navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextធនាគារ អេស៊ីលីដា ភីអិលស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា ស្ដីពីការអនុវត្តកម្មវិធីគម្រោង "លុយខ្ញុំស្អាត"
ធនាគារ អេស៊ីលីដា ភីអិលស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា ស្ដីពីការអនុវត្តកម្មវិធីគម្រោង "លុយខ្ញុំស្អាត"
ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥
រាជធានីភ្នំពេញ ថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ធនាគារ អេស៊ីលីដា ភីអិលស៊ី "ធនាគារ អេស៊ីលីដា" ជាធនាគារពាណិជ្ជទីមួយ ដែលបានបោះផ្សាយមូលបត្រកម្មសិទ្ធិ និងមូលបត្របំណុលជាសាធារណៈនៅកម្ពុជា បានប្រកាសជាផ្លូវការនៅថ្ងៃនេះថា ធនាគារ អេស៊ីលីដា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយ សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា (CATA) ស្តីពី ការអនុវត្តកម្មវិធីគម្រោង "លុយខ្ញុំស្អាត"។
ពិធីចុះអនុស្សរណៈនេះធ្វើឡើង ក្រោមអធិបតីភាពរបស់ ឯកឧត្តម អ្នកឧកញ៉ា ដាតុ បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា និងបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី ព្រមទាំងថ្នាក់គ្រប់គ្រង និងសហការីរបស់សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា និងធនាគារ អេស៊ីលីដា។
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា "ធនាគារ អេស៊ីលីដា មានក្តីសោមនស្សរីករាយ ដោយបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា ការអនុវត្តកម្មវិធីគម្រោង "លុយខ្ញុំស្អាត"។
ចំណុចត្រង់នេះ លោកបណ្ឌិត បានលើកឡើងបន្តិចថាអនុស្សរណៈនៃការយោគយល់គ្នារនេះ គឺស្របតាមទស្សនៈ និងបេសកកម្មរបស់ធនាគារ អេស៊ីលីដា "ជាធនាគារពាណិជ្ជនាំមុខដែលលោកអ្នកជឿទុកចិត្តបំផុតនៅប្រទេសកម្ពុជា ក្នុងការផ្តល់ និងបម្រើសេវាកម្មហិរញ្ញវត្ថុជូនដល់សាធារណជនគ្រប់មជ្ឈដ្ឋានក្នុងសហគមន៍។ ធនាគារ អេស៊ីលីដា ភីអិលស៊ី ផ្តល់ជូនអតិថិជននូវផលិតផល និងសេវាកម្មប្រកបដោយនវានុវត្តន៍ និងសុវត្ថិភាព ដើម្បីជាមធ្យោបាយក្នុងការគ្រប់គ្រង ចាត់ចែងធនធានហិរញ្ញវត្ថុឱ្យមានប្រសិទ្ធភាពខ្ពស់។ យើងប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍សីលធម៌ វិជ្ជាជីវៈ សង្គម ច្បាប់ និងបរិស្ថានប្រកបដោយកម្រិតខ្ពស់បំផុត ក្នុងគោលបំណងលើកស្ទួយជីវភាពរស់នៅឱ្យប្រសើរឡើង និងបង្កើនអត្ថប្រយោជន៍ជូនដល់គ្រប់ភាគីពាក់ព័ន្ធ ព្រមទាំងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិទាំងមូលប្រកបដោយនិរន្តរភាព។
លោកបណ្ឌិត បានមានប្រសាសន៍បន្ថែមទៀតថា អនុស្សរណៈនៃការយោគយល់គ្នានេះ ជាការឆ្លុះបញ្ចាំងនៃការប្ដេជ្ញាចិត្តរបស់ភាគីទាំងពីរ ដើម្បីផ្ដល់ជូននូវសេវាកម្មហិរញ្ញវត្ថុ ស្របតាមច្បាប់ និងបទបទប្បញ្ញត្តិពាក់ព័ន្ធ នៃធនាគារ និងហិរញ្ញវត្ថុ ដែលគោលការណ៍ច្បាប់ឥស្លាម (ច្បាប់សារីអះ) អាចអនុលោមតាមបាន ព្រមទាំងអាចគ្រប់គ្រងហិរញ្ញវត្ថុរបស់សមាជិក CATA ទាំងអស់ដោយគ្មានបន្ទុកការប្រាក់ RIBA។ ភាពជាដៃគូនេះ ក៏បានផ្តល់ជូននូវមធ្យោបាយហិរញ្ញវត្ថុប្រកបដោយតម្លាភាព និងសុវត្ថិភាព ទៅតាមគោលការណ៍នៃកម្មវិធីគម្រោង "លុយខ្ញុំស្អាត" ឬ RIBA Clearance (Wealth Purification Program) របស់សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា (CATA) ដែលអនុញ្ញាតឱ្យបងប្អូនខ្មែរឥស្លាមអាចដាក់ប្រាក់សន្សំ គម្រោង "លុយខ្ញុំស្អាត" ឬ RIBA ការប្រាក់ត្រូវទទួលបាននឹងបរិច្ចាគដោយស្ម័គ្រចិត្ត នឹងកាត់ចេញដោយស្វ័យប្រវត្តិចូលទៅគណនី CATA ដែលមាននៅ ធនាគារ អេស៊ីលីដា សម្រាប់កម្មវិធីគម្រោង "លុយខ្ញុំស្អាត" សម្រាប់ប្រើប្រាស់នៅក្នុងគម្រោងសហគមន៍ និងសកម្មភាពសប្បុរសធម៌នានា។"
អំពីធនាគារ អេស៊ីលីដា ភីអិលស៊ី
ធនាគារ អេស៊ីលីដា មានសាខាបុត្រសម្ព័ន្ធចំនួន ៤ គឺ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯ.ក, ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក, ធនាគារ អេស៊ីលីដា ឡាវ លីមីតធីត និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងការិយាល័យតំណាងនៅមីយ៉ាន់ម៉ា។
គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៤ នេះ ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុបចំនួនជាង ១០,៨៣ប៊ីលានដុល្លារអាមេរិក ប្រាក់បញ្ញើសន្សំសរុបចំនួន ៨,៣៦ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៥,៥២លាននាក់។
ធនាគារ អេស៊ីលីដា មានដៃគូអាជីវកម្ម សរុបច្រើងជាង ០,៥៥លានដៃគូ និងមានអ្នកប្រើប្រាស់អេស៊ីលីដា ស៊ូភើអេប សរុបចំនួនជាង ៤,៥៦ លាននាក់។
លោក ផល សុខចំរើន
នាយកប្រតិបត្តិទីផ្សារ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ទូរស័ព្ទៈ ០១៥ ៨០០ ៩០៣
អ៊ីម៉ែលៈ phal.sokchamroeun@acledabank.com.kh