navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជ្រើសរើសធនាគារអេស៊ីលីដា ជាដៃគូ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជ្រើសរើសធនាគារអេស៊ីលីដា ជាដៃគូ
ឱ្យអគ្គនាយកដ្ឋាន រតនាគារជាតិ ក្នុងការប្រើប្រាស់សេវាកម្មធនាគារ សម្រាប់ប្រតិបត្ដិការចំណូល-ចំណាយថវិកាជាតិ
ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១០
រាជធានីភ្នំពេញ, ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១០ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសជាសាធារណៈនាថ្ងៃនេះថា ក្រសួងបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយធនាគារអេស៊ីលីដា ស្ដីពីការអនុវត្ដសាកល្បងជំហានទី២ ក្នុងការប្រើប្រាស់សេវាកម្មធនាគារពាណិជ្ជ សម្រាប់ប្រតិបត្ដិការចំណូល-ចំណាយថវិកា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម គាត ឈន់ ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
កម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាសមាសធាតុមួយដ៏សំខាន់នៅក្នុងស្នូលនៃយុទ្ធសាស្ដ្រចតុកោណរបស់រាជរដ្ឋាភិបាល ដែលមានគោលដៅកសាងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈមួយឆ្ពោះទៅរកស្ដង់ដារអន្ដរជាតិ ។ បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងអនុវត្ដផែនការសកម្មភាពជំហានទី២នៃកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងគោលបំណងបង្កើនគណនេយ្យភាពហិរញ្ញវត្ថុ និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឱ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសការគ្រប់គ្រងចំណូល-ចំណាយថវិកាជាតិ ។
ឯកឧត្ដម បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មានប្រសាសន៍ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជ្រើសរើសយកធនាគារអេស៊ីលីដា ធ្វើជាដៃគូក្នុងការផ្ដល់សេវាកម្មធនាគារ សម្រាប់ប្រតិបត្ដិការចំណូល-ចំណាយថវិកា ដើម្បីអនុវត្ដសាកល្បងជំហានទី២ ចំនួន ៦ខេត្តទៀត ដែលក្នុងនោះមាន ខេត្ដកំពង់ចាម ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង ខេត្តកោះកុង ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងបន្តពីជំហានទី១ ចំនួន២ខេត្តគឺ ខេត្តកណ្តាល និងខេត្តបន្ទាយមានជ័យ ។ ការបន្តជ្រើសរើសយកធនាគារអេស៊ីលីដា ធ្វើជាដៃគូជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយសារធនាគារនេះមានបណ្ដាញសាខាច្រើនភ្ជាប់ទំនាក់ទំនងគ្នាដោយប្រព័ន្ធទំនើបជឿនលឿន និងរៀបចំបានល្អ នៅក្នុងប្រទេស ព្រមទាំងមានបទពិសោធន៍ខ្ពស់នៃកិច្ចប្រតិបត្ដិការចំណូល-ចំណាយថវិកា ។ ម្យ៉ាងវិញទៀត ក្នុងរយៈពេលជាង ១ឆ្នាំ នៃការអនុវត្តសាកល្បងកន្លងមកនេះសម្រាប់ខេត្ត២ គឺខេត្តកណ្តាល និងខេត្តបន្ទាយមានជ័យ ធនាគារក៏បានផ្តល់កិច្ចសហការបានយ៉ាងល្អជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជា ជាមួយអគ្គនាយកដ្ឋានរតនាគារជាតិផងដែរ ។ ទន្ទឹមគ្នានេះ ធនាគារអេស៊ីលីដា ក៏បានបង្កលក្ខណៈងាយស្រួលដល់អតិថិជន និងអង្គភាពនានាទាំងការបង់ចំណូល និងការបើកផ្តល់សាច់ប្រាក់ គឺមានភាពឆាប់រហ័ស ហើយអតិថិជនអាចបង់ប្រាក់ ឬក៏បើកប្រាក់នៅសាខាភ្នំពេញ និងនៅសាខាខេត្ត ឬនៅតំបន់ជិតអង្គភាពស្ថិតនៅ ។ នៅពេលដែលការអនុវត្ដសាកល្បងជំហានទី២នេះ ទទួលបានលទ្ធផលល្អ និងជោគជ័យ នោះយើងនឹងពង្រីកវិសាលភាពដល់ខេត្ដមួយចំនួនទៀត ហើយអាចនឹងឈានដល់ការអនុវត្ដព្រមៗគ្នានៅទូទាំងប្រទេសតែម្តង ។ ការប្រើប្រាស់ប្រព័ន្ធ ធនាគារពាណិជ្ជដើម្បីគ្រប់គ្រងប្រតិបត្ដិការចំណូល-ចំណាយថវិកាជាតិ គឺដើម្បីបង្កើនគណនេយ្យភាពហិរញ្ញវត្ថុ និងបង្កើនការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឱ្យមានប្រសិទ្ធភាព ជាពិសេសទាក់ទងទៅនឹងប្រតិបត្ដិការចំណូល-ចំណាយថវិកា ដែលជាកត្តាដ៏សំខាន់ ដើម្បីពង្រឹងគណនីទោលរតនាគារ និងការគ្រប់គ្រងសាច់ប្រាក់ឱ្យមានប្រសិទ្ធភាពខ្ពស់ ។
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្ដិ ធនាគារអេស៊ីលីដា បានមានប្រសាសន៍ថា "នេះគឺជាជំហានមួយដ៏ធំនៃវឌ្ឍនភាព នៃកម្មវិធីកំណែទម្រង់ការគ្រប់គ្រងកិច្ចហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ។ ធនាគារអេស៊ីលីដា ទទួលបានទំនុកចិត្តពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺដោយសារតែធនាគារអេស៊ីលីដា មានបទពិសោធន៍ច្រើន មានអភិបាលកិច្ចល្អ មានធនធានមនុស្ស និងធនធានហិរញ្ញវត្ថុរឹងមាំ មានប្រព័ន្ធការពារហានិភ័យដ៏ប្រសើរបំផុត និងមានចំណាត់ថ្នាក់ស្ថិរភាព ផ្តល់ដោយស្ថាប័នធ្វើចំណាត់ថ្នាក់អន្ដរជាតិ ព្រមទាំងមានការធានារ៉ាប់រងលើទ្រព្យសម្បត្ដិរបស់ធនាគារអេស៊ីលីដា និងអតិថិជនរបស់ធនាគារអេស៊ីលីដា ហើយធនាគារអេស៊ីលីដា ក៏មានសេវាបម្រើជូនអតិថិជន ២៤ម៉ោង លើ ២៤ម៉ោង និង ៧ថ្ងៃក្នុងមួយសប្ដាហ៍ ដើម្បីដោះស្រាយបញ្ហាជូនអតិថិជនរបស់ខ្លួន ។ អ្វីៗដែលបានរៀបរាប់ខាងលើ គឺបានឆ្លុះបញ្ចាំង ឱ្យឃើញនូវការប្ដេជ្ញាចិត្ដខ្ពស់របស់ធនាគារ ក្នុងការបម្រើ ការពារ និងរក្សាសុវត្ថិភាពលើទ្រព្យសម្បត្ដិអតិថិជនរបស់ធនាគារអេស៊ីលីដា" ។
លោក អ៊ិន ចាន់នី បានមានប្រសាសន៍បន្ថែមទៀតថា "ធនាគារអេស៊ីលីដា មានមោទនភាពក្រៃលែង ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជ្រើសរើសជាថ្មីម្ដងទៀតក្នុងការផ្តល់សេវាធនាគារសម្រាប់ប្រតិបត្តិការចំណូល-ចំណាយថវិកាជាតិ ចំនួន ៨ខេត្ត ក្នុងចំណោម ១១ខេត្ត ធ្វើឱ្យធនាគារអេស៊ីលីដា បម្រើសេវាធនាគារ សម្រាប់ប្រតិបត្តិការចំណូល-ចំណាយថវិកាជាតិ ស្មើនឹង១/៣ នៃព្រះរាជាណាចក្រកម្ពុជា ។ ធនាគារអេស៊ីលីដា នឹងបន្ដសហការ និងធ្វើជាដៃគូដ៏ល្អជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថាប័នរដ្ឋ ដទៃទៀត ក្នុងការផ្ដល់សេវាកម្មធនាគារឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា" ។
អំពីធនាគារអេស៊ីលីដា
ធនាគារអេស៊ីលីដា គឺជាធនាគារខ្មែរឈានមុខគេ ដែលមានបណ្ដាញសាខា និងការិយាល័យធំជាងគេបំផុត ។ ធនាគារអេស៊ីលីដា បានបម្រើសេវាហិរញ្ញវត្ថុក្នុងស្រុកអស់រយៈពេលជាង ១៧ឆ្នាំកន្លងមកហើយ ។ នៅដំណាច់ខែកញ្ញា ឆ្នាំ២០១០ ធនាគារអេស៊ីលីដា មានសមតុល្យឥណទានសរុបចំនួន ៦៧២លានដុល្លារ ដែលមានអតិថិជនសកម្មសរុបចំនួន ២៦៦.០២៣នាក់ និងមានសមតុល្យប្រាក់បញ្ញើ-សន្សំសរុបចំនួន ៨៥៨លានដុល្លារ ដែលមានចំនួន ៦៨១.៣៥១គណនី ។ ទ្រព្យសកម្ម ធនាគារសរុបបានកើនដល់ជាង ១.១១៦លានដុល្លារ ហើយមានបុគ្គលិកចំនួន ៧.៤៨០នាក់ កំពុងបម្រើសេវាជូនអតិថិជន និងសាធារណៈជន ។
ធនាគារអេស៊ីលីដា បម្រើសេវាធនាគារ និងហិរញ្ញវត្ថុយ៉ាងទូលំទូលាយដល់អតិថិជន សហគ្រិន សាជីវកម្ម និងសាធារណៈជនគ្រប់លំដាប់នៅតាមបណ្ដាញប្រតិបត្ដិការរបស់ខ្លួន ។ ធនាគារអេស៊ីលីដា គឺជាធនាគារឈានមុខគេ នៅក្នុងទីផ្សារលក់រាយ ព្រមទាំងមានអតិថិជនគ្រឹះច្រើនបំផុតនៅតាមបណ្ដាញប្រតិបត្ដិការទាំង ២៤៨សាខា និងការិយាល័យ ។ ធនាគារអេស៊ីលីដា មានម៉ាស៊ីនអេធីអឹមចំនួន ១១៦គ្រឿង ព្រមទាំងមានសេវាធនាគារ តាមរយៈទូរស័ព្ទចល័តគឺ "អេស៊ីលីដាយូនីធី" ។ អេស៊ីលីដាយូនីធី គឺជាធនាគារពិតជាក់ស្ដែងនៅក្នុងដៃរបស់លោកអ្នក ផ្ដល់ជូននូវមធ្យោបាយងាយបំផុត និងសុវត្ថិភាព សម្រាប់ការគ្រប់គ្រងចាត់ចែងលើប្រតិបត្ដិការធនាគារប្រចាំថ្ងៃ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង ២៤ម៉ោងក្នុងមួយថ្ងៃ និង ៧ថ្ងៃក្នុងមួយសបា្ដហ៏ ព្រមទាំងមានការិយាល័យទំនាក់ទំនងអតិថិជន សម្រាប់បម្រើអតិថិជន ២៤ម៉ោង លើ ២៤ម៉ោង ដែលអាចឱ្យអតិថិជនប្រើប្រាស់សេវាបានគ្រប់ពេល ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈ ៖
អគ្គនាយកដ្ឋានរតនាគារជាតិ ៖
- ឯកឧត្តម ហ៊ីវ សុវណ្ណ អគ្គនាយករងនៃអគ្គនាយកដ្ឋានរតនាគារជាតិ
- បណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុធ អគ្គនាយករងនៃអគ្គនាយកដ្ឋានរតនាគារជាតិ
- លោក មាស ប៊ុនថុន អគ្គនាយករងនៃអគ្គនាយកដ្ឋានរតនាគារជាតិ
អ៊ីម៉ែល ៖
ធនាគារ អេស៊ីលីដា ភីអិលស៊ី ៖
- លោកស្រី សូ ផនណារី អនុប្រធាននាយកប្រតិបត្តិ និងជាប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការ
អ៊ីម៉ែល ៖ - លោក ព្រំ វិសុទ្ធ នាយកប្រតិបត្តិនីតិកម្ម និងជាលេខាធិការក្រុមហ៊ុន
អ៊ីម៉ែល ៖ - លោក លី ថៃ នាយកប្រតិបត្ដិប្រតិបត្តិការ
អ៊ីម៉ែល ៖