www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextORIX Corporation ទិញ​ភាគហ៊ុន​ចំនួន ៦% នៅក្នុង​ធនាគារ​អេស៊ីលីដា

ORIX Corporation ទិញ​ភាគហ៊ុន​ចំនួន ៦% នៅក្នុង​ធនាគារ​អេស៊ីលីដា

ថ្ងៃ​ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៣

រាជធានី​ភ្នំពេញ ថ្ងៃទី១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា​ធនាគារ​ពាណិជ្ជ​នាំមុខគេ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​បានប្រកាស​ថ្ងៃនេះ​ថា ក្រុមហ៊ុន ORIX Corporation (TSE: 8591; NYSE: IX) ជា​សម្ព័ន្ធ​សេវាកម្ម​ហិរញ្ញវត្ថុ​សមាហ័រណកម្ម​នាំមុខគេ​ក្នុង​ប្រទេស​ជប៉ុន បាន​ទិញភាគហ៊ុន​ចំនួន ៦% ពី​ភាគហ៊ុនិក​មួយ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី បច្ចុប្បន្ន ។

លោក Makoto Inoue នាយក​ប្រតិបត្តិ​ប្រតិបត្តិការ ក្រុមហ៊ុន ORIX Corporation បាន​មានប្រសាសន៍​ថា ៖ យើង​មាន​ជំនឿ​ថា​ធនាគារ​អេស៊ីលីដា បាន​បង្កើត​ឱ្យមាន​សក្តានុពល​រីកចម្រើនដ៏​ខ្លាំងក្លា​នៅក្នុង​ប្រទេស​មួយ ដែល​មានភាព​ភ្លឺថ្លា​នា​ពេលអនាគត ។ ការ​វិនិយោគ​របស់​ក្រុមហ៊ុន ORIX Corporation នៅក្នុង​ធនាគារ​អេស៊ីលីដា នឹង​គាំទ្រ​ដល់​ការអភិវឌ្ឍ​របស់​ធនាគារ​ប្រកប​ដោយ​និរន្តរភាព ហើយ​យើង​ពេញចិត្ត​យ៉ាងខ្លាំង​ដែលបាន​ក្លាយជា​ភាគហ៊ុនិក​មួយ​របស់​ធនាគារ​អេស៊ីលីដា ក្នុង​ដំណាក់កាល​នៃការ​រីកចម្រើន​របស់​ធនាគារ​នេះ ។

បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​មាន​ប្រសាសន៍​ថា ៖ ជាមួយ​នឹង​បទពិសោធន៍​ជាង​២១​ឆ្នាំ ធនាគារ​អេស៊ីលីដា មានការ​រីកចម្រើន​យ៉ាងខ្លាំង​ជាមួយ​អតិថិជន និង​ដៃគូ​របស់​ខ្លួន ហើយ​ធនាគារ​អេស៊ីលីដា តែងតែ​យកចិត្តទុកដាក់​ស្តាប់​អតិថិជន​របស់​ខ្លួន ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ផលិតផល-សេវាកម្ម​ហិរញ្ញវត្ថុ​បន្ថែម ។

លោកបណ្ឌិត​បាន​បន្ថែម​ទៀត​ថា ៖ ក្រុមហ៊ុន ORIX Corporation គឺជា​ដៃគូ​យុទ្ធសាស្ត្រ​មួយ​ផ្សេងទៀត​របស់​ធនាគារ​អេស៊ីលីដា ដែល​ស្ថាប័ន​ដ៏ល្អ​ទាំងពីរ​នេះ​អាច​រួមផ្សំ​បទពិសោធន៍​ជាមួយគ្នា​ជាង ៧០ឆ្នាំ ក្នុង​វិស័យ​ធនាគារ និង​ពាណិជ្ជកម្ម ដែល​ភាគច្រើន​មានទីតាំង​ស្ថិតនៅ​តំបន់​អាស៊ី សហរដ្ឋអាមេរិក និង​អឺរ៉ុប​ផងដែរ និង​រួមទាំង​បណ្តា​តំបន់ជាច្រើនទៀត​នៅ​ពាសពេញ​សកលលោក ។ ការរួមផ្សំ​នូវ​បទពិសោធន៍​ជាមួយគ្នា​នេះ អាច​ជួយគ្នា​ទៅវិញ​ទៅមក ក្នុងការ​នាំមកនូវ​ជម្រើស​ផលិតផល-សេវាកម្ម​ហិរញ្ញវត្ថុ​ថ្មី ទៅក្នុង​ទីផ្សារ​កម្ពុជា​នៅពេល​មាន​តម្រូវការ ។ ជាងនេះទៅទៀត យើង​បាន​ចែករំលែក​នូវតម្លៃ​រួមគ្នា​ស្រដៀងគ្នា និង​ប្តេជ្ញា​រួមគ្នា ដើម្បី​ភាពជោគជ័យ​របស់​ធនាគារ និង​ដើរតួនាទី​ឈានមុខគេ​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា ។

អំពី​ធនាគារ អេស៊ីលីដា ភីអិលស៊ី

ធនាគារ​អេស៊ីលីដា មាន​បណ្តាញ​ការិយាល័យ​ប្រតិបត្តិការ​ចំនួន ២៣៨​ការិយាល័យ ទូទាំង​ព្រះរាជាណាចក្រកម្ពុជា, ៣៥​ការិយាល័យ​ នៅ​ប្រទេស​ឡាវ, និង​០៣​ការិយាល័យ​ នៅ​ប្រទេស​មីយ៉ាន់ម៉ា ជាមួយ​នឹង​ទ្រព្យសកម្ម​សរុប​ចំនួន​ជាង ២,២​ពាន់លាន​ដុល្លារ​អាមេរិក នៅ​ដំណាច់​ខែ​តុលា ឆ្នាំ​២០១៣ ។ ធនាគារ​អេស៊ីលីដា មាន​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ចំនួន​បួន​គឺ ធនាគារ អេស៊ីលីដា ឡាវ, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, អេស៊ីលីដា ត្រេននីង សេនធ័រ, និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ។

អំពី ORIX Corporation

ក្រុមហ៊ុន ORIX Corporation បាន​បង្កើត​ឡើង​នា​ថ្ងៃទី១៧ ខែ​មេសា ឆ្នាំ​១៩៦៤ នៅក្នុង​ទីក្រុង​អូសាកា នៃ​ប្រទេសជប៉ុន ដោយ​មាន​ឈ្មោះ​ថា Orient Leasing Co., Ltd. ។ ក្រុមហ៊ុន​នេះ គឺជា​ក្រុមហ៊ុន​សម្ព័ន្ធ​សេវាកម្ម​ហិរញ្ញវត្ថុ​សមាហ័រណកម្ម​មួយ មាន​មូលដ្ឋាន​នៅក្នុង​ទីក្រុង​តូក្យូ នៃ​ប្រទេស​ជប៉ុន ក្នុងការ​បម្រើ​ផលិតផល និង​សេវាកម្ម​ដែល​មានតម្លៃ​បន្ថែម​ដល់​អតិថិជន​ធំៗ និង​អតិថិជន​លក់រាយ ។ ជាមួយ​នឹងការ​ធ្វើ​ប្រតិបត្តិការ​នៅ​បណ្តា​ប្រទេស​ចំនួន ៣៤ និង​នៅ​តាម​តំបន់​មួយចំនួន​ទូទាំង​សកលលោក ប្រតិបត្តិការ​របស់​ក្រុមហ៊ុន ORIX Corporation រួមបញ្ចូល​ទាំងសេវា​សាជីវកម្ម​ហិរញ្ញវត្ថុ មាន​ដូចជា ៖ ភតិសន្យា​ហិរញ្ញវត្ថុ និង​ការផ្តល់​កម្ចី ក៏​ដូចជា​ប្រតិបត្តិការ​យានយន្ត ប្រតិបត្តិការ​ឈ្នួល អចលនវត្ថុ ធានារ៉ាប់រង​អាយុជីវិត និង​សេវាកម្ម​ធនាគារ និង​ឥណទាន ។


សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​តាម​រយៈ

ក្រុមហ៊ុន ORIX Corporation

នាយកដ្ឋាន​គម្រោង​សាជីវកម្ម, មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក អគារ​លេខ 2-4-1, Hamamatsu-cho MINATO-KU TKY 105-6135 ប្រទេស​ជប៉ុន
ទូរស័ព្ទ: +81-3-3435-3121
ទូរសារ: +81-3-3435-3154
វេបសាយ: www.orix.co.jp/grp/en/

ធនាគារ អេស៊ីលីដា ភីអិលស៊ី

បណ្ឌិត សូ ផនណារី   អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​គណៈប្រធាន​នាយិកា​ប្រតិបត្តិ​ប្រតិបត្តិការ
អ៊ីម៉ែល:

លោក ព្រំ វិសុទ្ធ   អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​គណៈប្រធាន​នាយក​ប្រតិបត្តិ​នីតិកម្ម និង​លេខា​ធិការ​ក្រុមហ៊ុន
អ៊ីម៉ែល:

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៦២៦ ©២០២៥ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖