navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextពិធីសម្ពោធការិយាល័យថ្មី ធនាគារ អេស៊ីលីដា ឡាវ សាខាវៀងច័ន្ទ
ពិធីសម្ពោធការិយាល័យថ្មី ធនាគារ អេស៊ីលីដា ឡាវ សាខាវៀងច័ន្ទ
ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០០៩
រដ្ឋធានីវៀងច័ន្ទ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០០៩ ធនាគារ អេស៊ីលីដា ឡាវ បានប្រារព្ធពិធីសម្ពោធការិយាល័យថ្មីជាផ្លូវការ ស្ថិតនៅអគារលេខ០៩១ ផ្លូវណងបន ក្រុម០៦ ភូមិណងច័ន្ទ ខណ្ឌស៊ីសាត់តាក់ណាក រដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមទេសាភិបាលរងនៃធនាគារសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោកជំទាវទេសាភិបាលរងនៃធនាគារជាតិនៃកម្ពុជា លោកប្រធាន អនុប្រធាននិងសមាជិកក្រុមប្រឹក្សាភិបាលធនាគារអេស៊ីលីដាភីអិលស៊ីនិងធនាគារអេស៊ីលីដាឡាវ លោកប្រធាននាយកប្រតិបត្តិនិងនាយក-នាយិកាធនាគារអេស៊ីលីដាភីអិលស៊ី អគ្គនាយកនិងថ្នាក់គ្រប់គ្រងធនាគារអេស៊ីលីដាឡាវ ព្រមទាំងមានការអញ្ជើញចូលរួមយ៉ាងច្រើនពីភ្ញៀវកិត្តិយសជាច្រើនរូបទៀត ។
នៅក្នុងឱកាសពិធីសម្ពោធនោះ លោក តូច ង៉ាមយូរ៉ា នាយកសាខាវៀងច័ន្ទ បានមានប្រសាសន៍ថា សាខាវៀងច័ន្ទគឺជាការិយាល័យមួយក្នុងចំណោមការិយាល័យទាំង៨ របស់ធនាគារអេស៊ីលីដា ឡាវ និងបានទទួលអាជ្ញាប័ណ្ណពីធនាគារសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០០៩ អនុញ្ញាតឱ្យធ្វើប្រតិបត្តិការជាធនាគារពាណិជ្ជ ។ បច្ចុប្បន្ននេះធនាគារអេស៊ីលីដា ឡាវ សាខាវៀងច័ន្ទ មានបុគ្គលិកចំនួន ២៥នាក់ ក្នុងនោះមានស្ត្រី១៦នាក់ បម្រើការងារនៅក្នុងសាខាវៀងច័ន្ទ ដែលកំពុងបម្រីជូននូវសេវាធនាគារជាច្រើនដូចជា សេវាឥណទាន សេវាប្រាក់បញ្ញើ-សន្សំ សេវាផេ្ទរប្រាក់ សេវាចាត់ចែងសាច់ប្រាក់ និងសេវាហិរញ្ញប្បទានពាណិជ្ជកម្ម ។
នៅក្នុងឱកាសដ៏ឱឡារិកនោះ លោក ផន ណារិន អគ្គនាយកធនាគារអេស៊ីលីដា ឡាវ បានមានប្រសាសន៍ថា នេះគឺជាព្រឹត្តិការណ៍អស្ចារ្យទី៤ហើយ សម្រាប់ធនាគារអេស៊ីលីដា ឡាវ និងបានក្លាយជាការិយាល័យទី២៣៧ ដោយរាប់បញ្ចូលទាំងការិយាល័យធនាគារអេស៊ីលីដា ភីអិលស៊ី ។ លោកមានជំនឿយ៉ាងមុតមាំថា ធនាគារអេស៊ីលីដា ឡាវ នឹងពង្រីកការិយាល័យគ្របដណ្តប់គ្រប់ខេត្ត-រាជធានីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាពេលអនាគត ។ លោកបានបន្ថែមថា បច្ចុប្បន្នធនាគារអេស៊ីលីដា ឡាវ មានអតិថិជនចំនួន ៥.០០០នាក់ ហើយគ្រប់ផលិតផលនិងសេវាកម្មរបស់ធនាគារអេស៊ីលីដា ឡាវ ទាំងអស់មានការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងឆមាសទី១នៃឆ្នាំ២០០៩ គឺសេវាឥណទានបានកើនឡើង ២៣៣,៣៣% និងសេវាបញ្ញើ-សន្សំកើន ១៣៧,២១% បើប្រៀបធៀបទៅនឹងចុងឆ្នាំ២០០៨ ។
លោកមានប្រសាស៍បន្ថែមទៀតថា "ពិធីសម្ពោធសាខាវៀងច័ន្ទថ្ងៃនេះ គឺជាជំហានថ្មីមួយទៀតក្នុងការឈានឆ្ពោះទៅរកការពង្រីកបណ្តាញសាខាគ្រប់ខេត្ត-រាជធានី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាពេលអនាគត" ។
លោកជំទាវ អ៊ុក ម៉ាលី ជាទេសាភិបាលរងនៃធនាគារជាតិនៃកម្ពុជា បានលើកឡើងដោយមោទនភាពថា ក្នុងរយៈពេលប្រហែលមួយឆ្នាំប៉ុណ្ណោះ ធនាគារអេស៊ីលីដា ឡាវ បានពង្រីកសាខាដល់ទៅបីសាខា គឺសាខាសាក់វណ្ណខេត សាខាចំប៉ាសាក់ និងសាខាវៀងច័ន្ទ ដែលបើកសម្ពោធនៅថ្ងៃនេះ រួមទាំងប៉ុស្តិ៍សេវាចំនួន៤ទៀត ដោយមានបុគ្គលិកទាំងអស់ចំនួន ១៧៥នាក់ និងទទួលបានភាពជោគជ័យដ៏អស្ចារ្យនេះ ។ លោកជំទាវក៏បានសំដែងសេចក្តីអបអរសាទរផងដែរ "ចំពោះគំនិតផ្តួចផ្តើមដ៏ជោគជ័យក្នុងការបង្កើតបណ្តាញប្រតិបត្តិការរបស់ខ្លួនទូទាំងប្រទេសកម្ពុជា និងឥឡូវបានពង្រីកមកដល់ប្រទេសជិតខាងរបស់យើង ដែលផ្តល់នូវអត្ថប្រយោជន៍ដល់អ្នកវិនិយោគ និងប្រជាជនទាំងឡាយ ហើយចូលរួមការអភិវឌ្ឍវិស័យធនាគារ និងហិរញ្ញវត្ថុសម្រាប់ប្រទេសទាំងពីរ" ។
ឯកឧត្តម Bounsong SOMMALAVONG ទេសាភិបាលរងនៃធនាគារសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ មានប្រសាសន៍ថា ការពង្រីកប្រព័ន្ធប្រតិបត្តិការនៅទីនេះ នឹងផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់ប្រជាជន និងពាណិជ្ជករនៅរដ្ឋធានីវៀងច័ន្ទ និងទទួលបាននូវប្រភពហិរញ្ញវត្ថុ និងសេវាកម្មហិរញ្ញវត្ថុផ្សេងៗទៀតដែលជាធាតុដ៏សំខាន់ក្នុងការបង្កើតការងារ និងបង្កើនចំណូល ព្រមទាំងអភិវឌ្ឍសេដ្ឋកិច្ច និងធ្វើឱ្យកម្រិតជីវភាពរស់នៅរបស់ប្រជាជននៅទីក្រុងវៀងច័ន្ទមានលក្ខណៈប្រសើរឡើង ។
លោកក៏មានប្រសាសន៍បន្ថែមផងដែរថា "ធនាគារនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ត្រូវការយ៉ាងខ្លាំងនូវភ្នាក់ងារធនាគារប្រកបដោយជំនាញខាងពាណិជ្ជកម្ម អ្នកឯកទេសខាងធនាគារ ដែលមិនត្រឹមតែដឹងអំពីវិធីស្វែងរកប្រាក់សន្សំ និងផ្តល់ឥណទានដល់អតិថិជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដឹងពីរបៀបគ្រប់គ្រងហានិភ័យផងដែរ" ៕