navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextពិធីព្រំមង្គលសំណង់អគារថ្មីជាន់ទី២០ ការិយាល័យកណ្តាល ធនាគារ អេស៊ីលីដា ភីអិលស៊ី
ពិធីព្រំមង្គលសំណង់អគារថ្មីជាន់ទី២០ ការិយាល័យកណ្តាល ធនាគារ អេស៊ីលីដា ភីអិលស៊ី
ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៤
ភ្នំពេញ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត និងជាធនាគារពាណិជ្ជនាំមុខគេ ក្នុងព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីព្រំមង្គលសំណង់អគារថ្មីជាន់ទី២០ ការិយាល័យកណ្តាល ដែលមានទីតាំងស្ថិតនៅអគារលេខ៦១ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ។
គោលបំណងចម្បងដែលនាំឱ្យមានការប្រារព្ធពិធីព្រំមង្គលអគារថ្មីការិយាល័យកណ្តាលនេះឡើង គឺ ៖
- រួមអំណរសាទរជោគជ័យចំពោះស្នាដៃ សមិទ្ធផលវិស្វកម្មដ៏ពិសិដ្ឋ ប្រកបដោយសោភ័ណភាព និងគុណភាព បានសម្រេចផលដល់គោលដៅប្រកបដោយជោគជ័យតាមផែនការ ។
- ប្រារព្ធឡើងតាមទំនៀមទម្លាប់ខ្មែរពីបរមបុរាណ ដើម្បីសុំសុខក្សេមក្សាន្តឱ្យផុតទុក្ខផុតភ័យ ចាកហានិភ័យ ពីបាតុភូតធម្មជាតិ ឬឧបទ្ទវហេតុដែលបណ្តាលមកពីទឹក និងខ្យល់ ជាដើម ។
អគារថ្មីនេះមានផ្ទៃសរុបទំហំ ៤៣.០០០ ម៉ែត្រការ៉េ សាងសង់លើផ្ទៃដីសរុបទំហំ ៥.១៧៨ ម៉ែត្រការ៉េ និងត្រូវបានគូរប្លង់ដោយក្រុមហ៊ុនដែលមានឈ្មោះល្បីល្បាញ និងមានការទទួលស្គាល់ជាអន្តរជាតិ ដូចជា ៖ ក្រុមហ៊ុន Aedas ជាទីប្រឹក្សាបច្ចេកទេសផ្នែកស្ថាបត្យកម្ម, iLi Consulting Engineers Mekong Ltd. ជាទីប្រឹក្សាបច្ចេកទេសផ្នែកវិស្វកម្ម, Optima Consultant Ltd. ជាទីប្រឹក្សាបច្ចេកទេសផ្នែកមេកានិកអគ្គិសនី និងប្រព័ន្ធបណ្តាញទឹក និង BK Asia Pacific ជាទីប្រឹក្សាផ្នែកគ្រប់គ្រងចំណាយ ហើយអគារថ្មីនេះដែរត្រូវបានសាងសង់ដោយក្រុមហ៊ុន HYUNDAI ENGINEERING CORPORATION ដែលជាក្រុមហ៊ុនជំនាញ និងមានឈ្មោះល្បីល្បាញលើការសាងសង់អគារជាច្រើននៅប្រទេសកូរ៉េខាងត្បូង និងនៅបរទេស ព្រមទាំងទទួលបានជោគជ័យនៅក្នុងប្រទេសកម្ពុជា ។
អគារថ្មីនេះបានប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១២ កន្លងមក ដែលមានកម្ពស់ ២០ជាន់ និងអគារក្រោមដីចំនួន ៤ជាន់ រួមទាំងការសាងសង់បន្ថែមលើអគារដែលមានស្រាប់ចំនួនមួយជាន់ផងដែរ ហើយអគារថ្មីនេះសាងសង់ឡើងតាមលក្ខណៈស្តង់ដារអន្តរជាតិ ដែលមានទីកន្លែងបំពេញការងារធំទូលាយ ប្រកបដោយផាសុកភាព ដែលអាចឱ្យបុគ្គលិកបម្រើការងារបានរហូតដល់ជាងពីរពាន់នាក់ និងបំពាក់ទៅដោយប្រព័ន្ធការពារសន្តិសុខ ការសន្សំសំចៃថាមពលប្រើប្រាស់ ការបង្ការអគ្គិភ័យ បណ្តាញត្រួតពិនិត្យ និងប្រព័ន្ធទូរគមនាគមន៍ ហើយនិងប្រព័ន្ធគាំទ្របច្ចេកវិជ្ជាព័ត៌មាន រួមទាំងមានកន្លែងសម្រាប់ចតយានយន្តដែលអាចដាក់បានចំនួន ៧០៣គ្រឿង និងមានអាហារដ្ឋានសម្រាប់បុគ្គលិក ដែលប្រកបដោយផាសុកភាពខ្ពស់ ហើយការសាងសង់អគារថ្មីនេះនឹងត្រូវចំណាយថវិកាប្រមាណ ៧៣.៦ លានដុល្លារអាមេរិក ។
គួរបញ្ជាក់ដែរថារយៈពេល៧ឆ្នាំកន្លងមក អគារការិយាល័យកណ្តាលបច្ចុប្បន្ននេះ មានត្រឹមតែ ៦ជាន់ប៉ុណ្ណោះ ដែលមានទីកន្លែងបំពេញការងារទំហំ ៦.០៨៣ម៉ែត្រការ៉េ សម្រាប់បុគ្គលិកចំនួន ៥០០នាក់ ជាមួយនឹងចំណតយានយន្ត ដែលអាចដាក់បានចំនួន ១៦៨គ្រឿង ។ គិតត្រឹមដំណាច់ខែកក្កដា ឆ្នាំ២០១៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានបុគ្គលិកសរុបចំនួន ១១.៥២៩នាក់ (ប្រុសចំនួន ៦.៩៣២នាក់ និងស្ត្រីចំនួន ៤.៥៩៧នាក់) ដោយឡែកបុគ្គលិកការិយាល័យកណ្តាលមានចំនួន ១.៤៣០នាក់ ហើយអាចនឹងកើនឡើងរហូតដល់ ចំនួន ១.៧៧៤នាក់ ក្នុងរយៈពេលប្រាំឆ្នាំទៅមុខទៀត ។ ការសាងសង់អគារថ្មីការិយាល័យកណ្តាលបន្ថែមនេះ សបញ្ជាក់ឱ្យឃើញពីការប្តេជ្ញាចិត្តខ្ពស់ និងកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុងការបម្រើសេវាកម្មធនាគារ និងហិរញ្ញវត្ថុគ្រប់ប្រភេទជូនដល់អតិថិជន និងសាធារណជនគ្រប់មជ្ឈដ្ឋានក្នុងសហគមន៍ឱ្យកាន់តែមានភាពងាយស្រួល និងល្អប្រសើរ ជាពិសេសដើម្បីបង្កើននូវទំនុកចិត្តខ្ពស់ជូនដល់អតិថិជន មកលើធនាគារ អេស៊ីលីដា ភីអិលស៊ី ថែមទៀត ។ ទន្ទឹមនឹងនេះដែរការសាងសង់អគារថ្មីការិយាល័យកណ្តាលបន្ថែមនេះ ក៏បានបញ្ជាក់ផងដែរពីការពង្រីកប្រតិបត្តិការ ប្រកបដោយចីរភាព និងស្របតាមយុទ្ធសាស្ដ្រយូរអង្វែងរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ។
បច្ចុប្បន្នអគារថ្មីនេះបានសាងសង់ដល់ជាន់ទី២០ នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៤ កន្លងមកហើយ គ្រោងសំណង់អគារទាំងមូលនឹងត្រូវបញ្ចប់រួចរាល់ក្នុងខែមីនា ឆ្នាំ២០១៥ ចំណែកឯឧបករណ៍-សម្ភារ និងគ្រឿងបរិក្ខារដែលត្រូវបំពាក់ គ្រោងនឹងរួចរាល់ជាស្ថាពរនៅក្នុងខែសីហា ឆ្នាំ២០១៥ ហើយអគារថ្មីនេះនឹងចាប់ផ្តើមចូលបម្រើការងារនៅខែកញ្ញា ឆ្នាំ២០១៥ ខាងមុខនេះ ។
ក្នុងឆ្នាំ២០១៤ នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី កំពុងបន្តធ្វើនវូបនីយកម្ម (ថ្មី ទំនើប និងទាន់សម័យ) នៃបណ្តាញប្រតិបត្តិការ ទាំងហេដ្ឋារចនាសម្ព័ន្ធអគារការិយាល័យ និងប្រព័ន្ធបច្ចេកវិជ្ជាព័ត៌មាន ក្នុងនោះរួមមាន សេវាអេស៊ីលីដាយូនីធី ជាសេវាធនាគារតាមទូរសព្ទដៃ ម៉ាស៊ីនដាក់ប្រាក់ ម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ (ATM) ម៉ាស៊ីនឆូតកាតអេស៊ីលីដា ដែលជាឧបករណ៍អេឡិចត្រូនិក សម្រាប់ប្រើជាមួយប័ណ្ណអេស៊ីលីដា និងប័ណ្ណរបស់ធនាគារផ្សេងៗ សម្រាប់ធ្វើការទូទាត់ទំនិញ ឬសេវាកម្ម និងសេវាអេស៊ីលីដាអ៊ីនធើណែត ដែលជាសេវាលំដាប់ថ្នាក់ពិភពលោក ដែលមានលក្ខណៈងាយស្រួលប្រកបដោយសុវត្ថិភាពខ្ពស់ សម្រាប់អតិថិជនប្រើប្រាស់ស្វ័យប្រតិបត្តិការ ពោលគឺអតិថិជនអាចបម្រើសេវា ឬធ្វើប្រតិបត្តិការដោយខ្លួនឯង (Self Service) តាមតម្រូវការគ្រប់ពេលវេលា គ្រប់ទីកន្លែង រហូតដល់២៤ម៉ោងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្តាហ៍ ដោយពុំចាំបាច់ធ្វើដំណើរមកកាន់ការិយាល័យធនាគារ អេស៊ីលីដា ភីអិលស៊ី ឡើយ ។
បច្ចុប្បន្នធនាគារ អេស៊ីលីដា ភីអិលស៊ី បានបង្កើតឱ្យមានអារ្យភាវូបនីយកម្មទាន់សម័យនូវសេវាកម្មហិរញ្ញវត្ថុ អស់រយៈពេលជាង ២២ឆ្នាំមកហើយ ដើម្បីបម្រើសេវាកម្មហិរញ្ញវត្ថុ ជូនដល់អតិថិជនទាំងវិស័យឯកជន និងវិស័យសាធារណៈ តាមរយៈបណ្តាញប្រតិបត្តិការរហូតដល់ ២៥២សាខា និងមានក្រុមហ៊ុនបុត្រសម្ព័ន្ធ ចំនួនបួនគឺ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, អេស៊ីលីដា ត្រេននីង សេនធ័រ, ធនាគារ អេស៊ីលីដា ឡាវ (ដែលមាន ៤១ការិយាល័យ) និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា (ដែលមាន ៦ការិយាល័យ) ជាមួយនឹងទ្រព្យសកម្មសរុបចំនួន ២,៧៦ ពាន់លានដុល្លារអាមេរិក គិតមកត្រឹមខែកក្កដា ឆ្នាំ២០១៤ នេះ ។ តាមយុទ្ធសាស្ត្រ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានដៃគូជាមួយធនាគារជប៉ុន SMBC និងក្រុមហ៊ុនធានារ៉ាប់រងអង់គ្លេស Prudential (Cambodia) Life Assurance Plc. ព្រមទាំងកំពុងធ្វើសហប្រតិបត្តិការជាមួយធនាគារធំៗជាដៃគូចំនួន ៤៨៤ នៅលើពិភពលោក ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈ ៖
បណ្ឌិត សូ ផនណារី
អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការ
អ៊ីម៉ែល : phonnary@acledabank.com.kh
លោក ព្រំ វិសុទ្ធ
អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយកប្រតិបត្តិនីតិកម្ម និងលេខាធិការក្រុមហ៊ុន
អ៊ីម៉ែល : visoth@acledabank.com.kh