www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextធនាគារ អេស៊ីលីដា ភីអិលស៊ី បង្កើន​ដើម​ទុន​រហូត​ដល់ ៥០.០០០.០០០​ដុល្លារ​អាមេរិក

ធនាគារ​អេស៊ីលីដា ភីអិលស៊ី បង្កើន​ដើម​ទុន​រហូត​ដល់ ៥០.០០០.០០០​ដុល្លារ​អាមេរិក

ថ្ងៃ​ទី០៤ ខែ​មករា ឆ្នាំ​២០០៨

ភ្នំពេញ ថ្ងៃ​ទី០៤ ខែ​មករា ឆ្នាំ​២០០៨ ៖ ធនាគារ​អេស៊ីលីដា ភីអិលស៊ី ជា​ធនាគារ​លក់​រាយ​ឈាន​មុខ​គេ​នៅ​ប្រទេស​កម្ពុជា ដែល​បាន​ប្រារព្ធ​ពិធី​គម្រប់​ខួប​ទី១៥​ឆ្នាំ​នៃ​ការ​ធ្វើ​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​ឆ្នាំ​នេះ បាន​ប្រកាស​បង្កើន​ដើម​ទុន​របស់​ខ្លួន​ពី ៣០.០០០.០០០​ដុល្លារ​អាមេរិក ទៅ ៥០.០០០.០០០​ដុល្លារ​អាមេរិក​នៅ​ថ្ងៃ​នេះ ។

ធនាគារ​អេស៊ីលីដា ភីអិលស៊ី មាន​ដើម​ទុន ៥១% កាន់​កាប់​ដោយ​ភាគហ៊ុនិក​កម្ពុជា ក្នុង​នោះ​រួម​មាន​បុគ្គលិក​របស់​ខ្លួន និង ៤៩% ទៀត​ដែល​នៅ​សល់ កាន់​កាប់​តាម​ចំណែក​ស្មើៗ​គ្នា​ដោយ​ស្ថាប័ន​អន្តរជាតិ​ឈាន​មុខ​គេ រួម​មាន​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) ធនាគារ​អភិវឌ្ឍន៍​អាល្លឺម៉ង់ (DEG) ធនាគារ​អភិវឌ្ឍន៍​ហូល្លង់ (FMO) និង​ធនាគារ​ឯកជន​ហូល្លង់ Stichting Triodos Doen និង Triodos Cusdody B.V ។ ដូច​កាល​ពី​មុន​ផង​ដែរ ការ​បន្ថែម​ដើម​ទុន ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​ការ​ចេញ​សិទ្ធិ​ចំនួន ២០​លាន​ភាគហ៊ុន​ថ្មី​បន្ថែម​ទៀត ដែល​មាន​តម្លៃ ១ដុល្លារ​ក្នុង​មួយ​សិទ្ធិ ហើយ​ត្រូវ​បាន​បន្ថែម​ដោយ​ភាគហ៊ុនិក​បច្ចុប្បន្ន​របស់​ខ្លួន ។

នេះ​ជា​លើក​ទី៤​ហើយ ដែល​ធនាគារ​អេស៊ីលីដា ភីអិលស៊ី បាន​បង្កើន​ដើម​ទុន​របស់​ខ្លួន ចាប់​តាំង​ពី​បាន​ចុះ​បញ្ជី​ជា​ធនាគារ​មក ។ នៅ​ក្នុង​ឆ្នាំ​២០០០ ធនាគារ​អេស៊ីលីដា ភីអិលស៊ី បាន​បង្កើន​ដើម​ទុន​ចំនួន ៤លាន​ដុល្លារ​អាមេរិក ដើម្បី​ក្លាយ​ខ្លួន​ជា​ធនាគារ​ឯកទេស ។ នៅ​ក្នុង​ឆ្នាំ​២០០៣ ដើម្បី​គាំទ្រ​ចំពោះ​កំណើន​ប្រតិបត្តិការ ធនាគារ​អេស៊ីលីដា ភីអិលស៊ី បាន​បង្កើន​ដើម​ទុន​របស់​ខ្លួន​រហូត​ដល់​ទៅ ១៣​លាន​ដុល្លារ​អាមេរិក តាម​រយៈ​ការ​ចេញ​សិទ្ធិ និង​បាន​ចុះ​បញ្ជី​សារ​ជា​ថ្មី ជា​ធនាគារ​ពាណិជ្ជ ដែល​មាន​ឈ្មោះ​ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី ។ នៅ​ក្នុង​ឆ្នាំ​២០០៦ ធនាគារ​បាន​បង្កើន​ដើម​ទុន​របស់​ខ្លួន​ជា​ថ្មី​ម្តង​ទៀត រហូត​ដល់​ទៅ ៣០​លាន​ដុល្លារ​អាមេរិក តាម​រយៈ​ការ​ចេញ​សិទ្ធិ ដើម្បី​គាំទ្រ​ចំពោះ​ការ​ពង្រីក​សាខា​របស់​ខ្លួន និង​ការ​សាង​សង់​បណ្តាញ​សេវាកម្ម​ធនាគារ​តាម​ប្រព័ន្ធ​អេឡិចត្រូនិច ខណៈ​ដែល​ការ​បន្ថែម​ចុង​ក្រោយ​នេះ អាច​ធ្វើឱ្យ​ធនាគារ​បន្តការ​រីក​លូត​លាស់​របស់​ខ្លួន ដើម្បី​សម្រេច​នូវ​គោល​ដៅ​យុទ្ធសាស្ត្រ​របស់​ធនាគារ ។ ធនាគារ​អេស៊ីលីដា មាន​​បទពិសោធន៍​ក្នុង​ការ​បង្កើន​ប្រាក់​ចំណេញ​សុទ្ធ​ក្រោយ​ពេល​បង់​ពន្ធ​រួច ពី ៤៧៥.០០០​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០០១ ទៅ​ដល់ ៦,៧​លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​ឆ្នាំ​២០០៦ និង​ត្រូវ​បាន​ប៉ាន់​ស្មាន​ថា នឹង​មាន​ការ​កើន​ឡើង​បន្ថែម​ទៀត នៅ​ពេល​ដែល​របាយការណ៍​ហិរញ្ញវត្ថុ​សម្រាប់​ឆ្នាំ​២០០៧ ត្រូវ​បាន​ធ្វើ​សវនកម្ម​រួច និង​ប្រកាស​ជា​សាធារណៈ ។ បន្ថែម​ពី​លើ​ការ​បន្ថែម​ដើមទុន​របស់​ភាគហ៊ុនិក ធនាគារ​បាន​បង្កើត​ទុន​បម្រុង​ទូទៅ​របស់​ខ្លួន ដោយ​រក្សា​ទុក ៦០%​នៃ​ប្រាក់​ចំណេញ​ក្រោយ​បង់​ពន្ធ​រួច ។ ធនាគារ​ក៏​បាន​រាយការណ៍​បញ្ជាក់​ផង​ដែរ​ថា ដើមទុន​បច្ចុប្បន្ន (Tier 1 និង Tier 2) នឹង​មាន​រហូត​ដល់ទៅ​ ៨៣,៥លាន​ដុល្លារ​អាមេរិក ។

លោក ជា សុខ ប្រធាន​ក្រុម​ប្រឹក្សាភិបាល​របស់​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ដែល​ជា​អតីត​ធនាគារិក​នៅ​ធនាគារ​កណ្តាល និង​ជា​អ្នក​សេដ្ឋកិច្ច បាន​រៀប​រាប់​ពី​មូលហេតុ ៣​សំខាន់​ដែល​ធ្វើឱ្យ​ធនាគារ​តែង​តែ​បង្កើន​នូវ​ដើម​ទុន​របស់​ខ្លួន ។ លោក​បាន​លើក​ឡើង​ថា មូលហេតុ​ទី១ គឺ​ដោយ​សារ​ធនាគារ​រីក​លូត​លាស់​យ៉ាង​ខ្លាំង​ជា​បន្តបន្ទាប់​នៅ​ក្នុង​អាជីវកម្ម​ក្នុង​ស្រុក​របស់​ខ្លួន តាម​រយៈ​ការ​ផ្តល់​ឥណទាន ហើយ​ទ្រព្យ​សកម្ម​សរុប​របស់​ធនាគារ​កំពុង​តែ​កើន​ឡើង​ប្រចាំ​ឆ្នាំ​ប្រមាណ ៥០% ។ មូលហេតុ​ទី២ គឺ​ដោយ​សារ​បរិស្ថាន​ហិរញ្ញវត្ថុ​ពុំ​មាន​ការវិវត្តិ គោលការណ៍​របស់​ធនាគារ គឺ​រក្សា​មូលដ្ឋាន​ដើមទុន​នៅ​ក្នុង​កម្រិត​មួយ​ខ្ពស់​ជាង​បញ្ញត្តិ​អនុបាត​សំខាន់ៗ ។ ប៉ុន្តែ​មូលហេតុ​ចម្បង​ដែល​សំខាន់​ជាង​គេ​បំផុត​នោះ គឺ​ដោយ​សារ​ធនាគារ​ត្រូវ​ការ​កសាង​នូវ​ទំនុក​ចិត្ត​ពី​សំណាក់​សាធារណជន ។ យើង​មាន​ភាគហ៊ុនិក​ដ៏​រឹងមាំ និង​មាន​បំណង​គាំទ្រ​ធនាគារ ដូច្នេះ​យើង​កំពុង​បង្កើត​នូវ​ជំនឿ​ទុក​ចិត្ត និង​បង្កើន​សមត្ថភាព​ការពារ​ប្រាក់​បញ្ញើ​សន្សំ​របស់​អតិថិជន​របស់​យើង ។

លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ​អេស៊ីលីដា ភីអិលស៊ី បាន​បន្ថែម​ថា ដូច​ដែល​យើង​បាន​ប្រកាស​ផ្សព្វផ្សាយ​កាល​ពី​សប្តាហ៍​មុន​ថា ធនាគារ​អេស៊ីលីដា នឹង​ធ្វើ​ការ​វិនិយោគ​នៅ​ធនាគារ​ថ្មី ក្នុង​ប្រទេស​ឡាវ ដែល​មាន​ឈ្មោះ​ថា ធនាគារ អេស៊ីលីដា ឡាវ "ACLEDA Bank Lao Ltd." នៅ​ក្នុង​ឆ្នាំ​នេះ ហើយ​ធនាគារ​មាន​គម្រោង​បើក​បណ្តាញ​សាខា​ចំនួន ៣​កន្លែង​ទៀត​នៅ​មុន​ចុង​ឆ្នាំ​២០០៨នេះ ។ នៅ​ក្នុង​ប្រទេស​កម្ពុជា ធនាគារ​អេស៊ីលីដា នឹង​បង្កើន​នូវ​បណ្តាញ​សេវាកម្ម​ដក​ប្រាក់​ស្វ័យ​ប្រវត្តិ អេធីអឹម (ATMs) រហូត​ដល់​ទៅ​៦២ និង​ដាក់​ពង្រាយ​ប្រព័ន្ធ​ទូទាត់​ប្រាក់​ស្វ័យ​ប្រវត្តិ POS ចំនួន ២.០០០គ្រឿង​បន្ថែម​ទៀត ។ បន្ថែម​ទៀត​នោះ លោក​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា យើង​មាន​គម្រោង​បើក ២៤សាខា និង​ការិយាល័យ​ថ្មី​បន្ថែម​នៅ​ក្នុង​ឆ្នាំ​នេះ ដែល​ធ្វើឱ្យ​បណ្តាញ​ប្រតិបត្តិការ​របស់​យើង​កើន​ឡើង​រហូត​ដល់ ២២៨​សាខា​និង​ការិយាល័យ ហើយ​ដែល​អាច​ផ្តល់​ការងារឱ្យ​កម្មករ​និយោជិត​លើ​ស​ពី ៥.៦០០នាក់ ។ យើង​ក៏​នាំ​មក​នូវ​ប្រព័ន្ធ​គ្រប់គ្រង​បច្ចេកវិជ្ជា​ព័ត៌មាន​បែប​ទំនើប ទាន់​សម័យ ដើម្បី​បំពេញ​ទៅ​តាម​ការ​រីកចម្រើន និង​គាំទ្រ​ចំពោះ​ការ​ពង្រីក​ប្រតិបត្តិការ​នៅ​ក្នុង​តំបន់​ផង​ដែរ ។


សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​តាមរយៈ ៖

លោកស្រី សូ ផនណារី នាយិកាប្រតិបត្តិទីផ្សារ
អ៊ីម៉ែល ៖

លោក ព្រំ វិសុទ្ធ នាយកប្រតិបត្តិនីតិកម្ម និង​ជាលេខា​ធិការ​ក្រុមហ៊ុន
អ៊ីម៉ែល ៖

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១៧៥ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖