឹង​បន្ត​កើន​ឡើង​ជា​លំដាប់សម្រាប់​រយៈពេល ៥ឆ្នាំ​ទៅ​មុខ​ទៀត​សម្រាប់​តម្រូវការ​ទីផ្សារ​សក្តានុពល​របស់​យើង ។ បើ​ទោះ​បី​ជា​មាន​ការ​ប្រកួត​ប្រជែង​កើន​ឡើង​យ៉ាង​ណា​ក៏​ដោយ ក៏​ការ​ប្រកួត​ប្រជែង​នេះ​កំពុង​ជំរុញឱ្យ​មាន​តម្រូវ​ការ​ដើម្បី​បង្ហាញ​នូវ​សេវាកម្ម ផលិតផល​ថ្មីៗ ដើម្បី​វិនិយោគ​លើ​សាខា និង​ប្រព័ន្ធ​ថ្មី​បន្ថែម​ទៀត ដែល​ទាំង​អស់​នេះ​គឺ​ពឹង​ផ្អែក​លើ​ភាពរឹងមាំ​នៃ​ដើម​ទុន​ជា​មូលដ្ឋាន ។

លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ​អេស៊ីលីដា ភីអិលស៊ី បាន​មាន​ប្រសាសន៍​ថា នៅ​ដើម​ឆ្នាំ​២០០៧ ធនាគារ​អេស៊ីលីដា​នឹង​ដំណើរ​ការ​បម្រើ​សេវាកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិច ដែល​រួម​មាន​ការ​ដាក់ឱ្យ​ប្រើ​ប្រាស់​ម៉ាស៊ីន ATM នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​នៅ​តាម​បណ្តា​ទី​រួមខេត្ត​មួយ​ចំនួន​ទៀត ។ បន្ថែម​ទៀត​នោះ ធនាគារ​អេស៊ីលីដា មាន​គម្រោង​បើកឱ្យ​មាន​បណ្តាញ​ប្រតិបត្តិការ​ចំនួន ៦៤​ការិយាល័យ​ថ្មី​បន្ថែម​ទៀត ដើម្បី​ពង្រីកឱ្យ​មាន​រហូត​ដល់ ២១៧​ការិយាល័យ ដែល​ផ្តល់​ការងារឱ្យ​កម្មករ​និយោជិក​ជាង ៤០០០​នាក់ ។ ជាង​នេះ​ទៅ​ទៀត យើង​ក៏​នាំ​មក​នូវ​ប្រព័ន្ធ​គ្រប់គ្រង​បច្ចេកវិជ្ជា​ព័ត៌មាន​បែប​ទំនើប ទាន់​សម័យ និង​ការ​ផ្លាស់ប្តូរ​ទីតាំង​ការិយាល័យ​កណ្តាល ទៅ​កាន់​ការិយាល័យ​ថ្មី​ទំនើប ដែល​ស្ថិត​នៅ​លើ​មហាវិថី​ព្រះមុនីវង្ស នៅ​ក្នុង​ឆ្នាំ​២០០៧ ។


សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​តាមរយៈ ៖

លោកស្រី សូ ផនណារី នាយិកាប្រតិបត្តិទីផ្សារ
អ៊ីម៉ែល ៖

លោក ព្រំ វិសុទ្ធ នាយកប្រតិបត្តិនីតិកម្ម និង​ជាលេខា​ធិការ​ក្រុមហ៊ុន
អ៊ីម៉ែល ៖

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១.៥០៥ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖