navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextពិធីសម្ពោធអគារថ្មី ការិយាល័យសាខាខេត្តកំពត-កែប
ពិធីសម្ពោធអគារថ្មី ការិយាល័យសាខាខេត្តកំពត-កែប
ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០០៩
នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០០៩ ធនាគារអេស៊ីលីដា សាខាខេត្តកំពត-កែប ដែលមានទីតាំងស្ថិតនៅផ្លូវឯករាជ្យ ភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត ប្រារព្ធពិធីសម្ពោធជាផ្លូវការដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីក្នុងឱកាសនោះមាន ឯកឧត្តមអភិបាលខេត្តកំពត ឯកឧត្តមអភិបាលរងខេត្តកែប ឯកឧត្តម-លោកជំទាវ រដ្ឋអំណាចមូលដ្ឋានគ្រប់លំដាប់ថ្នាក់ លោកប្រធានក្រុមប្រឹក្សាភិបាលនិងក្រុមប្រឹក្សាភិបាលធនាគារអេស៊ីលីដា លោកប្រធាននាយកប្រតិបត្តិនិងនាយក-នាយិកាធនាគារអេស៊ីលីដា និង ភ្ញៀវកិត្តិយសជាច្រើនទៀត ។
លោកស្រី សោម សំបូរ នាយិកាធនាគារអេស៊ីលីដា សាខាខេត្តកំពត-កែប មានប្រសាសន៍ថា "គិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០០៩ សាខាខេត្តកំពត-កែប មានបុគ្គលិកចំនួន ១៣៣នាក់កំពុងបម្រើការងារ និងមានទ្រព្យសកម្មសរុបចំនួនជិត ១០លានដុល្លារអាមេរិក ។ សមតុល្យឥណទានមានចំនួនជាង ៩លានដុល្លារអាមេរិក ដែលមានអតិថិជនជាង ៩,៣ពាន់នាក់កំពុងប្រើប្រាស់ ។ សមតុល្យប្រាក់បញ្ញើ-សន្សំចំនួនជាង ៨,៥លានដុល្លារអាមេរិក មានអតិថិជនចំនួនជាង ១,១ម៉ឺននាក់កំពុងដាក់ប្រាក់បញ្ញើ-សន្សំ និងមានអតិថិជនជាច្រើននាក់ទៀត បាននិងកំពុងប្រើប្រាស់សេវាផ្សេងៗទៀត " ។
លោកស្រីបានបន្ថែមទៀតថា "សាខាខេត្តកំពត-កែប បានប្តូរទីតាំងមកអគារការិយាល័យថ្មី ដែលសាងសង់ឡើងតាមស្តង់ដារធនាគារពាណិជ្ជ ។ អគារនេះមានកម្ពស់៣ជាន់ និងមានផ្ទៃក្រឡាសម្រាប់បំពេញការងារ និងបម្រើអតិថិជនធំទូលាយប្រកបដោយផាសុកភាព និងសុវត្ថិភាពខ្ពស់ និងស្ថិតនៅជិតអតិថិជន" ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាលខេត្តកំពត បានមានប្រសាសន៍ថា "ការិយាល័យថ្មី សាខាខេត្តកំពត-កែប បានរៀបចំឡើងស្របពេលដែលសេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសខេត្តកំពត និងខេត្តកែប កំពុងមានការរីកចម្រើន មានស្ថិរភាព និងកំណើនលើសពីការរំពឹងទុកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ ការអភិវឌ្ឍរបស់ធនាគារអេស៊ីលីដា សាខាខេត្តកំពត-កែប ជាសក្ខីកម្មដែលបញ្ជាក់ពីការរីកចម្រើន ភាពរឹងមាំ និងថែមទាំងបានបង្ហាញពីការចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងខេត្តកំពត និងខេត្តកែប" ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាលខេត្តកំពត បានមានប្រសាសន៍ថា "ការិយាល័យថ្មី សាខាខេត្តកំពត-កែប បានរៀបចំឡើងស្របពេលដែលសេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសខេត្តកំពត និងខេត្តកែប កំពុងមានការរីកចម្រើន មានស្ថិរភាព និងកំណើនលើសពីការរំពឹងទុកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ ការអភិវឌ្ឍរបស់ធនាគារអេស៊ីលីដា សាខាខេត្តកំពង-កែប ជាសក្ខីកម្មដែលបញ្ជាក់ពីការរីកចម្រើន ភាពរឹងមាំ និងថែមទាំងបានបង្ហាញពីការចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងខេត្តកំពត និងខេត្តកែប" ។
ឯកឧត្តមបានបន្តទៀតថា "ឆ្លៀតឱកាសនេះ ក្នុងនាមរូបខ្ញុំផ្ទាល់តំណាងឱ្យអាជ្ញាធរខេត្តកំពត ខ្ញុំសូមសំដែងនូវការអបអរសាទរ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំធនាគារអេស៊ីលីដា ជាពិសេសថ្នាក់ដឹកនាំធនាគារអេស៊ីលីដា សាខាខេត្តកំពត-កែប និងសូមគាំទ្រយ៉ាងពេញទំហឹង និងស្វាគមន៍ដំណើរការវិវឌ្ឍរបស់ធនាគារអេស៊ីលីដា សាខាខេត្តកំពត-កែប ដែលក្នុងរយៈពេលកន្លងទៅបានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាពលរដ្ឋ និងពាណិជ្ជករក្នុងខេត្តកំពត និងខេត្តកែបទាំងមូល" ។
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារអេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍នៅក្នុងឱកាសនោះផងដែរថា លោកមានមោទនភាពយ៉ាងខ្លាំងចំពោះសំណង់អគារការិយាល័យថ្មីនេះ ដែលបានសាងសង់តាមស្តង់ដាររបស់ធនាគារ ស្របតាមយុទ្ធសាស្ត្រយូរអង្វែងរបស់យើង ។ លោកបានបន្តទៀតថា ធនាគារអេស៊ីលីដានឹងរៀបចំឱ្យមានអគារការិយាល័យស្តង់ដារបែបនេះទាំងអស់ ដើម្បីទទួលបម្រើអតិថិជនទាំងវិស័យឯកជន និងសាធារណៈ ហើយដែលថ្មីៗនេះ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០០៩ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយធនាគារអេស៊ីលីដា ដោយជ្រើសរើសធនាគារអេស៊ីលីដាធ្វើជាដៃគូឱ្យអគ្គនាយកដ្ឋាននៃរតនាគារជាតិ ក្នុងការប្រើប្រាស់សេវាកម្មធនាគារសម្រាប់ប្រតិបត្តិការចំណូល-ចំណាយថវិការជាតិ អនុវត្តសាកល្បងដំបូងនៅខេត្តកណ្តាល និងបន្ទាយមានជ័យ ហើយនឹងបន្តពង្រីកវិសាលភាពដល់បណ្តាខេត្ត-រាជធានីមួយចំនួនទៀតទូទាំងព្រះរាជាណាចក្រកម្ពុជា ។