navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextពិធីអបអរសាទរខួបបីឆ្នាំនៃភាពជាដៃគូចែកចាយជាយុទ្ធសាស្ត្រជោគជ័យ និងយូរអង្វែង រវាងក្រុមហ៊ុនព្រូដិនសលកម្ពុជា និងធនាគារ អេស៊ីលីដា
ពិធីអបអរសាទរខួបបីឆ្នាំនៃភាពជាដៃគូចែកចាយជាយុទ្ធសាស្ត្រជោគជ័យ និងយូរអង្វែង រវាងក្រុមហ៊ុនព្រូដិនសលកម្ពុជា និងធនាគារ អេស៊ីលីដា
ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៦
កាលពីល្ងាចថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៦ ធនាគារអេស៊ីលីដា និងក្រុមហ៊ុនព្រូដិនសលកម្ពុជា បានប្រារព្ធពិធីអបអរសាទរខួបបីឆ្នាំនៃភាពជាដៃគូចែកចាយជាយុទ្ធសាស្ត្រជោគជ័យ និងយូរអង្វែងជាមួយគ្នា ។
នៅក្នុងពិធីនេះ បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថ្លែងអំណរគុណដល់អតិថិជនដែលទិញសេវាធានារ៉ាប់រងអាយុជីវិតពីក្រុមហ៊ុនព្រូដិនសល និងអបអរសាទរចំពោះសមិទ្ធផលសម្រេចបានយ៉ាងធំធេងក្នុងការបម្រើសេវាកម្មហិរញ្ញវត្ថុដ៏មានគុណភាព ឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ។
បណ្ឌិត អ៊ិន ចាន់នី បានមានប្រសាសន៍ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី និងក្រុមហ៊ុនព្រូដិនសលកម្ពុជា បានបង្កើតភាពជាដៃគូជាមួយគ្នា អស់រយៈពេលជិត ០៤ ឆ្នាំ ដើម្បីបម្រើសេវាហិរញ្ញវត្ថុលំដាប់ពិភពលោកជូនដល់ទីផ្សារកម្ពុជា ក៏ដូចជាការបម្រើសេវាធានារ៉ាប់រងអាយុជីវិត ជូនអតិថិជននៅទូទាំងប្រទេស ។ ភាពជាដៃគូដ៏រឹងមាំនេះ បាននាំមកនូវជោគជ័យដល់អ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសនោះ គឺអតិថិជនរយៈពេលវែងរបស់យើង ។ ក្នុងកំឡុងពេលនេះ អតិថិជន និងក្រុមការងាររបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី បានសិក្សារៀនសូត្រពីតម្លៃ និងអត្ថប្រយោជន៍ដ៏ពិតប្រាកដ នៃការផ្តល់សេវាហិរញ្ញវត្ថុជូនដល់សាធារណៈជនតាមរយៈក្រុមហ៊ុនព្រូដិនសលកម្ពុជា ។ អតិថិជនរបស់យើង ទទួលស្គាល់ថា ផលិតផល និងសេវាកម្មធានារ៉ាប់រងអាយុជីវិត ពិតជាបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនជាងអ្វីដែលពួកគាត់ធ្លាប់គិតទៅទៀត តួយ៉ាងក្នុងឆ្នាំ២០១៥ ក្រុមហ៊ុនព្រូដិនសល បានបង់ប្រាក់ធានារ៉ាប់រងជីវិតត្រឹមត្រូវ និងទាន់ពេលវេលាដល់អតិថិជន ដែលបានទិញសេវាធានារ៉ាប់រងជីវិត រួមមាន ការទូទាត់ប្រាក់ធានារ៉ាប់រងជីវិតជូនក្រុមគ្រួសារបុគ្គលិក របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលបានទទួលមរណៈភាព ។ ការទូទាត់ប្រាក់ធានារ៉ាប់រងជីវិតនេះមានតម្លៃយ៉ាងធំធេងចំពោះ ការធានារ៉ាប់រងជីវិតដល់ យើងទាំងអស់គ្នា ។ ទន្ទឹមនឹងនេះ ស្ថាប័នយើងទាំងពីរតែងតែធ្វើតាមសំណូមពររបស់គ្រួសារមរណជន និង/ឬសាមីជនជាអត្ថិភាព ។ ពួកគាត់បានពេញចិត្តជាមួយយើង និងថ្លែងអំណរគុណចំពោះសេវាកម្មដែលពួកគាត់រង់ចាំជាយូរមកហើយ ។
លោកបណ្ឌិតបានមានប្រសាសន៍បន្តទៀតថា យើងចាប់ផ្តើមលក់សេវាធានារ៉ាប់រងអាយុជីវិតក្នុង ៣៣ ទីតាំង និងមាន ០៦ ការិយាល័យដែលមានសមិទ្ធិផលល្អជាងគេ ទទួលបានពាន់រង្វាន់ ០៦ ក្នុងឆ្នាំទី២ ។ សម្រាប់ខួបឆ្នាំទី២ យើងបានពង្រីកការបម្រើសេវាកម្មសេវាធានារ៉ាប់រងជីវិត រហូតដល់ ៨០ ទីតាំង និងមាន ១៧ ពាន់ង្វាន់ នឹងត្រូវប្រកាសផ្តល់ជូនដល់ ១៧ ការិយាល័យ ដែលទទួលសមិទ្ធិផលល្អជាងគេ ។ សម្រាប់ឆ្នាំទី៣ ដែលយើងកំពុងប្រារព្ធនៅយប់នេះ យើងនឹងពង្រីកសេវាធានារ៉ាប់រង ជីវិតរហូតដល់ ៩៥ ទីតាំង និងមានលក្ខខណ្ឌផ្តល់ ពាន់រង្វាន់ដល់សាខាចំនួន ២០ ដែលទទួលបានសមិទ្ធិផលល្អជាងគេ ដែលនឹងប្រកាសនាពេលបន្តិចទៀតនេះ ។ សម្រាប់ឆ្នាំ២០១៦ នេះយើងមានការផ្តល់ជូនលក្ខណៈវិនិច្ឆយជាពិសេស ដើម្បីលើកទឹកចិត្តដល់គ្រប់សាខាដែលអនុវត្តបានលទ្ធផលល្អ ហើយយើងសង្ឃឹមយ៉ាងមុតមាំថា សាខាជាច្រើនបន្ថែមទៀតនឹងសម្រេចលទ្ធផល និងទទួលបានរង្វាន់ ក្នុងឆ្នាំទី៤ ។
លោកបណ្ឌិតបានមានប្រសាសន៍បន្ថែមទៀតថា ចំពោះភាពដៃគូរយុទ្ធសាស្ត្ររបស់យើង គឺជាជោគជ័យរបស់អតិថិជន និងជាជោគជ័យរបស់យើង ព្រោះយើងបានទទួលភាពរីកចម្រើន និងបន្តទទួលបានភាពរីកចម្រើនជាមួយអតិថិជនរបស់យើង ។ ដោយសារភាពជោគជ័យ យើងបានសម្រេចពង្រីកទំនាក់ទំនងយូរអង្វែងដ៏រឹងមាំជាមួយគ្នា ដោយបង្កើតឲ្យមានផលិតផល និងសេវាកម្មធានារ៉ាប់រងអាយុជីវិតនេះ ទូទាំងប្រទេស នៅតាមគ្រប់សាខារបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅឆ្នាំបន្តបន្ទាប់ ជាលក្ខណៈទ្រង់ទ្រាយធំ ។
យប់នេះ យើងមិនត្រឹមតែប្រារព្ធខួបនៃភាពជោគជ័យនៃភាពជាដៃគូប៉ុណ្ណោះទេ យើងថែមទាំងប្រារព្ធភាពជោគជ័យដែលស្ថាប័នយើងទាំងពីរទទួលបានសមិទ្ធិផលយ៉ាងធំធេង តាមរយៈកិច្ចសហ-ប្រតិបត្តិការល្អជាមួយគ្នា ។ ភាពជោគជ័យនេះ រួមចំណែកយ៉ាងធំធេងដល់ការរីកចម្រើនរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលធ្វើឲ្យប្រាក់ចំណេញ់កើនដល់ ១០០ លានដុល្លារអាមេរិក ទ្រព្យសកម្មសរុបមានចំនួន ៣,៨០ ពាន់លានដុល្លារអាមេរិក នៅដំណាច់ខែធ្នូ ឆ្នាំ២០១៥ យោងតាមប្រសាសន៍របស់លោកបណ្ឌិត ។
លោកបណ្ឌិតក៏បានបញ្ជាក់បន្ថែមទៀតថា ឆ្លៀតក្នុងឱកាសដ៏ឧដុង្គឧត្តមនេះ ខ្ញុំបាទតំណាងឲ្យធនាគារ អេស៊ីលីដា ភីអិលស៊ី សូមសំដែងនូវអំណរសាទរ ចំពោះដៃគូយុទ្ធសាស្ត្រ ក្រុមហ៊ុនព្រូដិនសលកម្ពុជា ដ៏ស្មោះស្ម័គ្រ ចំពោះសមិទ្ធផលដ៏ត្រចះត្រចង់ក្នុងឆ្នាំ២០១៥ និងសូមថ្លែងអំណរគុណចំពោះក្រុមហ៊ុនព្រូដិនសលកម្ពុជាដែលជាដៃគូដ៏ល្អ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ។
ខ្ញុំបាទសូមជូនពរឲ្យដៃគូយុទ្ធសាស្ត្រ ទទួលបានជោគជ័យ និងសមិទ្ធផលកាន់តែធំធេងសម្រាប់ឆ្នាំនេះ និងឆ្នាំបន្តបន្ទាប់ទៀត ។