www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextគណៈប្រតិភូ​ធនាគារ​ពិភពលោក ស្វែង​យល់អំពី​ការរីក​​ចម្រើន​របស់​ធនាគារ​អេស៊ីលីដា

គណៈប្រតិភូ​ធនាគារ​ពិភពលោក ស្វែង​យល់អំពី​ការរីក​​ចម្រើន​របស់​ធនាគារ​អេស៊ីលីដា

កិច្ចប្រជុំ​រវាង​ថ្នាក់​គ្រប់គ្រង​ធនាគារ​អេស៊ីលីដា និង​គណៈប្រតិភូ​ធនាគារ​ពិភពលោក
កិច្ចប្រជុំ​រវាង​ថ្នាក់​គ្រប់គ្រង​ធនាគារ​អេស៊ីលីដា និង​គណៈប្រតិភូ​ធនាគារ​ពិភពលោក

ថ្ងៃ​ទី០៦ ខែ​កញ្ញា ឆ្នាំ​២០១០

រាជធានី​ភ្នំពេញ ថ្ងៃ​ទី​០៦ ខែ​កញ្ញា ឆ្នាំ​២០១០ គណៈប្រតិភូ​ជាន់​ខ្ពស់​របស់​ធនាគារ​ពិភពលោក ដឹក​នាំ​ដោយ​លោកបណ្ឌិត Justin Yifu Lin អនុប្រធាន​ជាន់​ខ្ពស់ និង​ជា​ប្រធាន​សេដ្ឋកិច្ច​វិទូ​នៃ​ធនាគារ​ពិភពលោក បាន​ចុះ​មក​ធ្វើ​ទស្សន​កិច្ច​សិក្សា​ ទទួល​យក​នូវ​​បទពិសោធន៍​ពី​​ភាព​ជោគជ័យ​ និង​​ការ​រីក​លូតលាស់​របស់​ធនាគារ​អេស៊ីលីដា ។​ បេសក​កម្ម​របស់​​លោក​នៅ​ក្នុង​ទស្សន​កិច្ច​សិក្សា​នេះ គឺ​ដើម្បី​ស្វែងយល់​អំពី​ការ​អភិវឌ្ឍ​របស់​ធនាគារ​អេស៊ីលីដាក្នុង​​រយៈពេល ១៧ឆ្នាំ ដែល​ជា​ធនាគារ​នាំ​មុខ​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​ចែក​រំលែក​ទៅឱ្យ​ស្ថាប័ន​ដទៃ​ទៀត ។

លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិធនាគារ​អេស៊ីលីដា បាន​ជម្រាប​ទៅ​លោក​អនុ​ប្រធាន​ជាន់​ខ្ពស់​ថា មាន​កត្តា​សំខាន់​ៗ​បី​ ដែល​ធ្វើឱ្យ​ធនាគារ​អេស៊ីលីដា​ទទួល​បាន​នូវ​ភាព​ជោគ​ជ័យ​មក​ដល់​សព្វថ្ងៃ​នេះ ។ ទី​១ ការ​​រៀប​ចំ និង​បម្រើ​សេវា​ទៅ​តាម​តម្រូវការ​របស់អតិថិជន ។ ទី​២ ធនាគារ​ធ្វើ​ប្រតិបត្តិការ ដោយ​មាន​ការ​គាំទ្រ និង​សហការពី​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់ ។ ទី​៣ បុគ្គលិក​គ្រប់​លំដាប់​​ថ្នាក់ យក​ចិត្ត​ទុកដាក់​​គោរព​ទៅតាម​តួនាទីការងារ ​ច្បាប់​របស់​ធនាគារ​អេស៊ីលីដា ច្បាប់​ជាតិ និង​អន្តរជាតិ ។ ភាពជោគជ័យ​នេះ​ធ្វើឱ្យ​អេស៊ីលីដា​កសាង​ខ្លួន​ក្នុង​រយៈ​ពេល​១៧​ឆ្នាំ តាំងពី​​ទ្រព្យ​សកម្ម​មាន​ជាង ២០​លាន​ដុល្លារ រហូត​ដល់ ១.០៦០​លានដុល្លារ នៅ​ក្នុង​ខែ​សីហា​នេះ ។

ក្រៅ​ពី​នេះ អេស៊ីលីដា​មាន​អតិថិជនឥណទាន​ជាច្រើន រហូត​ដល់​ជាង ២៦០.០០០នាក់ និង​មាន​សមតុល្យ​ឥណទាន ៦៣២លាន​ដុល្លារ គឺ​ដោយសារ​យើង​យល់​ច្បាស់​ពី​តម្រូវ​ការ និង​ការ​រីក​​ចម្រើន​របស់​អតិថិជន​គ្រប់​លំដាប់​ថ្នាក់​ ចាប់ពី​អតិថិជន​មុខ​ជំនួញ​ខ្នាត​តូច​បំផុត​ឡើង​ទៅ​ខ្នាត​តូច និង​ខ្នាត​តូច​ឡើង​ទៅ​ខ្នាត​មធ្យម ។ ដើម្បី​បម្រើ​ពួក​គាត់ឱ្យ​បាន​កាន់​តែ​ល្អ​ប្រសើរ ​ធនាគារ​បាន​រៀប​ចំ​ជា​ផ្នែក​បម្រើ​អតិថិជន ផ្នែក​ថែ​រក្សា​អតិថិជន និង​ផ្នែក​ផ្តល់​ព័ត៌មាន​ដល់​អតិថិជន ដើម្បី​ស្គាល់​អតិថិជនឱ្យ​បាន​ច្បាស់​ថា​គាត់​ត្រូវ​ការ​ឥណទាន សម្រាប់​ធ្វើ​អ្វី ឬ​ប្រកប​របរ​អ្វី និង​​អាច​ផ្តល់​សេវា​អ្វី​ជូន​ពួកគាត់​បន្ថែម​ទៀត​បាន ពី​ព្រោះ​នៅ​ពេល​ខ្លះ​អតិថិជន​មិន​ដឹង​ថា​គួរ​ប្រើ​សេវា​អ្វី​នោះ​ទេ មាន​តែ​ភ្នាក់ងារ​​ធនាគារ​នេះ​ហើយ​ដែល​ដឹង​ថា​ពួក​គាត់​គួរ​ប្រើ​សេវា​មួយ​ណា​​ដែល​អស់​ចំណាយ​តិច និង​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន ។

គណៈប្រតិភូ​ទស្សនកិច្ច​សាល​បម្រើ​អតិថិជន​របស់​ការិយាល័យ​កណ្តាល​ធនាគារ​អេស៊ីលីដា
គណៈប្រតិភូ​ទស្សនកិច្ច​សាល​បម្រើ​អតិថិជន​របស់​ការិយាល័យ​កណ្តាល​ធនាគារ​អេស៊ីលីដា

លោក​ប្រធាន​នាយក​ប្រតិបត្តិ បាន​ជម្រាប​បន្ថែម​ថា កត្តា​ជោគជ័យ​មួយ​ទៀត គឺ​តម្លាភាព​ជា​មូល​ដ្ឋាន សម​នឹង​ពាក្យ "ធនាគារ​ដែល​លោក​អ្នក​ជឿ​ទុកចិត្ត" ។ តម្លាភាព​ត្រូវ​មាន​ទាំងបុគ្គលិក និងអតិថិជន ។ បុគ្គលិក​គ្រប់​លំដាប់​ថ្នាក់​ប្រកាន់​ខ្ជាប់​នូវ​បទ​បញ្ជា​ផ្ទៃ​ក្នុង ក្នុង​ការផ្តល់​សេវា​ធនាគារ​ជូន​ដល់​អតិថិជន ដោយ​មិន​ទាមទារ​អ្វី​ដែល​ជា​កម្រៃ​ក្រៅ​ពី​​ធនាគារ​ផ្តល់​ជូន​នោះ​ទេ ។ ​ធនាគារ​ប្រកាន់​ខ្ជាប់​នូ​វ​គោលការណ៍​ដែល​មិន​អាច​លើក​លែង​បាន​ជា​ដាច់​ខាត​ចំពោះ​ការ​កេងបន្លំ ឬ​អំពើ​ពុក​រលួយ​ទាំងឡាយ ។

លោក​បាន​បន្ត​ថា តួលេខ​ត្រឹម​ខែ​សីហា​នេះ ឥណទាន​សរុប​មាន​ចំនួន​ជាង ៦៣២លាន​ដុល្លារ ក្នុង​នោះ​មាន​ឥណទាន​កសិកម្ម​ចំនួន ៩៩លាន​ដុល្លារ ដែល​កាល​ពី​ឆ្នាំ២០០៤ មាន​ត្រឹមតែ ៣,៦លាន​ដុល្លារ​ប៉ុណ្ណោះ ។ ហេតុ​នេះ ឥណទាន​សម្រាប់​វិស័យ​កសិកម្ម​មាន​ការ​កើន​ឡើង​ខ្ពស់​ជា​លំដាប់ ពីព្រោះ​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​ផ្តោត​ទៅលើ​ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ធារាសាស្ត្រ ប្រព័ន្ធ​ប្រឡាយ​ទំនប់​ទឹក អាង​ស្តុក​ទឹក ប្រព័ន្ធស្រោច​ស្រព ធ្វើឱ្យ​មាន​ទំនុក​ចិត្ត គ្មាន​បញ្ហា​ទឹក​ទៀត​ឡើយ ។ ចំណែកឯ​ទីផ្សារ​ក៏​សម្បូរ​បែប ព្រោះ​ដោយសារ​តែ​មាន​តម្រូវ​ការ​នាំ​អង្ករ​ចេញ​ជា​លក្ខណៈ​អន្តរជាតិ និង​មាន​តម្លៃ​ខ្ពស់ ។ មូលហេតុ​​នេះ​ហើយ ដែល​ជំរុញឱ្យ​អេស៊ីលីដា​ផ្តល់​ប្រាក់​កម្ចី​ដល់​ពួក​គាត់​បាន​កាន់​តែ​ច្រើនខាង​វិស័យ​កសិកម្ម ជា​ពិសេស​ស្រប​ទៅ​នឹង​គោលនយោបាយ​របស់​រដ្ឋាភិបាល​ដែល​លើក​ទឹក​ចិត្ត​លើ​វិស័យ​កសិកម្ម ។

កត្តា​ទាំង​នេះ​ហើយ ដែល​ធ្វើឱ្យ​ធនាគារ​អេស៊ីលីដា ក្លាយ​ជា​ធនាគារ​ពាណិជ្ជ​ឈាន​មុខ​គេ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្លាយ​ជា​ធនាគារ​ថ្នាក់​តំបន់​មួយ ដែល​បាន​ពង្រីក​បណ្តាញ​ប្រតិបត្តិការ​ទៅ​ក្រៅ​ប្រទេស​ទៀត​ផង ៕

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៨២ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖