www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextការ​ដាក់ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​នូវ​សេវាអេស៊ីលីដា​យូនីធី

ការ​ដាក់ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​នូវ​សេវា "អេស៊ីលីដា​យូនីធី"

ថ្ងៃ​​ទី​១៦ ខែ​កក្កដា ឆ្នាំ​​២០១០

លោក អ៊ិន ចាន់នី កំពុង​សំណេះ​សំណាល​ជា​មួយ​ភ្ញៀវ​កិត្តិយស
លោក អ៊ិន ចាន់នី កំពុង​សំណេះ​សំណាល​ជា​មួយ​ភ្ញៀវ​កិត្តិយស

រាជធានី​ភ្នំពេញ, ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០១០ ៖ ធនាគារ​អេស៊ីលីដា បាន​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ​ថា ធនាគារ​នឹង​ចាប់ផ្តើម​បម្រើ​ជូន​អតិថិជន និង​សាធារណជន​នូវ​សេវា​ធនាគារ​តាមរយៈ​ទូរស័ព្ទ​ចល័ត​ថ្មី​របស់​ខ្លួន​គឺ "អេស៊ីលីដា​យូនីធី" ។ អេស៊ីលីដា​យូនីធី គឺ​ជា​ធនាគារ​ពិត​ជាក់ស្តែង​នៅ​ក្នុង​ហោប៉ៅ​របស់​លោក​អ្នក ផ្តល់​ជូន​នូវ​មធ្យោបាយ​ងាយ​បំផុត និង​សុវត្ថិភាព​សម្រាប់​ការ​គ្រប់គ្រង​ចាត់ចែង​លើ​ប្រតិបត្តិការ​ធនាគារ​ប្រចាំ​ថ្ងៃ គ្រប់​ពេល​វេលា និង​គ្រប់​ទី​កន្លែង ។ សេវា​នេះ​ប្រើប្រាស់​បាន​ទាំង​ពីរ​ភាសា គឺ​ភាសា​ខ្មែរ និង​អង់គ្លេស អាច​ធ្វើ​ប្រតិបត្តិការ​ជា​ប្រាក់​រៀល ប្រាក់​ដុល្លារ​អាមេរិក ប្រាក់​បាត​ថៃ និង​ រូបិយ​ប័ណ្ណ​ដទៃ​ទៀត ។

លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ បាន​មាន​ប្រសាសន៍​ថា "គោល​បំណង​របស់​យើង​គឺ​ផ្តល់​មធ្យោបាយ​ថ្មី និង​ទំនើប​ទាន់​សម័យ​បំផុត​សម្រាប់​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ទៅ​ដល់​សហគមន៍​ទាំងមូល"។ លោក​បាន​បញ្ជាក់​ថា "អេស៊ីលីដា​យូនីធី អាច​ប្រើប្រាស់​ជាមួយ​គ្រប់​បណ្តាញ​ប្រព័ន្ធ​ទូរស័ព្ទ​ចល័ត និង​ម៉ាស៊ីន​ទូរស័ព្ទ​គ្រប់​ប្រភេទ ។ អេស៊ីលីដា​យូនីធី ប្រមូល​ផ្តុំ​សេវា​ហិរញ្ញវត្ថុ​ទាំងមូល​នៅ​ក្រោម​ប្រព័ន្ធ​តែ​មួយ សម្រួល​ក្នុង​ការ​ធ្វើ​ប្រតិបត្តិ​សេវា​ធនាគារ​ប្រចាំ​ថ្ងៃ តាមរយៈ​ទូស័ព្ទ​ចល័ត​គ្រប់​ប្រភេទ គ្រប់​ទី​កន្លែង គ្រប់​ពេល​វេលា​នៅ​ក្នុង​ប្រទេស និង​អាច​ប្រើ​ប្រាស់​បាន​ទូទាំង​ពិភពលោក សម្រាប់​អតិថិជន​ទាំងឡាយ​ដែល​បាន​ភ្ជាប់​ប្រព័ន្ធ Global Roaming" ។

លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី
លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី

អេស៊ីលីដា​យូនីធី ជា​ប្រព័ន្ធ​ដែល​មាន​សុវត្ថិភាព​ខ្ពស់ អតិថិជន​អាច​ធ្វើ​ប្រតិបត្តិការ ២៤​ម៉ោង​ក្នុង​មួយថ្ងៃ និង​៧​ថ្ងៃ ក្នុង​មួយ​សប្តាហ៍ ។ អេស៊ីលីដា​យូនីធី ផ្តល់​ជូន​នូវ​ជម្រើស​ក្នុង​ការ​ប្រើប្រាស់​តាមរយៈ​ការ​ផ្ញើ​សារ (SMS), Mobile Browser/WAP ឬ Application ទៅ​តាម​តម្រូវការ​របស់​អតិថិជន ។ អតិថិជន​អាច​ពិនិត្យ​មើល​សមតុល្យ​គណនី ពិនិត្យ​របាយការណ៍​សង្ខេប​របស់​ខ្លួន ផ្ទេរ​ប្រាក់​រវាង​គណនី​របស់​ខ្លួន ផ្ទេរ​ប្រាក់​ទៅ​អតិថិជន​ផ្សេង​ទៀត បង់​ប្រាក់​តាម​វិក្កយបត្រ (បង់​ប្រាក់​ចំពោះ​ការ​ប្រើ​ប្រាស់​ផ្សេងៗ​តាម​វិក្កយ​បត្រ និង​គណនី​ផ្សេង​ទៀត) និង​ការ​បញ្ចូល​ទឹក​ប្រាក់​ក្នុង​ទូរស័ព្ទ ។ សេវា​កម្ម​ផ្សេងៗ​នឹង​បំពាក់​បន្ថែម​ទៀត​នៅ​ពេល​អនាគត នៅ​ពេល​ដែល​មាន​តម្រូវការ​ពី​អតិថិជន ។

អេស៊ីលីដា ជា​ធនាគារ​ដែល​មាន​ការ​លូត​លាស់​រហ័ស នៅ​ក្នុង​ប្រទេស​ដែល​កំពុង​អភិវឌ្ឍ​សេដ្ឋកិច្ច​លឿន​ទៅ​មុខ យើង​បន្ត​ផ្តល់​នូវ​មធ្យោបាយ​ទាន់​សម័យ ដើម្បី​បម្រើ​សេវា​ធនាគារ​តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដែល​មាន​លក្ខណៈ​រួម​ពេញ​លេញ​មួយ ។ លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ​អេស៊ីលីដា បាន​មាន​ប្រសាសន៍​ថា "សេវា​ធនាគារ​តាម​រយៈ​ទូរស័ព្ទ​ចល័ត​របស់​យើង ធានា​សុវត្ថិ​ភាព​ខ្ពស់​សម្រាប់​អតិថិជន​ទូទៅ សម​ដូច​ឈ្មោះ ធនាគារ​អេស៊ីលីដា ដែល​លោក​អ្នក​ជឿ​ទុក​ចិត្ត" ។ សូម​បញ្ជាក់​ថា សេវា​អេស៊ីលីដា​យូនីធី គឺ​ជា​សេវា​ដែល​ផ្លោះ​ជំហាន​ទៅ​មុខ មុន​សេវា​ទំនើប​នានា​របស់​ធនាគារ​បច្ចុប្បន្ន ។

អំពី​ធនាគារ​អេស៊ីលីដា

ធនាគារ​អេស៊ីលីដា គឺ​ជា​ធនាគារ​ខ្មែរ​ឈាន​មុខ​គេ ដែល​មាន​បណ្តាញ​សាខា និង​ការិយាល័យ​ធំ​ជាង​គេ​បំផុត ។ ធនាគារ​អេស៊ីលីដា បាន​បម្រើ​សេវា​ហិរញ្ញ​វត្ថុ​ក្នុង​ស្រុក​អស់​រយៈ​ពេល​ជាង ១៧​ឆ្នាំ​កន្លង​មក​ហើយ ។ នៅ​ដំណាច់​ខែ​មិថុនា ឆ្នាំ​២០១០ ធនាគារ​អេស៊ីលីដា មាន​សមតុល្យ​ឥណទាន​សរុប​ចំនួន ៦១៥​លាន​ដុល្លារ ដែល​មាន​អតិថិជន​សកម្ម​សរុប​ចំនួន ២៥៨,០៦៤​នាក់ និង​មាន​សមតុល្យ​ប្រាក់​បញ្ញើ-​សន្សំ​សរុប​ចំនួន ៧៩៣​លាន​ដុល្លារ ដែល​មាន​ចំនួន ៦៧០,៣៨៣​គណនី ។ ទ្រព្យ​សកម្ម​ធនាគារ​សរុប​ បាន​កើន​លើស ១​ពាន់​លាន​ដុល្លារ ហើយ​មាន​បុគ្គលិក​ចំនួន ៧,១០៥​នាក់ កំពុង​បម្រើ​សេវា​ជូន​អតិថិជន និង​សាធារណ​ជន ។

ធនាគារ​អេស៊ីលីដា បម្រើ​សេវា​ធនាគារ និង​ហិរញ្ញវត្ថុ​យ៉ាង​ទូលំ​ទូលាយ​ដល់អតិថិជន សហគ្រិន សាជីវកម្ម និង​សាធារណ​ជន​គ្រប់​លំដាប់​នៅ​តាម​បណ្តាញ​ប្រតិបត្តិការ​របស់​ខ្លួន ។ ធនាគារ​អេស៊ីលីដា គឺ​ជា​ធនាគារ​ឈាន​មុខ​គេ​នៅ​ក្នុង​ទីផ្សារ​លក់​រាយ ព្រមទាំង​មាន​អតិថិជន​គ្រឹះ​ច្រើន​បំផុត​នៅ​តាម​បណ្តាញ​ប្រតិបត្តិការ​ទាំង ២៣៣​សាខា និង​ការិយាល័យ ។ ធនាគារ​អេស៊ីលីដា មាន​ម៉ាស៊ីន​អេធីអឹម​ចំនួន ១០២​គ្រឿង បម្រើ​សេវា ២៤​ម៉ោង ក្នុង​មួយ​ថ្ងៃ និង​៧​ថ្ងៃ ក្នុង​មួយ​សប្តាហ៏ ព្រមទាំង​មាន​ការិយាល័យ​ទំនាក់​ទំនង​អតិថិជន ២៤​ម៉ោង លើ​២៤​ម៉ោង ដែល​អាចឱ្យ​អតិថិជន​ប្រើ​ប្រាស់​សេវា​បាន​គ្រប់​ពេល ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​តាម​រយៈ ៖

លោកស្រី សូ ផនណារី អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​ប្រធាន​នាយិកា​ប្រតិបត្តិ​ប្រតិបត្តិការ
អ៊ីម៉ែល ៖

លោក ព្រំ វិសុទ្ធ នាយក​ប្រតិបត្តិ​នីតិកម្ម និង​ជា​លេខាធិការ​ក្រុមហ៊ុន
អ៊ីម៉ែល ៖

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១៨២ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖