navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextធនាគារ អេស៊ីលីដា ភីអិលស៊ី បន្ថែមដើមទុនចំនួន ៣៦.៦៧៩.១៤៩ដុល្លារអាមេរិក
ធនាគារ អេស៊ីលីដា ភីអិលស៊ី បន្ថែមដើមទុនចំនួន ៣៦.៦៧៩.១៤៩ដុល្លារអាមេរិក
ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨
រាជធានីភ្នំពេញ ថ្ងៃចន្ទ ៨រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ ធនាគារ អេស៊ីលីដា ភីអិលស៊ី ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត និងជាធនាគារពាណិជ្ជឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា បន្ថែមដើមទុនរបស់ខ្លួនចំនួន ៣៦.៦៧៩.១៤៩ ដុល្លារអាមេរិក លើដើមទុនដែលមានបច្ចុប្បន្នចំនួន ៣៥៨.៥៤៤.៩៥៦ ដុល្លារអាមេរិក ។ ដូច្នេះ ដើមទុនសរុបរបស់ធនាគារកើនដល់ចំនួន ៣៩៥.២២៤.១០៥ ដុល្លារអាមេរិក ។
ធនាគារ អេស៊ីលីដា ភីអិលស៊ី មានដើមទុន ៥១% កាន់កាប់ដោយភាគហ៊ុនិកកម្ពុជា ក្នុងនោះរួមមាន ៖ អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ និងក្រុមហ៊ុន អេ អេស អេ ភីអិលស៊ី ។ ចំណែកភាគហ៊ុនចំនួន ៤៩% ទៀតដែលនៅសល់កាន់កាប់ដោយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ រួមមាន ៖ Sumitomo Mitsui Banking Corporation (SMBC), ORIX Corporation, COFIBRED S.A, Triodos Sustainable Finance Foundation (TSFF), Triodos SICAV II-Triodos Microfinance Fund (TMF), និង Triodos Fair Share Fund (TFSF) ។ ការបន្ថែមដើមទុនដែលមានចំនួនសរុប ៣៦.៦៧៩.១៤៩ ដុល្លារអាមេរិកនេះ ត្រូវបានធ្វើឡើងតាមរយៈការបែងចែកភាគលាភប្រចាំឆ្នាំ២០១៧ ។ នេះជាលើកទី១៥ ហើយដែលធនាគារ អេស៊ីលីដា ភីអិលស៊ី បានបន្ថែមដើមទុន ចាប់តាំងពីបានចុះបញ្ជីជាធនាគារ ។
លោក ឆាយ សឿន ប្រធានក្រុមប្រឹក្សាភិបាល របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី បញ្ជាក់អំពីមូលហេតុ ៣ សំខាន់ៗ ដែលធ្វើឱ្យធនាគារតែងតែបង្កើននូវដើមទុនរបស់ខ្លួន រួមមាន ៖ មូលហេតុទី១ គឺដោយសារអាជីវកម្មរបស់ធនាគាររីកលូតលាស់ជាបន្តបន្ទាប់រៀងរាល់ឆ្នាំ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស តាមរយៈការផ្តល់ឥណទាន និងសេវាហិរញ្ញវត្ថុដទៃទៀត ។ ទ្រព្យសកម្មសរុបរបស់ធនាគារកើនឡើងប្រមាណជាង ២២% ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ។ មូលហេតុទី២ គឺដើម្បីរក្សាមូលដ្ឋាន ដើមទុននៅក្នុងកម្រិតមួយខ្ពស់ជាងបញ្ញត្តិអនុបាតប្រុងប្រយ័ត្នសំខាន់ៗ ។ ប៉ុន្តែមូលហេតុចម្បងដែលសំខាន់ជាងគេបំផុតនោះ គឺការកសាងនូវទំនុកចិត្តពីអតិថិជន និងសាធារណជន ដោយយើងខ្ញុំមានភាគហ៊ុនិកដ៏រឹងមាំគាំទ្រដល់ធនាគារ កត្តានេះបានជួយបង្កើននូវជំនឿទុកចិត្ត និងបង្កើននូវសមត្ថភាពគាំពារប្រាក់បញ្ញើ-សន្សំ របស់អតិថិជនយើង ។
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានប្រសាសន៍ថា ការបន្ថែមដើមទុនជាបន្តបន្ទាប់នេះ គឺដើម្បីឱ្យដើមទុនរបស់ធនាគារកាន់តែរឹងមាំ គាំទ្រដល់ការរីកលូតលាស់របស់ធនាគារទាំងក្នុងប្រទេស និងក្រៅប្រទេស និងបន្តគាំទ្រការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ធនាគារអេឡិចត្រូនិក និងឌីជីថល ឱ្យកាន់តែមានភាពជឿនលឿន និងទាន់សម័យ ដើម្បីសម្រេចបាននូវគោលដៅយុទ្ធសាស្ត្ររបស់ធនាគារ ។ បន្ថែមពីលើការបន្ថែមដើមទុនជាភាគហ៊ុនរបស់ភាគហ៊ុនិក ធនាគារបានបង្កើនទុនបម្រុងរបស់ខ្លួន ដោយរក្សាទុកចន្លោះពី ៥០% ទៅ ៦០% នៃប្រាក់ចំណេញក្រោយបង់ពន្ធរួច ដែលធ្វើឱ្យមូលនិធិផ្ទាល់សុទ្ធបច្ចុប្បន្ន បានកើនរហូតដល់ ៧៣៤.៥៧២.៦៩៨ ដុល្លារអាមេរិក នៅក្នុងដំណាច់ខែកក្កដា ឆ្នាំ២០១៨ ។ ក្នុងនាមជាធនាគារពាណិជ្ជឈានមុខគេ ធនាគារតែងតែយកចិត្តទុកដាក់ និងបំពេញតាមតម្រូវការរបស់អតិថិជនគ្រប់មជ្ឈដ្ឋាន អស់រយៈពេលជាង២៥ឆ្នាំ ។
បច្ចុប្បន្ន ធនាគារ អេស៊ីលីដា ភីអិលស៊ី មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនប្រាំ គឺ ធនាគារ អេស៊ីលីដា ឡាវ, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, អេស៊ីលីដា ប្រូភើធី អិលធីឌី, វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងមានការិយាល័យតំណាងនៅសាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានការិយាល័យសាខាសរុបចំនួន២៦២ ទូទាំងប្រទេសកម្ពុជា, ៤១ ការិយាល័យ នៅប្រទេសឡាវ និង ៩ ការិយាល័យ នៅប្រទេសមីយ៉ាន់ម៉ា និងមានទ្រព្យសកម្មសរុបចំនួនជាង ៥,៤៣ ពាន់លានដុល្លារអាមេរិក និងមានគណនីប្រាក់បញ្ញើប្រមាណ ២ លានគណនី គិតត្រឹមដំណាច់ខែកក្កដា ឆ្នាំ២០១៨ ។ ធនាគារពិតជាមានមោទនភាពចំពោះបច្ចេកវិជ្ជាព័ត៌មានចុងក្រោយ ផលិតផលបច្ចេកវិជ្ជាហិរញ្ញវត្ថុ អេស៊ីលីដាយូនីធីទាន់ចិត្ត ដែលធ្វើឱ្យធនាគារ អេស៊ីលីដា ភីអិលស៊ី អាចបម្រើអតិថជនគ្រប់មជ្ឈដ្ឋានកាន់តែច្រើនឡើងៗ ។
បណ្ឌិត សូ ផនណារី
អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការ
អ៊ីម៉ែល ៖ phonnary@acledabank.com.kh
លោកស្រី ប៊ុត ប៊ុនសីហា
អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយិកាប្រតិបត្តិនីតិកម្ម និងលេខាធិការក្រុមហ៊ុន
អ៊ីម៉ែល ៖ buth.bunsayha@acledabank.com.kh
រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង រាជធានីភ្នំពេញ ជ្រើសរើសសេវាអេស៊ីលីដាយូនីធីទាន់ចិត្ត សម្រាប់ប្រតិបត្ដិការបង់កម្រៃសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង និងកាណូត ព័ត៌មានបន្ទាប់ »
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងធនាគារ អេស៊ីលីដា ភីអិលស៊ី និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ស្តីពីការប្រើប្រាស់សេវាបើកប្រាក់បៀវត្ស