navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextធនាគារ អេស៊ីលីដា ទទួលពានរង្វាន់ "អភិវឌ្ឍន៍ជំនាញអាជីពនៃពានរង្វាន់ធុរកិច្ចអាស៊ាន ឆ្នាំ២០២២"
ធនាគារ អេស៊ីលីដា ទទួលពានរង្វាន់ "អភិវឌ្ឍន៍ជំនាញអាជីពនៃពានរង្វាន់ធុរកិច្ចអាស៊ាន ឆ្នាំ២០២២"
ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២
ភ្នំពេញ, ថ្ងៃពុធ ១រោច ខែកត្កិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ ធនាគារ អេស៊ីលីដា ភីអិលស៊ី (ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត) បានប្រកាសជាសាធារណៈថា ធនាគារ អេស៊ីលីដា ភីអិលស៊ី បានទទួលពានរង្វាន់ "អភិវឌ្ឍន៍ជំនាញអាជីព នៃពានរង្វាន់ធុរកិច្ចអាស៊ានឆ្នាំ២០២២" ពីកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២២ ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៩-១០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។
លោកស្រី ម៉ារ អមរា អនុប្រធាននាយកប្រតិបត្តិជាន់ខ្ពស់ និងជាគណៈប្រធាននាយិកាប្រតិបត្តិហិរញ្ញវត្ថុ ធនាគារ អេស៊ីលីដា ភីអិលស៊ី ធនាគារ អេស៊ីលីដា មានមោទនភាពយ៉ាងក្រៃលែង ដែលបានទទួលពានរង្វាន់ "អភិវឌ្ឍន៍ជំនាញអាជីព នៃពានរង្វាន់ធុរកិច្ចអាស៊ានឆ្នាំ២០២២" ដោយធនាគារបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍចំណេះជំនាញធនធានមនុស្ស និងចូលរួមចំណែកយ៉ាងសកម្មក្នុងវិស័យអប់រំនៅកម្ពុជា និងក្នុងតំបន់។ ធនាគារបានផ្តល់កម្មវិធីសិក្សា សម្រាប់និស្សិត និងផ្តល់ វគ្គហ្វឹកហ្វឺនទាក់ទងនឹងវិស័យធនាគារ និងហិរញ្ញវត្ថុ ដល់សិក្ខាកាមជាច្រើនទាំងក្នុង និងក្រៅប្រទេស។ លើសពីនេះ ធនាគារបានជ្រើសនិស្សិតដែលទើបបញ្ចប់ការសិក្សា មកបម្រើការ និងបានហ្វឹកហ្វឺនពួកគេឲ្យក្លាយជាបុគ្គលិក ដែលមានចំណេះជំនាញច្បាស់លាស់ និងមានគុណវុឌ្ឍិគ្រប់គ្រាន់សម្រាប់ធនាគារ។
ធនាគារ អេស៊ីលីដា ភីអិលស៊ី មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនបួន (៤) គឺ៖ ១) វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា ២) អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ៣) ធនាគារ អេស៊ីលីដា ឡាវ លីមីធីត និង ៤) ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងមានការិយាល័យតំណាងនៅសាធារណរដ្ឋសហភាពមីយ៉ានម៉ា។
ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួនជាង ៨,៣៨ប៊ីលានដុល្លារអាមេរិក សមតុល្យឥណទានសរុបចំនួន ៦,២៤ប៊ីលានដុល្លារអាមេរិក និងប្រាក់បញ្ញើសន្សំសរុបចំនួន ៥,៩០ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៣,៧៣លាននាក់ គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២២នេះ។ គិតត្រឹមដំណាច់កញ្ញា ឆ្នាំ២០២២ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានអ្នកប្រើប្រាស់អេស៊ីលីដាម៉ូបាលលើស ២,៥លាននាក់ និងមានដៃគូអាជីវកម្មចំនួន ១៨០.០០០។