www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextពិធី​សម្ពោធ​អគារ​ថ្មី ការិយាល័យ​សាខា​ស្រុក​ស្អាង

ពិធី​សម្ពោធ​អគារ​ថ្មី ការិយាល័យ​សាខា​ស្រុក​ស្អាង

លោក អ៊ន ប៊ុនលី នាយក​ធនាគារ​អេស៊ីលីដា ភីអិលស៊ី សាខា​ស្រុក​ស្អាង
លោក អ៊ន ប៊ុនលី នាយក​ធនាគារ​អេស៊ីលីដា ភីអិលស៊ី សាខា​ស្រុក​ស្អាង

ថ្ងៃ​ទី១៧ ខែ​កញ្ញា ឆ្នាំ​២០១០

ធនាគារ​អេស៊ីលីដា សាខា​ស្រុក​ស្អាង មាន​ទីតាំង​ស្ថិត​នៅ​បណ្តោយ​ផ្លូវ​ជាតិ​លេខ​២១ ភូមិ​ព្រែក​រុន ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្ត​កណ្តាល បាន​ប្រារព្ធ​ពិធី​សម្ពោធ​ជា​ផ្លូវការ​ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ជា​គណៈ​អធិបតី​យ៉ាង​ខ្ពង់​ខ្ពស់​ពី​សំណាក់​ ឯក​ឧត្តម​អភិបាល​រង​ខេត្ត​កណ្តាល ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ប្រធាន​​និង​ក្រុមប្រឹក្សាភិបាល​ធនាគារ​​អេស៊ីលីដា ប្រធាន​នាយក​ប្រតិបត្តិ​និង​ថ្នាក់​ដឹកនាំ​ធនាគារអេស៊ីលីដា ព្រមទាំងភ្ញៀវកិត្តិយស​ជាតិ​ និង​អន្តរជាតិ​ជាច្រើន​នាក់​ទៀត ។

លោក អ៊ន ប៊ុនលី នាយក​ធនាគារ​អេស៊ីលីដា សាខា​ស្រុក​ស្អាង បាន​មាន​ប្រសាសន៍​ថា ៖ គិត​ត្រឹម​ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១០ នេះ សាខា​ស្រុក​ស្អាង​មាន​បណ្តាញ​ប្រតិបត្តិការ​ចំនួន៥ ​បុគ្គលិក​ចំនួន ១០៨នាក់ ទ្រព្យ​សកម្ម​សរុប​ចំនួន​ជិត ៦លាន​ដុល្លារ អតិថិជន​ចំនួន ៧.៣៣៣នាក់ កំពុង​ប្រើប្រាស់​ឥណទាន​ចំនួន​ជាង ៥,៣លាន​ដុល្លារ និង​អតិថិជន​ចំនួន ៦.០៦៧នាក់ កំពុង​ដាក់​ប្រាក់​បញ្ញើ​សន្សំ​ចំនួន​ជាង ២,៥លាន​ដុល្លារ ព្រមទាំង​អតិថិជន​ជា​ច្រើន​ទៀត បាន​និង​កំពុង​ប្រើប្រាស់​សេវាកម្ម​ផ្សេងៗ​ទៀត ។ ជាងនេះទៅទៀត​យើង​មាន​ម៉ាស៊ីន​ដក​ប្រាក់​ស្វ័យប្រវត្តិ​អេធីអឹម​ចំនួន ១គ្រឿង​សម្រាប់​បម្រើ​សេវា​ជូន​​ដល់​អតិថិជន តាមរយៈ​ប័ណ្ណ​អេស៊ីលីដា ប័ណ្ណ​វីសា​អេស៊ីលីដា និង​ប័ណ្ណ​វីសា​ធនាគារ​ផ្សេង​ទៀត នៅ​ទូទាំង​ពិភពលោក ។

លោក​បាន​បន្ត​ថា ៖ ពេលនេះ សាខា​ស្រុក​ស្អាង បាន​ប្តូរ​ទីតាំង​មក​អគារ​ការិយាល័យ​ថ្មី ដែល​បាន​សាងសង់​ឡើង​តាម​ស្តង់ដារ​ធនាគារ​ពាណិជ្ជ ដោយ​យក​ចិត្ត​ទុកដាក់​ខ្លាំង​លើ​ការ​រក្សា​សន្តិសុខ កំណារពារ​អគ្គិភ័យ ការ​បម្រុង​ថាមពល ផាសុកភាព និង​សុវត្ថិភាព ។ អគារ​នេះ​មាន​កម្ពស់ ៣ជាន់ និង​មាន​ផ្ទៃ​ក្រឡា​សម្រាប់​បំពេញ​ការងារ​ និង​បម្រើ​អតិថិជន​ធំ​ទូលាយ ។ នេះ​ជា​ព្រឹត្តិការណ៍​ដ៏​ពិសេស​មួយ​នៅ​ក្នុង​ឆ្នាំ​នេះ របស់​សាខា​ស្រុក​ស្អាង ដែល​បាន​បង្ហាញ​អំពី​ភាព​រឹងមាំ​ជាមួយ​ការអភិវឌ្ឍ​ឥត​ឈប់ឈរ​ក្នុង​ការ​បម្រើ​សេវាកម្ម​ហិរញ្ញវត្ថុ​កាន់តែ​លឿន រហ័ស​ទាន់ចិត្ត អាច​ជឿជាក់​បាន និង​មាន​សុវត្ថិភាព​ខ្ពស់ ដើម្បី​បំពេញ​តម្រូវការ​របស់​អតិថិជន​ទាំងអស់ ។

ឯក​ឧត្តម ផៃ ប៊ុនឈឿន អភិបាល​រង​ខេត្ត​កណ្តាល និង លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារអេស៊ីលីដា ភីអិលស៊ី
ឯក​ឧត្តម ផៃ ប៊ុនឈឿន អភិបាល​រង​ខេត្ត​កណ្តាល និង លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារអេស៊ីលីដា ភីអិលស៊ី

នៅ​ក្នុង​ឱកាស​ដ៏​ពិសេស​នេះ លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារអេស៊ីលីដា បាន​ថ្លែង​ថា ៖ បច្ចុប្បន្ន ធនាគារ​អេស៊ីលីដា​មាន​អគារ​ការិយាល័យ​ស្តង់ដារ​ចំនួន ៨៣ និង​កំពុង​សាងសង់​បន្ថែម​ជា​បន្ត​បន្ទាប់ ដើម្បី​ទទួល​បម្រើ​អតិថិជន និង​បង្កឱ្យ​មាន​ភាព​ងាយ​ស្រួល​ដល់​ពួក​គាត់​ក្នុង​ការ​ធ្វើ​ទំនាក់​ទំនង និង​ប្រើប្រាស់​សេវា​ហិរញ្ញ​វត្ថុ​នានា ជា​ពិសេស​ដើម្បី​ការពារ​សុវត្ថិ​ភាព​ទ្រព្យ​សម្បត្តិ​របស់​ពួក​គាត់ ដែល​បាន​និង​កំពុង​ប្រើប្រាស់​សេវា​ធនាគារ​អេស៊ីលីដា ប្រកប​ដោយ​ផាសុកភាព ។

លោក​ក៏​បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ផង​ដែរ​ចំពោះ​រាជ​រដ្ឋា​ភិបាល ធនាគារ​ជាតិ​នៃ​កម្ពុជា អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ និង​អតិថិជន​វៃ​ឆ្លាត​ជាង​មួយ​លាន​នាក់ ដែល​តែង​តែ​ជួយ​គាំទ្រ​ធនាគារ​អេស៊ីលីដា​តាំង​ពី​ដើម​រៀង​មក ធ្វើឱ្យ​ទ្រព្យ​សកម្ម​កើន​ពី​ចំនួន​ជាង ២២​លាន​ដុល្លារ ក្នុង​ខែ​ធ្នូ ឆ្នាំ​២០០០ រហូត​ដល់​ជាង​១ពាន់​លាន​ដុល្លារ នៅ​ដំណាច់​ខែ​សីហា ឆ្នាំ​២០១០ ។ ដើម្បី​វិវឌ្ឍ​តាម​អតិថិជន​ដ៏​ឆ្លាត​វៃ ធនាគារ​អេស៊ីលីដា​បាន​បង្កើត​នូវ​សេវា​ថ្មី​មួយ​ទៀត​ដ៏​ទំនើប ទាន់​សម័យ​មុន​គេ​បង្អស់​នៅ​កម្ពុជា​គឺ អេស៊ីលីដា យូនីធី ជា​ធនាគារ​ពិត​ជាក់​ស្តែង នៅ​ក្នុង​ដៃ​របស់​លោក​អ្នក ។ អេស៊ីលីដា យូនីធី ប្រមូល​ផ្តុំ​សេវា​ហិរញ្ញ​វត្ថុ​ទាំង​មូល​នៅ​ក្រោម​ប្រព័ន្ធ​តែ​មួយ សម្រួល​ក្នុង​ការ​ធ្វើ​ប្រតិបត្តិ​ការ​សេវា​ធនាគារ​ប្រចាំ​ថ្ងៃ តាម​រយៈ​ទូរស័ព្ទ​ដៃ​គ្រប់​ប្រភេទ ជា​ភាសា​ជាតិ និង​អន្តរ​ជាតិ គ្រប់​បណ្តាញ​ប្រព័ន្ធ​ទូរស័ព្ទ​ចល័ត គ្រប់​ទី​កន្លែង គ្រប់​ពេល​វេលា នៅ​ក្នុង​ប្រទេស និង​ទូទាំង​ពិភព​លោក សម្រាប់​អតិថិជន​ទាំងឡាយ​ដែល​បាន​ភ្ជាប់​ប្រព័ន្ធ Global Roaming ។

គណៈអធិបតី​ចូលរួម​ក្នុង​ពិធី​សម្ពោធ​អគារ​ថ្មី ធនាគារ​អេស៊ីលីដា ភីអិលស៊ី សាខា​ស្រុកស្អាង
គណៈអធិបតី​ចូលរួម​ក្នុង​ពិធី​សម្ពោធ​អគារ​ថ្មី ធនាគារ​អេស៊ីលីដា ភីអិលស៊ី សាខា​ស្រុកស្អាង

ឯក​ឧត្តម ផៃ ប៊ុនឈឿន អភិបាល​រង​ខេត្ត​កណ្តាល បាន​កត់​សម្គាល់​ថា ៖ ធនាគារ​អេស៊ីលីដា សាខា​ស្រុក​ស្អាង ចាប់​ផ្តើម​ធ្វើ​ប្រតិបត្តិ​ការ តាំង​ពី​ខែ​កុម្ភៈ ឆ្នាំ​១៩៩៩ ក្រោម​រូប​ភាព​ជា​ការិយាល័យ​ស្រុក ។ នៅ​អំឡុង​ខែ​តុលា ឆ្នាំ​២០០៦ ក៏​បាន​ប្រែ​ក្លាយ​ជា​សាខា ហើយ​ធ្វើ​ប្រតិបត្តិ​ការ​ពេញ​លេញ និង​ទូលំ​ទូលាយ​ទូទាំង​ស្រុក​ស្អាង ដែល​បញ្ជាក់ឱ្យ​ឃើញ​ថា​មាន​ការ​វិវត្ត និង​រីក​ចម្រើន​ធំ​ធាត់​យ៉ាង​ឆាប់​រហ័ស ទាំង​ផ្នែក​ប្រតិបត្តិ​ការ និង​ផ្នែក​អាជីវ​កម្ម ។ ចំពោះ​ដំណើរ​ការ​អភិវឌ្ឍន៍​របស់​ធនាគារ​អេស៊ីលីដា សាខា​ស្រុក​ស្អាង​នេះ មាន​អត្ថ​ប្រយោជន៍​ណាស់​ដល់​ប្រជា​ពលរដ្ឋ និង​អ្នក​ជំនួញ​តូច​ធំ​ក្នុង​ស្រុក​ស្អាង​ទាំង​មូល​ដើម្បី​ទទួល​បាន​នូវ​ប្រភព​ធន​ធាន​ហិរញ្ញ​វត្ថុ និង​សេវា​កម្ម​ផ្សេងៗ​ទៀត ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ចូល​រួម​ក្នុង​ការ​បង្កើតឱ្យ​មាន​ការងារ​ធ្វើ និង​ប្រភព​ចំណូល ដើម្បី​ចូល​រួម​អភិវឌ្ឍ​សេដ្ឋកិច្ច និង​លើក​កម្ពស់​កម្រិត​ជីវភាព​រស់​នៅ ព្រម​ទាំង​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជា​ពលរដ្ឋ​ក្នុង​ស្រុក​ស្អាង ។ ធនាគារ​អេស៊ីលីដា សាខា​ស្រុក​ស្អាង នឹង​នៅតែ​ជា​ដៃ​គូ​អភិវឌ្ឍន៍​របស់​ខេត្ត​ស្រុក ជា​ប្រតិបត្តិករ​ល្អ​ជាមួយ​អាជ្ញាធរ​មូល​ដ្ឋាន​គ្រប់​លំដាប់​ថ្នាក់ និង​ជា​អ្នក​ផ្តល់​សេវា​ហិរញ្ញ​វត្ថុ​ល្អ​ដល់​អតិថិជន​ទូទៅ ដើម្បី​ពង្រីក​ប្រតិបត្តិការ​របស់​ខ្លួនឱ្យ​មាន​ប្រសិទ្ធ​ភាព និង​ផលិត​ភាព​ថែម​ទៀត ៕

ACLEDA Photo

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១២៩ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖