www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ស្តីពី​ការ​ទូទាត់...

ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ស្តីពី​ការ​ទូទាត់ និង​វិនិយោគ​ឆ្លង​ព្រំដែន​រវាង​ធនាគារ​អេស៊ីលីដា និង​ធនាគារ​ក្រុងថៃ

ថ្ងៃ​ទី២៧ ខែ​មេសា ឆ្នាំ២០០៩

ការ​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​រវាង​ធនាគារ​អេស៊ីលីដា និង​ធនាគារ​ក្រុង​ថៃ
ការ​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​រវាង​ធនាគារ​អេស៊ីលីដា និង​ធនាគារ​ក្រុង​ថៃ

ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០០៩ នេះ ធនាគារ​អេស៊ីលីដា ភីអិលស៊ី បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ស្តីពី​ការ​ទូទាត់ និង​វិនិយោគ​ឆ្លង​ព្រំដែន ជាមួយ​ធនាគារ​ក្រុង​ថៃ ភីស៊ីអិល ។ កិច្ចព្រមព្រៀង​នេះ បាន​ធ្វើ​ឡើង​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការឱ្យ​កាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត​នៅ​ក្នុង​វិស័យ​ធនាគារ ជា​ពិសេស​ការ​ទូទាត់​ក្នុង​កិច្ចការ​ពាណិជ្ជកម្ម និង​កិច្ច​ការ​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​ធនាគារ​ទាំង​ពីរ ព្រមទាំង​ប្រទេស​របស់​ខ្លួន​ផង​ដែរ ។ កិច្ច​ព្រម​ព្រៀង​នេះ បាន​ចុះ​ហត្ថលេខា​ដោយ លោក ឆាយ សឿន ជា​អនុ​ប្រធាន​នាយក​ប្រតិបត្តិ និង​ជា​ប្រធាន​នាយក​ប្រតិបត្តិ​ហិរញ្ញវត្ថុ តំណាងឱ្យ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី និង​អ្នកស្រី Kittiya Todhanakasem ជា​អនុ​ប្រធាន​នាយក​ប្រតិបត្តិ និង​ជា​នាយិកា​ប្រតិបត្តិ​ហិរញ្ញវត្ថុ តំណាងឱ្យ​ធនាគារ​ក្រុង​ថៃ ភីស៊ីអិល ។

ក្រោម​កិច្ច​ព្រមព្រៀង​នេះ ធនាគារ​ទាំង​ពីរ នឹង​ផ្តល់​ការ​គាំ​ទ្រ​ទៅ​វិញ​ទៅ​មក ចំពោះ​អតិថិជន​របស់​ខ្លួន ក៏​ដូច​ជា​រវាង​ប្រទេស​ទាំង​ពីរ លើ​សកម្មភាព​ដូច​ខាង​ក្រោម ៖

  1. ជំរុញ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ លើ​ប្រព័ន្ធ​ហិរញ្ញវត្ថុ និង​ធនាគារ
  2. លើក​កម្ពស់​ប្រតិបត្តិការ​រូបិយវត្ថុ "រៀល" និង​រូបិយប័ណ្ណ "បាត" នៅ​លើ​ឆាក​អន្តរជាតិ
  3. បង្កើន​នូវ​ប្រសិទ្ធភាព និង​សុវត្ថិភាព នៃ​ការ​ទូទាត់​ក្នុង​កិច្ចការ​ពាណិជ្ជកម្ម​ឆ្លង​ដែន តាម​ប្រព័ន្ធ​ធនាគារ​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ
  4. ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​ទាក់ទិន​នឹង​វិធាន​ច្បាប់​ផ្ទៃ​ក្នុង បទប្បញ្ញត្តិ គោលការណ៍​នានា និង​ស្ថានភាព​ផ្សេងៗ​ទៅ​វិញ​ទៅ​មក ។

កិច្ច​ព្រមព្រៀង​នេះ ជា​ការ​ឈាន​ឡើង​មួយ​កម្រិត​ទៀត​សម្រាប់​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ក្នុង​ការជួយ​សម្រួល​ប្រតិបត្តិការ​ជូន​អតិថិជន លើ​ការ​ទូទាត់​ក្នុង​កិច្ចការ​ពាណិជ្ជកម្ម​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ បន្ទាប់​ពី​ធនាគារ​អេស៊ីលីដា បាន​ចុះ​ហត្ថលេខា​ប្រកប​ដោយ​ជោគជ័យ​លើ​កិច្ច​ព្រមព្រៀង​ស្រដៀង​គ្នា​មួយ ជាមួយ​ធនាគារ​មួយ​នៅ​ប្រទេស​វៀតណាម កាលពី​ខែ​កុម្ភៈ ឆ្នាំ២០០៦ ដែល​គាំទ្រ​លើ​ការ​ទូទាត់​ឆ្លង​ព្រំដែន​របស់​អតិថិជន​របស់​ខ្លួន​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម ហើយ​នឹង​មាន​អានុភាព​កាន់តែ​ខ្លាំង​ថែម​ទៀត ចំពោះ​ភាព​រឹង​មាំ​របស់​ធនាគារ​អេស៊ីលីដា ។

ប្រតិភូ​ទស្សនា​សាល​បម្រើ​អតិថិជន​របស់​ការិយាល័យ​កណ្តាល​ធនាគារ​អេស៊ីលីដា
ប្រតិភូ​ទស្សនា​សាល​បម្រើ​អតិថិជន​របស់​ការិយាល័យ​កណ្តាល​ធនាគារ​អេស៊ីលីដា

ធនាគារ​អេស៊ីលីដា និង​ធនាគារ​ក្រុង​ថៃ យល់​យ៉ាង​ច្បាស់​ថា សហប្រតិបត្តិការ​នេះ​នឹង​អភិវឌ្ឍ ព្រមទាំង​ធ្វើឱ្យ​ប្រសើរ​ឡើង​ថែម​ទៀត​នូវ​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ដ៏​យូរ​អង្វែង ដើម្បី​ផល​ប្រយោជន៍​របស់​ធនាគារ​ទាំង​ពីរ អតិថិជន និង​ភាគហ៊ុនិក​របស់​ខ្លួន​ផង​ដែរ ។

ធនាគារ​អេស៊ីលីដា ភីអិលស៊ី

ធនាគារ​អេស៊ីលីដា បច្ចុប្បន្ន​ជា​ធនាគារ​ធំ​បំផុត​លំដាប់​ទី២ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ខាង​ផ្នែក​ទ្រព្យ​សកម្ម​សរុប និង​មាន​បណ្តាញ​ប្រតិបត្តិការ​ធំ​បំផុត​សម្រាប់​រយៈពេល​ជាង ១៦ឆ្នាំ ដែល​បាន​បម្រើ​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ។ មក​ដល់​ចុង​ខែ​មីនា ឆ្នាំ២០០៩ សមតុល្យ​ឥណទាន​បាន​កើន​ឡើង​ដល់​ជាង ៤៥៦ លាន​ដុល្លារ​អាមេរិក និង​មាន​អតិថិជន​ដែល​កំពុង​ទទួល​ប្រាក់​កម្ចី​ជាង ២២៨.២១០​នាក់ ។ សមតុល្យ​ប្រាក់​បញ្ញើ-សន្សំ​បាន​កើន​ឡើង​ដល់ ៥២៧ លាន​ដុល្លារ​អាមេរិក ដែល​មាន​គណនី​ប្រមាណ ៤៧០.៦៧៦គណនី ។ ទ្រព្យ​សកម្ម​សរុប​បាន​ឡើង​ដល់​ជាង ៧៤៧ លាន​ដុល្លារអាមេរិក និង​មាន​បុគ្គលិក​ចំនួន ៦.៥២៤នាក់ ។ ដោយ​មាន​ការ​បន្ថែម​ដើម​ទុន​ជា​បន្ត​បន្ទាប់ ដើមទុន​របស់​ធនាគារ​​​បាន​កើន​ឡើង​រហូតដល់ ៦០លាន​ដុល្លារ​អាមេរិក នៅ​ក្នុង​ខែមករា ឆ្នាំ២០០៩ ធ្វើឱ្យ​ធនាគារ​មាន​លទ្ធភាព​ក្នុងការ​ពង្រីក​សាខា និង​កសាង​បណ្តាញ​ប្រតិបត្តិការ​អេធីអឹម​ខណៈ​ដែល​ការ​បន្ថែម​ចុង​ក្រោយ​នេះ នឹង​ផ្តល់​លទ្ធភាពឱ្យ​ធនាគារ​មាន​ភាព​រីក​ចម្រើន​ឥត​ឈប់ឈរ ឈាន​ទៅ​ដល់​គោលដៅ​​យុទ្ធសាស្ត្រ​របស់​ធនាគារ ។

ធនាគារ​អេស៊ីលីដា ផ្តល់​ជូន​នូវ​ផលិតផល​ធនាគារ និង​សេវាកម្ម​ហិរញ្ញវត្ថុ​យ៉ាង​ធំ​ទូលាយ​ចំពោះ​គ្រប់​អតិថិជន ទាំង​ជា​ក្រុមហ៊ុន និង​ជា​ឯកត្តបុគ្គល តាម​រយៈ​បណ្តាញ​សេវាកម្ម​ដ៏​ធំ​ទូលាយ ។ អេស៊ីលីដា ជា​ធនាគារ​ឈាន​មុខ​គេ​ក្នុង​ទីផ្សារ​ធនាគារ​លក់​រាយ និង​ទទួល​បម្រើ​អតិថិជន​ដ៏​ច្រើន​របស់​ខ្លួន​តាម​រយៈ​បណ្តាញ​ប្រតិបត្តិការ​មាន​ចំនួន ២២៧​ការិយាល័យ ។ ម៉ាស៊ីន​អេធីអឹម​ចំនួន ៦១គ្រឿង ដាក់ឱ្យ​បម្រើ​សេវាកម្ម ២៤ម៉ោង​ក្នុង​មួយ​ថ្ងៃ ៧ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ និង​ការិយាល័យ​ទំនាក់​ទំនង​អតិថិជន​ដែល​បម្រើ​ការ ២៤ម៉ោង​ក្នុង​មួយ​ថ្ងៃ​នោះ បាន​ធានា​ចំពោះ​អតិថិជន​របស់​ខ្លួន ក្នុង​ការ​ទទួល​បាន​សេវា​បម្រើ​គ្រប់​ពេលវេលា ។

ធនាគារ ជា​ដៃគូ​សំខាន់ៗ​របស់​ធនាគារ​អេស៊ីលីដា នៅ​លើ​ឆាក​អន្តរជាតិ​រួម​មាន ៖ HSBC Bank USA នៅ​ញូយ៉ក, Standard Chartered Bank នៅ​ញូយ៉ក ឡុងដុង និង​ហ្រេ្វងហ្វឺត, ING BELGUIM NV/SA នៅ​ប៊្រូសែល, United Overseas Bank (Thai) Public Company Limited នៅ​បាងកក, Commonwealth Bank of Australia នៅ​ស៊ីដនី, Vietnam Bank for Agriculture and Rural Development នៅ​ហាណូយ, Bank of Nova Scotia នៅ​តូរ៉ុនតូ, Wachovia Bank N.A នៅ​ញូយ៉ក​សាខា​អន្តរជាតិ, Citibank N.A នៅ​ញូយ៉ក, Sumitomo Mitsu Banking Corporation នៅ​តូក្យូ, Bank of America នៅ​ញូយ៉ក, JPMorgan Chase N.A នៅ​ញូយ៉ក និង​ធនាគារ​ដៃគូ​អន្តរជាតិ​ចំនួន ៤១៤ ផ្សេង​ទៀត (រាប់​បញ្ចូល​ទាំង​សាខា​ធនាគារ​ដៃគូ) នៅ​ក្នុង​ប្រទេស​ចំនួន ៥៤ ។

ធនាគារក្រុង​ថៃ ភីស៊ីអិល

ធនាគារ​ក្រុង​ថៃ គឺ​ជា​ធនាគារ​ធំបំផុត​លំដាប់​លេខ២ នៅ​ក្នុង​ប្រទេស​ថៃ ខាង​ផ្នែក​ទ្រព្យ​សកម្ម​សរុប​ដែល​មាន​ចំនួន ៣៩.៨៦០ លានដុល្លារ​អាមេរិក នៅក្នុង​ឆ្នាំ២០០៩ មាន​បុគ្គលិក​សរុប​ចំនួន ១៦.៨៧០​នាក់ បម្រើ​ការងារ​នៅ​តាម​ការិយាល័យ​ចំនួន ៨៥១ ។ សមតុល្យ​ឥណទាន​សរុប​ចំនួន ៣០.៣៨៦ លាន​ដុល្លារ​អាមេរិក និង​មាន​អតិថិជន​គ្រឹះ​ដ៏​រឹងមាំ​នៅ​ក្នុង​ប្រទេស​ថៃ ។ ធនាគារ​ក្រុង​ថៃ គឺ​ជា​ធនាគារ​ដៃ​គូ​សំខាន់​ទី១៥ របស់​ធនាគារ​អេស៊ីលីដា សម្រាប់​គណនី​រូបិយប័ណ្ណ "បាត" និង "ដុល្លារ" និង​ជា​ធនាគារ​ដៃ​គូ​អន្តរជាតិ​ទី​២ របស់​ធនាគារ​អេស៊ីលីដា ដែល​ធ្វើ​សហ​ប្រតិបត្តិការ​លើ​ការ​ទូទាត់​ឆ្លង​ព្រំដែន ដែល​មាន​គណនី Nostro Account Relationship ជា​រូបិយប័ណ្ណ "ដុល្លារ" និង​រូបិយវត្ថុ "រៀល" ។


សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​តាម​រយៈ ៖

លោកស្រី សូ ផនណារី អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​ប្រធាន​នាយិកា​ប្រតិបត្តិ​ប្រតិបត្តិការ
អ៊ីម៉ែល ៖

លោក ព្រំ វិសុទ្ធ នាយក​ប្រតិបត្តិ​នីតិកម្ម និង​ជា​លេខាធិការ​ក្រុមហ៊ុន
អ៊ីម៉ែល ៖

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១៨៨ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖