www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextពិធី​សម្ពោធ​អគារ​ការិយាល័យ​ថ្មី សាខា​ខេត្តមណ្ឌលគិរី

ពិធី​សម្ពោធ​អគារ​ការិយាល័យ​ថ្មី សាខា​ខេត្តមណ្ឌលគិរី

សាខា​ខេត្ត​មណ្ឌលគិរី
សាខា​ខេត្ត​មណ្ឌលគិរី

ថ្ងៃទី២៥ ខែ​មករា ឆ្នាំ២០១៣

នៅ​រសៀល​ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៣ ធនាគារ​អេស៊ីលីដា សាខា​ខេត្ត​មណ្ឌលគិរី ដែល​មាន​ទីតាំង​ស្ថិត​នៅ ភូមិកណ្តាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ បាន​ប្រារព្ធ​ពិធី​សម្ពោធ​ជា​ផ្លូវការ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ជា​គណៈ​អធិបតី​យ៉ាង​ខ្ពង់​ខ្ពស់​ពី​សំណាក់ នាយក​រដ្ឋបាល​សាលា​ខេត្ត​មណ្ឌលគិរី​ អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់​​ និង​ក្រុម​ប្រឹក្សា​ភិបាល​​​ ប្រធាន​​នាយក​​ប្រតិបត្តិ​ អនុប្រធាន​នាយក​ប្រតិបត្តិ​និង​ជា​ប្រធាន​នាយក-នាយិកា​ប្រតិបត្តិ និង​​ថ្នាក់​​ដឹក​នាំ​​ធនាគារ​អេស៊ីលីដា​ ព្រម​ទាំង​ភ្ញៀវ​កិត្តិយស​​ជា​ច្រើន​​នាក់​​ទៀត ។

លោក ងួន​ រស្មី នាយក​ធនាគារ​អេស៊ីលីដា សាខាខេត្ដមណ្ឌលគិរី បាន​មាន​ប្រសាសន៍​ថា ៖ អគារ​ការិយាល័យ​ថ្មី​នេះ​បាន​សាង​សង់​តាម​បទដ្ឋាន​របស់​ធនាគារ​អេស៊ីលីដា ដោយ​យក​ចិត្ដ​ទុក​ដាក់​ខ្លាំង​លើ​ការ​រក្សា​សន្ដិសុខ កំណារ​ពារ​អគ្គិភ័យ ការ​បម្រុង​ថាមពល ផាសុកភាព និង​សុវត្ថិភាព​ការងារ ព្រមទាំង​មាន​ទី​កន្លែង​សម្រាប់​បម្រើ​អតិថិជន និង​សម្រាប់​បំពេញ​ការងារ​ធំ​ទូលាយ ។ នេះ​ជា​ព្រឹត្ដិការណ៍​ដ៏​ពិសេស​មួយ​នៅ​ក្នុង​ឆ្នាំ​នេះ របស់​​សាខា​ខេត្ដមណ្ឌលគិរី ដែល​បាន​បង្ហាញ​អំពី​ភាព​រឹងមាំ ជាមួយ​ការ​អភិវឌ្ឍ​ឥត​ឈប់ឈរ ក្នុង​ការ​បម្រើ​សេវាកម្ម​ហិរញ្ញវត្ថុ​កាន់តែ​លឿន រហ័ស​ទាន់​ចិត្ដ អាច​ជឿជាក់​បាន និង​មាន​សុវត្ថិភាព​ខ្ពស់ ដើម្បី​បំពេញ​តម្រូវការ​របស់​អតិថិជន​នៅ​ក្នុង​ខេត្ដមណ្ឌលគិរី ទាំងមូល ។

លោក ងួន​ រស្មី នាយក​ធនាគារ​អេស៊ីលីដា សាខាខេត្ដមណ្ឌលគិរី
លោក ងួន​ រស្មី នាយក​ធនាគារ​អេស៊ីលីដា សាខាខេត្ដមណ្ឌលគិរី

ឆ្លៀត​ក្នុង​ឱកាស​ដ៏​មាន​សារៈសំខាន់​នេះ បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្ដិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​មាន​ប្រសាសន៍​ថា ៖ អារ្យភាព​ទាន់សម័យ​ជា​និរន្តរ៍ គឺ​ជា​គោលដៅ​ដ៏​ចម្បង​របស់​ធនាគារ​អេស៊ីលីដា ។ ធនាគារ​អេស៊ីលីដា បាន​បង្កើត​ឱ្យ​មាន​អារ្យភាព​ទាន់សម័យ​ជា​និរន្តរ៍ សម្រាប់​សេវាកម្ម​ហិរញ្ញវត្ថុ​បែប​នេះ អស់​រយៈពេល​ជាង ២១ឆ្នាំ មក​ហើយ ដើម្បី​បម្រើ​សេវាកម្ម​ហិរញ្ញវត្ថុ​ ជូន​ដល់​អតិថិជន​ទាំង​វិស័យ​ឯកជន និង​វិស័យ​សាធារណៈ តាមរយៈ​បណ្តាញ​ប្រតិបត្តិការ​រហូត​ដល់ ២៣៨ ការិយាល័យ គ្រប​ដណ្តប់​គ្រប់​ខេត្តរាជធានី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា, ២៨ ការិយាល័យ នៅ​ប្រទេសឡាវ និង ០១ ការិយាល័យ នៅ​ប្រទេស​មីយ៉ាន់ម៉ា ។ បច្ចុប្បន្ន ធនាគារ​អេស៊ីលីដា មាន​អគារ​ការិយាល័យ​ស្ដង់ដារ​បែប​នេះ ចំនួន ១០៨ និង​កំពុង​សាងសង់​បន្ថែម​ជា​បន្ដ​បន្ទាប់ ដើម្បី​ទទួល​បម្រើ​អតិថិជន និង​បង្ក​ឱ្យ​មាន​ភាព​ងាយ​ស្រួល​ដល់​អតិថិជន​ក្នុង​ការ​ទាក់ទង ​សម្រាប់​ប្រើប្រាស់​សេវាហិរញ្ញវត្ថុ​នានា​របស់​ធនាគារ​អេស៊ីលីដា ជាពិសេស​ដើម្បី​ការពារ​សុវត្ថិភាព​ទ្រព្យ​សម្បត្ដិ​របស់​អតិថិជន​ដែល​បាន​នឹង​កំពុង​​ប្រើប្រាស់​សេវា​ធនាគារ​អេស៊ីលីដា ព្រមទាំង​ផ្តល់​​នូវ​ផាសុកភាព​ និង​សុវត្ថិភាព​ការងារ ដល់​បុគ្គលិក​ដែល​បាន​នឹង​កំពុង​បម្រើ​ការងារ​​ជាមួយ​​ធនាគារ​អេស៊ីលីដា ។ ថ្ងៃនេះខ្ញុំ​បាទ មាន​មោទនភាព​យ៉ាង​ខ្លាំង ចំពោះ​សំណង់​អគារ​ការិយាល័យ​នេះ ដែល​បាន​សាងសង់​តាម​ស្ដង់ដារ​ របស់​ធនាគារ​អេស៊ីលីដា ស្រប​តាម​យុទ្ធសាស្ដ្រ​យូរ​អង្វែង​របស់​យើង ។

បណ្ឌិត​បាន​សំដែង​នូវ​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​រាជរដ្ឋាភិបាល ធនាគារជាតិនៃ​កម្ពុជា អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ភាគហ៊ុនិក ក្រុមប្រឹក្សាភិបាល កម្មករ​និយោជិត​​គ្រប់​លំដាប់​ថ្នាក់​ទាំង ៨.៣១១នាក់ និង​អតិថិជន​ដ៏​វៃឆ្លាត​ជាង​មួយ​លាន​នាក់ ដែល​តែងតែ​ជួយ​គាំទ្រ ទាំង​មធ្យោបាយ កំលាំង​កាយ កំលាំង​ចិត្ដ និង​សហការ​យ៉ាង​ពេញ​ទំហឹង តាំង​ពី​ដើម​រៀង​មក ធ្វើ​ឱ្យ​ទ្រព្យ​សកម្ម​​របស់​ធនាគារ​អេស៊ីលីដា កើន​ពី​ចំនួន ២២,៣លាន​ដុល្លារ​អាមេរិក ក្នុង​ខែធ្នូ ឆ្នាំ២០០០ រហូត​ដល់​ចំនួន ២ពាន់​លាន​ដុល្លារ​អាមេរិក នៅ​ដំណាច់​ខែធ្នូ ឆ្នាំ២០១២ ដោយ​​រួម​​បញ្ចូល​ទាំង​សមិទ្ធិផល របស់​សាខា​ខេត្តមណ្ឌលគិរី ។ យុទ្ធសាស្ត្រ​មួយ​ក្នុង​ចំណោម​យុទ្ធសាស្ត្រ​ចម្បង​​របស់​ធនាគារ​អេស៊ីលីដា គឺ​បង្កើត​ឱ្យ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​ធនាគារ​អេឡិចត្រូនិក​ទំនើប​លើស​គេ មាន​តែ​មួយ​គត់ សម្រាប់​បម្រើ​សេវា​ជូន​អតិថិជន និង​សាធារណជន​ឱ្យ​បាន ២៤ម៉ោង ក្នុង ១ថ្ងៃ និង ៧ថ្ងៃ ក្នុង ១សប្តាហ៍ តាមរយៈ​ប្រព័ន្ធ​ទូរស័ព្ទ​ចល័ត ម៉ាស៊ីន​ដាក់​ប្រាក់​និង​ម៉ាស៊ីន​ដក​ប្រាក់​ស្វ័យប្រវត្តិអេធីអឹម និង​ម៉ាស៊ីន​ឆូត​កាត​អេស៊ីលីដា ដែល​មាន​លក្ខណៈ​ងាយ​ស្រួល និង​សុវត្ថិភាព​ខ្ពស់​បំផុត ។

លោក ចឹង សុចន្ថា នាយក​រដ្ឋបាល​សាលា​ខេត្ត​មណ្ឌលគិរី និង បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្ដិ ធនាគារ អេស៊ីលីដា ភីអិលស៊ី
លោក ចឹង សុចន្ថា នាយក​រដ្ឋបាល​សាលា​ខេត្ត​មណ្ឌលគិរី និង បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្ដិ ធនាគារ អេស៊ីលីដា ភីអិលស៊ី

លោក​បណ្ឌិត​បាន​បន្ថែម​ថា ៖ ធនាគារ​អេស៊ីលីដា បាន​ធ្វើ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​សេវា​អេស៊ីលីដា​យូនីធី ដែល​ជា​សេវា​ធនាគារ​ទំនើប តាមរយៈ​ប្រព័ន្ធ​ទូរស័ព្ទ​ចល័ត​គ្រប់​ប្រភេទ ប្រកបដោយ​បច្ចេកវិជ្ជា​ខ្ពស់ ដាក់​បម្រើ​ជូន​ដល់​អតិថិជន​ក្នុង​សហគមន៍ ចាប់​ពី​ឆ្នាំ២០១៣ នេះ​តទៅ ។ ធនាគារ​អេស៊ីលីដា បាន​បង្កើត​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ចំនួន​បួន គឺ​ធនាគារ អេស៊ីលីដា ឡាវ, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, អេស៊ីលីដា ត្រេននីង សេនធ័រ និង​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​ ACLEDA MFI Myanmar ហើយ​តាម​យុទ្ធសាស្ត្រ យើង​នឹង​បន្ត​ពង្រីក​​វិសាលភាព ប្រតិបត្តិការ​ទៅ​ក្នុង​តំបន់​អាស៊ាន និង​បណ្ដា​ប្រទេស​នៅ​តាម​ដង​ទន្លេ​មេគង្គ​ដទៃ​ទៀត ។

ជាមួយ​គ្នា​នេះ​ដែរ លោក ចឹង សុចន្ថា នាយក​រដ្ឋបាល​សាលា​ខេត្ត និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ដមណ្ឌលគិរី បាន​កត់​សម្គាល់​ថា ៖ ការ​វិវឌ្ឍ​របស់​ធនាគារ​អេស៊ីលីដា សាខា​ខេត្ដមណ្ឌលគិរី ជា​សក្ខីកម្ម​ដែល​បញ្ជាក់​ពី​ការ​រីក​ចម្រើន ភាព​រឹងមាំ និង​ថែមទាំង​បាន​បង្ហាញ​ពី​ការ​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​នៅ​ក្នុង​ខេត្ដ​មណ្ឌលគិរី ។ ថ្ងៃនេះ​ក៏​ជា​ពេល​វេលា​ដ៏​វិសេស​វិសាល ក្នុង​ការ​បើក​ឱ្យ​ដំណើរ​ការ​នូវ​អគារ​ការិយាល័យ​ថ្មីនេះ ដែល​មាន​លក្ខណៈ​ធំ​ទូលាយ និង​ប្រណិត​ជាង​មុន ។ ទាំងនេះ​ជា​ភស្ដុតាង​ដែល​បង្ហាញ​ឱ្យ​ឃើញ​ថា សាខា​ខេត្ដមណ្ឌលគិរី បាន​កើត​ឡើង និង​រីក​ចម្រើន​ធំធាត់​យ៉ាង​ឆាប់​រហ័ស ទាំង​ផ្នែក​ប្រតិបត្ដិការ ទាំង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ និង​ទាំង​ផ្នែក​ប្រសិទ្ធភាព​អាជីវកម្ម ។ ក្នុង​រយៈពេល​កន្លង​ទៅ សាខា​នេះ​ពិត​ជា​បាន​ផ្ដល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន ចំពោះ​ប្រជាពលរដ្ឋ និង​អ្នក​ជំនួញ​នៅ​ក្នុង​ស្រុក​ទាំងមូល ទទួល​បាន​នូវ​ប្រភព​ធនធាន​ហិរញ្ញវត្ថុ និង​សេវាកម្ម​ហិរញ្ញវត្ថុ​ផ្សេងៗ​ទៀត ដែល​ជា​គន្លឹះ​ក្នុង​ការ​ចូលរួម​បង្កើត​ឱ្យ​មាន​ការងារ ប្រភព​ចំណូល អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​លើក​កម្ពស់​កម្រិត​ជីវភាព​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ដមណ្ឌលគិរី​ទាំងមូល ។

គណៈអធិបតី​ និង​ភ្ញៀវ​កិត្តិយស​ចូលរួម​ក្នុង​ពិធី​សម្ពោធ​អគារ​ថ្មី ធនាគារ​អេស៊ីលីដា ភីអិលស៊ី សាខា​ខេត្ត​មណ្ឌលគិរី
គណៈអធិបតី​ និង​ភ្ញៀវ​កិត្តិយស​ចូលរួម​ក្នុង​ពិធី​សម្ពោធ​អគារ​ថ្មី ធនាគារ​អេស៊ីលីដា ភីអិលស៊ី សាខា​ខេត្ត​មណ្ឌលគិរី

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ២៧៥ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖