www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ជ្រើសរើស​ធនាគារ​អេស៊ីលីដា ជា​ដៃ​គូ

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ជ្រើសរើស​ធនាគារ​អេស៊ីលីដា ជា​ដៃគូ
ឱ្យ​អគ្គនាយកដ្ឋាន​រតនាគារជាតិ ក្នុង​ការ​ប្រើប្រាស់​សេវាកម្ម​ធនាគារ សម្រាប់​ប្រតិបត្តិការ​ចំណូល-ចំណាយ​ថវិកា​ជាតិ

ថ្ងៃ​ទី២២ ខែមិថុនា ឆ្នាំ២០០៩

ពិធី​ចុះ​ហត្ថលេខា​រវាង​ធនាគារ​អេស៊ីលីដា និង​អគ្គនាយកដ្ឋាន​រតនាគារជាតិ
ពិធី​ចុះ​ហត្ថលេខា​រវាង​ធនាគារ​អេស៊ីលីដា និង​អគ្គនាយកដ្ឋាន​រតនាគារជាតិ

រាជធានីភ្នំពេញ, ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០០៩ ៖ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ប្រកាស​ជា​សាធារណៈ នា​ថ្ងៃ​នេះ នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា រវាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ស្តី​ពី​ការ​អនុវត្ត​សាកល្បង​ក្នុង​ការ​ប្រើ​ប្រាស់​សេវាកម្ម​ធនាគារ​ពាណិជ្ជ សម្រាប់​ប្រតិបត្តិការ​ចំណូល-ចំណាយ​ថវិកា​ជាតិ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម គាត ឈន់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។

កម្មវិធី​កំណែ​ទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ គឺ​ជា​សមាសធាតុ​មួយ​ដ៏​សំខាន់​នៅ​ក្នុង​ស្នូល​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជ​រដ្ឋាភិបាល ដែល​មាន​គោលដៅ​កសាង​ប្រព័ន្ធ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​មួយ ឆ្ពោះ​ទៅ​រក​ស្តង់ដារ​អន្តរជាតិ ។ បច្ចុប្បន្ន​នេះ រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​និង​កំពុង​អនុវត្ត​ផែនការ​សកម្មភាព​ជំហាន​ទី២ នៃ​កំណែ​ទម្រង់ ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ក្នុង​គោល​បំណង​បង្កើន​គណនេយ្យភាព​ហិរញ្ញវត្ថុ និង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ជាពិសេស​ការ​គ្រប់គ្រង​ចំណូល-ចំណាយ​ថវិកា​ជាតិ ។

ឯកឧត្តម បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី រដ្ឋ​លេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ​ដឹក​នាំ​ការងារ​កំណែ​ទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ មាន​ប្រសាសន៍​ថា  "ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ជ្រើសរើស​យក ធនាគារ​អេស៊ីលីដា ភីអិលស៊ី  ធ្វើ​ជា​ដៃ​គូ​ក្នុង​ការ​ផ្តល់​សេវាកម្ម​ធនាគារ សម្រាប់​ប្រតិបត្តិការ​ចំណូល-ចំណាយ​ថវិកា​ជាតិ ដើម្បី​អនុវត្ត​សាកល្បង​នៅ​ខេត្ត​ពីរ គឺ​ខេត្ត​កណ្តាល និង​ខេត្ត​បន្ទាយ​មានជ័យ ។ ការ​ជ្រើសរើស​យក​ធនាគារ​អេស៊ីលីដា ធ្វើ​ជា​ដៃ​គូ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដោយសារ​ធនាគារ​នេះ មាន​បណ្តាញ​សាខា​ច្រើន​ភ្ជាប់​ទំនាក់​ទំនង​គ្នា​ដោយ​ប្រព័ន្ធ​ទំនើប​ជឿនលឿន និង​រៀបចំ​បាន​ល្អ​នៅ​ក្នុង​ប្រទេស ព្រមទាំង​មាន​បទពិសោធន៍​ខ្ពស់​នៃ​កិច្ច​ប្រតិបត្តិការ​ចំណូល-ចំណាយ ។ នៅ​ពេល​ដែល​ការ​អនុវត្ត​សាកល្បង​នេះ ទទួល​បាន​ជោគជ័យ នោះ​យើង​នឹង​ពង្រីក វិសាលភាព​ដល់​ខេត្ត​មួយ​ចំនួន​ទៀត ហើយ​អាច​នឹង​ឈាន​ដល់​ការ​អនុវត្ត​ព្រមៗ​គ្នា​នៅ​ទូទាំង​ប្រទេស ។ ការ​ប្រើប្រាស់​ប្រព័ន្ធ​ធនាគារ​ពាណិជ្ជ ដើម្បី​គ្រប់គ្រង​ប្រតិបត្តិការ​ចំណូល-ចំណាយ​ថវិកា​ជាតិ គឺ​ដើម្បី​បង្កើន​គណនេយ្យភាព​ហិរញ្ញវត្ថុ និង​បង្កើន​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈឱ្យ​មាន​ប្រសិទ្ធភាព ជាពិសេស​ទាក់ទង​ទៅនឹង​ប្រតិបត្តិការ​ចំណូល-ចំណាយ​ថវិកា​ជាតិ ដែល​ជា​កត្តា​ដ៏​សំខាន់ ដើម្បី​ពង្រឹង​គណនី​ទោល​របស់​រតនាគារ និង​ការ​គ្រប់គ្រង​សាច់ប្រាក់ ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ។"

លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ​អេស៊ីលីដា ភីអិលស៊ី បាន​មាន​ប្រសាសន៍​ថា "នេះ​គឺ​ជា​ជំហាន​មួយ​ដ៏​ធំ​នៃ​វឌ្ឍនភាព​នៃ​កម្មវិធី​កំណែ​ទម្រង់​ការ​គ្រប់គ្រង​កិច្ច​ហិរញ្ញវត្ថុ​សាធារណៈ​របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ធនាគារ​អេស៊ីលីដា ភីអិលស៊ី មាន​បទពិសោធន៍​ច្រើន មាន​អភិបាលកិច្ច​ល្អ មាន​ធនធាន​មនុស្ស និង​ធនធាន​ហិរញ្ញវត្ថុ​គ្រប់គ្រាន់ មាន​ប្រព័ន្ធ​ការពារ​ហានិភ័យ​ដ៏​ប្រសើរ​បំផុត និង​បាន​ទទួល​ចំណាត់​ថ្នាក់​ជា​ធនាគារ​មាន​ស្ថិរភាព​ពី​ស្ថាប័ន​ធ្វើ​ចំណាត់​ថ្នាក់​អន្តរជាតិ ព្រម​ទាំង​មាន​ការ​ធានា​រ៉ាប់រង​លើ​ទ្រព្យ​សម្បត្តិ​របស់​ធនាគារ​អេស៊ីលីដា និង​អតិថិជន​របស់​ធនាគារ​អេស៊ីលីដា ហើយ​ធនាគារ​អេស៊ីលីដា ក៏​មាន​សេវា​បម្រើ​ជូន​អតិថិជន ២៤ម៉ោង លើ ២៤ម៉ោង និង៧ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ដើម្បី​ដោះស្រាយ​បញ្ហា​ជូន​អតិថិជន​របស់​ខ្លួន ។ អ្វីៗ​ដែល​បាន​រៀបរាប់​ខាង​លើ គឺ​បាន​ឆ្លុះ​បញ្ចាំងឱ្យ​ឃើញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​របស់​ធនាគារ ក្នុង​ការ​បម្រើ ការពារ និង​រក្សា​សុវត្ថិភាព​លើ​ទ្រព្យ​សម្បត្តិ​អតិថិជន​របស់​ធនាគារ​អេស៊ីលីដា ។"


សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​តាម​រយៈ ៖

ឯកឧត្តម ហ៊ីវ សុវណ្ណ អគ្គ​នាយក​រង​នៃ​អគ្គ​នាយកដ្ឋាន​រតនាគារ​ជាតិ

បណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុធ អគ្គ​នាយក​រង​នៃ​អគ្គ​នាយកដ្ឋាន​រតនាគារ​ជាតិ

លោក មាស ប៊ុនថុន អគ្គ​នាយក​រង​នៃ​អគ្គ​នាយកដ្ឋាន​រតនាគារ​ជាតិ
អ៊ីម៉ែល ៖

លោកស្រី សូ ផនណារី អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​ប្រធាន​នាយិកា​ប្រតិបត្តិ​ប្រតិបត្តិការ
ធនាគារ អេស៊ីលីដា ភីអិលស៊ី
អ៊ីម៉ែល ៖

លោក ព្រំ វិសុទ្ធ នាយក​ប្រតិបត្តិ​នីតិកម្ម និង​ជា​លេខាធិការ​ក្រុមហ៊ុន
ធនាគារ អេស៊ីលីដា ភីអិលស៊ី
អ៊ីម៉ែល ៖

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១១២ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖