www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextការ​ចូល​រួម​បរិច្ចាគ​ឈាម​របស់​កម្មករ​និយោជិត ធនាគារ អេស៊ីលីដា ភីអិលស៊ី

ការ​ចូល​រួម​បរិច្ចាគ​ឈាម​របស់​កម្មករ​និយោជិត ធនាគារ អេស៊ីលីដា ភីអិលស៊ី

ការ​ចូល​រួម​បរិច្ចាគ​ឈាម​របស់​កម្មករ​និយោជិត ធនាគារ អេស៊ីលីដា ភីអិលស៊ី
ការ​ចូល​រួម​បរិច្ចាគ​ឈាម​របស់​កម្មករ​និយោជិត ធនាគារ អេស៊ីលីដា ភីអិលស៊ី

ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨

រាជ​ធានី​ភ្នំពេញ, ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨ ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា ប្រជា​ធនាគារ​ដែល​លោក​អ្នក​ជឿ​ទុក​ចិត្ត និង​ជា​ធនាគារ​ពាណិជ្ជ​នាំ​មុខ​គេ​ក្នុង​ព្រះ​រាជា​ណាចក្រ​កម្ពុជា បាន​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ​ថា ថ្នាក់​ដឹក​នាំ និង​កម្មករ​និយោជិត​ធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រប់​លំដាប់​ថ្នាក់​នៅ​ការិយាល័យ​កណ្តាល និង​នៅ​សាខា​ជុំ​វិញ​រាជ​ធានី​ភ្នំពេញ បាន​ចូល​រួម​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត ដើម្បី​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ និង​អ្នក​ជំងឺ​ដែល​ត្រូវ​ការ​ឈាម​ពី​គ្រប់​មជ្ឈដ្ឋាន ។

បណ្ឌិត សូ ផនណារី អនុ​ប្រធាន​នាយក​ប្រតិបត្ដិ និង​ជា​គណៈ​ប្រធាន​នាយិកា​ប្រតិបត្តិ​ប្រតិបត្តិការ ធនាគារ អេស៊ីលីដា ភីអិលស៊ី
បណ្ឌិត សូ ផនណារី អនុ​ប្រធាន​នាយក​ប្រតិបត្ដិ និង​ជា​គណៈ​ប្រធាន​នាយិកា​ប្រតិបត្តិ​ប្រតិបត្តិការ ធនាគារ អេស៊ីលីដា ភីអិលស៊ី

បណ្ឌិត សូ ផនណារី អនុ​ប្រធាន​នាយក​ប្រតិបត្ដិ និង​ជា​គណៈ​ប្រធាន​នាយិកា​ប្រតិបត្តិ​ប្រតិបត្តិការ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​មាន​ប្រសាសន៍​ថា កម្មករ​និយោជិត​ធនាគារ អេស៊ីលីដា ភីអិលស៊ី ធ្លាប់​បាន​ចូល​រួម​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត​ចំនួន​បី​ដង​រួច​មក​ហើយ កាល​ពី​ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១២, ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ និងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧ ។ ដោយ​ឡែក​ថ្ងៃ​នេះ​ជា​លើក​ទី​បួន​ហើយ ដែល​ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​បន្ត​ចូល​រួម​ចំណែក​ក្នុង​សកម្មភាព​សង្គម និង​មនុស្ស​ធម៌ ដើម្បី​បំពេញ​តម្រូវ​ការ​កង្វះ​ឈាម​ដ៏​មាន​សារៈ​សំខាន់ មួយ​នេះ​បន្ថែម​ទៀត តាម​រយៈ​ការ​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត និង​ទឹក​ចិត្ត​មនុស្ស​ធម៌​ពី​កម្មករ​និយោជិត​ធនាគារ អេស៊ីលីដា ភីអិលស៊ី រួម​ទាំង​កម្មករ​និយោជិត​នៃ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ក្នុង​ប្រទេស​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី រួមមាន អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី និង​វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា ជូន​ដល់​មជ្ឈ​មណ្ឌល​ជាតិ​ផ្តល់​ឈាម ដើម្បី​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ និង​អ្នក​ជំងឺ​ដែល​ត្រូវ​ការ​ឈាម​ជា​ចាំ​បាច់ ជា​ពិសេស​សម្រាប់​ជួយ​ជីវិត​មនុស្ស​ដែល​ត្រូវ​ការ​សង្គ្រោះ​បន្ទាន់ ។

លោក​វេជ្ជ​បណ្ឌិត ហុក គឹមចេង ប្រធាន​មជ្ឈ​មណ្ឌល​ជាតិ​ផ្ដល់​ឈាម
លោក​វេជ្ជ​បណ្ឌិត ហុក គឹមចេង ប្រធាន​មជ្ឈ​មណ្ឌល​ជាតិ​ផ្ដល់​ឈាម

លោក​វេជ្ជ​បណ្ឌិត ហុក គឹមចេង ប្រធាន​មជ្ឈ​មណ្ឌល​ជាតិ​ផ្ដល់​ឈាម បាន​មាន​ប្រសាសន៍​ថា សព្វ​ថ្ងៃ​នេះ​យើង​មិន​ទាន់​មាន​ឈាម​ដែល​មាន​ប្រភព​ពី​អ្នក​ស្ម័គ្រ​ចិត្ត គ្រប់​គ្រាន់​សម្រាប់​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស ដែល​ត្រូវ​ការ​ឈាម​បន្ទាន់​នៅ​ឡើយ​ទេ ។ ក្នុង​មួយ​ថ្ងៃ​គ្រាន់​តែ​នៅ​រាជ​ធានី​ភ្នំពេញ ត្រូវ​ការ​ឈាម​ប្រមាណ ១៥០ ប្លោក សម្រាប់​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ និង​អ្នក​ជម្ងឺ ហើយ​នៅ​ទូទាំង​ប្រទេស​ត្រូវ​ការ​ឈាម​ប្រមាណ ២០០ ប្លោក ជា​រៀង​រាល់​ថ្ងៃ ។ ដូចនេះ យើង​ត្រូវ​ការ​ឈាម​បន្ថែម​ទៀត ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស​បន្ទាន់ ។ លោក​វេជ្ជ​បណ្ឌិត បាន​ជំរុញ និង​អំពាវ​ទៅ​កាន់​ប្រជា​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស ជា​ពិសេស​ក្រុម​យុវជន​មេត្តា ចូល​រួម​បរិច្ចាគ​ឈាម ដើម្បី​យក​ទៅ​ជួយ​ជន​រង​គ្រោះ ដែល​ត្រូវ​ការ​ឈាម​ជា​ចាំ​បាច់ ហើយ​សកម្មភាព​ទាំង​នេះ ពិត​ជា​បាន​ចូល​រួម​ចំណែក​យ៉ាង​ខ្លាំង​លើ​ការ​ជួយ​សង្រ្គោះ​ជីវិត​មនុស្ស ។

លោក​វេជ្ជ​បណ្ឌិត បាន​ថ្លែង​បញ្ជាក់​ថា បើ​សិន​ជា​គ្មាន​ការ​ចូល​រួម​ចំណែក​ពី​សប្បុរស​ជន​ស្ម័គ្រ​ចិត្ត​ទាំង​ឡាយ​នោះ​ទេ មជ្ឈ​មណ្ឌល​ជាតិ​ផ្តល់​ឈាម និង​មន្ទីរ​ពេទ្យ​ទាំង​អស់ ព្រម​ទាំង​គ្រួសារ​អ្នក​ជម្ងឺ ពិត​ជា​មាន​ការ​លំបាក​ដោយ​សារ​ឈាម​មាន​ប្រភព​ពី​ក្នុង​ចំណោម​ប្រជាជន​យើង ដូច្នេះ​ការ​ចូល​រួម​របស់​បង​ប្អូន​ពិត​ជា​មាន​សារ​សំខាន់​យ៉ាង​ខ្លាំង​ណាស់ ។ លោក​វេជ្ជ​បណ្ឌិត ក៏​បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ ចំពោះ​ថ្នាក់​ដឹក​នាំ និង​កម្មករ​និយោជិត​ធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រប់​លំដាប់​ថ្នាក់ ដែល​បាន​បរិច្ចាគ​ឈាម​ជូន​មជ្ឈ​មណ្ឌល​ជាតិ​ផ្តល់​ឈាម ដើម្បី​ជួយ​សង្រ្គោះ​ដល់​ជន​រង​គ្រោះ​ដែល​ត្រូវ​ការ​ឈាម​ជា​ចាំ​បាច់​នោះ ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​បង្កើត​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន​ប្រាំ គឺធនាគារ អេស៊ីលីដា ឡាវ លីមីធីត, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា, ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា, និង​អេស៊ីលីដា ប្រូភើធី អិលធីឌី ព្រម​ទាំង​មាន​ការិយាល័យ​តំណាង​នៅ​សាធារណរដ្ឋ​សហភាព​មីយ៉ាន់ម៉ា ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ទ្រព្យ​សកម្ម​សរុប​ចំនួន​ជាង ៥,១៨ ពាន់​លាន​ដុល្លារ​អាមេរិក សមតុល្យ​ឥណទាន​សរុប​ចំនួន ៣,០២ ពាន់​លាន​ដុល្លារ​អាមេរិក និង​ប្រាក់​បញ្ញើ​សន្សំ​សរុប​ចំនួន ៣,២៥ ពាន់​លាន​ដុល្លារ​អាមេរិក គិត​ត្រឹម​ខែធ្នូ ឆ្នាំ២០១៧ នេះ ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៦៩២ ©២០២៥ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖