navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextធនាគារអេស៊ីលីដា ទាំង២៣៨ ការិយាល័យ បា្ររព្ធពិធីកាន់បិណ្ឌវេនទី៦
ធនាគារអេស៊ីលីដា ទាំង២៣៨ ការិយាល័យ បា្ររព្ធពិធីកាន់បិណ្ឌវេនទី៦
ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១២
រាជធានីភ្នំពេញ ៖ ក្នុងឱកាសប្រារព្ធពិធីបុណ្យកាន់បិណ្ឌ ជាប្រពៃណីជាតិខ្មែរ នាព្រឹកថ្ងៃទី0៦ ខែតុលា ឆ្នាំ២០១២ ត្រូវនឹងថ្ងៃ០៦ រោជ ខែភទ្របទ ពុទ្ធសករាជ ២៥៥៦ ថ្នាក់ដឹកនាំ និងកម្មករនិយោជិតធនាគារអេស៊ីលីដា ទាំង៧៥៥៣នាក់ នៅទូទាំង ២៣៨ការិយាល័យ បានមូលមតិគ្នាបា្ររព្ធពិធីកាន់បិណ្ឌវេនទី៦ តាមទីអារាមនានានៅទូទាំងប្រទេសកម្ពុជា ដោយនាំយកនូវបច័្ចយ ព្រមទាំងចង្ហាន់ និងទេយ្យវត្ថុ វេរប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ។ សម្រាប់ថ្នាក់ដឹកនាំ និងកម្មករនិយោជិតនៅការិយាល័យកណ្តាល រួមជាមួយ សាខាវិមានចតុមុខ, សាខាបឹងត្របែក, សាខាមានជ័យ, សាខាទួលគោក, សាខាទី២ ឫស្សីកែវ, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី និងអេស៊ីលីដា ត្រេននីង សេនធ័រ បានរួមគ្នាបា្ររព្ធធ្វើនៅវត្តនិរោធរង្សី ស្ថិតនៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារអេស៊ីលីដា រួមជាមួយសហការីបានអញ្ជើញចូលរួមរាប់បាត្រវេរប្រគេនចង្ហាន់ដល់ព្រះសង្ឃ ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធអ្នកមានគុណ មានមាតាបិតា ជីដូនជីតា ញាតិកាទាំង៧សន្តាន បុព្វបុរសដែលបានចែកឋានទៅកាន់បរលោក និងបានបួងសួងសូមឱ្យវិញ្ញាណក្ខន្ធអ្នកទាំងនោះបានទៅសោយសុខក្នុងសុគតិភព និងសូមឱ្យជួយបីបាច់ថែរក្សាកូនចៅជំនាន់ក្រោយឱ្យទទួលបានសេចក្តីសុខ សេចក្តីចម្រើន តរៀងទៅ ។
មានមតិសំណេះសំណាលនាឱកាសនោះ លោក អ៊ិន ចាន់នី បានមានប្រសាសន៍ថា ៖ យើងបានជួបជុំគ្នាបា្ររព្ធពិធីបុណ្យទៅតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនាពេលនេះ គឺស្តែងឡើងតាមរយៈផ្លូវចិត្តនូវកតញ្ញូកតវេទីចំពោះអ្នកមានគុណ ទាំងមានជីវិតរស់នៅ និងចែកឋានទៅបរលោក ។ ការជួបជុំគ្នានៅថ្ងៃបុណ្យ គឺជាឱកាសល្អបំផុតសម្រាប់ឱ្យយើងគ្រប់គ្នារំលឹកអំពី គុណូបការៈនិងការងារផ្សេងៗ ដូច្នេះភ្ជុំបិណ្ឌមិនគា្រន់តែជាបុណ្យប្រពៃណីទំនៀមទម្លាប់ប៉ុណោ្ណះទេ ថែមទាំងផ្តល់នូវអត្ថប្រយោជន៍ដ៏ជ្រាលជ្រៅបំផុតនូវសីលធម៌ ជាគុណបំណាច់ធ្វើឱ្យមនុស្សចេះរួមរស់ ចេះអាណិតស្រឡាញ់ រក្សាសាមគ្គី សណ្តោសប្រណីរវាងគ្នា និងគ្នា ។ ដូច្នេះយើងទាំងអស់គ្នារួមមានអតិថិជនដ៏ថ្លៃថ្លា ថ្នាក់ដឹកនាំ និងបុគ្គលិកធនាគារអេស៊ីលីដា មានភ័ព្វវាសនាខ្ពង់ខ្ពស់ណាស់ ដែលមូលមតិគ្នាធ្វើបុណ្យកាន់បិណ្ឌនេះឡើង រក្សានូវទំនៀមទម្លាប់ជាកេរ្តិ៍ដំណែលរបស់បុព្វបុរសខ្មែរ ។ លោកបានបន្ថែមទៀតថា ពីមួយឆ្នាំទៅមួយឆ្នាំ ធនាគារ អេស៊ីលីដា ភីអិលស៊ី រួមជាមួយក្រុមហ៊ុនអេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី និងអេស៊ីលីដា ត្រេននីង សេនធ័រ បា្ររព្ធពិធីកាន់បិណ្ឌ ដោយធ្វើផ្លាស់ពីវត្តមួយទៅវត្តមួយ ធ្វើយ៉ាងណាឱ្យបាននៅគ្រប់វត្តអារាម ទូទាំងព្រះរាជាណាចក្រកម្ពុជា ។ យើងខ្ញុំសូមឧទ្ទិសកុសលផលបុណ្យដែលធនាគារអេស៊ីលីដា និងអតិថិជនដ៏ថ្លៃថ្លារួមគ្នាធ្វើនៅថ្ងៃនេះបានចម្រុងចម្រើនដល់ប្រជាជាតិខ្មែរ មានវឌ្ឍនភាព សុភមង្គលជានិរន្តរ៍ ។
ធនាគារអេស៊ីលីដា គឺជាធនាគារសម្រាប់ប្រជាជនខ្មែរឈានមុខគេ មានបណ្តាញសាខា និងការិយាល័យច្រើនជាងគេបំផុត ។ ធនាគារអេស៊ីលីដាបានបង្កើតឱ្យមាននិរន្តរភាព សេវាកម្មហិរញ្ញវត្ថុអស់រយៈពេល ២០ឆ្នាំហើយ ដើម្បីបម្រើសេវាហិរញ្ញវត្ថុជូនអតិថិជន ទាំងវិស័យឯកជននិងសាធារណៈ តាមរយៈសាខា និងការិយាល័យ ចំនួន២៣៨ នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងការិយាល័យចំនួន ២៧កន្លែង នៅប្រទេសឡាវ ។ គិតមកដល់បំណាច់ខែកញ្ញា ឆ្នាំ២០១២ ធនាគារអេស៊ីលីដា មានបា្រក់បញ្ញើសន្សំ ជាង ១៤០០លានដុល្លារអាមេរិក និងសមតុល្យឥណទានសរុបក្នុងដៃអតិថិជនចំនួនជិត ១២០០លានដុល្លារអាមេរិក ដែលធ្វើឱ្យទ្រព្យសកម្មសរុបរបស់ធនាគារ បានកើនលើស ១៨០០លានដុល្លារអាមេរិក និងមានបុគ្គលិកចំនួន ៧៥៥៣នាក់ កំពុងបម្រើសេវាកម្មធនាគារជូនអតិថិជននិងសាធារណជន និងមានម៉ាស៊ីនអេធីអឹមចំនួន ១៣៤គ្រឿង ម៉ាស៊ីនឆូតកាត ៧៦៨គ្រឿង នៅទូទាំងប្រទេស ដើម្បីបម្រើអតិថិជន ២៤ម៉ោង លើ ២៤ម៉ោង រួមជាមួយនឹងសេវាអេស៊ីលីដាយូនីធី ដែលជាសេវាធនាគារស្ថិតក្នុងដៃ ទំនើប ទាន់សម័យ ដ៏ល្អឥតខ្ចោះ ងាយស្រួល មានសុវត្ថិភាពខ្ពស់ សម្រាប់ចាត់ចែង និងគ្រប់គ្រងលើប្រតិបត្តិការធនាគារប្រចាំថ្ងៃ គ្រប់ពេលវេលា គ្រប់ទីកន្លែង និងប្រើបា្រស់បានទូទាំងពិភពលោក ។ សេវាអេស៊ីលីដាយូនីធី ជាធនាគារពិតជាក់ស្តែង នៅក្នុងដៃរបស់អតិថិជន ដែលបម្រើជូនក្នុងការធ្វើប្រតិបត្តិការសេវាធនាគារតាមរយៈទូរស័ព្ទដៃពីគ្រប់ប្រព័ន្ធ ដោយពុំចាំបាច់មកកាន់ធនាគារ ។ អតិថិជនអាចពិនិត្យមើលសមតុល្យគណនី, ផ្ទេរប្រាក់, បញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទដៃ, ទូទាត់ថ្លៃទំនិញ និងសេវាកម្ម បង់ថ្លៃទឹក-ភ្លើង, ពិនិត្យមើលអត្រាប្តូរបា្រក់ ។ល។ នៅដំណាច់ឆ្នាំ២០១២ នេះ ធនាគារអេស៊ីលីដា នឹងដាក់បម្រើសេវាកម្មទំនើបជាច្រើនទៀត ជូនអតិថិជន មានដូចជា ៖ សេវាដាក់ប្រាក់បញ្ញើនៅតាមម៉ាស៊ីនអេធីអឹម សេវាប័ណ្ណឥណទានវីសា និងសេវា Internet Banking ជាដើម ។