navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextធនាគារអេស៊ីលីដា ផ្តល់សេវាប្រតិបត្តិការគណនីប្រាក់បៀវត្សសម្រាប់មន្ត្រីរាជការ
ធនាគារអេស៊ីលីដា ផ្តល់សេវាប្រតិបត្តិការគណនីប្រាក់បៀវត្សសម្រាប់មន្ត្រីរាជការ
ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៣
រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៣ ៖ ធនាគារអេស៊ីលីដា ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត ជាធនាគារពាណិជ្ជឈានមុខគេលើគ្រប់វិស័យ បានប្រកាសនៅថ្ងៃនេះថា ធនាគារបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការប្រើប្រាស់សេវាកម្មរបស់ធនាគារអេស៊ីលីដា សម្រាប់ប្រតិបត្តិការគណនីប្រាក់បៀវត្សមន្ត្រីរាជការ ដោយអនុវត្តជាជំហានៗនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តមបណ្ឌិត ជូ គឹមឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការចម្រុះទទួលបន្ទុកគម្រោងការបើកផ្តល់បៀវត្សតាមប្រព័ន្ធធនាគារ មានប្រសាសន៍ថា ៖ ការបើកផ្តល់ប្រាក់បៀវត្សតាមប្រព័ន្ធធនាគារ ត្រូវបានសម្តេចនាយករដ្ឋមន្ត្រី ប្រកាសឱ្យអនុវត្តសម្រាប់ដំណាក់កាលទី២ តាំងពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០០៨ មកម្លេះ ។ ដើម្បីពង្រីកវិសាលភាព គោលការណ៍ និងវិធាន នៃការដាក់ឱ្យដំណើរការអនុវត្តការបើកផ្តល់ប្រាក់បៀវត្សតាមបញ្ជាទូទាត់សងប្រាក់អេឡិចត្រូនិក និងដើម្បីកាត់បន្ថយការពឹងផ្អែកលើការប្រើប្រាស់សាច់ប្រាក់ក្នុងសេដ្ឋកិច្ចកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជ្រើសរើសធនាគារអេស៊ីលីដា ជាដៃគូមួយក្នុងចំណោមដៃគូទាំងបី ឱ្យចូលរួមធ្វើប្រតិបត្តិការបើកផ្តល់ប្រាក់បៀវត្សមន្ត្រីរាជការទូទាំងប្រទេសជាជំហានៗ ដោយចាប់ផ្តើមដំណើរការពីខែមករា ឆ្នាំ២០១៤ នេះតទៅ ។
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា ៖ ចំពោះធនាគារអេស៊ីលីដា អនុស្សរណ:នៃការយោគយល់គ្នានេះមានអត្ថន័យយ៉ាងជ្រាលជ្រៅ ដូចជា ៖
- បើកទូលាយឱ្យធនាគារអេស៊ីលីដា ក្នុងនាមជាពលរដ្ឋល្អ បានចូលរួមអនុវត្តកំណែទម្រង់វិស័យហិរញ្ញវត្ថុសាធារណៈស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា
- បានបម្រើជូនមន្ត្រីរាជការដោយផ្ទាល់ក្នុងទ្រង់ទ្រាយធំ
- ផ្តល់ឱកាសឱ្យធនាគារអេស៊ីលីដា បានបម្រើសេវាកម្មជូនវិស័យថ្មីដែលធនាគារអេស៊ីលីដា ចង់បម្រើជាយូរមកហើយ និងមានចំណុចជាច្រើនទៀត ដែលមិនអាចជម្រាបជូនអស់ក្នុងពេលវេលាដ៏ខ្លីនេះ ។
លោកបណ្ឌិតបានបន្ថែមថា ៖ ធនាគារអេស៊ីលីដា ជឿជាក់យ៉ាងមុតមាំថា ការបម្រើសេវាកម្មកាន់តែច្រើន ធ្វើឱ្យគុណភាពសេវាកម្មកាន់តែប្រសើរ ដោយសារធនាគារអេស៊ីលីដា យល់ដឹងច្បាស់ពីតម្រូវការ និងស្តាប់មតិយោបល់របស់អតិថិជន ដៃគូរបស់ខ្លូន និងសាធារណ:ជន ។
ធនាគារអេស៊ីលីដា មានបណ្តាញការិយាល័យប្រតិបត្តិការចំនួន ២៣៨ការិយាល័យ ទូទាំងព្រះរាជាណាចក្រកម្ពុជា, ៣៥ការិយាល័យ នៅប្រទេសឡាវ និង ០៣ការិយាល័យ នៅប្រទេសមីយ៉ាន់ម៉ា ជាមួយនឹងទ្រព្យសកម្មសរុប ចំនួនជាង ២,២ ពាន់លានដុល្លារអាមេរិក នៅដំណាច់ខែតុលា ឆ្នាំ២០១៣ ។ ធនាគារអេស៊ីលីដា មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនបួនគឺ ធនាគារ អេស៊ីលីដា ឡាវ, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, អេស៊ីលីដា ត្រេននីង សេនធ័រ, និង ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ។ ហើយតាមយុទ្ធសាស្ត្រ ធនាគារអេស៊ីលីដា មានដៃគូជាមួយ ធនាគារជប៉ុន SMBC, ក្រុមហ៊ុនតុងយ៉ាង ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី, និងជាទីភា្នក់ងាររបស់ក្រុមហ៊ុន ព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី និងបន្តពង្រីកវិសាលភាពប្រតិបត្តិការទៅក្នុងតំបន់អាស៊ាន និងបណ្តាប្រទេសនៅតាមដងទន្លេមេគង្គដទៃទៀត ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈ
តំណាងអគ្គនាយកដ្ឋានរតនាគារជាតិនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៖
លោក សួន វិចិត្រ ប្រធានអធិការកិច្ចរតនាគារ
ទូរស័ព្ទ: ០១២ ៦១៩ ៩៩៨, ០៩៧ ៨០១ ៥៧៥៧
អ៊ីម៉ែល:
លោក មឿន លីន អនុប្រធានអង្គភាពគ្រប់គ្រងសាច់ប្រាក់
ទូរស័ព្ទ: ០១២ ៧១០ ០៣៧, ០៩៧ ៦២៦ ៦៣៨២
អ៊ីម៉ែល:
តំណាងធនាគារ អេស៊ីលីដា ភីអិលស៊ី ៖
លោក លី ថៃ នាយកប្រតិបត្ដិប្រតិបត្ដិការ
ទូរស័ព្ទ: ០២៣ ៩៩៨ ៧៧៧ / ៤៣០ ៩៩៩, ០១៥ ៩០០ ១៧៧
អ៊ីម៉ែល:
លោក សុខ សុវត្ថឌី នាយកប្រតិបត្ដិរងប្រតិបត្ដិការ
ទូរស័ព្ទ: ០២៣ ៩៩៨ ៧៧៧ / ៤៣០ ៩៩៩, ០១៥ ៩០០ ១៧៨
អ៊ីម៉ែល:
លោក នេត ពិសិដ្ឋ នាយកប្រតិបត្ដិរងប្រតិបត្ដិការ
ទូរស័ព្ទ: ០២៣ ៩៩៨ ៧៧៧ / ៤៣០ ៩៩៩, ០១៥ ៧០០ ១១១
អ៊ីម៉ែល: