navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextMoody's បញ្ជាក់ពីចំណាត់ថ្នាក់របស់ធនាគារអេស៊ីលីដា
Moody's បញ្ជាក់ពីចំណាត់ថ្នាក់របស់ធនាគារអេស៊ីលីដា
ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០០៩
ភ្នំពេញ, ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០០៩ ៖ ភ្នាក់ងារវាយតម្លៃអន្តរជាតិ Moody's Investors Service បានបញ្ជាក់នៅថ្ងៃនេះថា ចំណាត់ថ្នាក់លើប្រាក់បញ្ញើរូបិយវត្ថុរបស់ធនាគារអេស៊ីលីដា ភីអិលស៊ី ទទួលបាន Ba1 ជាចំណាត់ថ្នាក់មានស្ថិរភាព ។
នៅក្នុងព្រឹត្តិបត្រចេញផ្សាយកាលពីខែកន្លងទៅ ដោយពិនិត្យមើលលើកម្រិតនៃការគាំទ្រជាលក្ខណៈប្រព័ន្ធរបស់ធនាគារជាតិនៃកម្ពុជា ដល់ធនាគារកម្ពុជា ដែលទំនងជាទទួលរងនូវវិបត្តិហិរញ្ញវត្ថុ Moody's Investors Service បានពិចារណាបន្ថយចំណាត់ថ្នាក់លើ ប្រាក់បញ្ញើរូបិយវត្ថុរយៈពេលវែងរបស់ធនាគារអេស៊ីលីដា ក្នុងពេលត្រួតពិនិត្យឡើងវិញរបស់ខ្លួន ។ សេចក្តីប្រកាសថ្ងៃនេះ Moody's Investors Service បានបញ្ជាក់ឡើងវិញថា ចំណាត់ថ្នាក់ទាំងអស់របស់ធនាគារអេស៊ីលីដា មិនត្រូវបានបន្ថយ មិនប្រែប្រួល និងពុំមានផលប៉ះពាល់ឡើយ ។
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារអេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា ៖ យើងមានសេចក្តីរីករាយក្រៃលែងជាមួយនឹងលទ្ធផលនេះ វាបានបង្ហាញថា ធនាគារអេស៊ីលីដា មានស្ថានភាពរឹងមាំ បន្ទាប់ពីត្រូវបានវិនិច្ឆ័យយ៉ាងហ្មត់ចត់ ហើយចំណាត់ថ្នាក់មិនត្រូវបានបន្ថយ ក្នុងខណៈដែលធនាគារផ្សេងទៀតជាច្រើននៅក្នុងពិភពលោក ត្រូវបានបន្ថយចំណាត់ថ្នាក់ ។ នៅក្នុងស្ថានភាពសេដ្ឋកិច្ចដ៏លំបាក ចំណាត់ថ្នាក់នេះ នឹងជំរុញលើកទឹកចិត្តដល់អតិថិជន សាធារណជន និងបុគ្គលិករបស់ធនាគារអេស៊ីលីដា ក្នុងការរក្សាសុវត្ថិភាព និងភាពរឹងមាំរបស់ធនាគារ ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ Moody's Investors Service បានបញ្ជាក់ថា ក្នុងអំឡុងពេលមានវិបត្តិសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្ន រដ្ឋាភិបាលកម្ពុជាបានអនុវត្តនូវវិធានការមួយចំនួន ដើម្បីធានានូវស្ថិរភាពប្រព័ន្ធធនាគារ ដោយបង្កើតឱ្យមាននូវកម្រិតបន្ទាត់ឥណទានសង្គ្រោះបន្ទាន់ចំនួន ១០០លានដុល្លារអាមេរិក សម្រាប់ធនាគារទាំងឡាយ ដែលត្រូវការសាច់ប្រាក់ងាយស្រួលបណ្តោះអាសន្ន ។ Moody's Investors Service បានសំអាងទៅលើតួនាទីភាគហ៊ុនិករបស់ធនាគារអេស៊ីលីដា ដែលផ្តោតការយកចិត្តទុកដាក់យូរអង្វែង និងបានជួយជ្រោមជ្រែងដល់ធនាគារអេស៊ីលីដា តាមរយៈការផ្តល់ឱ្យនូវដើមទុន និងហិរញ្ញប្បទានចាប់តាំងពីការកកើតធនាគារមក ដែលជាកត្តាយ៉ាងសំខាន់នៅក្នុងការវិនិច្ឆ័យផ្តល់ចំណាត់ថ្នាក់ ។ លោក អ៊ិន ចាន់នី បានមានប្រសាសន៍ថា នេះគឺជាការគាំទ្រមួយដ៏សំខាន់របស់ធនាគារជាតិនៃកម្ពុជា ព្រមទាំងសារៈសំខាន់ដែលធនាគារមានភាគហ៊ុនិកគាំទ្រដ៏រឹងមាំក្នុងការប្រឈមមុខនឹងបញ្ហាទាំងឡាយនៅក្នុងបរិយាកាសធនាគារពេលបច្ចុប្បន្ន ។
ព័ត៌មានសងេ្ខបអំពីធនាគារអេស៊ីលីដា ភីអិលស៊ី
ធនាគារអេស៊ីលីដា ភីអិលស៊ី គឺត្រូវបានបង្កើតឡើងក្រោមទម្រង់ជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិតស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ។ អេស៊ីលីដា ត្រូវបានបង្កើតឡើងដំបូងបំផុត នៅឆ្នាំ១៩៩៣ ក្នុងលក្ខណៈជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកមួយសម្រាប់អភិវឌ្ឍ និងផ្តល់ឥណទានដល់អាជីវកម្មខ្នាតតូចបំផុត និងខ្នាតតូច ។ នៅក្នុងឆ្នាំ២០០០ អេស៊ីលីដា បានកម្លាយខ្លួនជាធនាគារ ហើយចាប់ពីពេលនោះមក ទ្រព្យសកម្មសរុបរបស់ធនាគារ បានកើនឡើងពី ២២,៣លានដុល្លារអាមេរិក ដល់ ៦៩២,៩លានដុល្លារអាមេរិក នៅឆ្នាំ២០០៨ រីឯឥណទានបានកើនឡើងពី ១៦,៧លានដុល្លារអាមេរិក ដល់ ៤៥៧,៤លានដុល្លារអាមេរិក និងប្រាក់ចំណេញមុនពេលបង់ពន្ធ បានកើនឡើងពី ៣៩០.៣១៣ដុល្លារអាមេរិក ដល់ ២៤,៩លានដុល្លារអាមេរិក ។ ចំណែកភាគច្រើននៃភាគហ៊ុន ត្រូវបានកាន់កាប់ដោយភាគហ៊ុនិកជាខ្មែរ (រួមទាំងបុគ្គលិកធនាគារ) និងគ្រប់គ្រងដោយជនជាតិខ្មែរ ។ បច្ចុប្បន្ន ធនាគារអេស៊ីលីដា មានបុគ្គលិកចំនួនច្រើនជាង ៦.៩០១នាក់ បម្រើការនៅក្នុងការិយាល័យចំនួន ២២៩ការិយាល័យ ដែលជាធនាគារមានបណ្តាញប្រតិបត្តិការធំលើសគេ និងទទួលបានចំណែកទីផ្សារប្រាក់បញ្ញើ-សន្សំលើសពី២០ភាគរយ ក្នុងចំណោមធនាគារចំនួន២៦ ។ នៅក្នុងឆ្នាំ២០០៨ ធនាគារអេស៊ីលីដា បានបើកប្រតិបត្តិការបន្ថែម នៅក្នុងប្រទេសឡាវ ។
ភាគហ៊ុនិកបរទេសរបស់ធនាគារ អេស៊ីលីដា រួមមានដូចជា ៖ IFC (ផ្នែកមួយនៃធនាគារពិភពលោក), DEG (ផ្នែកមួយនៃKfW), FMO (ប្រទេសហុល្លង់ដ៍) , Triodos-Doen Foundation, Triodos Fair Share Fund (ប្រទេសហុល្លង់ដ៍) ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈ ៖
លោកស្រី សូ ផនណារី អនុប្រធាននាយកប្រតិបត្តិ និងជាប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការ
អ៊ីម៉ែល ៖
លោក ព្រំ វិសុទ្ធ នាយកប្រតិបត្តិនីតិកម្ម និងជាលេខាធិការក្រុមហ៊ុន
អ៊ីម៉ែល ៖