www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextពិធី​សម្ពោធ​អគារ​ថ្មី ការិយាល័យ​សាខា​ក្រុង​បាត់ដំបង

ពិធី​សម្ពោធ​អគារ​ថ្មី ការិយាល័យ​សាខា​ក្រុង​បាត់ដំបង

លោក ញឹក សារ៉ន នាយក​ធនាគារ អេស៊ីលីដា ភីអិលស៊ី សាខា​ក្រុងបាត់ដំបង
លោក ញឹក សារ៉ន នាយក​ធនាគារ អេស៊ីលីដា ភីអិលស៊ី សាខា​ក្រុងបាត់ដំបង

ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១០

នៅថ្ងៃ​ទី៣០ ខែ​មេសា ឆ្នាំ២០១០ ធនាគារ​អេស៊ីលីដា សាខា​ក្រុងបាត់ដំបង មាន​ទីតាំង​ស្ថិត​នៅ​ផ្ទះលេខ៦០២ ផ្លូវជាតិ​លេខ៥ ក្រុមទី១៣ ភូមិរំចេក៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង បាន​ប្រារព្ធ​ពិធី​សម្ពោធ​ជា​ផ្លូវការ​ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ជា​គណៈអធិបតី​យ៉ាង​ខ្ពង់ខ្ពស់​ពី​សំណាក់​ឯកឧត្តម​អភិបាលខេត្ត​បាត់ដំបង, ឯកឧត្តម​​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម-លោកជំទាវ​អភិបាលរង​ខេត្ត, ប្រធាន​និង​គណៈ​ប្រតិភូ​សភា​ពាណិជ្ជកម្ម​អន្តរជាតិ, លោក-លោកស្រី​មន្ត្រី​អម​សាលា​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់, ប្រធាន​​និង​ក្រុមប្រឹក្សាភិបាល​ធនាគារ​​អេស៊ីលីដា ព្រមទាំងភ្ញៀវកិត្តិយស​ជាតិ​ និង​អន្តរជាតិ​ជាច្រើន​នាក់​ទៀត ។

លោក ញឹក សារ៉ន នាយក​ធនាគារ អេស៊ីលីដា ភីអិលស៊ី សាខា​ក្រុងបាត់ដំបង បាន​ថ្លែង​ថា ៖ សាខា​ក្រុងបាត់ដំបង មាន​បណ្តាញ​ប្រតិបត្តិការ​ចំនួន ២ ដែល​មាន​បុគ្គលិក​ចំនួន ៥៨នាក់ ម៉ាស៊ីន​អេធីអឹម​ចំនួន ១គ្រឿង ទ្រព្យសកម្ម​សរុប​មាន​ចំនួន​ជាង ១,៥លានដុល្លារ​អាមេរិក សមតុល្យ​ឥណទានជាង ៥០ម៉ឺនដុល្លារ​អាមេរិក ​ និង​អតិថិជន​ចំនួន ៣៩០នាក់ កំពុង​ដាក់​ប្រាក់​បញ្ញើ-សន្សំ​ចំនួន​ជិត ១លានដុល្លារ​អាមេរិក ព្រមទាំង​អតិថិជន​ជាច្រើននាក់​ទៀត ​បាន​និង​កំពុង​ប្រើប្រាស់​សេវា​ផ្សេងៗ​ទៀត ។

លោក​បានបន្ថែម​ថា ៖ ពេលនេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី សាខា​ក្រុងបាត់ដំបង បាន​ប្តូរទីតាំង​មក​អគារ​ការិយាល័យ​ថ្មី​ ដែល​បានសាងសង់​ឡើង​តាមស្តង់ដារ​ធនាគារ​ពាណិជ្ជ ។ អគារ​នេះ​មាន ៣​ជាន់ និង​មាន​ផ្ទៃក្រឡា​សម្រាប់​បំពេញ​ការងារ​ទំហំ ២.០៣០ម៉ែត្រ​ការ៉េ ដែល​ក្នុងនោះ​រួមមាន​សាល​ដ៏ធំ​មួយ សម្រាប់​ទទួល​អតិថិជន​ទូទៅ​ទំហំ​ជាង ​២១៦​ម៉ែត្រ​ការ៉េ ។ អគារ​នេះ​អាច​ផ្ទុក​បុគ្គលិក​បម្រើ​ការងារបាន​រហូតដល់​ជាង ១៥០​នាក់ និង​មាន​ចំណត​យានយន្ត​ធំទូលាយ​សម្រាប់​អតិថិជន និង​បុគ្គលិក ។ អគារ​នេះ គឺ​សាងសង់​តាមបទដ្ឋាន​ស្តង់ដារ​របស់​ធនាគារ​អេស៊ីលីដា ដោយយកចិត្តទុកដាក់​ខ្លាំង​លើ​ការរក្សាសន្តិសុខ កំណារពារ​អគ្គីភ័យ ការបម្រុង​ថាមពល ផាសុកភាព និង​សុវត្ថិភាព​ការងារ ។

លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារអេស៊ីលីដា និងឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល​ខេត្តបាត់ដំបង
លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារអេស៊ីលីដា និងឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល​ខេត្តបាត់ដំបង

នៅ​ក្នុង​ឱកាស​ដ៏​ពិសេស​នោះ លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារអេស៊ីលីដា បាន​មាន​ប្រសាសន៍​ថា ៖ និរន្តរភាព គឺជា​ទិសដៅ​ដ៏​ចម្បង​របស់​ធនាគារ​អេស៊ីលីដា ។ ធនាគារ​អេស៊ីលីដា បាន​បង្កើតឱ្យ​មាន​និរន្តរភាព​សេវាកម្ម​ហិរញ្ញវត្ថុ​បែបនេះ អស់​រយៈពេល​១៧​ឆ្នាំ​មកហើយ ដើម្បី​បម្រើ​សេវាកម្ម​ហិរញ្ញវត្ថុ​ជូន​ដល់​អតិថិជន ទាំង​វិស័យ​ឯកជន និង​វិស័យ​សាធារណៈ តាមរយៈ​សាខា និង​ការិយាល័យ​ទាំង​២៤៨ ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រទេស​ឡាវ ។

លោក​បាន​បន្ត​ទៀត​ថា ៖ បច្ចុប្បន្ន​ធនាគារ​អេស៊ីលីដា មាន​អគារ​ការិយាល័យ​ស្តង់ដារ​ចំនួន ៧៦ហើយ ដើម្បី​ទទួល​បម្រើ​អតិថិជន និង​បង្កឱ្យ​មាន​ភាពងាយស្រួល​ដល់​អតិថិជន​ទាក់ទង និងប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​នានា ជាពិសេស​ដើម្បី​ការពារ​សុវត្ថិភាព​ទ្រព្យ​សម្បត្តិ​របស់​អតិថិជន ដែល​បាន និង​កំពុង​ប្រើប្រាស់​សេវា​ធនាគារ​អេស៊ីលីដា​ស្របតាម​យុទ្ធសាស្ត្រ​ យូរអង្វែង​របស់យើង ។

លោក​ក៏​បាន​ថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ​ផងដែរ​ចំពោះ​រាជរដ្ឋាភិបាល ធនាគារ​ជាតិ​នៃ​កម្ពុជា អាជ្ញាធរ​គ្រប់លំដាប់ថ្នាក់ និង​អតិថិជន​វៃឆ្លាត​ប្រមាណ​មួយ​លាន​នាក់ ដែល​តែងតែ​ជួយ​គាំទ្រ​ធនាគារ​អេស៊ីលីដា​តាំងពីដើមរៀងមក ហើយ​ឆ្លើយតប​ទៅនឹង​ការគាំទ្រនេះ ធនាគារ​អេស៊ីលីដា​បាន​នាំមកនូវ​សេវា​ថ្មី ទំនើប​ទាន់សម័យ​មុនគេបង្អស់​នៅកម្ពុជា​គឺ អេស៊ីលីដា​យូនីធី ជា​សេវា​ហិរញ្ញវត្ថុ​​បម្រើ​ជូន​អតិថិជន​រហ័ស​ទាន់ចិត្ត ងាយប្រើប្រាស់ មានសុវត្ថិភាព ធ្វើឱ្យ​សុខកាយ សប្បាយចិត្ត គ្រប់ពេលវេលា គ្រប់ទីកន្លែង ដោយពុំចាំបាច់​ធ្វើដំណើរមក​សាខា និង​ការិយាល័យ​ធនាគារ​អេស៊ីលីដា​ឡើយ ។ នេះ​បង្ហាញឱ្យ​ឃើញថា សម្ព័ន្ធភាព​ដ៏រឹងមាំ​របស់យើង​ទាំងអស់គ្នា​ជា​ឧបករណ៍ និង​ជាកាតាលីករ​ដ៏សំខាន់​បំផុត និង​ជាមធ្យោបាយ​ដ៏មុតថ្លា ដើម្បី​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ។

ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល​ខេត្តបាត់ដំបង បាន​កត់សម្គាល់​ថា ៖ កាលពីដើម​ឆ្នាំ២០០៣ ធនាគារ​អេស៊ីលីដា បានចាប់ផ្តើម​ប្រតិបត្តិការ​របស់ខ្លួន ក្រោម​រូបភាព​ជា​ការិយាល័យ​ស្រុក​ពុំទាន់​មាន​វិសាលភាព​ទូលំទូលាយ​នៅឡើយ ។ ដោយឡែក​នៅដើម​ឆ្នាំ២០១០​នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី សាខា​បាត់ដំបង បានពង្រីក​ប្រតិបត្តិការ​របស់ខ្លួន​ពេញលេញ​ទូទាំង​ស្រុក-ក្រុង​ចំនួន ១៤ ក្នុង​ខេត្តបាត់ដំបង ព្រមទាំង​បានរួមចំណែក​យ៉ាងធំធេង​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច-សង្គម​នៅក្នុង​ខេត្ត ក៏ដូចជា​ផ្តល់អត្ថប្រយោជន៍​យ៉ាងច្រើន​ចំពោះ​ប្រជាពលរដ្ឋ និង​អ្នកប្រកប​អាជីវកម្ម​ដោយទទួលបាន​​នូវ​ប្រភព​ធនធាន​ហិរញ្ញវត្ថុ ចូលរួម​បង្កើតឱ្យមាន​ការងារ ប្រភពចំណូល និង​លើកកម្ពស់​កម្រិត​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ។

ACLEDA Photo

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១.៣៣១ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖