navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីការចេញប័ណ្ណ JCB រវាងធនាគារ អេស៊ីលីដា ភីអិលស៊ី និង JCB International Co., Ltd.
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីការចេញប័ណ្ណ JCB រវាងធនាគារ អេស៊ីលីដា ភីអិលស៊ី និង JCB International Co., Ltd.
ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៤
ភ្នំពេញ និងតូក្យូ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី (ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត) ជាធនាគារពាណិជ្ជឈានមុខគេលើគ្រប់វិស័យក្នុងព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុន JCB International Co., Ltd. (JCBI) ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ JCB ដែលប្រតិបត្តិការនៅក្រៅប្រទេស បានប្រកាសជាសាធារណៈនាថ្ងៃនេះថា ធនាគារ អេស៊ីលីដា ភីអិលស៊ី និង JCBI បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការចេញប័ណ្ណ JCB ។
ក្រោមកិច្ចព្រមព្រៀងនេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី និងក្រុមហ៊ុន JCB International Co., Ltd. បានព្រមព្រៀង និងបន្តសហការគ្នាក្នុងការចេញប័ណ្ណ JCB ដើម្បីផ្តល់សេវាកម្មទូទាត់ដែលមានគុណភាព ជាពិសេសទាក់ទងនឹងការទេសចរណ៍ និងការកម្សាន្តជូនដល់ពាណិជ្ជករ សមាជិកប័ណ្ណ អតិថិជន និងសាធារណៈ ដែលផ្តល់នូវអត្ថប្រយោជន៍ឱ្យគ្នាទៅវិញទៅមក និងបន្តសហការគ្នាដើម្បីពង្រីកបណ្តាញពាណិជ្ជករ និងសមាជិកប័ណ្ណ JCB ។
លោក កូរេមីតស៊ុ សាន់ណូមីយ៉ា អគ្គនាយក និងជាប្រធាននាយកប្រតិបត្តិប្រតិបត្តិការរបស់ JCBI បានមានប្រសាសន៍ថា នេះជាជំហានចម្បងក្នុងការពង្រឹងមូលដ្ឋានសមាជិកប័ណ្ណនៅតាមតំបន់ដងទន្លេមេគង្គ ដែលជាតំបន់ដ៏សំខាន់ក្នុងគោលដៅយុទ្ធសាស្ត្ររបស់យើង ។ សមាជិកប័ណ្ណទាំងអស់នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនជាមួយនឹងប័ណ្ណ JCB ដែលបច្ចុប្បន្នត្រូវបានទទួលស្គាល់ជាង ២៦លានទីតាំង ។ ខ្ញុំបាទជឿជាក់ថាភាពជាដៃគូនេះនឹងផ្តល់អត្ថប្រយោជន៍ឱ្យគ្នាទៅវិញទៅមក និងជួយលើកស្ទួយការអភិវឌ្ឍវិស័យទូទាត់នៅប្រទេសកម្ពុជា ។
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី មានមោទនភាពដែលក្រុមហ៊ុន JCB International Co., Ltd. ជាក្រុមហ៊ុនឈានមុខគេលំដាប់ពិភពលោកខាងផ្នែកសេវាកម្មទូទាត់ដែលមានគុណភាពខ្ពស់ មានទីតាំងនៅប្រទេសជប៉ុន បានសម្រេចជ្រើសរើសយកធនាគារ អេស៊ីលីដា ភីអិលស៊ី ជាដៃគូយុទ្ធសាស្ត្រក្នុងការធ្វើសហប្រតិបត្តិការបម្រើសេវាកម្មទូទាត់ ។ កិច្ចព្រមព្រៀងនេះ អតិថិជន/សមាជិកប័ណ្ណ និងពាណិជ្ជកររបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី និង JCBI អាចពង្រីកប្រតិបត្តិការទូទាត់នៅទូទាំងពិភពលោក ។ ចំណុចសំខាន់នៃកិច្ចព្រមព្រៀងនេះគឺ សមាជិកប័ណ្ណអេធីអឹមរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី មានលក្ខណៈពិសេសអាចធ្វើប័ណ្ណដែលមានយីហោរួមគ្នារវាង JCBI និងធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលមានអត្ថប្រយោជន៍អាចធ្វើប្រតិបត្តិការទូទាត់ជាលក្ខណៈអន្តរជាតិ នៅតាមបណ្តាញធនាគារ អេស៊ីលីដា ភីអិលស៊ី និងពាណិជ្ជកររបស់ JCBI ជាង ២៦លានទីតាំង និងទីតាំងប្រាក់បុរេប្រទានជាង ១លានកន្លែង នៅទូទាំង ១៩០ប្រទេសលើពិភពលោក ។ ម៉្យាងវិញទៀត វាមិនត្រឹមតែជួយសម្រួលដល់ការធ្វើប្រតិបត្តិការទូទាត់នៅក្នុង និងក្រៅប្រទេសប៉ុណ្ណោះទេ ថែមទាំងជួយសម្រួលដល់សមាជិកប័ណ្ណ និងពាណិជ្ជកររបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី និង JCBI ក្នុងការធ្វើប្រតិបត្តិការទូទាត់ទូទៅគ្រប់បែបយ៉ាង ដែលបញ្ជាក់យ៉ាងច្បាស់ពីការផ្តល់ជម្រើសធ្វើប្រតិបត្តិការទូទាត់នៅលើពិភពលោកយ៉ាងសម្បូរបែបពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលាតាមតម្រូវការ ។
អំពីធនាគារ អេស៊ីលីដា ភីអិលស៊ី
បច្ចុប្បន្នធនាគារ អេស៊ីលីដា ភីអិលស៊ី បានបង្កើតឱ្យមានអារ្យភាវូបនីយកម្មទាន់សម័យនូវសេវាកម្មហិរញ្ញវត្ថុ អស់រយៈពេលជាង ២២ឆ្នាំមកហើយ ដើម្បីបម្រើសេវាកម្មហិរញ្ញវត្ថុជូនដល់អតិថិជនទាំងវិស័យឯកជន និងវិស័យសាធារណៈ តាមរយៈបណ្តាញប្រតិបត្តិការរហូតដល់ ២៥២សាខា ទូទាំងប្រទេសកម្ពុជា និងមានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនបួន គឺ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, អេស៊ីលីដា ត្រេននីង សេនធ័រ, ធនាគារ អេស៊ីលីដា ឡាវ (មាន ៤១ ការិយាល័យ) និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា (មាន ៦ការិយាល័យ) ជាមួយទ្រព្យសកម្មសរុបចំនួន ២,៧៩ ពាន់លានដុល្លារអាមេរិក គិតមកត្រឹមខែសីហា ឆ្នាំ២០១៤ នេះ ។ តាមយុទ្ធសាស្ត្រ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានដៃគូជាមួយធនាគារជប៉ុន SMBC និងក្រុមហ៊ុនធានារ៉ាប់រងអង់គ្លេស Prudential (Cambodia) Life Assurance Plc. ព្រមទាំងកំពុងធ្វើសហប្រតិបត្តិការជាមួយធនាគារធំៗជាដៃគូចំនួន ៤៨៤ នៅលើពិភពលោក ។
អំពី JCB
ក្រុមហ៊ុន JCB ជាក្រុមហ៊ុនដែលមានយីហោសេវាកម្មទូទាត់លំដាប់ថ្នាក់ពិភពលោក និងជាអ្នកចេញនិងទទួលប័ណ្ណឥណទានឈានមុខគេនៅប្រទេសជប៉ុន ។ JCB បានចាប់ផ្តើមប្រតិបត្តិការសេវាប័ណ្ណ JCB នៅប្រទេសជប៉ុនចាប់តាំងពីឆ្នាំ១៩៦១ និងបានពង្រីកប្រតិបត្តិការនៅក្រៅប្រទេសក្នុងឆ្នាំ១៩៨១ ។ បណ្តាញប្រតិបត្តិការរបស់ JCB មានពាណិជ្ជករ ចំនួន ២៦លានកន្លែង និងទីតាំងប្រាក់បុរេប្រទានជាង ១លានកន្លែងនៅទូទាំង ១៩០ប្រទេសលើពិភពលោក ។ ប័ណ្ណ JCB ត្រូវបានបោះពុម្ពនៅក្នុង ១៦ ប្រទេស ដែលមានសមាជិកប័ណ្ណ ចំនួន ៨៤ លាននាក់ ។ ជាផ្នែកមួយនៃយុទ្ធសាស្ត្ររីកចម្រើននៅក្រៅប្រទេស JCB បានធ្វើកិច្ចសហប្រតិបត្តិការជាមួយធនាគារ និងស្ថាប័នហិរញ្ញវត្ថុឈានមុខគេជាង ៣៥០ស្ថាប័ននៅលើពិភពលោក ដើម្បីពង្រីកមូលដ្ឋានសមាជិកប័ណ្ណ និងពាណិជ្ជករ ។ ក្នុងនាមជាអ្នកដោះស្រាយនូវសេវាកម្មទូទាត់ JCB ប្តេជ្ញាចិត្តក្នុងការឆ្លើយតប និងបម្រើសេវាកម្មទូទាត់ដ៏មានគុណភាពខ្ពស់ជូនដល់អតិថិជននៅទូទាំងពិភពលោក ។ ចំណាំ ៖ ទិន្នន័យ អំពី JCB ខាងលើ គិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០១៤ ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនាវេបសាយ: www.jcbcorporate.com/english
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈ ៖
បណ្ឌិត សូ ផនណារី
អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការ
អ៊ីម៉ែល: phonnary@acledabank.com.kh
លោក ព្រំ វិសុទ្ធ
អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយកប្រតិបត្តិនីតិកម្ម និងលេខាធិការក្រុមហ៊ុន
អ៊ីម៉ែល: visoth@acledabank.com.kh
លោកស្រី Ayako Tanaka
JCB International Co., Ltd.
Corporate Planning
ទូរស័ព្ទ: +81-3-5778-8390
អ៊ីម៉ែល: jcbinternational-pr@info.jcb.co.jp