www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextបទសម្ភាសន៍​វិទ្យុ វីអូអេ ជាមួយ​ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ​អេស៊ីលីដា

បទសម្ភាសន៍​វិទ្យុ វីអូអេ ជាមួយ​ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ​អេស៊ីលីដា

ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១០

នាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១០ មាន​បទសម្ភាសន៍​របស់​វិទ្យុ​វីអូអេ ជាមួយ​លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា អំពី​សេវាកម្ម ការ​លូតលាស់​ និង​ការ​ជឿ​ទុកចិត្ត​ទៅ​លើ​ធនាគារ ។ ជាពិសេស គឺ​ផល​ប្រយោជន៍​របស់​ប្រព័ន្ធ​ធនាគារ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ផ្តល់​ផលប្រយោជន៍​ទៅដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ទាំងមូល ។

អ្នកនាង រស់ សុធា ៖ ​ខ្ញុំ​សូម​ជម្រាប​សួរ​លោក អ៊ិន ចាន់នី សូម​លោក​អញ្ជើញ​រៀបរាប់​ដោយ​សង្ខេប​អំពី​ការ​លូតលាស់​នៃ​ប្រព័ន្ធ​ធនាគារ​របស់​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ តើ​មាន​ការ​ប្រែប្រួល​យ៉ាង​ដូចម្តេច​ខ្លះ ?

លោក អ៊ិន ចាន់នី ៖ ខ្ញុំ​​សូម​ឆ្លៀត​ឱកាស​នេះ ជម្រាប​ជូន​បង​ប្អូន​ជន​រួម​ជាតិឱ្យ​បាន​ជ្រាប​ថា ក្នុង​នាម​ជា​អ្នក​ដឹក​នាំ​ធនាគារ​មួយ​រូប​ដែល​ជា​ធនាគារ​ធំ​ជាង​គេ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ខ្ញុំ​បាទ​សង្កេត​ឃើញ​ថា ការ​លូតលាស់​របស់​វិស័យ​ធនាគារ គឺ​ពឹង​ផ្អែក​ទៅ​លើ​កត្តា​ធំៗ​បី ។ ទី១ ស្ថិរភាព​នយោបាយ សេដ្ឋកិច្ច និង​សង្គម ។ ទី២ ប្រព័ន្ធ​គ្រប់គ្រង​នូវ​ច្បាប់​បញ្ញត្តិ​របស់​ធនាគារ ត្រូវ​មាន​លក្ខណៈ​រឹងមាំ ។ ទី៣ ហេដ្ឋារចនា​សម្ព័ន្ធ​របស់​ធនាគារ ដែល​មាន​ការ​លូតលាស់​ខ្លាំង ​ទាំង​ទីក្រុង និង​ជនបទ ។ ​ខ្ញុំ​សង្កេត​ឃើញ​ថា គ្រាន់តែ​រយៈពេល ​៣ឆ្នាំ​គឺ​ឆ្នាំ២០០៧ បណ្តាញ​​សាខា​​របស់​​ធនាគារ មានតែ ១.២០២សាខា​ខេត្ត-​រាជធានី​ទេ ទាំង​ធនាគារ និង​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​ទាំងអស់ ។ ប៉ុន្តែ​នៅ​ដំណាច់​ឆ្នាំ២០០៩ នេះ មាន​រហូតដល់១.៦៩៥ ដែល​មាន​កំណើន ៤១% គឺ​ធនាគារ​ពាណិជ្ជកម្ម​មាន​កំណើន ១៩% ធនាគារ​ឯកទេស ១០% និង​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​ ៤៩% ។ តែ​បើ​គេ​និយាយ​អំពី​ប្រព័ន្ធ​ធនាគារ គឺ​គេ​និយាយ​អំពី​ស្ថិរភាព​ទាំង៣ ដែល​ខ្ញុំ​បាន​រៀបរាប់​ខាង​លើ គឺ​ច្បាប់​បញ្ញត្តិ​ដែល​មាន​ការ​គ្រប់គ្រង​យ៉ាង​ប្រយ័ត្ន​និង​ហ្មត់ចត់ និង​មាន​បណ្តាញ​ដែល​នៅ​ជិត​អតិថិជន ហើយ​ត្រូវ​ប្រៀបធៀប​ថាតើ​ហេតុអ្វី​បាន​ជា​ធនាគារ​មាន​ការ​រីក​ចម្រើន​ដល់​កម្រិត​ខ្ពស់​មួយ​បាន ។ ខ្ញុំ​គ្រាន់​តែ​ចង់​បញ្ជាក់​ថា ឆ្នាំ២០០៩ ជា​ឆ្នាំ​ដែល​ពិភពលោក​មាន​វិបត្តិ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប៉ុន្តែ​បើ​និយាយ​ពី​ប្រាក់​បញ្ញើ​វិញ​មាន​កំណើន​រហូត​ដល់​ជាង ៣០% ក្នុង​វិស័យ​ធនាគារ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ។ ថ្វីត្បិត​តែ​ឥណទាន​មាន​ការ​លូតលាស់​ទាប ប៉ុន្តែ​ប្រាក់​បញ្ញើ​មាន​ការ​កើន​ឡើង​ខ្ពស់​គួរ​ជាទី​មោទនៈ និង​ជាទី​ទុកចិត្ត ។ ដូច​ដែល​ខ្ញុំ​បាន​ជម្រាប ធនាគារ​មាន​ការ​រីក​ចម្រើន​លូតលាស់ គឺ​ពឹង​លើ​កត្តា​បី​ដែល​រួម​ផ្សំ​គ្នា​យ៉ាង​សំខាន់ ។ ទី១ សេដ្ឋកិច្ច​ជាតិ​ដែល​មាន​កំណើន​លូតលាស់​គួរ​ជាទី​ពេញចិត្ត ។ ទី២ អតិថិជន​និង​សាធារណជន ដែល​ប្រើប្រាស់​សេវា​ធនាគារ មាន​ការ​រីក​ចម្រើន ។ ទី៣ ធនាគារ​មាន​ការ​រីក​ចម្រើន​លូតលាស់ ។ កត្តា​ទាំងបី លូតលាស់​ទាំងអស់​គ្នា ទើប​យើង​មាន​ការ​លូតលាស់​រយៈពេល​យូរ​អង្វែង ដែល​យើង​ហៅ​ថា​ការ​លូតលាស់​ប្រកបដោយ​និរន្តរភាព​នោះ ។ ប្រាក់​កម្ចី​ក៏​ជា​ចំណែក​មួយ​ដែរ ដែល​ឆ្នាំ២០០៩ ប្រាក់​កម្ចី​មាន​កំណើន​តិច​តួច ប៉ុន្តែ​ប្រាក់​បញ្ញើ​មាន​កំណើន​ខ្ពស់ តែ​បើ​យើង​ធ្វើ​ការ​ប្រៀបធៀប​ជាមួយ​ផលទុន​ជាតិ​សរុប កាល​ពី​ឆ្នាំ២០០៥ ប្រាក់កម្ចីមានប្រមាណ ១០,៤% រីឯ​ប្រាក់​បញ្ញើ​មាន​ប្រមាណ​ ១៥,៣% នៃ​ផលទុន​ជាតិ​សរុប ។ តែ​បើ​យើង​សង្កេត​មើល​ឆ្នាំ២០០៩ ដែល​ជា​ឆ្នាំ​លំបាក ឥណទាន​មាន​រហូត​ទៅ​ដល់ ២៧% នៃ​ផលទុន​ជាតិ​សរុប រីឯ​ប្រាក់​បញ្ញើ​មាន​កំណើន​រហូត​ទៅ​ដល់​ ៣២,១%  ។ នេះបញ្ជាក់ឱ្យ​ឃើញ​ថា វិស័យ​ធនាគារ​មាន​ការ​រីក​លូតលាស់​យ៉ាង​សំខាន់ ។ នៅ​ក្នុង​នោះ បណ្តាញ​ប្រតិបត្តិការ​​របស់​ធនាគារ​អេស៊ីលីដា​មាន​ចំនួន ២៣២សាខា ទូទាំង​ខេត្ត​រាជធានី​​ ទូទាំង​ប្រទេស​កម្ពុជា ហើយ​យើង​បន្ត​ពង្រីក​បន្ថែមទៀត ព្រោះ​ធនាគារ​មាន​ការ​រីក​ចម្រើន អាស្រ័យ​លើ​បណ្តាញ​ប្រតិបត្តិការ​ដែល​នៅ​ជិត​អតិថិជន ។ បាន​ន័យថា​នៅ​ក្នុង​តំបន់ និង​ក្នុង​សហគមន៍​ដែល​អតិថិជន​កំពុង​រស់​នៅ និង​ប្រកប​របរ​អាជីវកម្ម ហើយ​យើង​មាន​សាខា​ជាង ២០០នោះ យើង​មិន​បញ្ឈប់​ការ​លូតលាស់​ទេ គឺ​យើង​បន្ត​រៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ធនាគារឱ្យ​មាន​លក្ខណៈ​ទូលំ​ទូលាយ​ថែមទៀត ។ យើង​មាន​បណ្តាញ​ចែកចាយ​មួយ​ថ្មី​ទៀត គឺ​ប្រព័ន្ធ​ធនាគារ​ដែល​ធ្វើ​ការ​ទូទាត់​តាមរយៈ​ទូរស័ព្ទ​ដៃ​ហៅ​ថា អេស៊ីលីដា​យូនីធី ។

អ្នក​ទូរស័ព្ទ​ចូលរួម ៖ ខ្ញុំ​បាន​ស្តាប់​ការ​អត្ថាធិប្បាយ​របស់​លោក គឺ​មាន​ការ​ក្បោះក្បាយ​ល្អ ហើយ​ខ្ញុំ​សូម​សរសើរ​ដល់​ធនាគារ​អេស៊ីលីដា មាន​សេវា​ល្អ​ទាំង​ប្រាក់​បញ្ញើ និង​ប្រាក់​កម្ចី ហើយ​មាន​សាខា​គ្រប់​ខេត្ត​រាជធានី​រហូតដល់​តាម​ស្រុក​ទៀត ដូចជា ២៣២សាខាអញ្ចឹង ។ ខ្ញុំ​សូម​សួរ​ទៅ​លោក​ថា ហេតុអ្វី​បាន​ជា​ធនាគារ​អេស៊ីលីដា ពេល​ដែល​ផ្ទេរ​ប្រាក់​​ឆ្លង​ខេត្ត គឺ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយទៀត មាន​ការ​រអាក់​រអួល​ គឺ​ពី ២ ទៅ ៣ម៉ោង ទើប​អាច​ទទួល​បាន ប៉ុន្តែ​ពេល​ខ្លះ​ក៏​អាច​រហ័ស​ត្រឹមតែ១ម៉ោង​ដែរ ។

លោក អ៊ិន ចាន់នី ៖ សូម​អរគុណ ចំពោះ​សំណួរ​នេះ​ល្អ​ណាស់ ។ ខ្ញុំ​សូម​ជម្រាប​ជូន​ថា​បណ្តាញ​ដែល​យើង​បាន​រៀបចំ​ជូន​គឺ​នៅ​ក្នុង​សហគមន៍ នៅ​ជិត​ដៃ​ដែល​ងាយ​ស្រួល​ក្នុង​ការ​ប្រើប្រាស់ ព្រោះ​ប្រព័ន្ធ​សាខា​ខេត្ត​រាជធានី​របស់​យើង​ទាំង២៣២ មាន ៦៦ការិយាល័យ ដែល​មាន​ប្រព័ន្ធ​តភ្ផាប់​ជាមួយ​កុំព្យូទ័រ ហៅថា Online រីឯ​ការិយាល័យ​ដទៃ​ទៀត គឺ​ប្រើ​ប្រព័ន្ធ​ផ្សេង​ទៀត តាមរយៈ​ទូរស័ព្ទ ឬ​ទូរ​សារ ដែល​យើង​ត្រូវ​ផ្ញើ​ទិន្នន័យ​នោះ ។ បើសិន​ផ្ទេរ​ប្រាក់​នៅ​តាម​សាខា​ខេត្ត​ដែល​មាន​ប្រព័ន្ធ​ត​ភ្ផាប់​ហ្នឹង គឺ​យើង​ធ្វើ​លឿន​ជាទី​បំផុត​តែ​ម្តង ។ តែ​នៅ​សាខា​ខេត្ត​ដែល​គ្មាន​ប្រព័ន្ធ​ត​ភ្ផាប់ ទីមួយ​យើង​ត្រូវ​ផ្ញើ​ទូរសារ​ដើម្បី​បញ្ផាក់​ពី​តួលេខ បញ្ផាក់​ពី​អត្តសញ្ញាណ​របស់​អតិថិជន​អ្នក​ផ្ទេរ​ប្រាក់ ដើម្បី​ផ្ទៀងផ្ទាត់​ទាំង​សងខាង គឺ​រយៈពេល​នៅ​លើ​ប្រព័ន្ធ​ទូរសារ​ទេ​ដែល​ធ្វើឱ្យ​មាន​ការ​យឺតយ៉ាវ ។ ខ្ញុំ​អរគុណ​ផងដែរ​ចំពោះ​យោបល់​នេះ ធនាគារ​អេស៊ីលីដា​មាន​ប្រព័ន្ធ​មួយ​ទៀត​ដើម្បី​ជំនួស គឺ​ប្រព័ន្ធ​ផ្ទេរ​ប្រាក់​តាមរយៈ​បណ្តាញ​ទូរស័ព្ទ ដែល​មាន​ភាព​ងាយស្រួល និង​រហ័ស ដោយ​មិន​ចាំបាច់​រង់ចាំ​ទៅ​ដល់២ម៉ោង​ទេ គឺ​ក្នុង​រយៈពេល២នាទី​យ៉ាង​យូរ ។

អ្នកនាង រស់ សុធា ៖ តើ​​ប្រព័ន្ធ​អេឡិចត្រូនិក​ទើបតែ​ធនាគារ​អេស៊ីលីដា​ជា​អ្នក​ចាប់​ផ្តើម​ដំបូង​គេ ឬ​ក៏​យ៉ាងម៉េច​ដែរ ?

លោក អ៊ិន ចាន់នី ៖ តាម​ពិត​មាន​ប្រព័ន្ធ​ដទៃ​ដែរ ប៉ុន្តែ​ប្រព័ន្ធ​អេស៊ីលីដា​ទូរស័ព្ទ​ចល័ត​អាច​ធ្វើ​ការ​ផ្ទេរ​ប្រាក់​បាន មាន​ឈ្មោះ​ថា អេស៊ីលីដា​យូនីធី ជា​ប្រព័ន្ធ​មួយ​ដែល​ថ្មី​ស្រឡាង មាន​លក្ខណៈ​ពិសេស​ត្រង់​ថា​ភ្ផាប់​ពី​គណនី​មួយ​ទៅ​គណនី​មួយ​ទៀត​សម្រាប់​អតិថិជន​ដែល​បាន និង​កំពុង​ប្រើ​សេវា​របស់​ធនាគារ និង​ដែល​អាច​ផ្ទៀងផ្ទាត់​ទាំង​សង​ខាង​ងាយ​ស្រួល​ហើយ​រហ័ស ។

អ្នកនាង រស់ សុធា ៖ រហូត​មក​ដល់​ពេល​នេះ តើ​លោក​យល់​ឃើញ​ថា ប្រជាជន​ចាប់​ផ្តើម​ងាក​មក​ប្រើប្រាស់​ប្រព័ន្ធ​ធនាគារ​បាន​ច្រើន​ហើយ​ឬ​នៅ ? ពីមុន​គាត់​តែងតែ​និយម​ប្រើប្រាស់​ប្រព័ន្ធ​ក្រៅ​ផ្លូវ​ការ ដូចជា​គាត់​ទៅ​ផ្សារ​ដើម្បី​ផ្ទេរ​ប្រាក់ ឬ​ក៏​ការ​ខ្ចី​តាម​គ្នា​ឯង តាម​មិត្តភក្តិ​ តាម​អ្នក​ចង​ការ​ប្រាក់​ជាដើម ប៉ុន្តែ​ជា​ទូទៅ​តើ​មាន​ការ​រីក​ចម្រើន​ប៉ុណ្ណា​ដែរ​ក្នុង​ការ​ងាក​មក​ប្រើប្រាស់​ប្រព័ន្ធ​ធនាគារ ?

លោក អ៊ិន ចាន់នី ៖ ដូច​ខ្ញុំ​បាន​ជម្រាប​ខាង​ដើម បើ​ខ្ញុំ​និយាយ​ពី​ចំនួន​ជា​ទឹកលុយ ក៏​ដូចជា​ចំនួន​អតិថិជន​ប្រមាណ ៣០% បាន​ន័យថា១/៣ ។ តែ​បើ​យើង​ចាប់ផ្តើម​មើល​ចំនួន​ជា​គ្រួសារ​វិញ​ក្នុង​របាយការណ៍​បំណាច់​ឆ្នាំ២០០៩ របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា គឺ​ចំនួន​គ្រួសារ​មាន​១លាន​គ្រួសារ​ជាង បើ​ប្រៀបធៀប​ថា​នៅ​ក្នុង​គ្រួសារ​ជា​មធ្យម​មាន​៥នាក់ នៅ​ក្នុង​ចំនោម​មនុស្ស​១៤លាន​នាក់ វា២លាន​គ្រួសារ​ជាង ។ អញ្ចឹង​ចំនួន​នេះ​កើន​គួរ​ជាទី​ពេញ​ចិត្ត​ នៅ​ពេល​ដែល​សេដ្ឋកិច្ច​ជាតិ​យើង​មាន​ការ​លូតលាស់ គឺ​សាធារណជន​ចាប់​ផ្តើម​ជឿជាក់​ទៅ​លើ​ប្រព័ន្ធ​ធនាគារ​យ៉ាង​ខ្លាំង ។ ហេតុអី​បាន​ជា​ជឿ ? ទីមួយ​គឺ​ពឹង​ទៅ​លើ​ស្ថិរភាព​ទាំង​បី​ គឺ​សេដ្ឋកិច្ច​ នយោបាយ និង​សង្គមកិច្ច ជា​ចំនុច​សំខាន់​ដែល​រដ្ឋាភិបាល​បាន​រៀបចំ​ធានាឱ្យ​មាន​ការ​លូតលាស់​សេដ្ឋកិច្ច និង​ជា​និរន្តរ៍ ។ ទីពីរ ច្បាប់​ជាតិ គឺ​ថា​មាន​កិច្ច​ការពារ​គ្រប់គ្រាន់ ដូចជា​ច្បាប់​បង្កើតឱ្យ​មាន​អភិបាលកិច្ច​ក្នុង​ការ​គ្រប់គ្រង​ធនាគារ ច្បាប់​ស្តី​អំពី​ការ​រៀបចំ​ទុនបម្រុងឱ្យ​មាន​លក្ខណៈ​គ្រប់គ្រាន់​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ហានិភ័យ​ផ្សេងៗ​របស់​ធនាគារ ហើយ​និង​បញ្ញត្តិ និង​ប្រកាស​ស្តី​ពី​ការ​បង្កើន​ដើមទុន​របស់​ធនាគារ ។ ច្បាប់​ប្រកាស​ទាំងអស់​នោះ​គឺ​ជួយ​ធានា​បាន​នូវ​ការ​ទុក​ចិត្ត ហើយ​បន្ថែម​ទៅ​លើ​ធនាគារ និង​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​ទាំងអស់​ដែល​រៀបចំ​បណ្តាញឱ្យ​នៅ​កៀក​និង​ជិត​អតិថិជន ឆ្លើយតប​តម្រូវ​ការ​អតិថិជន​បាន​រហ័ស​ដែល​ធ្វើឱ្យ​មាន​ការ​ជឿជាក់ និង​ទុកចិត្ត ថែមទាំង​បណ្តាញ​ធនាគារ​ទូរស័ព្ទ​ចល័ត ដែល​ផ្តល់​សេវាកម្ម​ធនាគារ​សម្រាប់​ផ្ទេរ​ប្រាក់ សម្រាប់​ទូទាត់​ទំនិញ​សព្វ​បែប​យ៉ាង ។

អ្នកនាង រស់ សុធា ៖ តើ​នៅ​ពាក់​កណ្តាល​ឆ្នាំ២០១០ កម្រិត​នៃ​ឥណទាន និង​ប្រាក់​បញ្ញើ​មាន​ការ​លូតលាស់​យ៉ាងណា​ដែរ ? បើ​ប្រាក់​បញ្ញើ​មាន​ការ​កើន​ឡើង​ខ្ពស់ តើ​វា​ជា​ការ​ព្រួយ​បារម្ភ​មួយ​ដែរ​ទេ​នៅ​ក្នុង​ប្រព័ន្ធ​ធនាគារ ?

លោក អ៊ិន ចាន់នី ៖ ចំពោះ​ឆ្នាំ២០០៩ មាន​ការ​លំបាក​ចំពោះ​យើង ប៉ុន្តែ​កំណើន​ប្រាក់​បញ្ញើ​នៅ​តែ​មាន​គួរ​ជាទី​ទុកចិត្ត ។ ចំពោះ​ឆ្នាំ២០១០ ជា​សញ្ញាណ​មួយ​បង្ហាញ​គ្រប់​ពី​ភាគី​ទាំង​បី គឺ​សេដ្ឋកិច្ច​ជាតិ​ក៏​មាន​ការ​លូត​លាស់​ឡើង​វិញ គ្រប់​វិស័យ​ក្នុង​ប្រព័ន្ធ​ធនាគារ​ក៏​មាន​ការ​លូតលាស់ រីឯ​តម្រូវ​ការ​អតិថិជន​ក៏​មាន​ការ​កើន​ឡើង ។ នៅ​ពាក់​កណ្តាល​ទី​មួយ​នៃ​ឆ្នាំ២០១០ យើង​ឃើញ​ថា​ប្រាក់​បញ្ញើ​មាន​ការ​កើន​ឡើង​មិន​តិច​ជាង​១៥% និង​ប្រាក់​កម្ចី​មាន​ជិត​១០% បើ​ប្រៀបធៀប​នឹង​ឆ្នាំ២០០៩ ដែល​ប្រាក់​កម្ចី​មាន​ទាប​មែន​ទែន គឺ​មាន​ចំនួន​ប្រមាណ​ជិត​ ៥%ប៉ុណ្ណោះ​ក្នុង​ប្រព័ន្ធ​ធនាគារ​ទាំងមូល ។ ដូច្នេះ ឆ្នាំ២០១០នេះ គ្រប់​ចំណែក​ទាំងអស់​រវាង​ភាគី​ទាំង​បី​រួម​ជាមួយ​គ្នា​ទើប​មាន​ការ​លូតលាស់​រួម​គ្នា ។ បើ​យើង​និយាយ​ពី​ធនាគារ​អេស៊ីលីដា​វិញ ដោយសារ​យើង​មាន​បណ្តាញ​ប្រតិបត្តិការ​គ្រប់​សាខា​ខេត្ត​រាជធានី ស្រុក​ខណ្ឌ ទូទាំង​ប្រទេស នោះ​ការ​លូតលាស់​របស់​យើង​ខ្ពស់​ជាង​ការ​លូតលាស់​របស់​ប្រព័ន្ធ​ធនាគារ​ទាំងមូល គ្រាន់តែ​វិស័យ​ប្រាក់​បញ្ញើ​មួយ​ចំណែក​នោះ យើង​មាន​កំណើន​ជាង១៦% និង​វិស័យ​ប្រាក់​កម្ចី​មាន​កំណើន១៤% នៅ​ពាក់​កណ្តាល​ទី​មួយ​នៃ​ឆ្នាំ២០១០នេះ ។

អ្នកនាង រស់ សុធា ៖ តើ​កំណើន​នេះ​ដោយសារ​អ្វី​ដែរ ? ដោយសារ​យើង​ឃើញ​សេដ្ឋកិច្ច​រាង​ងើប​ឡើង​វិញ ឬ​ក៏​ពឹង​ផ្អែក​លើ​សេដ្ឋកិច្ច​កម្ពុជា ឬ​ក៏​ពឹង​ផ្អែក​លើ​សេដ្ឋកិច្ច​អន្តរជាតិ​ទាំងមូល ?

លោក អ៊ិន ចាន់នី ៖ សេដ្ឋកិច្ច​កម្ពុជា​ពឹង​ផ្អែក​ទៅ​លើ​មូលដ្ឋាន​សំខាន់​ធំៗ​បី គឺ​វិស័យ​កាត់ដេរ កសិកម្ម និង​ទេសចរណ៍ ។ កាលណា​វិស័យ​ទាំង​បី​មាន​ការ​រីក​ចម្រីន​នោះ គឺ​ដូចជា​ក្បាល​ម៉ាស៊ីន​សម្រាប់​អូស​ទាញ​វិស័យ​ដទៃ ដើម្បី​រួម​ចំណែក​ក្នុង​ការ​លូតលាស់​ដែរ ព្រោះ​ថា​គ្រាន់តែ​វិស័យ​កាត់ដេ​រមួយ​មុខ​នោះ យើង​ឃើញ​មាន​កម្មករ​រាប់​សែន​នាក់​បំពេញ​ការងារ​នៅ​ទី​នោះ ។ បើ​វិស័យ​នេះ​កើន​ឡើង​ជាង២០% នោះ​ចំណូល​ប្រជាជន​ដែល​ធ្វើ​ការ​នៅ​សហគ្រាស​ក៏​បាន​ទទួល​អត្ថប្រយោជន៍ ហើយ​បង​ប្អូន​សាច់ញាតិ​របស់​ពួក​គាត់​ក៏​ទទួល​បាន​អត្ថប្រយោជន៍​ផង​ដែរ ។ យ៉ាងណាមិញ វិស័យ​ទេសចរណ៍​ក៏​ជា​ចំណូល​មួយ​យ៉ាង​សំខាន់​សម្រាប់​ប្រទេស​ជាតិ​យើង​ផងដែរ ដែល​ទេសចរណ៍​ធ្វើ​ដំណើរ​តាម​ផ្លូវ​គោក​មាន​ការ​កើនឡើង រីឯ​​វិស័យ​កសិកម្ម​វិញ ខ្ញុំ​សង្កេត​ឃើញ​ហេដ្ឋារចនា​សម្ព័ន្ធ​ជាតិ​ក្នុង​ការ​កសាង​ធារាសាស្ត្រ ដែល​រាជរដ្ឋាភិបាល​បាន​បន្ត​កសាង​ឥត​ឈប់ឈរ នោះ​ឯង​គឺ​ជា​សញ្ញា​មួយ​ដែល​ផ្តល់​ភាព​កក់ក្តៅ​ដល់​ស្ថាប័ន​ធនាគារ ដែល​ពី​ដើម​គេ​តែងតែ​គិតថា​ការឱ្យ​ខ្ចី​បុល​ទៅ​លើ​វិស័យ​កសិកម្ម​មាន​ហានិភ័យ​ខ្ពស់ ប៉ុន្តែ​នៅ​ពេល​ដែល​វិស័យ​កសិកម្ម​ធានា​បាន​នូវ​ប្រភព​ធនធាន​ស្រោចស្រព ដែល​ហៅ​ថា​ធនធាន​ទឹក​គ្រប់គ្រាន់​នោះ គឺ​វិស័យ​នោះ​បន្ត​ការ​រីក​លូតលាស់​ថែមទៀត ហើយ​វិស័យ​ដទៃ​នោះ​គឺ​ទទួល​បាន​ការ​រីក​លូតលាស់​ពី​វិស័យ​ធំៗ​ទាំង​បី​​នោះ​ឯង ។

អ្នក​ទូរស័ព្ទ​ចូល​រួម ៖ បើ​តាម​បង​ប្អូន​យើង ដែល​ទៅ​រក​ធនាគារ​អេស៊ីលីដា ខ្ចី​ប្រាក់​មក​រក​របរ​ទទួល​ទាន​គឺ​មាន​ការ​ប្រាក់​​ខ្ពស់ តើ​អាច​កាត់​បន្ថយ​ការ​ប្រាក់ឱ្យ​បាន​ទាប​ត្រឹម១%ក្នុង​មួយ​ឆ្នាំ​បាន​ទេ ?

លោក អ៊ិន ចាន់នី ៖ និយាយឱ្យ​ចំ​ទៅ​ធនាគារ​ជា​អ្នក​ចាត់ចែង​ទ្រព្យ​របស់​អតិថិជន​ម្ខាង ដែល​មាន​ធនធាន​សម្បូរ​យក​ទៅឱ្យ​អតិថិជន​ម្ខាង​ទៀត​ដែល​មាន​ធនធាន​តិចតួច​ដែល​ត្រូវ​ការ​ប្រើប្រាស់​សាច់ប្រាក់ ឬ​ជា​ឥណទាន ។ យើង​ជា​អ្នក​នៅ​កណ្តាល​ម្នាក់ ដែល​រៀបចំ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវ​ការ​ទាំង​សង​ខាង ។ អ្នក​ដែល​សល់​លុយ​គាត់​ផ្ញើ​ប្រាក់​នៅ​ធនាគារ​ចង់​បាន​អត្រា​ការប្រាក់​មួយ​សមរម្យ រីឯ​អ្នក​ខ្ចី​ប្រាក់ គឺ​ត្រូវ​ការ​ការប្រាក់​ទាប​សមរម្យ​ល្មម ។ យើង​មើល​ឃើញ​ថា​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ការប្រាក់​ដែល​ផ្ញើ​នៅ​ធនាគារ​ដែល​មាន​កាលកំណត់​ក្នុង​មួយ​ឆ្នាំ​នោះ គឺ​​យ៉ាង​ហោចណាស់​៥% ដែល​ធនាគារ​ខ្លះ​រហូតដល់​ទៅ៦% សម្រាប់​ប្រាក់​ដុល្លារ តែ​បើ​ជា​លុយ​រៀល​វិញ​គឺ​រហូតដល់​៨ ឬ៩%ឯណោះ ។ បើ​ដូច្នេះ តើ​ធនាគារ អាចឱ្យ​អតិថិជន​ខ្ចី​ក្នុង​អត្រា​ការប្រាក់​១%ក្នុង​មួយ​ឆ្នាំ​ទៅ​រួច​ដែរ​ឬ​ទេ ? គឺ​មិន​អាច​ទេ ដូច​ដែល​បាន​ជម្រាប​អញ្ចឹង បើ​មាន​តម្រូវ​ការ​ខ្ពស់​ខាង​វិស័យ​ឥណទាន ពេល​នោះ​ធនាគារ ឬ​មីក្រូ​ហិរញ្ញវត្ថុ​នោះ ត្រូវ​កំណត់​អត្រា​ការប្រាក់​ដែល​សមរម្យ​ទាំង​សងខាង ដើម្បីឱ្យ​ខ្លួន​ដែល​ជា​អ្នក​ស៊ី​ឈ្នួល​ចាត់ចែង​សាច់ប្រាក់​ពី​អតិថិជន​ដែល​មាន​សាច់ប្រាក់​ច្រើន ទៅ​អតិថិជន​ដែល​មាន​តម្រូវការ​សាច់ប្រាក់​អញ្ចឹង គាត់​ត្រូវ​កំណត់​អត្រា​ការប្រាក់​មួយ​សមរម្យ​ដែល​អាច​រស់​បាន​ទាំង​បី គឺ​ទី​មួយ​អ្នក​សល់​ប្រាក់​ដែល​ដាក់​នៅ​ធនាគារ​នោះ​បាន​អត្រា​សមរម្យ ទី​ពីរ​អ្នក​ខ្ចី​ប្រាក់​បង់​អត្រា​ការប្រាក់​មួយ​ល្មម​សមរម្យ ហើយ​ទី​បី​ធនាគារ​ជា​អ្នក​ស៊ី​ឈ្នួល​ទទួល​បាន​អត្ថប្រយោជន៍​ខ្លះ ដើម្បី​ផ្គត់ផ្គង់​ប្រតិបត្តិការ​របស់​ខ្លួន​ជា​និរន្តរ៍ និង​យូរ​អង្វែង ហើយ​និង​នៅ​ជិត​ដៃ​អតិថិជន​គ្រប់​ស្រទាប់ ទាំង​អតិថិជន​ដែល​ត្រូវ​ការ​ផ្ញើ​ប្រាក់ និង​ទាំង​អតិថិជន​ដែល​ត្រូវ​ការ​សាច់ប្រាក់​កម្ចី ។

អ្នកនាង រស់ សុធា ៖ នៅពេល​ដែល​វិស័យ​ធនាគារ ត្រូវ​បាន​គ្រប់​ប្រទេស​ទាំងអស់​ចាត់​ទុក​​ថា​ជា​គំរូ​ទ្រទ្រង់​សេដ្ឋកិច្ច​សំខាន់​តាមរយៈ​ការ​ផ្តល់​ប្រាក់​កម្ចី និង​កៀង​គរ​ប្រាក់​បញ្ញើឱ្យ​ទៅ​ជា​កម្ចី​ដើម្បីឱ្យ​ប្រជាជន​កសាង​ជីវភាព​របស់​ពួក​គាត់ ។ នៅ​ពេល​នោះ ខណៈពេល​ដែល​វិស័យ​ធនាគារ​កម្ពុជា​មាន​ការ​រីក​លូតលាស់​ខ្លាំង​គួរឱ្យ​កត់​សម្គាល់​តាម​លោក​មាន​ប្រសាសន៍ តើ​វិស័យ​ធនាគារ​នៅ​កម្ពុជា​នឹង​ប្រឈម​នឹង​បញ្ហា​អ្វី​ទេ ? ហើយ​បើ​មើល​ទៅ​តាម​ឯកសារ​និង​របាយការណ៍​ជា​ច្រើន របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី និង​មូលនិធិរូបិយវត្ថុអន្តរជាតិ គេ​នៅតែ​ចាត់ទុក​ថា​វិស័យ​ធនាគារ​នៅ​ប្រទេស​កម្ពុជា គឺ​ជា​វិស័យ​មួយ​ដែល​នៅ​ទន់ជ្រាយ​នៅ​ឡើយ តើ​លោក​​យល់​យ៉ាង​ដូចម្តេច ?

លោក អ៊ិន ចាន់នី ៖ បើ​យើង​ពិនិត្យ​មើល​ប្រាក់​បញ្ញើ​ក្នុង​ដៃ​ធនាគារ​មាន​ប៉ុណ្ណា និង​ប្រាក់​កម្ចី​មាន​ប៉ុណ្ណា​ទើប​យើង​អាច​ធ្វើ​ការ​ថ្លឹង​ថ្លែង​បាន បើសិន​យើង​មើល​តួលេខ យើង​ឃើញ​ថា​នៅ​ក្នុង​ពាក់​កណ្តាល​ទី​មួយ​នៃ​ឆ្នាំ២០១០ ប្រាក់​បញ្ញើ​យើង​មាន​ជាង៣ពាន់​លាន​ដុល្លារ​អាមេរិក ចំណែក​ឯ​ប្រាក់​កម្ចី​មាន​តែ​ជាង​២ពាន់​លាន​ដុល្លារ​អាមេរិក ។ ចំណុច​នេះ​ឯង​គឺ​ជា​គំលាត​រវាង​ប្រាក់​ដែល​នៅសល់​ក្នុង​ដៃ​ធនាគារ និង​ប្រាក់​ដែលឱ្យ​ខ្ចី ។ កាលណា​ប្រាក់​នៅសល់​ក្នុង​ដៃ​ធនាគារ​ច្រើន ដែល​គេ​ហៅ​ថា​សាច់ប្រាក់​ងាយស្រួល​មាន​ច្រើន​សម្បូរ នោះ​ជា​បន្ទុក​មួយ​របស់​ធនាគារ ដែល​ធនាគារ​ត្រូវ​បង់​ការប្រាក់ឱ្យ​អ្នក​ផ្ញើ​ប្រាក់ ។ ប្រហែល​ជា​ចំណុច​ត្រង់​នេះ​ហើយ​ដែល​ធនាគារអភិវឌ្ឍន៍អាស៊ី ក៏​ដូចជា​ស្ថាប័ន​អន្តរជាតិ​ដទៃ​វាយ​តម្លៃ​ថា​យើង​មាន​ភាព​ទន់​ខ្សោយ ។ យើង​ប្រមូល​សាច់ប្រាក់​បាន តែ​យើង​មិន​អាច​យក​សាច់ប្រាក់​ចាត់ចែងឱ្យ​អស់​លទ្ធភាព​នៃ​សាច់ប្រាក់ នេះ​ជា​ចំណុច​មួយ ។ ឯ​ចំណុច​ទី​ពីរ ត្រូវ​មើល​ថា​ប្រាក់​បញ្ញើ​ធៀប​នឹង​ផល​ទុន​ជាតិ​សរុប​មាន​ប៉ុន្មាន ? ដូច​ខ្ញុំ​ជម្រាប​ហើយ​ថា​ដាច់​ឆ្នាំ២០០៩ ប្រាក់​បញ្ញើ​មាន​តែ៣០%ជាង​ទេ ដែល​វិស័យ​ធនាគារ​ដើរ​ខ្លាំង​នៅ​ពេល​ដែល​ប្រាក់​បញ្ញើ និង​ផល​ទុន​ជាតិ​មាន​ចំនួន​យ៉ាង​តិច​ស្មើ​គ្នា និង​ប្រាក់​ដែល​នៅ​ក្នុង​ធនាគារ ត្រូវ​តែ​យ៉ាង​ហោច​ណាស់​ស្មើ​នឹង​ផល​ទុន​ជាតិ​សរុប នោះ​ទើប​យើង​ហៅ​ថា​ការ​ជឿ​ជាក់ និង​ការ​ប្រើប្រាស់​ធនាគារ​អស់​លទ្ធភាព យ៉ាងណាមិញ​ប្រាក់​កម្ចី​ក៏​ដូច​គ្នា​ដែរ ។

អ្នកនាង រស់ សុធា ៖ តើ​ប្រព័ន្ធ​ធនាគារ​កម្ពុជា​បច្ចុប្បន្ន​នេះ​នៅ​មាន​តម្រូវ​ការ​កែ​ទម្រង់​អ្វី​ផ្សេង​ទៀត​ដែរ​ឬ​ទេ ?

លោក អ៊ិន ចាន់នី ៖ កាលណា​និយាយ​ពី​ប្រព័ន្ធ​ធនាគារ គឺ​យើង​មើល​ពី​ច្បាប់​បញ្ញត្តិ​នានា​ដែល​គ្រប់គ្រង​ធនាគារ ។ បើ​អ្នកនាង​បាន​ឃើញ​របាយការណ៍​មួយ​របស់ Economic Intelligent Unit ដែល​មាន​ទីចាត់ការ​នៅ​ប្រទេស​អង់គ្លេស គឺ​បាន​ធ្វើ​ចំណាត់​ថ្នាក់​ច្បាប់ ស្តីពី​ការ​គ្រប់គ្រង​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​យើង គឺ​មាន​លំដាប់​ថ្នាក់​លេខ​មួយ ដែល​ច្បាប់​យើង​ជួយ​ជំរុញឱ្យ​មាន​ការ​លូតលាស់​លើ​វិស័យ​ហិរញ្ញវត្ថុ​ជាពិសេស​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ ដែល​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​សហគមន៍​ដែល​មាន​ប្រាក់​ចំណូល​ទាប ។ នេះ​ជា​ចំណុច​មួយ​ដែល​ល្អ ថា​តើ​គួរ​កែ​ទៅ​ដល់​ត្រឹម​កម្រិត​ណា​ទៀត ព្រោះ​ខ្ញុំ​ឃើញ​ថា​ចំណុច​នេះ​សំខាន់​ល្អ​ចំពោះ​វិស័យ​ច្បាប់​របស់​ធនាគារ ព្រោះ​ច្បាប់​របស់​ធនាគារ​មាន​លក្ខណៈ​សកល​រួម​ចំណែក​ស្ថិត​នៅ​ក្រោម​ច្បាប់​ជាតិ និង​អន្តរជាតិ បើ​មាន​កំណែ​ទម្រង់ គឺ​វា​ស្រប​គ្នា​ជាមួយ​នឹង​ច្បាប់​សម្រាប់​គ្រប់គ្រង​របស់​ជាតិ និង​ជា​អន្តរជាតិ​ផង ។ ខ្ញុំ​មាន​ការ​ពេញ​ចិត្ត​ចំពោះ​ច្បាប់​ដែល​គ្រប់គ្រង​ធនាគារ​បច្ចុប្បន្ន ព្រោះ​ថា​ប្រទេស​យើង​ស្ថិត​ក្នុង​បញ្ជី​នៃ​ប្រទេស​ដែល​មាន​ការ​លូតលាស់​សេដ្ឋកិច្ច​ទាប ដែល​គេ​ហៅ​ថា Least Developed Country ។ ដូចនេះ​យើង​មិន​អាច​យក​ច្បាប់​គ្រប់គ្រង​ធនាគារ​ដែល​មាន​កម្រិត​អត្រា​ផ្កាយ​ប្រាំ​យក​មក​កំណត់​ភ្លាម​នោះ​ទេ ត្រូវ​ធ្វើ​ការ​អភិវឌ្ឍ​ច្បាប់​ទៅ​តាម​សន្ទុះ​លូតលាស់​នៃ​សេដ្ឋកិច្ច​ដែល​មាន​ពីរ គឺ​ការ​គ្រប់គ្រង​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​លំដាប់​កំពូល​លេខ​មួយ​ក្នុង​ពិភពលោក​ដែល​គេ​ប្រៀបធៀប​ជាមួយ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ប្រហាក់​ប្រហែល​គ្នានឹង៥០ ។ ទីពីរ​ចំពោះ​ច្បាប់​សម្រាប់​គ្រប់គ្រង​ធនាគារ​ពាណិជ្ជ គឺ​យើង​បាន​ទទួល​ការ​កែ​លម្អ​ច្រើន ហើយ​ខ្ញុំ​គិត​ថា​ប៉ុណ្ណឹង​គឺ​មាន​លក្ខណៈ​គ្រប់គ្រាន់​សម្រាប់​ជំរុញឱ្យ​មាន​ការ​លូតលាស់​វិស័យ​ធនាគារ ។ ដូច​​ខ្ញុំ​ជម្រាប​ហើយ​គ្រាន់តែ​រយៈពេល​៣ឆ្នាំ មាន​ការ​លូតលាស់​រហូត​ទៅ​ដល់​ជាង ៤០% បណ្តាញ​ចែកចាយ​មាន​គ្រប់​ទិសទី​ទាំងអស់ អញ្ចឹង​ដំណាក់កាល​បន្ត​ទៀត​គឺ​យើង​ត្រូវតែ​រៀបចំ​ធ្វើ​យ៉ាងណាឱ្យ​មាន​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​បន្ថែម​ទៀត បើ​ចង់​ប្រើ​គឺ​ប្រើ​បាន ហើយ​មាន​សុវត្ថិភាព និង​មាន​ការ​ធានា បញ្ជាក់​ច្បាស់ឱ្យ​អតិថិជន​អាច​ងាយ​យល់​ក្នុង​ការ​ប្រើប្រាស់ឱ្យ​បាន ។ ចំនុច​សំខាន់​បំផុត​នោះ​គឺ បញ្ហា​នៃ​ការ​អប់រំ​ការ​បណ្តុះ​បណ្តាល និង​ការ​ផ្សព្វផ្សាយឱ្យ​សាធារណជន​យល់​ថែម​ទៀត ។ ចំពោះ​ច្បាប់​គឺ​មាន​លក្ខណៈ​គ្រប់គ្រាន់​សម្រាប់​ការ​គ្រប់គ្រង​ស្ថាប័ន​ធនាគារ និង​ហិរញ្ញវត្ថុ​ហើយ ។

អ្នកនាង រស់ សុធា ៖ អញ្ចឹង​មាន​ន័យ​ថា​ការ​យល់​ដឹង​របស់​ប្រជាជន​នៅ​ក្នុង​ប្រព័ន្ធ​ធនាគារ នៅ​មាន​កម្រិត​នៅ​ឡើយ​មែន​ទេ​លោក ?

ប្រធាននាយក ៖ បាទ! យ៉ាងណាមិញ​ដូច​សំណួរ​ខាងលើ​ដែល​បាន​បញ្ជាក់​ថា​គួរ​តែ​យក​ការ​ប្រាក់​១%ក្នុង​មួយ​ឆ្នាំ ។ សំណួរ​នេះ​ខ្វះ​ព័ត៌មាន​យ៉ាង​ច្រើន​ដែល​យើង​ត្រូវ​ធ្វើ​ការ​ផ្សព្វផ្សាយ ។ ទាំងអស់​គ្នា​រួម​ដៃ​គ្នា ទាំង​ធនាគារ និង​អតិថិជន​ដែល​មាន​ភាព​វៃឆ្លាត​គ្រប់​ផ្នែក​ទាំងអស់​ជួយ​ផ្សព្វផ្សាយ ជួយ​ណែនាំ ដើម្បី​ទាំងអស់​គ្នា​យល់ ពេលនោះ​ទាំងអស់​គ្នា​មាន​ការ​រីក​លូតលាស់ និង​រីក​ចម្រើន ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៧៦ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖