navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងធនាគារ អេស៊ីលីដា ភីអិលស៊ី និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ស្តីពីការប្រើប្រាស់សេវាបើកប្រាក់បៀវត្ស
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងធនាគារ អេស៊ីលីដា ភីអិលស៊ី និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ស្តីពីការប្រើប្រាស់សេវាបើកប្រាក់បៀវត្ស
ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨
រាជធានីភ្នំពេញ, ថ្ងៃចន្ទ ១២ កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត ប្រកាសព័ត៌មាននៅថ្ងៃនេះថា ធនាគារ អេស៊ីលីដា ភីអិលស៊ី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ស្តីពីការប្រើប្រាស់សេវាបើកប្រាក់បៀវត្ស ។
ការចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងដោយ បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី និង លោកឧកញ៉ា វ៉ាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា GMAC និងមានការចូលរួមពីភ្ញៀវកិត្តិយសជាច្រើននាក់ទៀតផងដែរ ។
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានប្រសាសន៍ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី មានក្តីសោមនស្សរីករាយ ដោយបានចាប់ដៃគូសហប្រតិបត្ដិការជាមួយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ក្នុងការបម្រើសេវាបើកប្រាក់បៀវត្សជូនដល់កម្មករ-កម្មការិនីរោងចក្រកាត់ដេរ តាមរយៈសេវាធនាគារ អេស៊ីលីដា ភីអិលស៊ី ដោយបញ្ចូលទឹកប្រាក់ក្នុងគណនីប្រាក់បៀវត្សរបស់កម្មករ-កម្មការិនី ដោយប្រព័ន្ឋអេឡិចត្រូនិក និងផ្តល់ភាពងាយស្រួល ឆាប់រហ័ស មានសុវត្ថិភាពខ្ពស់ ចៀសវាងនូវហានិភ័យផ្សេងៗ និងចំណេញពេលវេលាក្នុងការបើកប្រាក់បៀវត្សដល់បងប្អូនកម្មករ-កម្មការនី ។
លោកបណ្ឌិតបានបន្តទៀតថា តាមរយៈកិច្ចព្រមព្រៀងនេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី ផ្តល់មធ្យោបាយបើកប្រាក់បៀវត្សងាយស្រួលប្រកបដោយប្រសិទ្ធភាពខ្ពស់ដល់កម្មករ-កម្មការិនី នៃរោចក្រកាត់ដេរដែលជាសមាជិកសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ។ កម្មករ-កម្មការិនី អាចបើកប្រាក់បៀវត្សតាមរយៈអេស៊ីលីដាយូនីធីទាន់ចិត្ត (ACLEDA Unity ToanChet) និងអេធីអឹម (ATM) គ្រប់ពេលវេលា ២៤ម៉ោងក្នុង១ថ្ងៃ និង៧ថ្ងៃក្នុង១សប្តាហ៍ ឬបញ្ជរបេឡានៅតាមការិយាល័យសាខាធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រប់ខេត្ត-ក្រុងទូទាំងព្រះរាជាណាចក្រកម្ពុជា រៀងរាល់ម៉ោងធ្វើការដោយមិនគិតថ្លៃសេវា ។ ពិសេសជាងនេះទៅទៀត តាមរយៈសេវាអេស៊ីលីដាយូនីធីទាន់ចិត្ត កម្មករ-កម្មការិនីអាចផ្ទេរប្រាក់ទៅកាន់សាច់ញាតិ-បងប្អូន, បង់ថ្លៃប្រើប្រាស់ទឹក-ភ្លើង, ទិញកាតទូរស័ព្ទ, ពិនិត្យមើលទឹកប្រាក់ក្នុងគណនី និងប្រតិបត្តិការផ្សេងៗជាច្រើនទៀត រួមទាំងការទូទាត់ថ្លៃទិញទំនិញ និងសេវាកម្មនានាតាមរយៈឃ្យូអរកូដ (QR Code) ដែលមាននៅតាមទីតាំងដៃគូទាន់ចិត្ត របស់ធនាគារ អេស៊ីលីដា ប្រមាណជាង ១៦.០០០ដៃគូ នៅទូទាំងប្រទេស ដោយមិនគិតថ្លៃសេវា ។
លោកឧកញ៉ា វ៉ាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានមានប្រសាសន៍ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី បានជួយដល់កម្មករ-កម្មារិនីយ៉ាងច្រើន ហើយផ្ដល់នូវសុវត្ថិភាពខ្ពស់ និងឆាប់រហ័ស ជាក់ស្ដែងលោកក៏បានប្រើប្រាស់នូវសេវាធនាគារអេឡិចត្រូនិករបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាពិសេស សេវាអេស៊ីលីដាយូនីធីទាន់ចិត្ត ផងដែរ ។
លោកប្រធានសមាគម បានបញ្ជាក់ទៀតថា សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) មានសមាជិកប្រមាណ ៥៦៦ រោងចក្រកាត់ដេរ និងមានកម្មករ-កម្មការិនីចំនួន ៦០៨.៤៧៩នាក់ ។ នៅពេលដែលកម្មករ-កម្មការិនីប្រើប្រាស់សេវារបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី បងប្អូនកម្មករ-កម្មការិនីអាចចំណេញបានច្រើន ដោយអាចចាត់ចែងសាច់ប្រាក់ និងធ្វើប្រតិបត្តិការសេវាធនាគារតាមរយៈទូរស័ព្ទចល័តបានគ្រប់ពេលវេលា គ្រប់ទីកន្លែង ។ ហើយលោកប្រធានសមាគមក៏បានលើកទឹកចិត្តដល់សមាជិក GMAC ទាំងអស់ឲ្យប្រើប្រាស់សេវាកម្មរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដើម្បីទទួលបាននូវអត្ថប្រយោជន៍ដ៏វិសេសវិសាលទាំងនេះ ។
បច្ចុប្បន្ន ធនាគារ អេស៊ីលីដា ភីអិលស៊ី មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនប្រាំ គឺ ធនាគារ អេស៊ីលីដា ឡាវ, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, អេស៊ីលីដា ប្រូភើធី អិលធីឌី, វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងមានការិយាល័យតំណាងនៅសាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា ។ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួនជាង ៥,៦៩ ពាន់លានដុល្លារអាមេរិក, សមតុល្យឥណទានសរុបចំនួន ៣,៤៧ ពាន់លានដុល្លារអាមេរិក និងប្រាក់បញ្ញើសន្សំសរុបចំនួន ៣,៧៩ ពាន់លានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ២,៥ លាននាក់ គិតត្រឹមដំណាច់ខែតុលា ឆ្នាំ២០១៨ នេះ ។
លោក ផល សុខចំរើន
នាយកប្រតិបត្តិរងទីផ្សារ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ទូរស័ព្ទ: ០១៥ ៨០០ ៩០៣
អ៊ីម៉ែលៈ phal.sokchamreoun@acledabank.com.kh
លោក កាំង ម៉ូនីកា
អគ្គលេខាធិការរង សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)
ទូរស័ព្ទ: ០១២ ៦០២ ២២២
អ៊ីម៉ែលៈ kaing@gmac-cambodia.org