navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextធនាគារ អេស៊ីលីដា ភីអិលស៊ី បញ្ចុះបឋមសិលាសាងសង់មជ្ឈមណ្ឌលសុវត្ថិភាពគ្រប់គ្រងទិន្នន័យព័ត៌មានវិជ្ជា
ធនាគារ អេស៊ីលីដា ភីអិលស៊ី បញ្ចុះបឋមសិលាសាងសង់មជ្ឈមណ្ឌលសុវត្ថិភាពគ្រប់គ្រងទិន្នន័យព័ត៌មានវិជ្ជា
ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦
ភ្នំពេញ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត និងជាធនាគារពាណិជ្ជកម្មនាំមុខគេ មានបណ្តាញប្រតិបត្តិការធំបំផុត និងហេដ្ឋារចនាសម្ព័ន្ធអគារការិយាល័យ ចំនួន ៣០៤ ទាំងក្នុង និងក្រៅប្រទេស បានប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់មជ្ឈមណ្ឌលសុវត្ថិភាពគ្រប់គ្រងទិន្នន័យព័ត៌មានវិជ្ជា ដែលជាកម្មសិទ្ធិរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី និងមានទីតាំងស្ថិតនៅផ្លូវជាតិលេខ ៦ ភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ដើម្បីគ្រប់គ្រងទិន្នន័យព័ត៌មានវិជ្ជា លំដាប់អន្តរជាតិ ប្រកបដោយសុវត្ថិភាពខ្ពស់បំផុត ជាមួយនឹងក្រុមហ៊ុនបុត្រសម្ព័ន្ធក្រៅប្រទេស របស់ខ្លួនរួមមាន ៖ ធនាគារ អេស៊ីលីដា ឡាវ, ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា និងក្រុមហ៊ុន បុត្រសម្ព័ន្ធក្រៅប្រទេសដទៃទៀតដែលអេស៊ីលីដានឹងបោះទីតាំងប្រតិបត្តិការ ។
ធនាគារ អេស៊ីលីដា ភីអិលស៊ី មជ្ឈមណ្ឌលសុវត្ថិភាពគ្រប់គ្រងទិន្នន័យព័ត៌មានវិជ្ជា ដែលមានលក្ខណៈស្តង់ដារអន្តរជាតិ ប្រកបដោយសុវត្ថិភាពខ្ពស់បំផុត ធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធបច្ចេកវិជ្ជាព័ត៌មានមានលក្ខណៈកាន់តែសុវត្ថិភាពខ្ពស់ ព្រមទាំងគ្រប់គ្រង និងការពារបានរាល់ទិន្នន័យសម្រាប់ប្រតិបត្តិការរបស់ខ្លួន និងអតិថិជន ឲ្យរួចផុតពីការគំរាមកំហែងនៃការប៉ះពាល់ពីភាពអវិជ្ជមានផ្សេងៗណាមួយ ។ ការសាងសង់មជ្ឈមណ្ឌលសុវត្ថិភាព គ្រប់គ្រងទិន្នន័យព័ត៌មានវិជ្ជានេះ ស្របតាមយុទ្ធសាស្ត្ររបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលបាន និងកំពុងអភិវឌ្ឍសេវាធនាគារអេឡិចត្រូនិកតាមប្រព័ន្ធបច្ចេកវិជ្ជាហិរញ្ញវត្ថុ (FinTech) និងស្វ័យប្រតិបត្តិការ (Branchless) ដោយមានគោលដៅដើម្បីពង្រីកបណ្តាញប្រតិបត្តិការ និងបង្កើនប្រសិទ្ធភាពបម្រើអតិថិជន បង្កើនកាលានុវត្តភាពនៃការលក់ផលិតផលជាកញ្ចប់ បង្កើនប្រាក់ចំណូល និងមានឧត្តមភាពក្នុងការប្រកួតប្រជែងទាំងនៅក្នុងប្រទេស និងក្នុងតំបន់ ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានផែនការយុទ្ធសាស្ត្រ ក្នុងការអភិវឌ្ឍន៍សេវាឌីជីថលប៊ែង (Digital Banking-Mobile App) ធ្វើឲ្យមានប្រតិបត្តិការជាសកល តាមរយៈប្រព័ន្ធសេវាអេឡិចត្រូនិក Banking ដែលមានស្រាប់ ប្រព័ន្ធ Biometric, CRM រួមផ្សំជាមួយសេវាកម្មហិរញ្ញវត្ថុថ្មីៗ ដោយមានគោលដៅលើកស្ទួយ និងគាំទ្រសេវាស័្វយប្រតិបត្តិការ (Self-service) ប្រើប្រាស់នូវបច្ចេកវិជ្ជាទំនើប បង្កើនប្រសិទ្ធភាពចំណាយប្រតិបត្តិការ ពង្រីកធុរកិច្ចជាសកល និងជួយគាំទ្រដល់ក្រុមហ៊ុនបុត្រសម្ព័ន្ធឲ្យកាន់តែមានការរីកចម្រើន ។
មជ្ឈមណ្ឌលសុវត្ថិភាពគ្រប់គ្រងទិន្នន័យព័ត៌មានវិជ្ជានេះ នឹងត្រូវសាងសង់តាមបទដ្ឋានស្តង់ដារអន្តរជាតិ លើផ្ទៃដីសរុបដែលមានទំហំ ៩.៩០៦ មែត្រការ៉េ និងអគារទំហំ ៣២,០០ម៉ែត្រ x ៣៨,៨០ម៉ែត្រ មានកំពស់ ៥ជាន់ អាចផ្ទុកទូដាក់ឧបករណ៍ Server ចំនួន ៨៨ គ្រឿង សម្រាប់ប្រើប្រាស់រយៈពេលរហូតដល់ ៣០ឆ្នាំ ហើយមានសមត្ថភាពពង្រីកបន្ថែមរហូតផ្ទុកទូដាក់ឧបករណ៍ Server បានដល់ចំនួន ១៧២ គ្រឿង ។ សំណង់អគារត្រូវសាងសង់ដោយក្រុមហ៊ុនពិស្ណុការ ដែលជាក្រុមហ៊ុនសាងសង់មានការទទួលស្គាល់ និងមានឈ្មោះល្បីល្បាញ ក្នុងព្រះរាជាណាចក្រកម្ពុជា និងចុះបញ្ជីពាណិជ្ជកម្មក្រោមលេខៈ Co.2268KH/1996 មានទីតាំងស្ថិតនៅ ផ្ទះលេខ ៥១ ផ្លូវលេខ៣២២ សង្កាត់បឹងកេងកង ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានទទួលច្បាប់អនុញ្ញាតធ្វើការសាងសង់ដោយអនុលោមតាមលិខិតលេខៈ ១៨៦ ដនស/អដន ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥ របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ហើយការដ្ឋានសាងសង់នេះ នឹងត្រូវចាប់ផ្តើមសាងសង់ ក្នុងខែមករា ឆ្នាំ២០១៦ ។
បច្ចុប្បន្ន ធនាគារ អេស៊ីលីដា ភីអិលស៊ី បានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនប្រាំ គឺ ធនាគារ អេស៊ីលីដា ឡាវ, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, អេស៊ីលីដា ត្រេននីង សេនធ័រ, ស្ថានប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា, និង អេស៊ីលីដា ប្រូភើធី អិលធីឌី ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួនជាង ៣.៨៤៤ លានដុល្លារអាមេរិក សមតុល្យឥណទានសរុបចំនួន ២.៤៥៤ លានដុល្លារអាមេរិក និងប្រាក់បញ្ញើសន្សំសរុបចំនួន ២.៦១៦ លានដុល្លារអាមេរិក គិតត្រឹមខែធ្នូ ឆ្នាំ២០១៥ នេះ ។
លោក ព្រំ វិសុទ្ធ
អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយកប្រតិបត្តិនីតិកម្ម និងលេខាធិការក្រុមហ៊ុន
អ៊ីម៉ែល ៖ visoth@acledabank.com.kh