navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextធនាគារ អេស៊ីលីដា ភីអិលស៊ី ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយ ធនាគារ SMBC
ធនាគារ អេស៊ីលីដា ភីអិលស៊ី ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយ ធនាគារ SMBC
ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១២
ភ្នំពេញ, ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១២ ៖ ធនាគារអេស៊ីលីដា ជាធនាគារពាណិជ្ជឈានមុខគេលើគ្រប់វិស័យ បានប្រកាសនៅថ្ងៃនេះថា ធនាគារអេស៊ីលីដា ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយធនាគារជប៉ុន Sumitomo Mitsui Banking Corporation (SMBC) សម្រាប់សហប្រតិបត្តិការធុរៈកិច្ចដែលផ្តល់អត្ថប្រយោជន៍គ្នាទៅវិញទៅមក ។
ក្រោមកិច្ចព្រមព្រៀងនេះ ធនាគារទាំងពីរនឹងផ្តល់ការគាំទ្រគ្នាទៅវិញទៅមក ចំពោះអតិថិជនរបស់ខ្លួន ក៏ដូចជាសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន លើសកម្មភាពដូចជា ៖ ឥណទានសម្រាប់មុខជំនួញ សេវាបញ្ញើ-សន្សំ សេវាផ្ទេរប្រាក់ សេវាចាត់ចែងសាច់ប្រាក់ ហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាធនាគារជាច្រើនទៀត ។ ម៉្យាងវិញទៀតធនាគារទាំងពីរ នឹងផ្លាស់ប្តូរព័ត៌មានទូទៅដែលទាក់ទងទៅនឹងសេដ្ឋកិច្ច, ឧស្សាហកម្ម, ផលិតផលហិរញ្ញវត្ថុ, ទីផ្សារហិរញ្ញវត្ថុ និងធនាគារ, ពាណិជ្ជកម្មអន្តរជាតិ, ប្រព័ន្ធផ្សេងៗ និងច្បាប់ស្តីពីឧស្សាហកម្មធនាគារ និងហិរញ្ញវត្ថុ ក៏ដូចជាព័ត៌មានរបស់អតិថិជន ដែលប្រើប្រាស់សេវាឥណទានរបស់ប្រទេសទាំងពីរជាមួយគ្នា ។
លោក Masayuki Shimura នាយកគ្រប់គ្រងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក របស់ធនាគារ SMBC បានមានប្រសាសន៍ថា ៖ នេះជាលើកទីមួយហើយ ដែលធនាគារ SMBC បានជ្រើសរើសយកធនាគារអេស៊ីលីដា ធ្វើជាដៃគូក្នុងការធ្វើសហប្រតិបត្តិការធុរៈកិច្ចដែលផ្តល់អត្ថប្រយោជន៍គ្នាទៅវិញទៅមក ហើយចូលរួមធ្វើឱ្យមានការរីកចម្រើនសេដ្ឋកិច្ចឥតឈប់ឈរ រវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន ។ ការជ្រើសរើសយកធនាគារអេស៊ីលីដា ធ្វើជាដៃគូ គឺដោយសារធនាគារនេះមានបណ្តាញប្រតិបត្តិការច្រើន និងបំពាក់ប្រព័ន្ធបច្ចេកវិជ្ជាព័ត៌មានស្តង់ដារអន្តរជាតិ ។
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ របស់ធនាគារអេស៊ីលីដា បានមានប្រសាសន៍ថា ៖ ធនាគារអេស៊ីលីដា មានមោទនភាពដែលធនាគារ SMBC បានជ្រើសរើសយកធនាគារអេស៊ីលីដា ធ្វើជាដៃគូក្នុងការធ្វើសហប្រតិបត្តិការធុរៈកិច្ចដែលផ្តល់អត្ថប្រយោជន៍គ្នាទៅវិញទៅមក ។ ការសហប្រតិបត្តិការនេះ នឹងធ្វើឱ្យធនាគារអេស៊ីលីដា មានការរីកចម្រើន និងជោគជ័យបន្ថែមមួយកម្រិតទៀត ស្របតាមយុទ្ធសាស្ត្រយូរអង្វែងរបស់ធនាគារអេស៊ីលីដា ។
លោកបានបន្តថា ៖ ធនាគារអេស៊ីលីដា មានបទពិសោធន៍ផ្តល់ប្រាក់កម្ចីដល់សហគ្រាសខ្នាតតូតបំផុត ខ្នាតតូច និងខ្នាតមធ្យម រយៈពេលជាង ២០ឆ្នាំ និងមានបណ្តាញការិយាល័យប្រតិបត្តិការ ចំនួន ២៣៧ ទូទាំងព្រះរាជាណាចក្រកម្ពុជា និង ២៥ ការិយាល័យ នៅប្រទេសឡាវ ជាមួយនឹងទ្រព្យសកម្មសរុបចំនួន ១,៧៦ ពាន់លានដុល្លារអាមេរិក នៅដំណាច់ខែកក្កដា ឆ្នាំ២០១២ ។ ធនាគារអេស៊ីលីដា មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនបី គឺ ធនាគារ អេស៊ីលីដា ឡាវ, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី និងអេស៊ីលីដា ត្រេននីង សេនធ័រ ហើយបន្តពង្រីកវិសាលភាពប្រតិបត្តិការទៅប្រទេសមីយ៉ាន់ម៉ា និងបណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈ
លោកស្រី សុវណ្ណ បូផា នាយិកាការិយាល័យប្រតិបត្តិការហិរញ្ញវត្ថុ
ទូរស័ព្ទ ៖ ០១៥ ៩០០ ១៥១
អ៊ីម៉ែល ៖