navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextពិធីដាក់ឱ្យដំណើរការសេវាផ្ទេរប្រាក់ និងដាក់-ដកប្រាក់ រវាង ធនាគារ អេស៊ីលីដា ភីអិលស៊ី និង គ្រឹះស្ថាន ឃេស អ៊ិននើវេសិន ម.ក
ពិធីដាក់ឱ្យដំណើរការសេវាផ្ទេរប្រាក់ និងដាក់-ដកប្រាក់ រវាង ធនាគារ អេស៊ីលីដា ភីអិលស៊ី និង គ្រឹះស្ថាន ឃេស អ៊ិននើវេសិន ម.ក
ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០
រាជធានីភ្នំពេញ ថ្ងៃព្រហស្បតិ៍ ៣កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ធនាគារ អេស៊ីលីដា ភីអិលស៊ី "ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត" ប្រកាសជាសាធារណៈ ស្តីពីការដាក់ឱ្យដំណើរការសេវាផ្ទេរប្រាក់ និងដាក់-ដកប្រាក់ រវាងធនាគារ អេស៊ីលីដា ភីអិលស៊ី និងគ្រឹះស្ថាន ឃេស អ៊ិននើវេសិន ម.ក ដើម្បីពង្រីកសេវាទាំងនេះឱ្យកាន់តែទូលំទូលាយ ក្នុងការបំពេញតម្រូវការជូនអតិថិជន និងសាធារណជនគ្រប់មជ្ឍដ្ឋានក្នុងសហគមន៍ ។
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានប្រសាសន៍ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី មានសេចក្តីសោមនស្សរីករាយ ដែលគ្រឹះស្ថាន ឃេស អ៊ិននើវេសិន ម.ក បានចាប់ដៃគូជាយុទ្ធសាស្រ្ត ដោយសហការជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុងការបម្រើសេវាផ្ទេរប្រាក់ និងដាក់-ដកប្រាក់របស់ស្ថាប័នទាំងពីរឱ្យកាន់តែទូលំទូលាយថែមទៀត ដោយប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ ។ ទន្ទឹមនឹងនេះ កិច្ចសហការរវាងស្ថាប័នទាំងពីរ គឺក្នុងគោលបំណងដើម្បីបង្កើន ភាពងាយស្រួលជូនដល់អតិថិជន និងសាធារណជនទាំងអស់ ក្នុងការធ្វើប្រតិបត្តិការដូចខាងក្រោម ៖
- ផ្ទេរប្រាក់រវាងគណនី Core Banking របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី និងគណនី E-Wallet របស់គ្រឹះស្ថាន ឃេស អ៊ិននើវេសិន ម.ក
- ផ្ទេរប្រាក់រវាងគណនីអេស៊ីលីដា ទាន់ចិត្ត និងគណនី E-Wallet របស់គ្រឹះស្ថាន ឃេស អ៊ិននើវេសិន ម.ក
- អតិថិជនរបស់គ្រឹះស្ថាន ឃេស អ៊ិននើវេសិន ម.ក អាចដក និងដាក់ប្រាក់ តាមរយៈម៉ាស៊ីន ATM របស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី ដោយមិនចាំបាច់ប្រើកាត ។
កិច្ចសហប្រតិបត្តិការនេះ នឹងផ្តល់ឱ្យអតិថិជន និងសាធារណជនទាំងអស់ ចំណេញពេលវេលា កាត់បន្ថយចំណាយក្នុងការផ្ទេរប្រាក់ និងដាក់-ដកប្រាក់ ដែលជាចំណែកមួយនៃការពង្រឹង និងពង្រីកសេវាកម្មឌីជីថលឱ្យសម្បូរបែប ដើម្បីសម្រួលដល់ប្រតិបត្តិការសាច់ប្រាក់របស់អតិថិជន និងសាធារណជន ក្នុងការជួយលើកស្ទួយជីវភាពឱ្យកាន់តែប្រសើរឡើង ។
លោក ប៉េះ គឹមស៊្រាន ប្រធាននាយកប្រតិបត្តិ គ្រឹះស្ថាន ឃេស អ៊ិននើវេសិន ម.ក បានមានប្រសាសន៍ថា លោកមានទស្សនៈវិស័យចំពោះ ភាពជឿនលឿននៃប្រព័ន្ធបច្ចេកវិទ្យា តាំងពីជាង ១០ឆ្នាំមុនមកម្ល៉េះ ។ នៅពេលដែលខ្ញុំធ្វើការបញ្ជាទិញទំនិញលើ Platform Alibaba បានធ្វើឱ្យខ្ញុំមានគំនិតក្នុងការបង្កើតមុខរបរនេះតាំងពីពេលនោះមក ។ លោកបានផ្ដួចផ្ដើមគំនិត និងស្វែងរកមិត្តភក្តិដែលមានជំនាញផ្នែកនេះតាមដែលអាចធ្វើទៅបាន រហូតដល់សុបិនក្លាយជាការពិត ។ ពួកយើងបានចាប់ផ្ដើមការងារនេះ អស់រយៈពេលប្រហែលជា បីឆ្នាំ មកហើយ ។ វាសមល្មមនឹងដាក់ឱ្យប្រើប្រាស់កម្មវិធីនេះនៅលើទីផ្សារបាន ។ KESS CHAT ផ្សារភ្ជាប់ជាមួយ កសិករ អ្នកប្រើប្រាស់ អ្នកលក់ដូរ ឬអ្នកផ្គត់ផ្គង់ អាចទទួលបានការទូទាត់តាមរយៈ WeChat/Alipay/Visa/Mastercard និងប័ណ្ណអេធីអឹមរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ។
លក្ខណៈពិសេសរបស់កម្មវិធីនេះ អាជីវករម្នាក់ៗ អាចគ្រប់គ្រងបានច្រើនហាង ឬច្រើនសាខា ហើយក៏មានភាពងាយស្រួលក្នុងការគ្រប់គ្រងស្តុកទំនិញ ឬសេវាកម្មចែកចាយផ្សេងៗ ឬការទូទាត់វិក្កយប័ត្រទឹក វិក្កយប័ត្រអគ្គិសនី និងការជជែកលេងជាមួយមិត្តភ័ក្ត ឬជាមួយអ្នកលក់បានផងដែរ ។
អំពីគ្រឹះស្ថាន ឃេស អ៊ិននើវេសិន ម.ក
ឃេស អ៊ិននើវេសិន ម.ក ត្រូវបានបង្កើតឡើងដោយក្រុមសហគ្រិន និងជាក្រុមហ៊ុនដែលគ្រប់គ្រងអាជីវករ ក្នុងស្រុក ១០០% ក្នុងគោលបំណងជួយឱ្យអាជីវកម្មក្នុងស្រុកមានភាពរីកចម្រើន ដូចនេះសហស្ថាបនិកបានបង្កើត គម្រោងកម្មវិធីថ្មីមួយ ដែលមានសមត្ថភាពឆ្លើយតបទៅនឹងតម្រូវការ ដែលកំពុងវិវត្តន៍យ៉ាងឆាប់រហ័សនៃអាជីវកម្មជាសកល ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ។
កម្មវិធីរបស់ក្រុមហ៊ុន ឃេស អ៊ិននើវេសិន ម.ក បានអនុញ្ញាតឱ្យក្រុមហ៊ុន និងពាណិជ្ជករអាចផ្ទេរ ឬទូទាត់វិក័យបត្រតាមប្រព័ន្ធតែមួយ ។ ឃេស អ៊ិននើវេសិន ម.ក បានទទួលអាជា្ញប័ណ្ណជាសេវាទូទាត់ប្រាក់ពីធនាគារជាតិ នៃ កម្ពុជា (NBC) និងជាសមាជិកនៃប្រព័ន្ធទូទាត់បាគងផងដែរ ។ ឃេស អ៊ិននើវេសិន ម.ក ទទួលបាននូវកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Alipay (ក្រុម Alibaba) WeChat (Tencent) នៅក្នុងការផ្ដល់សេវា ONLINE និង OFFLINE ក្នុងប្រទេសកម្ពុជា ។ ឃេស អ៊ិននើវេសិន ម.ក បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MOU) ជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី (ជាធនាគារដែលធំជាងគេនៅកម្ពុជា) ក្នុងគោលបំណងពង្រើកប្រព័ន្ធទូទាត់ដ៏ធំមួយ ដើម្បីឆ្លើយតបនឹងសេចក្ដីត្រូវការឥតឈប់ឈររបស់ប្រជាពលរដ្ឋយើង ។
ផលិតផលរបស់ក្រុមហ៊ុន ឃេស អ៊ិននើវេសិន ម.ក មានដូចជា ៖
- ដំណោះស្រាយក្នុងការទូទាត់សាជីវកម្មតាមរយៈ ការតភ្ជាប់បណ្ដាញ Payment gateway
- ការទូទាត់វិក្កយបត្រតាមទូរស័ព្ទចល័ត
- ការផ្ទេប្រាក់ពីមួយទៅមួយ
- សេវាកម្មលក់ទំនិញ Online (B2B & B2C)
អំពីធនាគារ អេស៊ីលីដា ភីអិលស៊ី
ធនាគារ អេស៊ីលីដា ភីអិលស៊ី មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ០៤ (បួន) គឺអេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា, ធនាគារ អេស៊ីលីដា ឡាវ លីមីធីត, និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា និងព្រមទាំងមានការិយាល័យតំណាងនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ គិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២០ នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួន ២៥,០១ ទ្រីលានរៀល (ឬ ៦,១៥ ប៊ីលានដុល្លារអាមេរិក) សមតុល្យឥណទានសរុបចំនួន ១៦,២២ ទ្រីលានរៀល (ឬ ៣,៩៩ ប៊ីលានដុល្លារអាមេរិក) និងប្រាក់បញ្ញើសន្សំសរុបចំនួន ១៧,៦៩ ទ្រីលានរៀល (ឬ ៤,៣៥ ប៊ីលានដុល្លារអាមេរិក) និងចំនួនអ្នកចុះឈ្មោះប្រើប្រាស់សេវាធនាគារ ឌីជីថល អេស៊ីលីដា ទាន់ចិត្ត ច្រើនជា ១,៥ លាននាក់ គិតត្រឹម ខែកក្កដា ឆ្នាំ២០២០ ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈ
លោក ផល សុខចំរើន
មុខងារៈ នាយកប្រតិបតិ្ដរងទីផ្សារ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ទូរស័ព្ទៈ ០១៥ ៨០០ ៩០៣
អ៊ីម៉ែលៈ phal.sokchamreoun@acledabank.com.kh