navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextធនាគារ អេស៊ីលីដា ភីអិលស៊ី ប្តូរប័ណ្ណអេធីអឹមទៅជាប័ណ្ណអេធីអឹម EMV Chip
ធនាគារ អេស៊ីលីដា ភីអិលស៊ី ប្តូរប័ណ្ណអេធីអឹមទៅជាប័ណ្ណអេធីអឹម EMV Chip
ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧
រាជធានីភ្នំពេញ, ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត និងជាធនាគារពាណិជ្ជនាំមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា បានប្រកាសនៅថ្ងៃនេះថា ធនាគារ អេស៊ីលីដា ភីអិលស៊ី បានផ្លាស់ប្តូរប័ណ្ណអេធីអឹមពី Magnetic Stripe ទៅជា EMV Chip ។
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា ការរីកចម្រើនឥតឈប់ឈរយ៉ាងឆាប់រហ័សនៃប្រព័ន្ធបច្ចេកវិជ្ជាព័ត៌មានវិទ្យា និងធានាឱ្យមានសុវត្ថិភាពខ្ពស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានផ្លាស់ប្តូរប័ណ្ណអេធីអឹម Magnetic Stripe ទៅជា EMV Chip ដែលជាប័ណ្ណអេឡិចត្រូនិកមានប្រព័ន្ធបទដ្ឋាន EMV (Europay MasterCard and VISA) ដែលធានាសុវត្ថិភាពខ្ពស់ ការពារហានិភ័យ ទប់ស្កាត់ការក្លែងបន្លំ និងអាចប្រើប្រាស់មុខងារបន្ថែមទៀតនាពេលអនាគត និងអាចតភ្ជាប់ជាសកល ។
លោកប្រធាននាយកប្រតិបត្តិ បានបន្ថែមទៀតថា បច្ចុប្បន្ននេះធនាគារ អេស៊ីលីដា ភីអិលស៊ី មានប័ណ្ណអេធីអឹមប្រភេទ Magnetic Stripe ប្រហែល ៨០០.០០០ ប័ណ្ណ ដែលនឹងត្រូវជំនួសថ្មី ដោយប័ណ្ណអេធីអឹម EMV Chip ។ អតិថិជនទាំងអស់អាចទំនាក់ទំនងមកការិយាល័យធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលនៅជិតបំផុត ដើម្បីចុះឈ្មោះប្តូរប័ណ្ណអេធីអឹម EMV Chip ចាប់ពីថ្ងៃនេះតទៅ ។ ប័ណ្ណអេធីអឹម EMV Chip ថ្មីនេះ អាចធ្វើប្រតិបត្តិការតាមម៉ាស៊ីនអេធីអឹមប្រមាណ ៤០០ គ្រឿង នៅតាមការិយាល័យធនាគារ អេស៊ីលីដា ភីអិលស៊ី និងម៉ាស៊ីនឆូតកាតប្រហែល ៤.០០០ នៅតាមទីតាំងដែលមានស្លាកសញ្ញា GOLD DOTS ដូចជាផ្សារទំនើប សាកលវិទ្យាល័យ សណ្ធាគារ ស្ថាប័នសាធារណៈ និងក្រុមហ៊ុននានាជាច្រើនទៀត ដើម្បីធ្វើប្រតិបត្តិការទិញផលិតផល-សេវាកម្ម ដាក់ប្រាក់ ដកសាច់ប្រាក់ ទូទាត់វិក្កយបត្រ បញ្ចូលទឹកប្រាក់ទូរស័ព្ទដៃ និងពិនិត្យមើលសមតុល្យគណនី ។ល។
បច្ចុប្បន្នធនាគារ អេស៊ីលីដា ភីអិលស៊ី បានបង្កើតឱ្យមានអារ្យភាវូបនីយកម្មទាន់សម័យនូវសេវាកម្មហិរញ្ញវត្ថុ អស់រយៈពេលជាង ២៤ឆ្នាំមកហើយ ដើម្បីបម្រើសេវាកម្មហិរញ្ញវត្ថុ ជូនដល់សាធារណជន និងអតិថិជនទាំងវិស័យឯកជន និងវិស័យសាធារណៈ តាមរយៈហេដ្ឋារចនាសម្ព័ន្ធអេឡិចត្រូនិកដែលភ្ជាប់បណ្តាញប្រតិបត្តិការទូទាំងសកលលោក ។ នៅដំណាច់ខែមេសា ឆ្នាំ២០១៧ នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានបុគ្គលិកចំនួន ១២.៣២៩ កំពុងបម្រើការនៅតាមបណ្តាសាខាចំនួន ២៦០ ការិយាល័យ ទូទាំងព្រះរាជាណាចក្រកម្ពុជា ។ ធនាគារមានទ្រព្យសកម្មសរុបចំនួនជាង ៤.៨២០ លានដុល្លារអាមេរិក ឥណទានសរុបចំនួន ២.៨០៤ លានដុល្លារអាមេរិក និងប្រាក់បញ្ញើសន្សំសរុបចំនួន ៣.២២៧ លានដុល្លារអាមេរិក ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនប្រាំ គឺ ធនាគារ អេស៊ីលីដា ឡាវ, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា, អេស៊ីលីដា ប្រូភើធី អិលធីឌី និងអេស៊ីលីដា មីក្រូហិរញ្ញវត្ថុ មីយ៉ាន់ម៉ា ហើយព្រមទាំងមានការិយាល័យតំណាងមួយនៅប្រទេសមីយ៉ាន់ម៉ាផងដែរ ។
ជាយុទ្ធសាស្ត្រ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានដៃគូជាមួយធនាគារជប៉ុន គឺ SUMITOMO MITSUI BANKING CORPORATION (SMBC), ក្រុមហ៊ុនធានារ៉ាបរងអាយុជីវិតប្រទេសអង់គ្លេស PRUDENTIAL (CAMBODIA) LIFE ASSURANCE PLC., ក្រុមហ៊ុន FORTE (FORTE INSURANCE CAMBODIA) PLC. និងមានដៃគូជាមួយស្ថាប័នផ្សេងៗទៀត ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានធនាគារដៃគូសំខាន់ៗប្រហែល ៤០០ ធនាគារ ដែលមានបណ្តាញសាខាប្រតិបត្តិការនៅទូទាំងសកលោក ។
បណ្ឌិត សូ ផនណារី
អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការ
អ៊ីម៉ែល: phonnary@acledabank.com.kh
លោក ព្រំ វិសុទ្ធ
អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយកប្រតិបត្តិនីតិកម្ម និងលេខាធិការក្រុមហ៊ុន
អ៊ីម៉ែល: visoth@acledabank.com.kh