navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextការចូលរួមបរិច្ចាគឈាមរបស់កម្មករនិយោជិត ធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រប់លំដាប់ថ្នាក់
ការចូលរួមបរិច្ចាគឈាមរបស់កម្មករនិយោជិត ធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រប់លំដាប់ថ្នាក់
ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦
រាជធានីភ្នំពេញ, ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត និងជាធនាគារពាណិជ្ជនាំមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា បានប្រកាសព័ត៌មាននៅថ្ងៃនេះថា ថ្នាក់ដឹកនាំ និងកម្មករនិយោជិតធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រប់លំដាប់ថ្នាក់នៅការិយាល័យកណ្តាល និងនៅសាខាជុំវិញរាជធានីភ្នំពេញ បានចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជួយសង្គ្រោះជនរងគ្រោះ និងអ្នកជំងឺដែលត្រូវការឈាមពីគ្រប់មជ្ឈដ្ឋាន ។
បណ្ឌិត សូ ផនណារី ប្រធាននាយកប្រតិបត្ដិស្តីទី ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា ដោយសារមានតម្រូវការឈាមជាចាំបាច់នៅតាមមន្ទីរពេទ្យនានា ដើម្បីជួយសង្គ្រោះជនរងគ្រោះ និងអ្នកជំងឺពីគ្រប់មជ្ឈដ្ឋាន កម្មករនិយោជិតធនាគារ អេស៊ីលីដា ភីអិលស៊ី ធ្លាប់បានចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តម្តងរួចមកហើយ កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១២ ដោយឡែកនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានបន្តចូលរួមចំណែកក្នុងសកម្មភាពសង្គម និងមនុស្សធម៌ដ៏មានសារៈសំខាន់មួយនេះបន្ថែមទៀត តាមរយៈការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងទឹកចិត្តមនុស្សធម៌ពីកម្មករនិយោជិតធនាគារ អេស៊ីលីដា ភីអិលស៊ី ជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីជួយសង្គ្រោះជនរងគ្រោះ និងអ្នកជំងឺដែលត្រូវការឈាមជាចាំបាច់ ជាពិសេសសម្រាប់ជួយជីវិតមនុស្សដែលត្រូវការសង្គ្រោះបន្ទាន់ ។
លោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានមានប្រសាសន៍ថា សព្វថ្ងៃនេះយើងមិនទាន់មានឈាមដែលមានប្រភពពីអ្នកស្ម័គ្រចិត្តគ្រប់គ្រាន់សម្រាប់ជួយសង្គ្រោះជីវិតមនុស្ស ដែលត្រូវការឈាមបន្ទាន់នៅឡើយទេ ។ ក្នុងមួយថ្ងៃគ្រាន់តែនៅរាជធានីភ្នំពេញ ត្រូវការឈាមចន្លោះពី ៨០ ទៅ ១០០ ប្លោក សម្រាប់ជួយសង្គ្រោះជនរងគ្រោះ និងអ្នកជម្ងឺ ហើយនៅទូទាំងប្រទេសត្រូវការឈាមប្រមាណ ១៥០ ប្លោក ជារៀងរាល់ថ្ងៃ ។ ដូចនេះយើងត្រូវការឈាមបន្ថែមទៀត ដើម្បីសង្គ្រោះជីវិតមនុស្សបន្ទាន់ ។ លោកវេជ្ជបណ្ឌិតបានជំរុញ និងអំពាវនាវទៅកាន់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ជាពិសេសក្រុមយុវជនមេត្តាចូលរួមបរិច្ចាគឈាម ដើម្បីយកទៅជួយជនរងគ្រោះ ដែលត្រូវការឈាមជាចាំបាច់ ហើយសកម្មភាពទាំងនេះ ពិតជាបានចូលរួមចំណែកយ៉ាងខ្លាំងលើការជួយសង្រ្គោះជីវិតមនុស្ស ។
លោកវេជ្ជបណ្ឌិត បានថ្លែងបញ្ជាក់ទៀតថា បើសិនជាគ្មានការចូលរួមចំណែកពីសប្បុរសជនទាំងឡាយ នោះមជ្ឈមណ្ឌលក៏មិនអាចទ្រទ្រង់ និងផលិតឈាមដោយខ្លួនឯងបាននោះឡើយ ដូច្នេះការចូលរួមរបស់បងប្អូនពិតជាមានសារសំខាន់ខ្លាំងណាស់ ។ លោកវេជ្ជបណ្ឌិត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ និងកម្មករនិយោជិតធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រប់លំដាប់ថ្នាក់ ដែលបានបរិច្ចាគឈាមជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីជួយសង្រ្គោះដល់ជនរងគ្រោះដែលត្រូវការឈាមជាចាំបាច់នោះ ។
អំពីធនាគារ អេស៊ីលីដា ភីអិលស៊ី
ធនាគារ អេស៊ីលីដា ភីអិលស៊ី បានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនប្រាំ គឺ ធនាគារ អេស៊ីលីដា ឡាវ, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, អេស៊ីលីដា ត្រេននីង សេនធ័រ, ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា, និង អេស៊ីលីដា ប្រូភើធី អិលធីឌី ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី ទ្រព្យសកម្មសរុបចំនួនជាង ៣.៨៤៤ លានដុល្លារអាមេរិក សមតុល្យឥណទានសរុបចំនួន ២.៤៥៤ លានដុល្លារអាមេរិក និងប្រាក់បញ្ញើសន្សំសរុបចំនួន ២.៦១៦ លានដុល្លារអាមេរិក គិតត្រឹមខែធ្នូ ឆ្នាំ២០១៥ នេះ ។
លោក ព្រំ វិសុទ្ធ
អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយកប្រតិបត្តិនីតិកម្ម និងលេខាធិការក្រុមហ៊ុន
អ៊ីម៉ែល ៖ visoth@acledabank.com.kh