www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextធនាគារ អេស៊ីលីដា ភីអិលស៊ី ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ

ធនាគារ អេស៊ីលីដា ភីអិលស៊ី ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ

ថ្ងៃ​ទី២១ ខែ​សីហា ឆ្នាំ​២០១២

ACLEDA Photo

ភ្នំពេញ, ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១២ ៖ ធនាគារ​អេស៊ីលីដា ជា​ធនាគារ​ពាណិជ្ជ​ឈាន​មុខ​គេ​លើ​គ្រប់​វិស័យ បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា ធនាគារ​អេស៊ីលីដា ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុង​ការ​ផ្តល់​សេវាកម្ម​ធនាគារ សម្រាប់​ប្រតិបត្តិ​ការ​លក់​លតាបត្រ​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន និង​យាន​ជំនិះ​គ្រប់​ប្រភេទ ចំពោះ​ទោចក្រយានយន្ត និង​ត្រីចក្រយានយន្ត ដោយ​​អនុវត្ត​សាកល្បង​លើ ២៣ខេត្ត និង​រាជធានី​ភ្នំពេញ ។

ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ ចំពោះ​ទោចក្រយានយន្ត និង​ត្រីចក្រយានយន្ត ត្រូវ​បាន​បង្កើត​តាមរយៈ​ព្រះរាជក្រឹត្យ​លេខ ២៤ ក្រ ចុះ​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ១៩៩១ របស់​ក្រុមប្រឹក្សារដ្ឋ នៃ រដ្ឋ​កម្ពុជា ។

ឯកឧត្តម ស៊ឹម អៀង ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​មាន​ប្រសាសន៍​ថា ៖ នេះ​ជា​លើក​ទី១ហើយ ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ជ្រើសរើស​យក​ធនាគារ​អេស៊ីលីដា ធ្វើ​ជា​ដៃ​គូ ក្នុង​ការ​លក់​លតាបត្រពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ ចំពោះ​ទោចក្រយានយន្ត និង​ត្រីចក្រយានយន្ត ។ ការ​ជ្រើសរើស​យក​ធនាគារ​អេស៊ីលីដា ធ្វើ​ជា​ដៃ​គូ គឺ​ដោយសារ​ធនាគារ​នេះ​មាន​បណ្តាញ​ប្រតិបត្តិការ​ច្រើន និង​ភ្ជាប់​ទំនាក់​ទំនង​គ្នា​ដោយ​ប្រព័ន្ធ​ទំនើប​ជឿនលឿន និង​រៀបចំ​បាន​ល្អ​នៅ​ក្នុង​ប្រទេស ។ ម៉្យាង​វិញ​ទៀត ការ​លក់​លតាបត្រពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ ចំពោះ​ទោចក្រយានយន្ត និង​ត្រីចក្រយានយន្ត តាមរយៈ​ធនាគារ​ពាណិជ្ជ គឺ​ធ្វើ​ឡើង​ដើម្បី​គ្រប់គ្រង​ទិន្នន័យ​ព័ត៌មាន​លើ​ការ​ប្រមូល​ប្រាក់​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ថែមទៀត ។

ACLEDA Photo

អគ្គនាយកដ្ឋាន​ពន្ធដារ នឹង​ត្រូវ​ធ្វើ​ការ​បែងចែក​លតាបត្រពន្ធ ទៅ​គ្រប់​ការិយាល័យ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ទូទាំង​ប្រទេស​កម្ពុជា ដើម្បី​លក់​លតាបត្រ​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន និង​យានជំនិះ ជូន​ម្ចាស់​ទោចក្រយានយន្ត និង​ត្រី​ចក្រយានយន្ត គ្រប់ប្រភេទ ។

លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​មាន​ប្រសាសន៍​ថា ៖ ធនាគារ​អេស៊ីលីដា មាន​មោទនភាព ដែល​តែងតែ​ទទួល​បាន​ការ​ផ្តល់​ទំនុក​ចិត្ត និង​ជ្រើសរើស​ធ្វើ​ជា​ដៃ​គូ​ជា​បន្ត​បន្ទាប់​ពី​គ្រឹះស្ថាន​សាធារណៈ របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លើ​សេវា​ហិរញ្ញវត្ថុ​របស់​ធនាគារ​អេស៊ីលីដា ។ នេះ​​ជា​កត្តា​ជំរុញ​លើក​ទឹក​ចិត្តឱ្យ​ធនាគារ​អេស៊ីលីដា បន្ត​ធ្វើ​ការ​ពង្រីក​បណ្តាញ​ប្រតិបត្តិការ ពង្រឹង​គុណភាព និង​បង្កើតឱ្យ​មាន​ប្រព័ន្ធ​ធនាគារ​អេឡិចត្រូនិក​ឈាន​មុខ​គេ ដោយ​បំពាក់​នូវ​ប្រព័ន្ធ Online និង​ប្រព័ន្ធ​ទំនើប​​ធ្វើ​ប្រតិបត្តិការ​ធនាគារ​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ចល័ត ដាក់​ពង្រាយ​ម៉ាស៊ីន​ដក​ប្រាក់​ស្វ័យប្រវត្តិអេធីអឹម ពាស​ពេញ​ប្រទេស ដើម្បី​អាច​បម្រើ​អតិថិជន​បាន ២៤ម៉ោង ក្នុង១ថ្ងៃ និង៧ថ្ងៃ ក្នុង១សប្តាហ៍ ។

លោក​បាន​បន្ត​ទៀត​ថា ៖ ថ្ងៃ​នេះ​ធនាគារ​អេស៊ីលីដា កាន់តែ​មាន​មោទនភាព​ថែម​ទៀត​ដែល​ត្រូវ​បាន​អគ្គនាយកដ្ឋាន​ពន្ធដារ​ជ្រើសរើស​ធ្វើ​ជា​ដៃ​គូ​ក្នុង​ការ​ប្រើប្រាស់​សេវាកម្ម​ធនាគារ សម្រាប់​ប្រតិបត្តិការ​លក់​លតាបត្រពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ ចំពោះ​ទោចក្រយានយន្ត និង​ត្រីចក្រយានយន្ត ទូទាំង​ប្រទេស ។

ACLEDA Photo

លោក​បាន​បន្ថែម​ទៀត​ថា ៖ ធនាគារ​អេស៊ីលីដា មាន​​បណ្តាញ​ប្រតិបត្តិការ​ចំនួន ២៣៧ ការិយាល័យ ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា និង ​២៥​ការិយាល័យ នៅ​ប្រទេសឡាវ ជាមួយ​នឹង​ទ្រព្យ​សកម្ម​សរុប​ចំនួន ១,៧៦ ពាន់​លាន​ដុល្លារ​អាមេរិក នៅ​ដំណាច់​ខែ​កក្កដា ឆ្នាំ២០១២ ។ ធនាគារ​អេស៊ីលីដា មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន​បី​គឺ ធនាគារ អេស៊ីលីដា ឡាវ, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី និង អេស៊ីលីដា ត្រេននីង សេនធ័រ ហើយ​បន្ត​ពង្រីក​វិសាល​ភាព​ប្រតិបត្តិការ​ទៅ​ប្រទេស​មីយ៉ាន់ម៉ា និង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ដទៃ​ទៀត ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់​ទំនង​តាមរយៈ

តំណាង​អគ្គនាយកដ្ឋាន​ពន្ធដារ

លោក សែម សាខន អនុប្រធាន​នាយកដ្ឋាន​ច្បាប់ វិវាទ និង​ស្ថិតិ
ទូរស័ព្ទ ៖ ០៩៧ ៩១១ ៦២ ២២, ០១២ ៦១២ ១២០
អ៊ីម៉ែល ៖

តំណាង​ធនាគារ អេស៊ីលីដា ភីអិលស៊ី

លោក លី ថៃ នាយកប្រតិបត្តិប្រតិបត្តិការ
ទូរស័ព្ទ ៖ ០១៥ ៩០០ ១៧៧
អ៊ីម៉ែល ៖

លោក សុខ សុវត្ថឌី នាយក​ប្រតិបត្តិរង​ប្រតិបត្តិការ
ទូរស័ព្ទ ៖ ០១៥ ៩០០ ១៧៨
អ៊ីម៉ែល ៖

លោក នេត ពិសិដ្ឋ នាយកប្រតិបត្តិ​រង​ប្រតិបត្តិការ
ទូរស័ព្ទ ៖ ០១៥ ៧០០ ១១១
អ៊ីម៉ែល ៖

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១.០៧៧ ©២០២៥ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖