www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextការ​ចូល​រួម​បរិច្ចាគ​ឈាម​របស់​បុគ្គលិក ធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រប់​លំដាប់​ថ្នាក់

ការ​ចូល​រួម​បរិច្ចាគ​ឈាម​របស់​បុគ្គលិក ធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រប់​លំដាប់​ថ្នាក់

ថ្ងៃ​ទី៣ ខែកុម្ភៈ ឆ្នាំ​២០១៧

ACLEDA Photo
ACLEDA Photo

រាជ​ធានី​ភ្នំពេញ, ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧ ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី ប្រជា​ធនាគារ​ដែល​លោក​អ្នក​ជឿ​ទុក​ចិត្ត និង​ជា​ធនាគារ​ពាណិជ្ជ​នាំ​មុខ​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា បាន​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ​ថា ថ្នាក់​ដឹក​នាំ និង​បុគ្គលិក​ធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រប់​លំដាប់​ថ្នាក់​នៅ​ការិយាល័យ​កណ្តាល និង​នៅ​សាខា​ជុំ​វិញ​រាជធានី​ភ្នំពេញ បាន​ចូល​រួម​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត ដើម្បី​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ និង​អ្នក​ជំងឺ​ដែល​ត្រូវ​ការ​ឈាម​ពី​គ្រប់​មជ្ឈដ្ឋាន ។

បណ្ឌិត សូ ផនណារី អនុ​ប្រធាន​នាយក​ប្រតិបត្ដិ និង​ជា​គណៈ​ប្រធាន​នាយិកា​ប្រតិបត្តិ​ប្រតិបត្តិការ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​មាន​ប្រសាសន៍​ថា បុគ្គលិក​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ធ្លាប់​បាន​ចូល​រួម​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត ចំនួន​ពីរ​ដង​រួច​មក​ហើយ កាល​ពី​ថ្ងៃ​ទី៥ ខែមេសា ឆ្នាំ២០១២ និង​កាល​ពី​ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ ដោយ​ឡែក​ថ្ងៃ​នេះ​ជា​លើក​ទី​បី​ហើយ ដែល​ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​បន្ត​ចូល​រួម​ចំណែក​ក្នុង​សកម្មភាព​សង្គម និង​មនុស្ស​ធម៌ ដើម្បី​បំពេញ​តម្រូវ​ការ​កង្វះ​ឈាម​ដ៏​មាន​សារៈ​សំខាន់​មួយ​នេះ​បន្ថែម​ទៀត តាម​រយៈ​ការ​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត និង​ទឹក​ចិត្ត​មនុស្ស​ធម៌​ពី​កម្មករ​និយោជិត​ធនាគារ អេស៊ីលីដា ភីអិលស៊ី រួម​ទាំង​បុគ្គលិក​នៃ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ក្នុង​ប្រទេស​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី រួម​មាន អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា, និង​អេស៊ីលីដា ប្រូភើធី អិលធីឌី ជូន​ដល់​មជ្ឈ​មណ្ឌល​ជាតិ​ផ្តល់​ឈាម ដើម្បី​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ និង​អ្នក​ជំងឺ​ដែល​ត្រូវ​ការ​ឈាម​ជា​ចាំ​បាច់ ជា​ពិសេស​សម្រាប់​ជួយ​ជីវិត​មនុស្ស​ដែល​ត្រូវ​ការ​សង្គ្រោះ​បន្ទាន់ ។

លោក​វេជ្ជ​បណ្ឌិត ហុក គឹមចេង ប្រធាន​មជ្ឈ​មណ្ឌល​ជាតិ​ផ្ដល់​ឈាម បាន​មាន​ប្រសាសន៍​ថា សព្វ​ថ្ងៃ​នេះ​យើង​មិន​ទាន់​មាន​ឈាម​ដែល​មាន​ប្រភព​ពី​អ្នក​ស្ម័គ្រ​ចិត្ត គ្រប់​គ្រាន់​សម្រាប់​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស ដែល​ត្រូវ​ការ​ឈាម​បន្ទាន់​នៅ​ឡើយ​ទេ ។ ក្នុង​មួយ​ថ្ងៃ​គ្រាន់​តែ​នៅ​រាជធានី​ភ្នំពេញ ត្រូវ​ការ​ឈាម​ប្រមាណ ១៥០ ប្លោក សម្រាប់​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ និង​អ្នក​ជម្ងឺ ហើយ​នៅ​ទូទាំង​ប្រទេស​ត្រូវ​ការ​ឈាម​ប្រមាណ ២០០ ប្លោក ជា​រៀង​រាល់​ថ្ងៃ ។ ដូចនេះ យើង​ត្រូវ​ការ​ឈាម​បន្ថែម​ទៀត ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស​បន្ទាន់ ។ លោក​វេជ្ជ​បណ្ឌិត បាន​ជំរុញ និង​អំពាវ​ទៅ​កាន់​ប្រជា​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស ជា​ពិសេស​ក្រុម​យុវជន​មេត្តា​ចូល​រួម​បរិច្ចាគ​ឈាម ដើម្បី​យក​ទៅ​ជួយ​ជន​រង​គ្រោះ​ដែល​ត្រូវ​ការ​ឈាម​ជា​ចាំ​បាច់ ហើយ​សកម្មភាព​ទាំង​នេះ​ពិត​ជា​បាន​ចូល​រួម​ចំណែក​យ៉ាង​ខ្លាំង​លើ​ការ​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស ។ លោក​វេជ្ជ​បណ្ឌិត បាន​ថ្លែង​បញ្ជាក់​ថា បើ​សិន​ជា​គ្មាន​ការ​ចូល​រួម​ចំណែក​ពី​សប្បុរសជន​ទាំង​ឡាយ នោះ​មជ្ឈ​មណ្ឌល​ក៏​មិន​អាច​ទ្រទ្រង់ និង​ផលិត​ឈាម ដោយ​ខ្លួន​ឯង​បាន​នោះ​ឡើយ ដូច្នេះ​ការ​ចូល​រួម​របស់​បង​ប្អូន​ពិត​ជា​មាន​សារ​សំខាន់​យ៉ាង​ខ្លាំង​ណាស់ ។ លោក​វេជ្ជ​បណ្ឌិត ក៏​បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ថ្នាក់​ដឹក​នាំ និង​បុគ្គលិក​ធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រប់​លំដាប់​ថ្នាក់ ដែល​បាន​បរិច្ចាគ​ឈាម​ជូន​មជ្ឈ​មណ្ឌល​ជាតិ​ផ្តល់​ឈាម ដើម្បី​ជួយ​សង្រ្គោះ​ដល់​ជន​រង​គ្រោះ​ដែល​ត្រូវ​ការ​ឈាម​ជា​ចាំ​បាច់​នោះ ។

បច្ចុប្បន្ន​ធនាគារ​ អេស៊ីលីដា​ ភីអិលស៊ី​ មាន​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ចំនួន​ប្រាំ​ គឺ​ ធនាគារ​ អេស៊ីលីដា ឡាវ, អេស៊ីលីដា​ ស៊ីឃ្យួរឹធី​ ភីអិលស៊ី, វិទ្យាស្ថាន​ ពាណិជ្ជសាស្ត្រ​ អេស៊ីលីដា, ស្ថានប័ន​មីក្រូហិរញ្ញវត្ថុ​ អេស៊ីលីដា​ មីយ៉ាន់ម៉ា និង​អេស៊ីលីដា​ ប្រូភើធី​ អិលធីឌី​ ព្រមទាំង​មាន​ការិយាល័យ​តំណាង​មួយ​នៅ​សាធារណរដ្ឋសហភាព​មីយ៉ាន់ម៉ា ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ទ្រព្យ​សកម្ម​សរុប​ចំនួន​ជាង ៤.៦០៩ លាន​ដុល្លារ​អាមេរិក សមតុល្យ​ឥណទាន​សរុប​ចំនួន ២.៧៧១ លាន​ដុល្លារ​អាមេរិក និង​ប្រាក់​បញ្ញើ​សន្សំ​សរុប​ចំនួន ៣.០៥២ លាន​ដុល្លារ​អាមេរិក គិត​ត្រឹម​ខែធ្នូ ឆ្នាំ២០១៦ នេះ ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់​ទំនង​តាម​រយៈ

លោក ព្រំ វិសុទ្ធ
អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​គណៈ​ប្រធាន​នាយក​ប្រតិបត្តិ​នីតិកម្ម និង​លេខា​ធិការ​ក្រុមហ៊ុន
អ៊ីម៉ែល: visoth@acledabank.com.kh

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១២៩ ©២០២៥ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖