navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប័ណ្ណឥណទានវីសាអេស៊ីលីដា
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប័ណ្ណឥណទានវីសាអេស៊ីលីដា
ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៣
រាជធានីភ្នំពេញ, ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៣ ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត និងជាធនាគារពាណិជ្ជនាំមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកាសជាផ្លូវការ នៅថ្ងៃនេះថា ធនាគារចាប់ផ្តើមបម្រើជូនអតិថិជន និងសាធារណជន នូវផលិតផលថ្មី គឺ "ប័ណ្ណឥណទានវីសាអេស៊ីលីដា" ។ ប័ណ្ណឥណទានវីសាអេស៊ីលីដា ជាប័ណ្ណដែលមានសុវត្ថិភាពខ្ពស់បំផុត ត្រូវបានផលិតស្របតាមបទដ្ឋានទាន់សម័យបំផុត ដែលធានាបាននូវសុវត្ថិភាពខ្ពស់ជូនដល់អតិថិជន ។ ប័ណ្ណឥណទានវីសាអេស៊ីលីដា ត្រូវបានទទួលស្គាល់ជាបទដ្ឋានទិន្នន័យសុវត្ថិភាពនៃឧស្សាហកម្មប័ណ្ណទូទាត់ (PCI DSS) ។ ប័ណ្ណឥណទានវីសាអេស៊ីលីដា មានលក្ខណៈប្រកបដោយសុវត្ថិភាព និងមានភាពងាយស្រួល ក្នុងការធ្វើប្រតិបត្តិការទូទាំងសកល ។ ប័ណ្ណឥណទានវីសាអេស៊ីលីដា អាចធ្វើប្រតិបត្តិការធនាគារបាន តាមកម្រិតបន្ទាត់ឥណទានដែលមានស្រាប់ ឬបានអនុម័តដោយធនាគារ អេស៊ីលីដា ភីអិលស៊ី ។
ប័ណ្ណឥណទានវីសាអេស៊ីលីដា ជាជម្រើសដ៏ប្រសើរមួយ និងផ្តល់ភាពងាយស្រួលសម្រាប់ការឆ្ពោះទៅរកជីវភាពរស់នៅក្នុងភាពទំនើបទាន់សម័យ ក្នុងការទូទាត់ដោយចាប់តាំងពីការបញ្ជាទិញទំនិញ-សេវាកម្មប្រចាំថ្ងៃ រហូតឈានទៅដល់ការទូទាត់តាមរយៈប្រព័ន្ធអ៊ីនធឺណែត ។
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា ៖ "យើងតែងតែយកចិត្តទុកដាក់ស្តាប់ដំបូន្មានដ៏ល្អៗ និងដំបូន្មានដ៏មានតម្លៃរបស់អតិថិជន, ធនាគារ អេស៊ីលីដា ភីអិលស៊ី តែងតែបង្កើតនូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុថ្មីៗ ដើម្បីបំពេញតម្រូវការជូនអតិថិជន" ។
បណ្ឌិត អ៊ិន ចាន់នី បានបន្តទៀតថា "ថ្ងៃនេះ តបតាមដំបូន្មានដ៏មានតម្លៃរបស់អតិថិជន ធនាគារ អេស៊ីលីដា ភីអិលស៊ី ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវឧបករណ៍ទូទាត់ហិរញ្ញវត្ថុ ដ៏សំខាន់លំដាប់សកលលោក គឺ ប័ណ្ណឥណទានវីសាអេស៊ីលីដា ដែលជាប័ណ្ណជួយឱ្យម្ចាស់ប័ណ្ណអាចបញ្ជាទិញទំនិញ-សេវាកម្មនានា បាននាពេលឥឡូវនេះ ហើយនិងធ្វើការទូទាត់សងវិញនៅពេលក្រោយ ។ ប័ណ្ណឥណទានវីសាអេស៊ីលីដា គឺជាជម្រើសមួយដ៏អស្ចារ្យ សម្រាប់ការបង្កើនសុវត្ថិភាពប្រតិបត្តិការហិរញ្ញវត្ថុជាសកល និងផ្តល់ភាពងាយស្រួលជូនដល់អតិថិជន ។ ការប្រើប្រាស់ ប័ណ្ណឥណទានវីសាអេស៊ីលីដា អតិថិជនអាចធ្វើប្រតិបត្តិការ បានកាន់តែងាយស្រួលដោយមិនចាំបាច់កាន់សាច់ប្រាក់សុទ្ធ នៅពេលដែលពួកគាត់ធ្វើដំណើរទេសចរណ៍ទាំងនៅក្នុងប្រទេស និងសកលលោក ។ ប័ណ្ណឥណទានវីសាអេស៊ីលីដា អាចជួយសម្រួលដល់អតិថិជន ធ្វើប្រតិបត្តិការបានកាន់តែងាយស្រួល និងមានសុវត្ថិភាព តាមរយៈម៉ាស៊ីនអេធីអឹម (ATM), ម៉ាស៊ីនឆូតកាត (POS), ឬប្រព័ន្ធអ៊ីនធឺណែត (e-commerce) ។ អតិថិជនអាចដកសាច់ប្រាក់បានដោយឆាប់រហ័យ និងធ្វើការទូទាត់ថ្លៃទំនិញ-សេវាកម្មផ្សេងៗ បានគ្រប់ពេលវេលា គ្រប់ទីកន្លែងដែលមានស្លាកសញ្ញាវីសា VISA ឬ VISA Plus នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងជុំវិញសកលលោក ។ ជាពិសេសអតិថិជនអាចធ្វើការបញ្ជាទិញទំនិញ កក់សំបុត្រយន្តហោះ ឬកក់បន្ទប់សណ្ឋាគារ ។ល។ នៅនឹងកន្លែង ឬតាមរយៈប្រព័ន្ធអ៊ីនធឺណែត" ។
លោកបណ្ឌិត បានបន្ថែមទៀតថា "តាមរយៈការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ប័ណ្ណឥណទានវីសាអេស៊ីលីដា នាពេលនេះ គឺជាសក្ខីភាពដែលបង្ហាញឱ្យឃើញថាធនាគារ អេស៊ីលីដា ភីអិលស៊ី បានប្តេជ្ញាបន្តពង្រីកតួនាទីឈានមុខគេ ក្នុងការផ្តល់ផលិតផល និងសេវាកម្មហិរញ្ញវត្ថុចម្រុះដ៏សម្បូរបែប ជូនដល់សាធារណជនគ្រប់មជ្ឈដ្ឋានក្នុងសហគមន៍" ។
លោកស្រី Lorijon Bacchi នាយិកាគ្រប់គ្រងវីសាប្រចាំប្រទេសវៀតណាម កម្ពុជា និងឡាវ បានមានប្រសាសន៍ថា ៖ យើងមានក្តីសប្បាយរីករាយណាស់ ដែលបានឃើញការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ប័ណ្ណឥណទានវីសាអេស៊ីលីដា របស់ធនាគារអេស៊ីលីដានាថ្ងៃនេះ ។ ប័ណ្ណឥណទានវីសា ជាប័ណ្ណមួយអាចជួយលោកអ្នកទិញទំនិញ ឬសេវាកម្មផ្សេងៗបានភ្លាមៗ និងទូទាត់វិញនៅពេលក្រោយ ។ ប័ណ្ណឥណទានវីសារបស់លោកអ្នក អាចប្រើប្រាស់បានជាមួយម៉ាស៊ីនឆូតកាត ចំនួន ១០លានគ្រឿង នៅតាមបណ្តាហាងលក់ទំនិញ-សេវាកម្ម នៅជុំវិញសកលលោក ហើយប័ណ្ណឥណទានវីសានេះ ធានាបាននូវសុវតិ្ថភាពល្អប្រសើរជាងការកាន់សាច់ប្រាក់សុទ្ធ គឺមានន័យថាប័ណ្ណឥណទានវីសា ដែលបានបាត់ហើយ គឺយើងអាចជំនួសថ្មីវិញបាន ប៉ុន្តែបើសាច់ប្រាក់បានបាត់ ឬត្រូវបានគេលួចយកនោះ គឺបាត់បង់រហូត" ។
លោកស្រីបានបន្ថែមទៀតថា "ជាមួយគ្នានេះ ស្ថាប័នវីសា បានប្តេជ្ញាចិត្តធ្វើប្រតិបត្តិការជាមួយធនាគារអេស៊ីលីដា ដើម្បីជួយអតិថិជន ក៏ដូចជាប្រជាជនកម្ពុជា ដែលកំពុងប្រើប្រាស់ប័ណ្ណឥណទាន បានជ្រាបកាន់តែច្បាស់ពីដំណើរការរបស់ប័ណ្ណឥណទាន ដូច្នេះពួកគាត់អាចផ្តល់ការសម្រេចចិត្តក្នុងការគ្រប់គ្រងសាច់ប្រាក់របស់ពួកគាត់ឱ្យកាន់តែប្រសើរបំផុត ។ នៅពេលប្រើប្រាស់ដោយមានការទទួលខុសត្រូវ ប័ណ្ណឥណទាន អាចផ្តល់អត្ថប្រយោជន៍ដ៏មានសារៈសំខាន់ និងជាឧបករណ៍ទូទាត់ដ៏មានសុវត្ថិភាពបំផុត" ។
ធនាគារអេស៊ីលីដា មានបណ្តាញការិយាល័យប្រតិបត្តិការចំនួន ២៣៨ ទូទាំងព្រះរាជាណាចក្រកម្ពុជា, ៣៥ ការិយាល័យ នៅប្រទេសឡាវ និង ០៣ ការិយាល័យនៅប្រទេសមីយ៉ាន់ម៉ា ជាមួយនឹងទ្រព្យសកម្មសរុបចំនួនជាង ២,២ ពាន់លានដុល្លារអាមេរិក នៅដំណាច់ខែតុលា ឆ្នាំ២០១៣ ។ ធនាគារអេស៊ីលីដា មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនបួន គឺ ធនាគារ អេស៊ីលីដា ឡាវ, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, អេស៊ីលីដា ត្រេននីង សេនធ័រ និង ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ហើយតាមយុទ្ធសាស្ត្រ ធនាគារអេស៊ីលីដា នឹងបន្តពង្រីកវិសាលភាពប្រតិបត្តិការទៅក្នុងតំបន់អាស៊ាន និងបណ្តាប្រទេសនៅតាមដងទន្លេមេគង្គដទៃទៀត ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈ
បណ្ឌិត សូ ផនណារី អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការ
អ៊ីម៉ែល ៖
លោក ព្រំ វិសុទ្ធ អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយកប្រតិបត្តិនីតិកម្ម និងលេខាធិការក្រុមហ៊ុន
អ៊ីម៉ែល ៖