www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextក្រសួងមហាផ្ទៃ ដាក់ឱ្យប្រើប្រាស់សេវាកម្មទូទាត់តាមប្រព័ន្ធអេឡិចត្រូនិករបស់ធនាគារ អេស៊ីលីដា សម្រាប់ប្រមូលកម្រៃទិដ្ឋាការពីអតិថិជន តាមប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា

ក្រសួងមហាផ្ទៃ ដាក់ឱ្យប្រើប្រាស់សេវាកម្មទូទាត់តាមប្រព័ន្ធអេឡិចត្រូនិករបស់ធនាគារ អេស៊ីលីដា សម្រាប់ប្រមូលកម្រៃទិដ្ឋាការពីអតិថិជន តាមប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤

ACLEDA Photo

នៅព្រឹកថ្ងៃសុក្រ ១១រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ក្រោមកិច្ចដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តមនាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងនាមក្រសួងមហាផ្ទៃ និង បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី តំណាងឱ្យធនាគារ អេស៊ីលីដា ភីអិលស៊ី បានអញ្ជើញចុះហត្ថលេខារួមគ្នាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការប្រើប្រាស់សេវាកម្មទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក របស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី សម្រាប់ប្រមូលកម្រៃទិដ្ឋាការពីអតិថិជនតាមប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា

ACLEDA Photo

អនុស្សរណៈ នៃការយោគយល់គ្នានេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដោយផ្សារភ្ជាប់ទៅនឹងការអភិវឌ្ឍនៃប្រព័ន្ធបច្ចេកវិទ្យា និងផ្ដល់ភាពងាយស្រួល ឆាប់រហ័ស ជូនដល់អ្នកដំណើរអន្តរជាតិធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដើម្បីទទួលបានទិដ្ឋាការ និងបំពេញសលាកបត្រចូលប្រទេសកម្ពុជាតាមប្រព័ន្ធអនឡាញ។

រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតប្រព័ន្ធ Cambodia e-Arrival ដើម្បីឱ្យអ្នកដំណើរអាចចូលទៅកាន់គេហទំព័រ www.arrival.gov.kh ឬ កម្មវិធី Cambodia e-Arrival (CeA) ដែលមានក្នុង App Store និង Play Store នៅលើទូរស័ព្ទដៃ ឬឧបករណ៍អេឡិចត្រូនិកផ្សេងទៀត រួចអាចបំពេញបែបបទទុកជាមុន តាមទម្រង់អេឡិចត្រូនិកជាទម្រង់រួមបញ្ចូលគ្នាតែមួយ ក្នុងការស្នើសុំ និងការទទួលបាន E-Visa និងបំពេញសលាកបត្រ ជំនួសការបំពេញបែបបទជាទម្រង់ក្រដាស ព្រមទាំងការទូទាត់ចំណាយថ្លៃវីសាតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce - MPGS) របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាមួយប័ណ្ណអន្តរជាតិជាច្រើន ដូចជា៖ VISA, Mastercard, JCB, UnionPay, និង Diners Club International

ចំពោះអ្នកដំណើរដែលបំពេញបែបបទ និងស្នើសុំវីសានៅតាមបញ្ជរអាកាសយាន្តដ្ឋានអន្តរជាតិនៅកម្ពុជា អាចទូទាត់កម្រៃសេវាទិដ្ឋាការតាមរយៈសេវាកម្មធនាគារ អេស៊ីលីដា ម៉ាស៊ីនឆូតកាត (POS Terminal) ដែលអាចប្រើជាមួយប័ណ្ណអន្តរជាតិ និងស្កេន QR code ដូចខាងក្រោម៖

ACLEDA Photo

ប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា (Cambodia e-Arrival) ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ គឺជាសមិទ្ធផលរួមមួយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងទស្សនវិស័យជឿនលឿនរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរណ៍ និងវិនិយោគិន ដូចបានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណ និងស្របតាមបរិបទនៃពិភពលោកដែលកំពុងមានភាពរីកចម្រើនផ្នែកបច្ចេកវិទ្យា។

ACLEDA Photo

ពិធីចុះអនុស្សរណៈនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ព្រមទាំងមន្ត្រីជំនាញមួយចំនួនទៀតរបស់ក្រសួងមហាផ្ទៃ និងធនាគារ អេស៊ីលីដាផងដែរ។

អំពីធនាគារ អេស៊ីលីដា ភីអិលស៊ី

ធនាគារ អេស៊ីលីដា ភីអិលស៊ី មានសាខាបុត្រសម្ព័ន្ធចំនួន ៤ គឺ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯ.ក, ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក, ធនាគារ អេស៊ីលីដា ឡាវ លីមីតធីត និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងការិយាល័យតំណាងនៅមីយ៉ាន់ម៉ា។

គិតត្រឹមដំណាច់ត្រីមាសទី២ ឆ្នាំ២០២៤ នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួនជាង ១០,០៨ ប៊ីលានដុល្លារអាមេរិក ប្រាក់បញ្ញើសន្សំសរុបចំនួន ៧,៥៤ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៤,៦១លាននាក់។ ជាមួយគ្នានេះដែរ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានដៃគូអាជីវកម្ម សរុបច្រើងជាង ០,៤១ លានដៃគូ និងមានអ្នកប្រើប្រាស់អេស៊ីលីដាម៉ូបាលសរុបចំនួន ៣,៨ លាននាក់។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
លោក នេត ពិសិដ្ឋ
នាយកប្រតិបត្តិសេវាហិរញ្ញវត្ថុ នៃធនាគារ អេស៊ីលីដា ភីអិលស៊ី
ទូរស័ព្ទៈ ០១៥ ៧០០ ១១១
អ៊ីម៉ែលៈ neth.piseth@acledabank.com.kh

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១.១៥៦ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖