www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextធនាគារ​អេស៊ីលីដា បង្កើន​ការ​ការពារ​ទ្រព្យសម្បត្តិ​របស់​អតិថិជន

ធនាគារ អេស៊ីលីដា ភីអិលស៊ី បង្កើន​ការ​ការពារ​ទ្រព្យសម្បត្តិ​របស់​អតិថិជន

ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០០៧

ឈរ​ជួរ​មុខ ៖ លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ​អេស៊ីលីដា និង​លោក Pascal Brandt-Gagnon អគ្គនាយក​នៃ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាស៊ី
ឈរ​ជួរ​មុខ ៖ លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ​អេស៊ីលីដា និង​លោក Pascal Brandt-Gagnon អគ្គនាយក​នៃ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាស៊ី

ភ្នំពេញ ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០០៧, ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា​ធនាគារ​ឈាន​មុខ​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ចុះ​កិច្ចព្រមព្រៀង​ជា​មួយ​ក្រុមហ៊ុន​ធានា​រ៉ាប់រង Jardine Lloyd Thompson (JLT) និង​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាស៊ី (Asia Insurance (Cambodia) Plc.) ដើម្បី​រៀបចំឱ្យ​មាន​ការ​ធានា​រ៉ាប់រង​ទៅ​លើ​ប្រតិបត្តិការ​អាជីវកម្ម​ទាំង​មូល​របស់​ធនាគារ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ក្រុមហ៊ុន​ធានា​រ៉ាប់រង Jardine Lloyd Thompson (JLT) គឺ​ជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​ក្នុង​ការ​ផ្តល់​សេវាកម្ម​ធានា​រ៉ាប់រង និង​សេវា​គ្រប់គ្រង​ហានិភ័យ និង​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ធំ​បំផុត​របស់​ចក្រភព​អង់គ្លេស ដែល​បាន​ចុះ​បញ្ជី​ក្នុង​ទីផ្សារ​ភាគហ៊ុន នៅ​ទីក្រុងឡុងដ៍ ។ កិច្ចព្រមព្រៀង​នេះ ផ្តោត​ទៅ​លើ​សេវា​ធានា​រ៉ាប់រង​ប្រភេទ Bankers Blanket Bond, សេវា​ធានា​រ៉ាប់រង​លើ​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិច និង​កុំព្យូទ័រ, សេវា​ធានា​រ៉ាប់រង​លើ​សំណង​ចំពោះ​ការប្រព្រឹត្ត​របស់​អ្នក​គ្រប់គ្រង​និង​បុគ្គលិក និង​សំណង​របស់​ក្រុមហ៊ុន ។ ធនាគារ​អេស៊ីលីដា គឺ​ជា​ធនាគារ​ដំបូង​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​បាន​ទិញ​ធានា​រ៉ាប់រង​បែប​នេះ ដើម្បី​ការពារ​លើ​ហានិភ័យ​នានា ដូចជា ៖ ការ​លួច​ប្រាក់​ឬ​មូលបត្រ ការ​លួច​គៃបន្លំ ការ​ក្លែង​បន្លំ​ឯកសារ​មាន​តម្លៃ ការ​បន្លំ​និង​កែច្នៃ​ព័ត៌មាន​កុំព្យូទ័រ​ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ព័ត៌មានវិទ្យា​របស់​ធនាគារ និង​ការ​ទទួល​ខុស​ត្រូវ​លើ​តតិយជន​ដែល​បណ្តាល​មក​ពី​ទង្វើ​របស់​អ្នក​ដឹកនាំ ឬ​ថ្នាក់​គ្រប់គ្រង​ជាន់​ខ្ពស់ ។

លោកស្រី​នាយិកា​របស់​ក្រុមហ៊ុន​ធានា​រ៉ាប់រង JLT Asia, Shan Sagoo បាន​មាន​ប្រសាសន៍​ថា ៖ "អាជីវកម្ម​ដែល​មាន​ការ​ប្រកួត​ប្រជែង ដែល​បណ្តា​ធនាគារ​ប្រតិបត្តិ បាន​បង្កើតឱ្យ​មាន​ភាពស្មុគស្មាញ​កាន់​តែ​ច្រើន​ថែម​ទៀត តាម​រយៈ​ភាព​គំរាមកំហែង​នៃ​អំពើ​កេង​បន្លំ ។ គណៈកម្មាធិការ Basel ស្តីពី​ការគ្រប់គ្រង​វិស័យ​ធនាគារ បាន​ទទួល​ស្គាល់​ថា អំពើ​កេងបន្លំ​គឺ​ជា​ប្រភព​នៃ​ការ​ធ្វើឱ្យ​មាន​ការ​បាត់បង់​ប្រតិបត្តិការ​ដ៏​ធំ​បំផុត ។ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​បញ្ហា​នេះ យើង​ត្រូវ​តែ​មាន​ការ​ប្រុងប្រយ័ត្នឱ្យ​បាន​ខ្ពស់ តាម​រយៈ​ការ​បង្កើតឱ្យ​មាន​ប្រព័ន្ធ​ត្រួតពិនិត្យ​ផ្ទៃ​ក្នុងឱ្យ​បាន​រឹងមាំ រួម​ជាមួយ​នឹង​ការ​ធានា​រ៉ាប់រង ដែល​ជា​អ្នក​កាត់​បន្ថយ​ហានិភ័យ ហើយ​ការ​ទទួល​យក​នូវ​ហានិភ័យ​របស់​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាស៊ី ជា​សញ្ញា​ដ៏​ល្អ​មួយ​សម្រាប់​បង្កើនឱ្យ​មាន​ភាព​ជឿជាក់​លើ​វិស័យ​ធនាគារ​ក្នុង​ប្រទេស​កម្ពុជា" ។

ពី​ឆ្វេង​ទៅ​ស្តាំ ៖ លោក ជា សុខ, លោកស្រី Shan Sagoo, លោក អ៊ិន ចាន់នី, លោក Pascal Brandt-Gagnon, និង​លោក John Brinsden
ពី​ឆ្វេង​ទៅ​ស្តាំ ៖ លោក ជា សុខ, លោកស្រី Shan Sagoo, លោក អ៊ិន ចាន់នី, លោក Pascal Brandt-Gagnon, និង​លោក John Brinsden

លោក Pascal Brandt-Gagnon, អគ្គនាយក​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាស៊ី នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​អះអាង​ថា ៖ "ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាស៊ី មាន​មោទនភាព​ដែល​បាន​ឈាន​មុខ​គេ​ក្នុង​ការ​បង្កើតឱ្យ​មាន​ឧស្សាហកម្ម​ធានា​រ៉ាប់រង​ស្រប​ជា​មួយ​ការអភិវឌ្ឍ​វិស័យ​ធនាគារ ។ ឧស្សាហកម្ម​ទាំង​ពីរ​អាច​ទាញ​យក​សារប្រយោជន៍​ពី​ទំនាក់ទំនង​បែប​នេះ ដែល​នឹង​បំពេញ​នូវ​កម្រិត​ចាប់ផ្តើម​ដ៏​ធំ​មួយ​នៃ​កម្មវិធី​ធានា​រ៉ាប់រង​ធនាគារ ដែល​បង្កើតឱ្យ​មាន​ការ​ការពារ​នូវ​ទ្រព្យសម្បត្តិ​របស់​អតិថិជន​បញ្ញើ-សន្សំ ។ ទំនាក់ទំនង​អភិវឌ្ឍន៍​នេះ ជា​សញ្ញា​មួយ​ដ៏​ល្អ​សម្រាប់​អនាគត​នៃ​ឧស្សាហកម្ម​សេវា​ធានា​រ៉ាប់រង​ហិរញ្ញវត្ថុ​របស់​ប្រទេស​កម្ពុជា និង​ការជឿជាក់​ជា​សាធារណៈ​នៅ​ក្នុង​វិស័យ​នេះ" ។

លោក ជា សុខ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​របស់​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ជា​អតីត​ធនាគារិក​នៅ​ធនាគារ​កណ្តាល និង​ជា​អ្នក​សេដ្ឋកិច្ច បាន​ពន្យល់​អំពី​មូលហេតុ​ដែល​ធនាគារ​ត្រូវ​ការ​សេវា​ធានា​រ៉ាប់រង​បន្ថែម​នេះ ក្នុង​ពេល​ដែល​ធនាគារ​បាន​ពង្រឹងឱ្យ​មាន​ការបង្កើន​ដើម​ទុន​ចំនួន ១៧​លាន​ដុល្លារ​អាមេរិក​បន្ថែម​ទៀត​នា​ពេល​ថ្មីៗ​នេះ ។ លោក​បាន​លើក​ឡើង​ថា "ជា​ការ​ពិត កត្តា​ទាំង​ពីរ​នេះ​គឺ​ជា​ចំណែក​បំពេញ​បន្ថែម​លើ​យុទ្ធសាស្ត្រ​រួម​របស់​ធនាគារ ហើយ​វា​ត្រូវ​តែ​ធ្វើ​ទន្ទឹម​គ្នា ដើម្បី​បង្កើន​នូវ​សុវត្ថិភាព​ក្នុង​ការ​ថែរក្សា​ទ្រព្យសម្បត្តិ​របស់​អតិថិជន និង​សាធារណៈជន​ទូទៅ​ដែល​បាន​ប្រើប្រាស់​សេវា​របស់​ធនាគារ​អេស៊ីលីដា ។ ក្នុង​ខណៈ​នេះ​ដែរ ការ​បង្កើន​ដើមទុន​បាន​ពង្រឹង​សមត្ថភាព​របស់​ធនាគារឱ្យ​មាន​ការ​លូត​លាស់ និង​បំពេញ​បាន​នូវ​ហានិភ័យ​ប្រចាំ​ថ្ងៃ សេវា​ធានា​រ៉ាប់រង​បែប​នេះ​បាន​ផ្តល់​នូវ​កំណារពារ​បន្ថែម​ទៅ​លើ​ហេតុការណ៍​ដែល​មិន​នឹក​ស្មាន​ដល់ ដែល​អាច​ធ្វើឱ្យ​មាន​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ស្ថិរភាព​ហិរញ្ញវត្ថុ​របស់​ធនាគារ ។ ការវិវត្ត​យ៉ាង​លឿន​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ក៏​ដូចជា​ការ​រីក​លូត​លាស់​ខ្លាំង​របស់​ធនាគារ​អេស៊ីលីដា បាន​បង្កើតឱ្យ​មាន​សំពាធ​ផ្ទាល់​លើ​ធនាគារ ក្នុង​ការ​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​ការពារ​ហានិភ័យ​នោះ ក្រុម​ប្រឹក្សាភិបាល​របស់​ធនាគារ បាន​សម្រេចឱ្យ​មាន​សេវា​ធានា​រ៉ាប់រង​បែប​នេះ ដូច​បណ្តា​ធនាគារ​ល្អៗ​នៅ​តាម​ប្រទេស​ជឿនលឿន​លើ​ពិភពលោក" ។

លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ​អេស៊ីលីដា ភីអិលស៊ី បាន​បញ្ជាក់​ថា ៖ បច្ចុប្បន្ន ធនាគារ​អេស៊ីលីដា មាន​សាខា និង​ការិយាល័យ​សម្រាប់​ធ្វើ​ប្រតិបត្តិការ​ចំនួន ១៥៦​សាខា​និង​ការិយាល័យ និង​មាន​គម្រោង​បើក​ចំនួន ៥១សាខា​និង​ការិយាល័យ​ថ្មី​បន្ថែម​ទៀត ក្នុង​ឆ្នាំ​២០០៧ ។ លោក​ក៏​មាន​ប្រសាសន៍​បន្ថែម​ទៀត​ផង​ថា "ការ​ពង្រីក​ប្រតិបត្តិការ និង​ការ​បន្ថែម​នូវ​ផលិតផល​និង​សេវាកម្ម​ថ្មីៗ បាន​ធ្វើឱ្យ​អាជីវកម្ម​របស់​យើង​កាន់​តែ​មាន​ភាព​ស្មុគ​ស្មាញ​ឡើង ហើយ​វា​មាន​សារសំខាន់​ណាស់​ចំពោះ​ធនាគារ​និង​អតិថិជន ដែល​មាន​ការ​ធានា​រ៉ាប់រង​ដ៏​ល្អ​បំផុត​បែប​នេះ ក្នុង​ការ​ការពារ​នូវ​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន ។ ការ​កើន​ឡើង​ទ្វេដង​នៃ​សេវា​ផ្ទេរ​ប្រាក់​ជា​រៀង​រាល់​ឆ្នាំ និង​ការ​ដាក់ឱ្យ​ដំណើរការ​នូវ​បណ្តាញ ATM ដើម្បី​ផ្តល់​សេវាកម្ម​ធនាគារ ២៤​ម៉ោង និង​៧​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​មួយ​ចំនួន នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ មាន​ន័យ​ថា យើង​ត្រូវ​តែ​បង្កើន​នូវ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ធានា​ថា ហានិភ័យ​ទាំង​ឡាយ​ត្រូវ​បាន​ការពារ ។ អតិថិជន​ចំនួន​ជាង ១៤០.០០០​នាក់ ដែល​ជឿជាក់​លើ​ធនាគារ​យើង តាម​រយៈ​ការ​ដាក់​ប្រាក់​បញ្ញើ តែងតែ​សង្ឃឹម​ទុក​ថា ធនាគារ​អាច​មើល​ការ​ខុស​ត្រូវ​យ៉ាង​ល្អ​បំផុត​ចំពោះ​ប្រាក់​របស់​ពួក​គាត់ ដែល​ប្រាក់​ទាំង​នេះ​ហើយ​ត្រូវ​បាន​យក​មក​ធ្វើ​ការ​វិនិយោគ​សារ​ជា​ថ្មី​នៅ​ក្នុង​ប្រទេស​កម្ពុជា" ។


សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​តាមរយៈ ៖

លោកស្រី សូ ផនណារី នាយិកាប្រតិបត្តិទីផ្សារ
អ៊ីម៉ែល ៖

លោក ព្រំ វិសុទ្ធ នាយកប្រតិបត្តិនីតិកម្ម និង​ជាលេខា​ធិការ​ក្រុមហ៊ុន
អ៊ីម៉ែល ៖


អត្ថន័យ​លើ​ការ​ទិញ​ធានា​រ៉ាប់រង

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ២២៧ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖