navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង រាជធានីភ្នំពេញ ជ្រើសរើសសេវាអេស៊ីលីដាយូនីធីទាន់ចិត្ត សម្រាប់ប្រតិបត្ដិការបង់កម្រៃសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង និងកាណូត
រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង រាជធានីភ្នំពេញ ជ្រើសរើសសេវាអេស៊ីលីដាយូនីធីទាន់ចិត្ត សម្រាប់ប្រតិបត្ដិការបង់កម្រៃសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង និងកាណូត
ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨
រាជធានីភ្នំពេញ, ថ្ងៃព្រហស្បតិ៍ ១២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត និងជាធនាគារពាណិជ្ជឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកាសព័ត៌មាននៅថ្ងៃនេះថា ធនាគារ អេស៊ីលីដា ភីអិលស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នា រវាង រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង រាជធានីភ្នំពេញ ស្តីពីការប្រើប្រាស់ សេវាអេស៊ីលីដាយូនីធីទាន់ចិត្ត របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី សម្រាប់ប្រតិបត្ដិការបង់កម្រៃសេវាដឹកជញ្ជូន សាធារណៈរថយន្តក្រុង និងកាណូត ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាល នៃ គណៈអភិបាលរាជធានីភ្នំពេញ ។
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានប្រសាសន៍ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី មានក្តីសោមនស្សរីករាយដោយរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង រាជធានីភ្នំពេញ បានជ្រើសរើសធនាគារ អេស៊ីលីដា ភីអិលស៊ី ជាដៃគូសហប្រតិបត្ដិការក្នុងការបង់កម្រៃសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង និងកាណូត តាមរយៈសេវាអេស៊ីលីដាយូនីធីទាន់ចិត្ត ។ អ្នកដំណើរអាចទូទាត់កម្រៃដឹកជញ្ជូនរថយន្តក្រុង និងកាណូត បានភ្លាមៗដោយស្វ័យប្រវត្តិ តាមរយៈស្លាកសញ្ញា អេស៊ីលីដា ឃ្យូអរកូដ ដែលមានបិទនៅលើរថយន្តក្រុង និងកាណូត ។
អេស៊ីលីដាយូនីធីទាន់ចិត្ត ជាសេវាធនាគារតាមរយៈទូរស័ព្ទចល័ត ដែលដំណើរការដោយប្រព័ន្ធ Android និង iOS ដើម្បីទូទាត់ និងទិញទំនិញ គ្រប់ទីកន្លែងតាមរយៈស្លាកសញ្ញា អេស៊ីលីដា ឃ្យូអរកូដ ប្រកបដោយភាពងាយស្រួល រហ័សទាន់ចិត្ត និងមានសុវត្ថិភាពខ្ពស់ ។ គិតមកត្រឹមថ្ងៃនេះ មានអ្នកចុះឈ្មោះប្រើប្រាស់សេវាអេស៊ីលីដាយូនីធីទាន់ចិត្ត ជាលក្ខណៈបុគ្គល មានចំនួន ៦២៤.៦៨៤ និងជាដៃគូមានចំនួន ៧.០២៤ ។
លោក អ៊ាន សុឃីម អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង រាជធានីភ្នំពេញ បានថ្លែងថា ការប្រើប្រាស់សេវាអេស៊ីលីដា ឃ្យូអរកូដ នេះ គឺមានភាពងាយស្រួល សម្រាប់ការគ្រប់គ្រងចំណូល និងទិន្នន័យអ្នកដំណើរតាមរថយន្តក្រុង និងកាណូត និងផ្តល់ភាពងាយស្រួលដល់អ្នកដំណើរក្នុងការបង់កម្រៃសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង និងកាណូត បានយ៉ាងឆាប់រហ័ស និងមានសុវត្ថិភាពខ្ពស់ ដែលបានជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ កាត់បន្ថយការចំណាយ ចំណេញពេលវេលា មានសុវត្ថិភាព និងមានផាសុកភាព ចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចណ៍ ស្របតាមគោលនយោបាយ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ។
អំពីរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង រាជធានីភ្នំពេញ
រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង រាជធានីភ្នំពេញ មានសេវាដឹកជញ្ជូនរថយន្តក្រុងសាធារណៈចំនួន៨ខ្សែ ដែលមានរថយន្ត ១៥៥គ្រឿង កំពុងទទួលបានការពេញនិយមពីសំណាក់ប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់រថយន្តក្រុងកាន់តែច្រើនដែលមានចំនួនអ្នកធ្វើដំណើរពី ២ម៉ឺន ទៅ ២ម៉ឺន១ពាន់នាក់ ក្នុងមួយថ្ងៃ ។ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង រាជធានីភ្នំពេញ ក៏មានសេវាដឹកជញ្ជូនផ្លូវទឹកចំនួន១ខ្សែ ពីស្ថានីយ៍ឫស្សីកែវ ទៅស្ថានីយ៍តាខ្មៅ ។
អំពីធនាគារ អេស៊ីលីដា ភីអិលស៊ី
ធនាគារ អេស៊ីលីដា ភីអិលស៊ី មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនប្រាំ គឺ ធនាគារ អេស៊ីលីដា ឡាវ, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា, ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា និង អេស៊ីលីដា ប្រូភើធី អិលធីឌី ព្រមទាំងមានការិយាល័យតំណាងនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួនជាង ៥,៤៣ ពាន់លានដុល្លារអាមេរិក, សមតុល្យឥណទានសរុបចំនួន ៣,២៥ ពាន់លានដុល្លារអាមេរិក និងប្រាក់បញ្ញើសន្សំសរុបចំនួន ៣,៤៨ ពាន់លានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ២,៥ លាននាក់ គិតត្រឹមដំណាច់ខែកក្កដា ឆ្នាំ២០១៨ នេះ ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង ៖
បណ្ឌិត សូ ផនណារី
អនុប្រធាននាយកប្រតិបត្តិ និងជាប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការ
ធនាគារ អេស៊ីលីដា ភីអិលស៊ី
អ៊ីម៉ែល ៖ phonnary@acledabank.com.kh
លោកស្រី ប៊ុត ប៊ុនសីហា
អនុប្រធាននាយកប្រតិបត្តិ និងជាប្រធាននាយិកាប្រតិបត្តិនីតិកម្ម និងលេខាធិការក្រុមហ៊ុន
ធនាគារ អេស៊ីលីដា ភីអិលស៊ី
អ៊ីម៉ែល ៖ buth.bunsayha@acledabank.com.kh
លោក អ៊ាន សុឃីម
អភិបាល
រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង
អ៊ីម៉ែល ៖ ean_sokhim@yahoo.com
លោក ឃ្លី នរៈ
ប្រធានការិយាល័យរដ្ឋបាល
រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង
អ៊ីម៉ែល ៖ norackkhly11@gmail.com