navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextពិធីចម្រើនមង្គលអគារការិយាល័យថ្មីទី២៥៦ សាខាផ្សារតូច
ពិធីចម្រើនមង្គលអគារការិយាល័យថ្មីទី២៥៦ សាខាផ្សារតូច
ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥
នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ ធនាគារ អេស៊ីលីដា ភីអិលស៊ី ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត បានរៀបចំពិធីចម្រើនមង្គលអគារការិយាល័យថ្មី "សាខាផ្សារតូច" ជាសាខាទី២៥៦ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ។
គួរបញ្ជាក់ផងដែរថា ធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួលបានលិខិតលេខ: ធ៧-០១៥-៣៧៥ ស.ជ.ណ ចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៥ ស្តីពីការយល់ព្រមជាគោលការណ៍ឲ្យបង្កើតសាខាផ្សារតូច ដែលមានទីតាំងស្ថិតនៅឡូត៍លេខ១៥៨០ ផ្លូវជាតិលេខ៥ ក្រុមទី១ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
អគារថ្មីនេះបានសាងសង់ឡើងតាមស្តង់ដារធនាគារ និងមានសុវត្ថិភាពខ្ពស់ ដែលមានទីកន្លែងសម្រាប់បំពេញការងារប្រកបដោយផាសុកភាព ។ គោលបំណងក្នុងការបង្កើតសាខាផ្សារតូចនេះឡើង គឺដើម្បីពង្រីកបណ្តាញប្រតិបត្តិការរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ឲ្យស្ថិតនៅកាន់តែជិតអតិថិជន និងសាធារណជន និងដើម្បីផ្តល់ភាពងាយស្រួលដល់សាធារណជនទូទៅ អាចប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុល្អបំផុត គ្រប់ប្រភេទរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ។ ក្នុងឆ្នាំ២០១៥ នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានផែនការពង្រីកបណ្តាញប្រតិបត្តិការរហូតដល់ ២៦០សាខា ។
ធនាគារ អេស៊ីលីដា ភីអិលស៊ី សាខាផ្សារតូច នឹងចាប់ផ្តើមបម្រើអតិថិជន និងសាធារណជនទូទៅ នៅពេលដែលទទួលបានអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការជាផ្លូវការពីធនាគារជាតិនៃកម្ពុជា ។
ការបង្កើតសាខាផ្សារតូចនេះ សបញ្ជាក់ឲ្យឃើញពីការប្តេជ្ញាចិត្តខ្ពស់ និងកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុងការបម្រើសេវាកម្មជូនដល់អតិថិជន និងសាធារណជនគ្រប់មជ្ឈដ្ឋានក្នុងសហគមន៍កាន់តែមានភាពងាយស្រួល និងបង្កើនទំនុកចិត្តកាន់តែខ្លាំងឡើងមកលើធនាគារ អេស៊ីលីដា ភីអិលស៊ី ហើយជាងនេះទៅទៀត ក៏បានបញ្ជាក់ផងដែរពីការរីកចម្រើនរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ប្រកបដោយចីរភាព ។
ធនាគារ អេស៊ីលីដា ភីអិលស៊ី "ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត" បានក្លាយជាធនាគារលំដាប់លេខមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាំងពីឆ្នាំ២០១០ ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៣ ជាអង្គការក្រៅរដ្ឋាភិបាលមួយ ដែលមានទិសដៅអភិវឌ្ឍសហគ្រាសខ្នាតតូច និងខ្នាតតូចបំផុត តាមរយៈការផ្តល់ឥណទាន ។ នៅខែតុលា ឆ្នាំ២០០០ ទទួលបានអាជ្ញាប័ណ្ណជាធនាគារឯកទេសពីធនាគារជាតិនៃកម្ពុជា និងនៅឆ្នាំ២០០៣ ទទួលបានអាជ្ញាប័ណ្ណប្រតិបត្តិការជាធនាគារពាណិជ្ជពីធនាគារជាតិនៃកម្ពុជា ។
ធនាគារ អេស៊ីលីដា ភីអិលស៊ី មានបណ្តាញប្រតិបត្តិការរហូតដល់ ២៥៥សាខាទូទាំងព្រះរាជាណាចក្រកម្ពុជា និង ៤១ការិយាល័យនៅប្រទេសឡាវ និង ៦ការិយាល័យនៅប្រទេសមីយ៉ាន់ម៉ា ដោយមានទ្រព្យសកម្មសរុបចំនួនជាង ៣.៦៤៣ (បីពាន់ប្រាំមួយរយសែសិបបី) លានដុល្លារអាមេរិក, សមតុល្យឥណទានសរុបចំនួនជាង ២.៣០៥ (ពីរពាន់បីរយប្រាំ) លានដុល្លារអាមេរិក និងបា្រក់បញ្ញើសន្សំសរុបចំនួនជាង ២.៦៣៧ (ពីរពាន់ប្រាំមួយរយសាមសិបប្រាំពីរ) លានដុល្លារអាមេរិក នៅដំណាច់ខែមិថុនា ឆ្នាំ២០១៥ ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនបួន គឺ ធនាគារ អេស៊ីលីដា ឡាវ, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, អេស៊ីលីដា ត្រេននីង សេនធ័រ, និងអេស៊ីលីដា មីក្រូហិរញ្ញវត្ថុ មីយ៉ាន់ម៉ា ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈ ៖
បណ្ឌិត សូ ផនណារី
អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការ
អ៊ីម៉ែល: phonnary@acledabank.com.kh
លោក ព្រំ វិសុទ្ធ
អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយកប្រតិបត្តិនីតិកម្ម និងលេខាធិការក្រុមហ៊ុន
អ៊ីម៉ែល: visoth@acledabank.com.kh