www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextធនាគារ អេស៊ីលីដា ភីអិលស៊ី បន្ថែម​ដើមទុន​ចំនួន ៣៩.៨៦៣.៧៤៨ ដុល្លារ​អាមេរិក

ធនាគារ អេស៊ីលីដា ភីអិលស៊ី បន្ថែម​ដើមទុន​ចំនួន ៣៩.៨៦៣.៧៤៨ ដុល្លារ​អាមេរិក

ថ្ងៃ​ទី១២ ខែមិថុនា ឆ្នាំ២០១៤

ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា​ធនាគារ​ពាណិជ្ជ​ឈាន​មុខ​គេ​លើ​គ្រប់​វិស័យ បាន​ប្រកាស​ថ្ងៃ​នេះ​ថា​ធនាគារ​បាន​បន្ថែម​ដើមទុន​របស់​ខ្លួន​ចំនួន ៣៩.៨៦៣.៧៤៨ ដុល្លារ​អាមេរិក លើ​ដើមទុន​ដែល​មាន​បច្ចុប្បន្ន​ចំនួន ១៨៥.៦៧១.៨៥៧ ដុល្លារ​អាមេរិក ។ ដូច្នេះ​ដើមទុន​សរុប​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី កើន​ដល់ ២២៥.៥៣៥.៦០៥ ដុល្លារ​អាមេរិក ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ការរួមចំណែក​ភាគហ៊ុន​ចំនួន ៥១% ដោយ​ភាគហ៊ុនិក​កម្ពុជា​ក្នុង​នោះ​មាន អង្គការ​អេស៊ីលីដា និង​ក្រុមហ៊ុន អេ អេស អេ ភីអិលស៊ី និង ៤៩% ទៀត​ដែល​នៅ​សល់​កាន់​កាប់​ដោយ​ស្ថាប័ន​អន្តរជាតិ​ឈាន​មុខ​គេ​រួមមាន ៖ សាជីវកម្ម​ហិរញ្ញ​វត្ថុ​អន្តរជាតិ (IFC), Triodos Sustainable Finance Foundation, Triodos Fair Share Fund, Triodos Microfinance Fund, JSH Asia Holding Limited, COFIBRED S.A និង ORIX Corporation ។ ការបន្ថែម​ដើមទុន​នេះ​មាន​ចំនួន​សរុប ៣៩.៨៦៣.៧៤៨ ដុល្លារអាមេរិក ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​ការបែងចែក​ភាគលាភ​ប្រចាំ​ឆ្នាំ២០១៣ ។ នេះ​ជា​លើក​ទី១១​ហើយ​ដែល​ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​បន្ថែម​ដើមទុន​ចាប់​តាំង​ពី​បាន​ចុះ​បញ្ជី​ជា​ធនាគារ ។ សូម​ចុច​ទីនេះ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ភាគហ៊ុនិក​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ។

លោក ជា សុខ ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែល​ជា​អតីត​ធនាគារិក​នៅ​ធនាគារ​កណ្តាល និង​ជា​អ្នក​សេដ្ឋកិច្ច បាន​រៀប​រាប់​ពី​មូលហេតុ ៣ សំខាន់ៗ​ដែល​ធ្វើ​ឱ្យ​ធនាគារ​តែងតែ​បង្កើន​ដើមទុន​របស់​ខ្លួន ។ លោក​បាន​លើក​ឡើង​ថា​មូលហេតុទី១ ដោយសារ​អាជីវកម្ម​របស់​ធនាគារ​រីកលូតលាស់​យ៉ាង​ខ្លាំង​ជា​បន្តបន្ទាប់​ទាំង​នៅ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស តាម​រយៈ​ការ​ផ្តល់​ឥណទាន និង​សេវា​ហិរញ្ញវត្ថុ​ដទៃ​ទៀត ហើយ​ទ្រព្យ​សកម្ម​សរុប​របស់​ធនាគារ​កំពុង​តែ​កើន​ឡើង​លើស ២៦% ជា​រៀង​រាល់​ឆ្នាំ ។ មូលហេតុ​ទី២ គឺ​ដើម្បី​រក្សា​មូលដ្ឋាន​ដើមទុន​នៅ​ក្នុង​កម្រិត​មួយ​ខ្ពស់​ជាង​បញ្ញត្តិ​អនុបាត​ប្រុង​ប្រយ័ត្ន​សំខាន់ៗ ។ ប៉ុន្តែ​មូលហេតុ​ដែល​សំខាន់​ជាង​គេ​បំផុត​នោះ គឺ​ដោយ​សារ​ធនាគារ​ត្រូវការ​កសាង​នូវ​ទំនុក​ចិត្ត​ពី​សំណាក់​សាធារណជន ។ យើង​មាន​ភាគហ៊ុនិក​ដ៏​រឹងមាំ និង​មាន​បំណង​គាំទ្រ​ធនាគារ ដូច្នេះ​យើង​កំពុង​បង្កើត​នូវ​ជំនឿ​ទុកចិត្ត​និង​បង្កើន​សមត្ថភាព​ការពារ​ប្រាក់​បញ្ញើ-សន្សំ​របស់​អតិថិជន​របស់​យើង ។

បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​មាន​ប្រសាសន៍​ថា ការ​បន្ថែម​ដើមទុន​ជា​បន្តបន្ទាប់​នេះ គឺ​ដើម្បី​គាំទ្រ​ការពង្រីក​សាខា​ទាំង​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស អភិវឌ្ឍន៍ និង​ធ្វើ​ឱ្យ​បណ្តាញ​សេវាកម្ម​ធនាគារ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​កាន់​តែ​មាន​ភាព​ជឿន​លឿន ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​យុទ្ធសាស្ត្រ​របស់​ធនាគារ ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​បទពិសោធន៍​ក្នុង​ការបង្កើន​ប្រាក់​ចំណេញ​សុទ្ធ​ក្រោយ​ពេល​បង់​ពន្ធ​រួច ពី ៤៧៥.១៦៨ ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ២០០១ រហូត​ដល់ ៧៧.៧៦១.៤២៨ ដុល្លារ​អាមេរិក​នៅ​ក្នុង​ឆ្នាំ២០១៣ ។ បន្ថែម​ពី​លើ​ការបន្ថែម​ដើមទុន​របស់​ភាគហ៊ុនិក ធនាគារ​បាន​បង្កើត​ទុន​បម្រុង​ទូទៅ​របស់​ខ្លួន​ដោយ​រក្សាទុក​ចន្លោះ​ពី ៥០% ទៅ ៦០% នៃ​ប្រាក់​ចំណេញ​ក្រោយ​បង់​ពន្ធ​រួច ហើយ​ធនាគារ​សូម​បញ្ជាក់​ថា​មូលនិធិ​ផ្ទាល់​សុទ្ធ​បច្ចុប្បន្ន​បាន​កើន​រហូត​ដល់ ៣៨៦.៣០៩.៨៨៧ ដុល្លារ​អាមេរិក​នៅ​ក្នុង​ដំណាច់​ខែ​ឧសភា ឆ្នាំ២០១៤ ។

លោក​បណ្ឌិត​បាន​បន្ត​ទៀត​ថា ក្នុង​នាម​ជា​ធនាគារ​ពាណិជ្ជ​ឈាន​មុខ​គេ​លើ​គ្រប់​វិស័យ​ក្នុង​ការ​បម្រើ​សេវា​ហិរញ្ញវត្ថុ ធនាគារ អេស៊ីលីដា ភីអិលស៊ី តែង​តែ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​បំពេញ​តាម​តម្រូវការ​របស់​អតិថិជន និង​សាធារណជន​គ្រប់​មជ្ឈដ្ឋាន ជា​មួយ​នឹង​បទពិសោធន៍​រយៈពេល​ជាង ២២ឆ្នាំ និង​បណ្តាញ​ប្រតិបត្តិការ​រហូត​ដល់ ២៥១ សាខា​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា និង ៤១ ការិយាល័យ​នៅ​ប្រទេស​ឡាវ និង ៦ ការិយាល័យ នៅ​ប្រទេស​មីយ៉ាន់ម៉ា ជា​មួយ​នឹង​ទ្រព្យ​សកម្ម​សរុប​ចំនួន​ជាង ២.៦៤ ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ដំណាច់​ខែឧសភា ឆ្នាំ២០១៤ ។

នៅ​ដំណាច់​ឆ្នាំ២០១៤ នៅ​ក្នុង​ប្រទេស​កម្ពុជា ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹង​បង្កើន​នូវ​បណ្តាញ​សេវាកម្ម​ដកប្រាក់ និង​ដាក់​ប្រាក់​ស្វ័យប្រវត្តិ​អេធីអឹម (ATM) រហូត​ដល់​ទៅ ២៥០គ្រឿង និង​ដាក់​ពង្រាយ​ម៉ាស៊ីន​ឆូតកាត (POS) ចំនួន ២.៥០០គ្រឿង ។ លើស​ពី​នេះ​ទៀត​លោក​បណ្ឌិត​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា​យើង​មាន​គម្រោង​បើក​សាខា​ថ្មី​ចំនួន ២១ សាខា​បន្ថែម​ទៀត​នៅ​ក្នុង​អំឡុង​ឆ្នាំ​នេះ​ដែរ ធ្វើ​ឱ្យ​បណ្តាញ​ប្រតិបត្តិការ​របស់​យើង​កើន​ឡើង​រហូត​ដល់ ២៧២ សាខា​នៅ​ទូទាំង​ប្រទេស ដែល​អាច​ផ្តល់​ការងារ​ឱ្យ​កម្មករ​និយោជិត​ប្រមាណ​ជាង ១១.២១៩នាក់ ។ ធនាគារ​អេស៊ីលីដា​ក៏​នាំ​មក​នូវ​ប្រព័ន្ធ​គ្រប់គ្រង​បច្ចេកវិជ្ជា​ព័ត៌មាន​បែប​ទំនើប​ទាន់​សម័យ​ដើម្បី​បំពេញ​តាម​ការរីកចម្រើន​នៃ​វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ និង​ជា​ពិសេស​គាំទ្រ​ចំពោះ​ការពង្រីក​ប្រតិបត្តិការ​នៅ​ក្នុង​តំបន់​ផង​ដែរ ។

បច្ចុប្បន្ន​ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ចំនួន​បួន គឺ ធនាគារ អេស៊ីលីដា ឡាវ, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, អេស៊ីលីដា ត្រេននីង សេនធ័រ និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ។


សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​តាម​រយៈ ៖

បណ្ឌិត សូ ផនណារី
អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​គណៈ​ប្រធាន​នាយិកា​ប្រតិបត្តិ​ប្រតិបត្តិការ
អ៊ីម៉ែល : phonnary@acledabank.com.kh

លោក ព្រំ វិសុទ្ធ
អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​គណៈ​ប្រធាន​នាយក​ប្រតិបត្តិ​នីតិកម្ម និង​លេខាធិការ​ក្រុមហ៊ុន
អ៊ីម៉ែល : visoth@acledabank.com.kh

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ២៨៦ ©២០២៥ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖