navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextបុគ្គលិកធនាគារអេស៊ីលីដា ឡាវ មកចូលរួមវគ្គហ្វឹកហ្វឺននៅកម្ពុជា
បុគ្គលិកធនាគារ អេស៊ីលីដា ឡាវ មកចូលរួមវគ្គហ្វឹកហ្វឺននៅកម្ពុជា
ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០០៨
កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០០៨ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ គណៈប្រតិភូមួយក្រុម ដែលរួមមានអ្នកគ្រប់គ្រង និងបុគ្គលិករបស់ធនាគារអេស៊ីលីដា ឡាវ បានមកដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមវគ្គហ្វឹកហ្វឺន ដែលនឹងប្រព្រឹត្តិទៅនៅធនាគារអេស៊ីលីដានៅកម្ពុជា ។
លោក វ៉ាន់ សារឿន អគ្គនាយកធនាគារអេស៊ីលីដា ឡាវ បានមានប្រសាសន៍ថា មុនពេលបើកធនាគារអេស៊ីលីដានៅប្រទេសឡាវ ធនាគារអេស៊ីលីដា ភីអិលស៊ី ដែលមានការិយាល័យកណ្តាលនៅប្រទេសកម្ពុជា បានចុះធ្វើការសិក្សានៅប្រទេសឡាវតាំងពីឆ្នាំ២០០៦មកម្ល៉េះ និងបានទទួលច្បាប់អនុញ្ញាតពីរដ្ឋាភិបាលឡាវនៅឆ្នាំ២០០៧កន្លងមកនេះ ។ បច្ចុប្បន្នបុគ្គលិកធនាគារអេស៊ីលីដា ឡាវ ចំនួន៥៤នាក់ ត្រូវបានជ្រើសរើស និងធ្វើការបណ្តុះបណ្តាលនៅក្នុងប្រទេសឡាវផ្នែកទ្រឹស្តីរួចហើយ ។ ឥឡូវនេះយើងបានបញ្ជូនពួកគេឱ្យមកទទួលយកបទពិសោធន៍ជាក់ស្តែងនៅធនាគារអេស៊ីលីដា ក្នុងប្រទេសកម្ពុជា ដើម្បីងាយស្រួលក្នុងការចាប់ផ្តើមធ្វើប្រតិបត្តិការបន្ទាប់ពីបើកសម្ពោធធនាគារអេស៊ីលីដា ឡាវ នៅចុងខែឧសភានេះ ។
នៅក្នុងចំណោមបុគ្គលិកទាំង៥៤នាក់ មានភ្នាក់ងារឥណទាន១៦នាក់ បេឡាធិការ១១នាក់ គណនេយ្យករ១១នាក់ ផ្នែកទីផ្សារ៨នាក់ រដ្ឋបាល៥នាក់ ផ្នែកធនធានមនុស្ស២នាក់ និងសវនករផ្ទៃក្នុង១នាក់ ។ មុននឹងចូលបម្រើការងារតាមមុខងារតួនាទីរបស់ខ្លួននីមួយៗ បុគ្គលិកទាំងអស់ត្រូវបានឆ្លងកាត់នូវការហ្វឹកហ្វឺនទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង ដើម្បីធានាបានថា ពួកគេជាបុគ្គលិកដែលមានវិជ្ជាជីវៈច្បាស់លាស់ ប្រកបដោយសមត្ថភាពគ្រប់គ្រាន់ ដើម្បីផ្តល់នូវសេវាកម្មដែលមានគុណភាពខ្ពស់បំផុតជូនដល់អតិថិជនរបស់ខ្លួន ដែលស្របតាមទស្សនៈ និង បេសកកម្មរបស់ធនាគារអេស៊ីលីដា ។
លោក ថោង ចាន់តារា នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺន បានថ្លែងថា ចំពោះវគ្គហ្វឹកហ្វឺននេះចែកចេញជាពីរដំណាក់កាល គឺការរៀនទ្រឹស្តី ដែលមានរយៈពេល១៥ថ្ងៃ និងការអនុវត្តការងារជាក់ស្តែងមានរយៈពេល៣៥ថ្ងៃ នៅធនាគារអេស៊ីលីដា ក្នុងព្រះរាជាណាចក្រកម្ពុជា ។ ក្រោយពីបញ្ចប់វគ្គហ្វឹកហ្វឺន គណៈប្រតិភូនេះនឹងធ្វើមាតុភូមិនិវត្តន៍ទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវវិញ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០០៨ ដើម្បីត្រៀមខ្លួនសម្រាប់ការសម្ពោធធនាគារអេស៊ីលីដា ឡាវ ជាផ្លូវការក្នុងខែឧសភា ឆ្នាំ២០០៨ ខាងមុខនេះ ។
កញ្ញា វណ្ណ វីឡៃ ជាបុគ្គលិកធនាគារអេស៊ីលីដា ឡាវ ដែលបានមកចូលរួមវគ្គហ្វឹកហ្វឺននេះ បានសម្តែងនូវការរីករាយ និងបានសម្រេចចិត្តយ៉ាងត្រឹមត្រូវតាមសមត្ថភាពដែលកញ្ញាមាន ថាធនាគារអេស៊ីលីដា ជាធនាគារឈានមុខនៅកម្ពុជា ហើយកញ្ញាក៏សង្ឃឹមយ៉ាងមុតមាំដែរថា ធនាគារនេះនឹងឈានមុខគេនៅប្រទេសឡាវនាពេលអនាគតផងដែរ ។ កញ្ញានឹងខិតខំសិក្សាដកពិសោធន៍ការងារល្អៗពីកម្ពុជាទៅបម្រើអតិថិជននៅឡាវឱ្យទទួលបានជោគជ័យដូចនៅកម្ពុជាដែរ ។
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារអេស៊ីលីដា បានថ្លែងទៅកាន់ភ្នាក់ងារសារព័ត៌មានក្នុងស្រុកមួយកាលពីពេលថ្មីៗនេះថា នេះគឺជាមោទនភាពរបស់ប្រទេសកម្ពុជាដែលយើងបានពង្រីកបណ្តាញប្រតិបត្តិការទៅកាន់ប្រទេសឡាវ ដោយបង្កើតសាខាចំនួន៣ ។ យើងបានពង្រីកបណ្តាញប្រតិបត្តិការទៅក្រៅប្រទេសនេះ គឺដោយសារយើងបានទទួលជោគជ័យនៅក្នុងប្រទេសកម្ពុជារួចហើយ ។ ស្ថានភាពសេដ្ឋកិច្ច និងវប្បធម៌របស់ប្រទេសឡាវ គឺស្រដៀងគ្នានឹងប្រទេសកម្ពុជាដែរ ។ នៅពេលយើងសិក្សាស្រាវជ្រាវទៅ ប្រជាជននៅទីនោះបាននិយាយថា ពួកគាត់ត្រូវការសេវាហិរញ្ញវត្ថុ ដូចនេះយើងនឹងប្រើប្រាស់វិធីសាស្ត្រ និងគំរូពាណិជ្ជកម្មដែលទទួលបានជោគជ័យរួចហើយរបស់យើង នៅទីនោះដែរ ។
គួរបញ្ជាក់ថា ធនាគារអេស៊ីលីដា គឺជាធនាគារដែលមានបណ្តាញប្រតិបត្តិការធំជាងគេ ក្នុងព្រះរាជាណាចក្រកម្ពុជា មានការិយាល័យសាខារបស់ខ្លួនចំនួន ២០៤ការិយាល័យ នៅគ្រប់ខេត្ត-រាជធានី ដែលមានបុគ្គលិកចំនួន ៤.៨៨៨នាក់ (គិតត្រឹមថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០០៨) ហើយដែលកំពុងតែពង្រីកប្រតិបត្តិការរបស់ខ្លួនទៅក្រៅប្រទេសទៀតផង ។ ផ្នែកមួយដែលជំរុញធ្វើឱ្យធនាគារអេស៊ីលីដា មានការរីកចម្រើនយ៉ាងដូច្នេះ ដោយសារធនាគារមានធនធានមនុស្សល្អៗ ដែលមានសមត្ថភាពខ្ពស់ប្រកបដោយវិជ្ជាជីវៈច្បាស់លាស់ និងសីលធម៌ល្អ ដែលធ្វើឱ្យអតិថិជនពេញចិត្ត និងជឿជាក់កក់ក្តៅ ។