www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextពិធី​សម្ពោធ​​អគារ​ការិយាល័យ​ថ្មី សាខា​ខេត្តរតនគិរី

ពិធី​សម្ពោធ​​អគារ​ការិយាល័យ​ថ្មី សាខា​ខេត្តរតនគិរី

សាខា​ខេត្តរតនគិរី
សាខា​ខេត្តរតនគិរី

ថ្ងៃ​ទី០៩ ខែកញ្ញា ឆ្នាំ២០១១

ធនាគារ​​អេស៊ីលីដា សាខា​ខេត្តរតនគិរី មាន​ទីតាំង​ស្ថិត​នៅ​ភូមិ២ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី បាន​ប្រារព្ធ​ពិធី​សម្ពោធ​ជា​ផ្លូវការ​ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ជា​គណៈ​អធិបតី​យ៉ាង​ខ្ពង់​ខ្ពស់​ពី​សំណាក់ ឯក​ឧត្តម​ប្រធាន​ក្រុម​ប្រឹក្សាខេត្ត​ ឯក​ឧត្តម​អភិបាល​ខេត្ត​ ​និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់​នៃ​ខេត្តរតនគិរី ប្រធាន-អនុប្រធានក្រុមប្រឹក្សាភិបាល ​ប្រធាន​នាយក​ប្រតិបត្តិ និង​ថ្នាក់​ដឹកនាំ​ធនាគារអេស៊ីលីដា ព្រមទាំង​ភ្ញៀវ​កិត្តិយស​ជាតិ​ និង​អន្តរជាតិ​ជាច្រើន​នាក់​ទៀត ។

លោក ញឹម កុសល នាយក​ធនាគារ​អេស៊ីលីដា សាខា​ខេត្តរតនគិរី បាន​មាន​ប្រសាសន៍​ថា ៖ សាខា​ខេត្ត​រតនគិរី បាន​បង្កើត​ឡើង​នៅ​ដើម​ខែមិថុនា ឆ្នាំ២០០៦ និង​បច្ចុប្បន្ន មាន​បណ្តាញ​ប្រតិបត្តិការ​ចំនួន ២ បុគ្គលិកចំនួន ៧១នាក់ ទ្រព្យ​សកម្ម​ចំនួន​ជាង ១០,២លានដុល្លារ​អាមេរិក អតិថិជន​ចំនួន​ ១.៩២៣​នាក់ កំពុង​ប្រើប្រាស់​សេវា​ឥណទាន​ចំនួន​ជាង ៨,៥លាន​ដុល្លារ​អាមេរិក និង​អតិថិជន​ចំនួន ៦.៥៤៣នាក់ កំពុង​ដាក់​ប្រាក់​បញ្ញើ​សន្សំចំនួនជិត ៨,៥លាន​ដុល្លារ​អាមេរិក និង​អតិថិជន​ជា​ច្រើន​នាក់​ទៀត បាន​និង​កំពុង​ប្រើប្រាស់​សេវា​ផ្សេងៗ​ទៀត រួម​ទាំង​សេវា​អេស៊ីលីដា​យូនីធី​ផង​ដែរ ។ ជាពិសេស យើង​មាន​​ម៉ាស៊ីន​ដក​ប្រាក់​ស្វ័យ​ប្រវត្តិ​អេធីអឹម​ចំនួន ២​គ្រឿងសម្រាប់​បម្រើ​សេវា​ជូន​​ដល់​អតិថិជន តាមរយៈ​ប័ណ្ណ​អេស៊ីលីដា ប័ណ្ណ​ឥណពន្ធវីសា​អេស៊ីលីដា និង​ប័ណ្ណ​វីសា​ធនាគារ​ផ្សេង​ទៀត​នៅ​ទូទាំង​ពិភពលោក ។

លោក ញឹម កុសល នាយក​ធនាគារ​អេស៊ីលីដា សាខា​ខេត្តរតនគិរី
លោក ញឹម កុសល នាយក​ធនាគារ​អេស៊ីលីដា សាខា​ខេត្តរតនគិរី

លោក​បាន​បន្ត​ថា ៖ អគារ​ការិយាល័យ​ថ្មី​នេះ បាន​សាងសង់​ឡើង​តាម​ស្តង់ដារ​ធនាគារ​ពាណិជ្ជ ដោយ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​លើ ការ​រក្សា​សន្តិសុខ កំណារពារ​អគ្គីភ័យ ការ​បម្រុង​ថាមពល ផាសុកភាព និង​សុវត្ថិភាពខ្ពស់ ព្រមទាំង​មាន​ទីកន្លែង​សម្រាប់​ទទួល​អតិថិជន និង​សម្រាប់​បំពេញ​ការងារ​ធំទូលាយ ។ នេះ​ជា​ព្រឹត្តិការណ៍​ដ៏​ពិសេស​មួយនៅ​ក្នុង​ឆ្នាំ​នេះ​របស់​​សាខា​ខេត្តរតនគិរី ដែល​បាន​បង្ហាញ​អំពី​ភាព​រឹង​មាំ​ជាមួយ​ការ​អភិវឌ្ឍ​ឥត​ឈប់ឈរ ក្នុង​ការ​បម្រើ​សេវាកម្ម​ហិរញ្ញវត្ថុ​ កាន់​តែ​លឿន រហ័ស​ទាន់​ចិត្ត អាច​ជឿជាក់​បាន និង​មាន​សុវត្ថិភាពខ្ពស់ សម្រាប់​បំពេញ​តម្រូវ​ការ​របស់​អតិថិជន​នៅ​ក្នុង​ខេត្ត​រតនគិរី​ទាំង​មូល ។

ឆ្លៀត​ក្នុង​ឱកាស​ដ៏​វិសេស​វិសាល​នេះ លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា បាន​ថ្លែង​ថា ៖ អារ្យភាព​ទាន់សម័យ​ជានិរន្តរ៍ គឺ​ជា​ទិសដៅ​ដ៏​ចម្បង​របស់​ធនាគារ​អេស៊ីលីដា ។ ធនាគារ​អេស៊ីលីដា បាន​បង្កើតឱ្យ​មាន​អារ្យភាព​ទាន់​សម័យ​ជា​និរន្តរ៍​សម្រាប់​សេវាកម្ម​​ហិរញ្ញវត្ថុ​បែបនេះ អស់​រយៈពេល ១៨ឆ្នាំ មក​ហើយ ដើម្បី​បម្រើ​សេវាកម្ម​ហិរញ្ញវត្ថុ​ជូន​ដល់​អតិថិជន ទាំង​វិស័យ​ឯកជន និង​វិស័យ​សាធារណៈ តាមរយៈ​សាខា និង​ការិយាល័យ​ទាំង ២៥០ ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ។

លោក​បាន​​សំដែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រាជរដ្ឋាភិបាល ធនាគារ​ជាតិ​នៃ​កម្ពុជា អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ភាគហ៊ុនិក កម្មករ​និយោជិត​គ្រប់​លំដាប់​ថ្នាក់​ទាំង ៧.៤៧៤នាក់ និង​អតិថិជន​វៃ​ឆ្លាត ជាង​មួយ​លាន​នាក់ ដែល​តែងតែ​ជួយ​គាំទ្រ​ទាំង​មធ្យោបាយ កំលាំង​កាយ កំលាំង​ចិត្ដ និង​សហការ​យ៉ាង​ពេញ​ទំហឹង តាំងពី​ដើម​រៀង​មក ធ្វើឱ្យ​ទ្រព្យ​សកម្ម​របស់​ធនាគារ​អេស៊ីលីដា កើន​ពី​ចំនួន​ជាង ២២,៣លាន​ដុល្លារ​អាមេរិក ក្នុង​ខែធ្នូ ឆ្នាំ២០០០ រហូត​ដល់ មួយ​ពាន់​បួន​រយ​លាន​ដុល្លារ​អាមេរិក (១.៤០០លាន) នៅ​ដំណាច់​ខែកក្កដា ឆ្នាំ២០១១ ដោយ​រួម​បញ្ចូល​ទាំង​សមិទ្ធផល​របស់​សាខា​ខេត្តរតនគិរី​នេះ​ផង​ដែរ ។ យុទ្ធសាស្ត្រ​មួយ​ក្នុង​ចំណោម​យុទ្ធសាស្ត្រ​ចម្បង គឺ​បង្កើតឱ្យ​មាន​ប្រព័ន្ធ​ធនាគារ​អេឡិចត្រូនិក​ឈាន​មុខ​គេ ដោយ​បំពាក់​នូវ​ប្រព័ន្ធ Online និង​ដាក់​ពង្រាយ​ម៉ាស៊ីន​ដក​ប្រាក់​ស្វ័យ​ប្រវត្តិ​អេធីអឹម ពាសពេញ​ផ្ទៃ​ប្រទេស ជាពិសេស​នៅ​តាម​បណ្តា​សាខា និង​ការិយាល័យ​នៅ​ខេត្ត​ដែល​ជាប់​ព្រំដែន ។

ឯកឧត្តម ប៉ាវ ហមផាន អភិបាល​ខេត្ត​រតនគិរី និង លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា ព្រម​ទាំង​គណៈ​អធិបតី
ឯកឧត្តម ប៉ាវ ហមផាន អភិបាល​ខេត្ត​រតនគិរី និង លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា ព្រម​ទាំង​គណៈ​អធិបតី

លោក​បាន​បន្ថែម​ទៀត​ថា ៖ ធនាគារ​អេស៊ីលីដា បាន​បង្កើត​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ​ចំនួន​ដូចជា អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី និង​ភ្នាក់ងារ​ចំនួន​បួន​ទៀត​ដូចជា ភ្នាក់ងារ​បញ្ជិកា​មូលបត្រ ភ្នាក់ងារ​ទូទាត់ ភ្នាក់ងារ​ចុះ​បញ្ជី​ផ្ទេរ​មូលបត្រ និង​ភ្នាក់ងារ​ទូទាត់​សាច់ប្រាក់​ពាក់ព័ន្ធ​នឹង​មូលបត្រ ដើម្បី​ធ្វើ​ជា​កម្លាំង​ចលករ​សម្រាប់​ទ្រទ្រង់​ការ​អភិវឌ្ឍ​វិស័យ​មូលបត្រ និង​ជំរុញឱ្យ​មាន​កំណើន​សេដ្ឋកិច្ច ។ ទន្ទឹមនឹង​នេះ​ដែរ ធនាគារ​អេស៊ីលីដា​ក៏​បាន​បង្កើតឱ្យ​មាន​អេស៊ីលីដា ត្រេននីង សេនធ័រ ដើម្បី​អភិវឌ្ឍ​ធនធាន​មនុស្ស និង​ចូលរួម​ចែក​រំលែក​បទពិសោធន៍ និង​ភាព​ជោគជ័យ​លើ​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​ដល់​ប្រតិបត្តិករ និង​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​នៅ​ក្នុង​តំបន់ ។

ជាមួយ​គ្នា​នេះ​ដែរ ឯកឧត្តម ប៉ាវ ហមផាន អភិបាល​ខេត្ត​រតនគិរី បាន​កត់​សម្គាល់​ថា ៖ ធនាគារ​អេស៊ីលីដា សាខា​ខេត្តរតនគិរី បាន​រៀប​ចំ​ឡើង​ស្របពេល​ដែល​សេដ្ឋកិច្ច​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​ខេត្ត​រតនគិរី កំពុង​មាន​ការ​រីក​ចម្រើន មាន​ស្ថិរភាព និង​មាន​កំណើន​លើស​ពី​ការ​រំពឹង​ទុក ជា​សក្ខីកម្ម​ដែល​បញ្ជាក់​ពី​ការ​រីក​ចម្រើន ភាព​រឹងមាំ និង​ថែម​ទាំង​បាន​បង្ហាញ​ពី​ការ​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ​ក្នុង​ប្រទេស ជា​ពិសេស​នៅ​ក្នុង​ខេត្ត​រតនគិរី ។ នេះ​ពិត​ជា​បាន​ផ្តល់​អត្ថ​ប្រយោជន៍​យ៉ាង​ច្រើន ចំពោះ​ប្រជាពលរដ្ឋ និង​អ្នក​ជំនួញ​នៅ​ក្នុង​ស្រុក​ទាំង​មូល ឱ្យទទួល​បាន​នូវ​ប្រភព​ធនធាន​ហិរញ្ញវត្ថុ​ និង​សេវាកម្ម​ហិរញ្ញវត្ថុ​ផ្សេងៗ​ទៀត ដែល​ជា​គន្លឹះ​ក្នុង​ការ​ចូលរួម​បង្កើតឱ្យ​មាន​ការងារ ប្រភព​ចំណូល អភិវឌ្ឍ​សេដ្ឋកិច្ច និង​លើក​កម្ពស់​កម្រិត​ជីវភាព​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្តរតនគិរី​ទាំង​មូល ៕

គណៈអធិបតី​ និង​ភ្ញៀវ​កិត្តិយស​ចូលរួម​ក្នុង​ពិធី​សម្ពោធ​អគារ​ថ្មី ធនាគារ​អេស៊ីលីដា ភីអិលស៊ី សាខា​ខេត្តរតនគិរី
គណៈអធិបតី​ និង​ភ្ញៀវ​កិត្តិយស​ចូលរួម​ក្នុង​ពិធី​សម្ពោធ​អគារ​ថ្មី ធនាគារ​អេស៊ីលីដា ភីអិលស៊ី សាខា​ខេត្តរតនគិរី

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៥៥៧ ©២០២៥ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖